កុមារជាវ័យដែលឆាប់ទទួលរងនូវបញ្ហាផ្លូវចិត្ដណាស់។
ថ្វីត្បិតតែកុមារមិនចេះដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែល
កើតឡើងដូចមនុស្សធំមែន។ ប៉ុន្ដែកុមារឆាប់មានភាពស្រគត់ស្រគំ យំសោកសង្រេង
ឆាប់តក់ស្លុត ឬឆាប់រំជួលចិត្ដនៅពេល ជួបរឿងអ្វីមួយពីមជ្ឈដ្ឋានខាងក្រៅ។
ជាពិសេសកុមារដែលទទួលនូវបញ្ហាផ្លូវចិត្ដច្រើនតែបណ្ដាលមកពីសង្គមគ្រួសារផ្ដល់ឱ្យកុមារ
ច្រើនជាងទទួលឥទ្ធិពលពីសង្គមខាងក្រៅ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ប្រធានបទស្ដីពីវិធីថែរក្សាផ្លូវចិត្ដកុមារ
ត្រូវបានលោកសាស្ដ្រចារ្យ ផាន់
ចាន់ពៅអនុបណ្ឌិតនិងអ្នកឯកទេសចិត្ដវិទ្យានិងជាក្រុមស្រាវជ្រាវ ភីស ថាយ
ហ្គឺរ មានវត្ដមានបកស្រាយបំភ្លឺជូនមិត្ដអ្នកអានឱ្យបានយល់
តាមរយៈទស្សនាវដ្ដីសុខភាពយើង។
កត្ដាដែលធ្វើឱ្យកុមារមានបញ្ហាផ្លូវចិត្ដ
មានមូលហេតុជាច្រើនយ៉ាង ដែលជះឥទ្ធិពលទៅដល់កុមារ
ធ្វើឱ្យកុមារមានបញ្ហាផ្លូវចិត្ដ។
1 . កត្ដាតំណពូជ ៖ ស្ដ្រីកំពុងមានផ្ទៃពោះ
ពុំបានគិតគូរពីសុខភាពផ្លូវចិត្ដខ្លួនឯងទេ រមែងតែងគិតច្រើនខ្វល់ខ្វាយ មិន
សប្បាយចិត្ដ ពិបាកចិត្ដច្រើនពីរឿងជីវភាពគ្រួសារ ស្មុគស្មាញរឿងគ្រប់យ៉ាងនិងសុខភាពផ្លូវកាយមិនមាំមួន។
ចំណុចទាំងនេះ ជាហេតុធ្វើឱ្យជះឥទ្ធិពលអាក្រក់ទៅដល់កូននៅក្នុងផ្ទៃ។
ព្រោះអារម្មណ៍របស់ម្ដាយគឺជាអារម្មណ៍របស់កូនហើយនៅពេលដែលកូន
កើតមកកូននឹងមានបញ្ហាខាងសុខភាពផ្លូវចិត្ដ និងសុខភាពផ្លូវកាយមិនបានល្អដូចម្ដាយដែរ។
2 . របបចំណីអាហារ ៖ នៅពេលកូនកើតមកហើយ
កូនមិនសូវបានទទួលរបបចំណីអាហារដែលមានជាតិវីតាមីន ប្រូតេអ៊ីនគ្រប់គ្រាន់
ដើម្បីជួយទ្រទ្រង់ដល់រាងកាយឱ្យបានរឹងមាំ និងឱ្យមានថាមពលខ្លាំងក្លាទេ។
ជាលទ្ធផលអវិជ្ជមាន ធ្វើឱ្យកុមារ មានសុខភាពរាងកាយមិនល្អ
អាប់បញ្ញាគិតអ្វីមិនរហ័សរហួនដូចក្មេងទូទៅដែលទទួលបានរបបចំណីអាហារគ្រប់គ្រាន់។
កុមារ ប្រភេទនេះ ចេះតែគិតអំពីខ្លួនឯងថា
ខ្លួនកើតមកមានសុខភាពមិនរឹងមាំដូចគេ
ប្រាជ្ញាមិនឆ្លាតវៃគិតអ្វីមិនបានលឿនដូចគេ ហើយ តែងមានការតូចចិត្ដនឹងវាសនាខ្លួនឯងជាដើម។
ការដែលចេះតែគិតអំពីចំណុចទាំងនេះពី១ថ្ងៃទៅ១ថ្ងៃ
វាបង្កជាទំនាស់ខាងបញ្ហាផ្លូវ ចិត្ដ។
3 . ប្រព័ន្ធផ្សព្វផ្សាយ ៖ ពេលស្ដ្រីកំពុងតែមានផ្ទៃពោះ
ចូលចិត្ដចង់ដឹងរឿងរ៉ាវទាំងអស់ មិនថាជារឿងអាក្រក់ឬល្អទេ។
ចំពោះការផ្សព្វផ្សាយភាពយន្ដវិញ ចូលចិត្ដតែមើលរឿងបាញ់សម្លាប់
ចងគំនុំគំកួន ឬរឿងកម្សត់ចងអាឃាតជាដើម។ ការមើល រឿងបែបនេះ
វាជាកត្ដាដែលជះឥទ្ធិពលអាក្រក់ទៅដល់កូននៅក្នុងផ្ទៃ
ព្រោះទារកទទួលយកព័ត៌មានហើយរីកលូតលាស់ខាងភាសា លឿនបំផុតតាំងពីចាប់កំណើត។
ពេលកូនកើតមក កូននឹងមានអត្ដចរិត ឬឆេវឆាវ ច្រណែនកម្សត់ ដូចតួនៅក្នុងសាច់រឿង
ដែលម្ដាយចូលចិត្ដមើលតាំងពីពេលកូននៅក្នុងផ្ទៃ។
អាការកុមារមានបញ្ហាផ្លូវចិត្ដ
កុមារមានបញ្ហាខាងសុខភាពផ្លូវចិត្ដ
ស្ដែងចេញជារោគសញ្ញាច្រើនបែប ដែលគេអាចសង្កេតដឹងបានថា ក្មេងនោះមានបញ្ហា ខាងសុខភាពផ្លូវចិត្ដ
ឬក៏មិនមាន។
រូបភាពទស្សនាវដ្ដីសុខភាពយើង
·
អាការសរីរៈរាងកាយរបស់កុមារ ៖ រាងកាយរបស់កុមារដែលមានបញ្ហាសុខភាពផ្លូវចិត្ដ
គឺមិនធម្មតា មានន័យថារាងកាយរបស់កុមារមានបញ្ហាមិនដូចក្មេងទូទៅ។
កុមារតែងវិលមុខ ឈឺក្បាល ក្ដៅខ្លួន រាងកាយស្គមស្គាំងអស់កម្លាំងល្ហិតល្ហៃ
ស្រវាំងភ្នែក ទឹកមុខដូចជាស្លេកស្លាំងមិនស្រស់បស់ មិនញ៉ាំចំណីអាហារ
ឬអាចដកដង្ហើមថប់ៗបេះដូងដើរលឿនជាដើម។
·
អាការនៃការប្រព្រឹត្ដរបស់កុមារ ៖
ប្រសិនបើក្មេងម្នាក់មានបញ្ហាខាងសុខភាពផ្លូវចិត្ដនោះការប្រព្រឹត្ដសកម្មភាពអ្វីមួយ
មានការប្រែប្រួល កុមារតែងតែរពឹស ហើយបង្កជម្លោះជាមួយអ្នកដទៃ។
ឪពុកម្ដាយមួយចំនួនតែងគិតថាក្មេងដែលរពឹសជាក្មេង ឆ្លាត។ ផ្ទុយទៅវិញ
ក្មេងដែលរពឹសជាក្មេងដែលកំពុងតែមានបញ្ហាផ្លូវចិត្ដទៅវិញទេ។
ក្មេងនេះមានសកម្មភាពដូចជាចូលចិត្ដឆាឆៅ រករឿងគេ ដើរស្ដោះទឹកមាត់ដាក់គេ
បោចសក់គេ បោកកម្ទេចរបស់របរចោលជាដើម។ ទង្វើទាំងនេះបញ្ជាក់ថា
កុមារបានបង្ហាញពី ភាពរំជួលរបស់ខ្លួន
ហើយសម្ដែងសកម្មភាពចេញមកយ៉ាងខ្លាំងដែលលេចចេញជារោគសញ្ញាផ្លូវចិត្ដ។
ចំពោះក្មេងខ្លះទៀត មាន សកម្មភាពផ្ទុយពីសកម្មភាពក្មេងខាងលើ
ដូចជាចូលចិត្ដអង្គុយសម្ងំក្នុងបន្ទប់តែម្នាក់ឯងចូលចិត្ដភាពឯកោ
ស្រគត់ស្រគំ ចូលចិត្ដកន្លែង ស្ងាត់ មិនចូលចិត្ដភាពអ៊ូអរ
និងមិនចូលចិត្ដនិយាយច្រើននេះក៏ជារោគសញ្ញាបញ្ជាក់ថា
ក្មេងមានបញ្ហាផ្លូវចិត្ដដែរ។
វិធីថែរក្សាសុខភាពផ្លូវចិត្ដកុមារ
ក្នុងនាមជាឪពុកម្ដាយ
ត្រូវយកចិត្ដទុកដាក់ទៅលើសុខភាពផ្លូវចិត្ដរបស់ខ្លួនព្រោះផ្លូវចិត្ដកុមារសំខាន់ណាស់មិនអាចធ្វេស
ប្រហែសបានឡើយ។
ដូចនេះមធ្យោបាយដែលល្អត្រូវថែរក្សាសុខភាពផ្លូវចិត្ដរបស់កុមារចាប់តាំងពីស្ដ្រីកំពុងតែមានផ្ទៃពោះ
ត្រូវ គិតគូរចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ដខ្លួនឯង។
មិនត្រូវដឹងឮរឿងអាក្រក់ឬមើលរូបភាពណាមួយមិនល្អដក់ជាប់នៅ
ក្នុងខួរក្បាលនោះទេ។ មិនត្រូវបណ្ដោយឱ្យមានសុខភាពទ្រុឌទ្រោម
និងភាពទុក្ខសោកសង្រេង គិតច្រើនធ្វើឱ្យអារម្មណ៍ស្មុគស្មាញ ឡើយ។
ព្រោះលោកអ្នកដឹងហើយថា អារម្មណ៍របស់ម្ដាយគឺជាអារម្មណ៍របស់កូន។
ហេតុនេះបើសុខភាពម្ដាយមិនល្អ ជួបតែ រឿងតត់ស្លុត
ធ្វើឱ្យផលអាក្រក់ទៅដល់កូននៅក្នុងផ្ទៃពេលកូនកើតមកនឹងមានសភាពរាងកាយមានបញ្ហាដូចម្ដាយ។
ម្យ៉ាងទៀត ប្រសិនបើកូនកើតមកហើយក្លាយជាកុមារមួយរូបមិនល្អឪពុកម្ដាយមិនត្រូវបណ្ដោយឱ្យកូននៅតែម្នាក់ឯងទេ។
បើសិនជាកូនរពឹសវិញ ឪពុកម្ដាយក៏មិនត្រូវជេរ
ឬវាយដំកូនដែរព្រោះអាចឱ្យកូនមានបញ្ហាផ្លូវចិត្ដកាន់តែធ្ងន់ធ្ងរ។
ផលប៉ះពាល់ផ្លូវចិត្ដកុមារ
កុមារមានបញ្ហាផ្លូវចិត្ដប្រាកដជាធ្វើឱ្យមានផលវិបាកច្រើនទៅថ្ងៃអនាគត។
ជាពិសេសមានផលវិបាកទៅលើខ្លួនឯងដោយ សារតែទង្វើសកម្មភាពសង្គមមិនឱ្យតម្លៃ
ធ្វើឱ្យអ្នកដទៃមិនចូលចិត្ដរាប់អានកុមារអាចក្លាយខ្លួនទៅជាមនុស្សមិនល្អនៅក្នុងសង្គម។
មិនតែប៉ុណ្ណោះ ធ្វើឱ្យឪពុកម្ដាយឬអាណាព្យាបាលដែលនូវជុំវិញខ្លួនកុមារអាចធ្លាក់ខ្លួនឈឺដោយសារគិតច្រើនចំពោះកូនដែលមាន
បញ្ហាផ្លូវចិត្ដទៀតផង។
ដំបូន្មានអ្នកឯកទេស
ឪពុកម្ដាយគ្រប់រូប សូមកុំយល់ច្រឡំថា
កូនដែលរពឹសជាក្មេងឆ្លាត ហើយក្មេងដែលមិនសូវចូលចិត្ដនិយាយច្រើនចូលចិត្ដតែ
ភាពឯកោ អាកប្បកិរិយាស្លូតបូត ថាជាក្មេងសុភាពរាបសារឱ្យសោះ។ សកម្មភាពរពឹស
និងសុភាពរាបសារសុទ្ធតែជារោគសញ្ញា បញ្ជាក់ពីបញ្ហាផ្លូវចិត្ដប្រក្រតី
ឬមិនប្រក្រតី។ ដូចនេះឪពុកម្ដាយបើមើលឃើញកូនបង្ហាញនូវអាការមិនប្រក្រតី
គួរប្រញាប់យកកូន ទៅជួបអ្នកឯកទេសជំនាញខាងសុខភាពផ្លូវចិត្ដ។
កុមារនៅតែបន្តធ្លាក់ចូលទៅក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរ
របាយការណ៍ដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ
បានឲ្យដឹងថា កុមារជាង ៣០០
០០០នាក់នៅតែត្រូវបានធ្លាក់ចូលទៅក្នុងទម្រង់ពលកម្មកុមារ
ដែលអាចទទួលរងគ្រោះថ្នាក់បំផុត ក្នុងពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ
ការប្ដេជ្ញាចិត្តរបស់កុមារ ក្នុងការលុបបំបាត់ពលកម្មកុមារនៅឆ្នាំ២០១៦
ប្រហែលជាអាចសម្រេចបាន។
ប្រទេសកម្ពុជាបានបង្ហាញផែនទីបង្ហាញផ្លូវ
ក្នុងការលុបបំបាត់ទម្រង់ពលកម្មកុមារអាក្រក់បំផុត (WCFL) នៅឆ្នាំ២០១៦
ក្នុងអំឡុងសន្និសីទស្ដីពីពលកម្មកុមារពិភពលោកក្នុងទីក្រុងសើនែល
ប្រទេសហូឡង់ នៅក្នុងសប្ដាហ៍នេះ។ ការចាប់ផ្ដើមការអនុវត្តនេះ
គឺមិនដល់មួយឆ្នាំផងក្រោយពីកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗដែលប្រកាសអំពីគោលដៅនេះ។
ឯកសារបានបង្ហាញពីបញ្ហាប្រឈមដែលប្រទេសកម្ពុជា
កំពុងប្រឈមមុខក្នុងការលុបបំបាត់ពលកម្មកុមារចំនួនប្រមាណ ៣០០ ០០០នាក់
ដែលកំពុងធ្វើការក្នុងកន្លែងផ្សេងៗ ដែលត្រូវបានចាត់ទុកថា
ស្ថិតក្នុងចំណោមទម្រង់គ្រោះថ្នាក់បំផុត ហើយដែលតួលេខនេះ
គឺជាចំនួនតួលេខដែលអ្នកជំនាញគិតថា មិនទាន់បង្ហាញអស់។ ប៉ុន្តែរបាយការណ៍នោះ
ក៏បានបង្ហាញផងដែរថា
ប្រទេសកម្ពុជាបានអនុវត្តជំហានមួយចំនួនក្នុងចំណោមជំហានវែងដំបូងរបស់ខ្លួន។
របាយការណ៍បានថ្លែងថា
ការសិក្សាកាលពីពេលមុន បានកត់សម្គាល់ថា
ប្រទេសកម្ពុជានឹងចំណាយប្រាក់ប្រហែល ៩០លានដុល្លារក្នុងអំឡុងរយៈពេល៦ឆ្នាំខាងមុខ
ដើម្បីចំណាយទៅលើកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ទម្រង់ពលកម្មកុមារអាក្រក់បំផុត
(WCFL) នៅឆ្នាំ២០១៦។
របាយការណ៍បានថ្លែងបន្តថា៖
"តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា គោលដៅឆ្នាំ២០១៦
គឺជាគោលដៅដែលអាចសម្រេច និងប្រាកដនិយមសម្រាប់កម្ពុជា
ដោយសារតែមានអន្តរាគមន៍សមស្រប និងភាពជាដៃគូខ្លាំងក្លា"។
លោក MP
Joseph ប្រធានទីប្រឹក្សាបច្ចេកទេស សម្រាប់កម្មវិធីអន្តរជាតិ
ស្ដីពីការលុបបំបាត់ពលកម្មកុមារ
នៃអង្គការពលកម្មអន្តរជាតិក្នុងរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធរកម្ពុជាប្រហែលជាបានចាប់ផ្ដើមមុនផែនការបន្តិចហើយនៅពេលនិយាយអំពីការកាត់បន្ថយទម្រង់ពលកម្មកុមារអាក្រក់បំផុត
(WCFL)។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) បានជំរុញឲ្យប្រទេសជាច្រើន
និងអង្គការក្រៅរដ្ឋាភិបាលនានាផ្ដោតការយកចិត្តទុកដាក់ឡើងវិញ
ចំពោះការលុបបំបាត់ទម្រង់ពលកម្មកុមារអាក្រក់បំផុត (WCFL)។ លោក Joseph បានថ្លែងថា
តាមរយៈការបង្ហាញពីផែនទីបង្ហាញផ្លូវ នៅក្នុងសប្ដាហ៍នេះ
ក្នុងទីក្រុងសើនែល (ហូឡង់) ប្រទេសកម្ពុជាបានចាប់ផ្ដើមជំហានដំបូងរបស់ខ្លួនរួចទៅហើយ។
"ប្រសិនបើពិនិត្យមើលទៅលើអនុសាសន៍ពិភពលោក លើរបាយការណ៍នោះ
និងអ្វីដែលបានធ្វើនៅទីនេះ អ្នកនឹងឃើញថា
ប្រទេសកម្ពុជាបានចាប់ផ្ដើមអនុសាសន៍ទាំងនោះក្នុងលក្ខណៈដ៏ល្អ"។
"ឥឡូវយើងមិនទាន់ឈានដល់ការជោគជ័យនោះទេ ប៉ុន្តែយើងបានចាប់ផ្ដើមដំណើរយ៉ាងល្អហើយ។
នេះគឺជាផ្នែកមួយនៃពិភពលោក។ ចំពោះប្រទេសភាគច្រើនបំផុតវិញ
ពួកគេមិនទាន់ចាប់ផ្ដើមដំណើរការនៅឡើយទេ"។
តែទោះបីជាយ៉ាងណាក៏ដោយ
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) បានដាស់តឿនដល់សហគមន៍ពិភពលោក។ របាយការណ៍បានថ្លែងថា
ពលកម្មកុមារបានបន្តធ្លាក់ចុះជាអន្តរជាតិ
ប៉ុន្តែទំហំនៃការកាត់បន្ថយនៅមានលក្ខណៈយឺត
ប្រសិនបើប្រៀបធៀបទៅនឹងការសិក្សា កាលពីពេលមុន។
របាយការណ៍បានកត់សម្គាល់ផងដែរថា
មានកុមារប្រហែល ២១៥លាននាក់ក្នុងពិភពលោក នៅតែកំពុងបន្តធ្លាក់ចូលក្នុងទម្រង់ពលកម្មកុមារ
ហើយក្នុងនោះមានកុមារចំនួន ១១៥លាននាក់
កំពុងធ្វើការក្នុងកន្លែងដែលអាចទទួលរងគ្រោះថ្នាក់៕
កុមារជាង២៥ម៉ឺននាក់ កំពុងរងគ្រោះ
ដោយការកេងពលកម្ម
- កុមារកម្ពុជា ទាំងជាង២៥ម៉ឺននាក់ ដែលមានអាយុពី១២ដល់១៧ឆ្នាំកំពុងរងគ្រោះ
ក្រោមទម្រង់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ
នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។
មន្ត្រីបានអះអាងថា រដ្ឋាភិបាលកំពុងធ្វើការដោះស្រាយលើបញ្ហានេះ
យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងមហាផ្ទៃ
ដែលបានបង្ហាញនៅក្នុងកិច្ចពិភាក្សា
ស្ដីពីតួនាទីនៃយុទ្ធសាស្ត្រគាំពារសង្គម កាលពីថ្ងៃពុធ បានឲ្យដឹងថា
បច្ចុប្បន្នមានកុមារប្រមាណ២៥៣.៤៧៥នាក់ គិតចាប់ពីអាយុ១២-១៧ឆ្នាំ
កំពុងរងគ្រោះក្រោមទម្រង់ធ្ងន់ធ្ងរនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យកសិកម្ម
និងកសិឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗទៀតនៅកម្ពុជា។
លោក ងី ចន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចន្ទថា
បញ្ហាពលកម្មកុមារ បានក្លាយជាប្រធានបទ ដែលរដ្ឋាភិបាល
កំពុងមានវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយ
និងកាត់បន្ថយនូវចំនួនកុមារអាយុ១៥-១៧ឆ្នាំ
កំពុងធ្វើការក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលច្បាប់បានហាមឃាត់។ លោកថ្លែងថា
"យើងដឹងថា ថ្ងៃនេះស្ថាប័នទាំងអស់
នឹងខិតខំលើកឡើងនូវអនុសាសន៍ល្អៗដើម្បីរកឫសគល់ធ្វើយ៉ាងណា
លើកកម្ពស់សិទ្ធិកុមារតាមរយៈការបង្កើនការអប់រំ និងលុបបំបាត់ទម្រង់ពលកម្មកុមារ"។
យោងតាមលោក ងី ចន្ទ្រផល
បានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យកើតមានទម្រង់នៃពលកម្មកុមារ
គឺដោយសារតែឫសគល់នៃភាពក្រីក្រ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធ
បានផ្ដោតការយកចិត្តទុកដាក់តាមរយៈការចាត់វិធានការធ្វើយ៉ាងណាកាត់បន្ថយបញ្ហាភាពក្រីក្រ
ដើម្បីឲ្យកុមារ បានទៅសាលារៀន ក្នុងរយៈពេលយូរ។ លោកបន្តថា
"យើងត្រូវជួយដល់គ្រួសារ
ដែលក្រីក្រដោយធ្វើយ៉ាងណាឲ្យពួកគេមានមុខរបរច្បាស់លាស់"។
នៅក្នុងកិច្ចពិភាក្សានេះដែរ
ក្រសួងមហាផ្ទៃគ្រោងនឹងដាក់ចេញនូវវិធានការមួយចំនួន
ដែលជាចំណុចគោលដោយធ្វើយ៉ាងណា ឲ្យកុមារដែលកំពុងរងគ្រោះ
ច្រើនជាង២សែននាក់នេះ បានទទួលការរៀនសូត្រ
និងជៀសឲ្យផុតការធ្វើពលកម្មធ្ងន់ធ្ងរ។
លោក អ៊ុក ស៊ីសុវណ្ណ
មន្ត្រីតំណាងអង្គការពលកម្មអន្តរជាតិ (ILO) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា អង្គការ ILO បានខំប្រឹងប្រែងជាមួយរដ្ឋាភិបាលក្នុងការលុបបំបាត់ឲ្យបាន
នូវទម្រង់កេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារក្នុងឆ្នាំ២០១៦ខាងមុខនេះ។
លោកថ្លែងថា "កន្លងមកនេះ យើងមានសកម្មភាពអន្តរាគមន៍ លើកុមារដែលត្រូវបានទទួលរងការកេងប្រវ័ញ្ចធ្ងន់ធ្ងរតែ៧ខេត្តប៉ុណ្ណោះ
ប៉ុន្តែរហូតមកដល់ពេលនេះ យើងបានធ្វើការពង្រីកទិសដៅរបស់យើង
បានដល់ទៅ១៥ខេត្ត ដែលមានខេត្តព្រះសីហនុ កែប កំពត ភ្នំពេញ សៀមរាប
បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ចាម កោះកុង បាត់ដំបង កំពង់ធំ រតនគីរី
ក្រចេះ ស្វាយរៀង និងកណ្ដាល"។
បើតាមមន្ត្រីអង្គការ ILO ILO មានទិសដៅ
នៅក្នុងការជួយដល់កុមារឲ្យមានសិទ្ធិសេរីភាពគ្រប់គ្រាន់
មិនស្ថិតនៅក្រោមការកេងប្រវ័ញ្ចពលកម្មផ្លូវកាយ និងផ្លូវភេទ
រាល់ទម្រង់គ្រប់រូបភាព ដែលកើតមានចំពោះកុមារ ហើយ ILO កំពុងជំរុញឲ្យរដ្ឋាភិបាល ផ្ដោតខ្លាំង ទៅលើស្ថានភាពកុមារ
ដែលកំពុងរងគ្រោះ ក្នុងពេលបច្ចុប្បន្ន តាមរយៈការផ្សព្វផ្សាយ
និងការតស៊ូមតិ ដើម្បីដកហូតកុមារដែលធ្លាក់ខ្លួនឈឺមកទំនុកបំរុង
ឲ្យទទួលបានការអប់រំ និងមានជីវភាពសមរម្យផងដែរ។ លោក អ៊ុក ស៊ីសុវណ្ណ
បានឲ្យដឹងថា "បើតាមរបាយការណ៍របស់ក្រសួងផែនការបានបង្ហាញថា
មានកុមារប្រមាណ១លាន៥សែននាក់
កំពុងទទួលបានការងារធ្វើក្នុងនោះមាន៧ម៉ឺននាក់
កំពុងស្ថិតនៅក្នុងទម្រង់កេងប្រវ័ញ្ចធ្ងន់ធ្ងរ និងច្រើនជាង២៥ម៉ឺននាក់
មិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ"៕
អត្រាស្លាប់របស់កុមារក្នុងប្រទេសកម្ពុជា
កំពុងមាននិន្នាការថយចុះ

នាយកមន្ទីរពេទ្យនានានៅតាមបណ្ដាខេត្ត
និងរាជធានីភ្នំពេញសុទ្ធតែអះអាងពីភាពកាន់ប្រសើរឡើងនូវស្ថានភាពសុខភាពកុមារក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត អ៊ូ ឃីឡាយ
ប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានមានប្រសាសន៍ថា
បើទោះជាជំងឺគ្រុនចាញ់ និងជំងឺផ្លូវដង្ហើមកំពុងកើនខ្ពស់នៅក្នុងខេត្តក្ដី
ក៏អត្រាកុមារស្លាប់ដោយសារជំងឺទាំងនេះ
និងជំងឺឆ្លងផ្សេងៗទៀតមានការថយចុះច្រើន បើធៀបនឹងប៉ុន្មានឆ្នាំមុន។
លោកបន្តថា
ចាប់តាំងពីខេត្តទទួលបានមូលនិធិសមធម៌ពីរដ្ឋាភិបាលមក
ដែលមូលនិធិនេះចេញជំនួសប្រជាជនក្រីក្រ ដើម្បីទទួលបានសេវាសុខាភិបាល
ប្រជាជនដែលមកកាន់មន្ទីរពេទ្យមានការកើនឡើងទាំងកុមារ និងមនុស្សចាស់។
លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ
ប្រធានមន្ទីរពេទ្យបង្អែកសេរីសោភ័ណខេត្តបន្ទាយមានជ័យ
បានមានប្រសាសន៍ឲ្យដឹងផងដែរថា អត្រាកុមារស្លាប់មានការថយចុះក្នុងមន្ទីរពេទ្យ
ដោយសារការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការព្យាបាលប្រសើរជាងមុន។
លោកបន្តថា ការស្លាប់របស់កុមារក្នុងមន្ទីរពេទ្យកើតឡើងដោយកម្រ
ហើយកុមារស្លាប់ភាគច្រើនបណ្ដាលមកពីការបញ្ជូនមកពេទ្យយឺត។
យោងតាមការអង្កេតប្រជាសាស្ត្រ
និងសុខភាពកម្ពុជា បានឲ្យដឹងថា
មរណភាពកុមារក្រោមអាយុ១ឆ្នាំមាន៨៥កាលពីឆ្នាំ២០០៥
ធ្លាក់ចុះមកនៅត្រឹម៦៦ក្នុង១០០០កំណើតរស់។
កុមារអាយុ៥ឆ្នាំបានធ្លាក់ចុះពី១២៤មកនៅត្រឹម៨៣ក្នុង១០០០កំណើតរស់ចន្លោះឆ្នាំ២០០០
និងឆ្នាំ២០០៥។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈួ
អ៊ីម៉េង នាយកមន្ទីរពេទ្យកុមារជាតិ
បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ម្សិលមិញថា
នៅពេលដែលយើងមិនមានជំងឺរាតត្បាត យើងសង្កេតឃើញមានជំងឺខ្លះដែលជាជំងឺបន្ទាន់បញ្ជូនមកដល់មន្ទីរពេទ្យយឺតបណ្ដាលឲ្យមានកុមារស្លាប់។
លោកបន្តថា ទារកទើបកើតកំពុងមានអត្រាស្លាប់ច្រើន
ដែលបញ្ហានេះវាទាក់ទងមកពីកត្តាជាច្រើនដូចជាម្ដាយមិនបានសម្រាលដោយឆ្មបជំនាញ
ការមិនបានពិនិត្យផ្ទៃពោះ និងទារកកើតមិនគ្រប់គីឡូជាដើម។
លោកបន្តថា
ជំងឺដែលប្រទះឃើញញឹកញាប់ជាងគេក្នុងមន្ទីរពេទ្យ
និងបណ្ដាលឲ្យកុមារស្លាប់ច្រើនជាងគេមានជំងឺរលាកផ្លូវដង្ហើម
ជំងឺរាករូសជំងឺគ្រុនឈាម ជំងឺហឺត ជំងឺកង្វះអាហារូបត្ថម្ភជាដើម។
លោកបន្តថា
ទោះជាយ៉ាងណាអត្រាស្លាប់របស់កុមារកំពុងមាននិន្នាការថយចុះ
ដោយមានអត្រាស្លាប់ចន្លោះ១ទៅ១,៣ភាគរយប៉ុណ្ណោះក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ននេះ។
ការចាក់ថ្នាំបង្ការក៏រួមចំណែកកាត់បន្ថយអត្រាស្លាប់របស់កុមារមួយចំនួនធំផងដែរ។
លោកសាស្ត្រាចារ្យ សាន់ ច័ន្ទសឿន
នាយកកម្មវិធីជាតិចាក់ថ្នាំបង្ការ បានមានប្រសាសន៍ឲ្យដឹងថា
ការផ្ដល់វ៉ាក់សាំងបង្ការចំនួន៧មុខ ដែលគ្របដណ្ដប់៩០ភាគរយលើកុមារ
បានចូលរួមកាត់បន្ថយអត្រាមរណភាពរបស់កុមារយ៉ាងច្រើន។ លោកបន្តថា
នៅឆ្នាំ២០១០ខាងមុខនេះ
កម្មវិធីជាតិចាក់ថ្នាំបង្ការនឹងដាក់ថ្នាំបង្ការនឹងដាក់បញ្ចូលវ៉ាក់សាំងហ៊ីពបន្ថែមមួយមុខទៀត
នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការដែលវ៉ាក់សាំងនេះអាចការពារកុមារពីជំងឺរលាកសួតនិងរលាកស្រោមខួរដល់កុមារ៕
ផលិតផលចំនួន៤នៅកម្ពុជាបានរកឃើញថា
ប្រើកម្លាំងកុមារទាមទារឲ្យមានការលុបបំបាត់
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកថ្ងៃទី១១
កញ្ញា បានឲ្យដឹងថា
ការិយាល័យកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការងារសហរដ្ឋអាមេរិក
បានចេញរបាយការណ៍ចំនួន៣ស្ដីពីពលកម្មកុមារ
និងពលកម្មដោយការបង្ខិតបង្ខំនៅតាមប្រទេសនានាជុំវិញពិភពលោកនៅថ្ងៃទី១០កញ្ញា។
ឯកសារនេះរួមមាន "បញ្ជីដំបូងៗនៃផលិតផលដែលផលិតដោយពលកម្មកុមារ
ឬពលកម្មដោយការបង្ខិតបង្ខំ "ដែលទាមទារដោយច្បាប់ឆ្នាំ២០០៥
ស្ដីពីការផ្ដល់សិទ្ធិអំណាចឡើងវិញដល់ការការពារជនរងគ្រោះដោយការជួញដូរ
(Trafficking Victims Protection
Reauthorization Act of 2005 ឬ TVPRA)។
បញ្ជីដែលទាមទារដោយច្បាប់ TVPRA មាននិយាយលំអិតស្ដីពីមុខទំនិញចំនួន
១២២ របស់ប្រទេសចំនួន៥៨
ដែលការិយាល័យកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការងារអាមេរិកមានហេតុផលជឿថា
ត្រូវបានផលិតដោយប្រើពលកម្មដោយការបង្ខិតបង្ខំ ពលកម្មកុមារ ឬទាំងពលកម្មកុមារ
ទាំងពលកម្មដោយការបង្ខិតបង្ខំដោយរំលោភលើបទដ្ឋានអន្តរជាតិ។
ការិយាល័យកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការងារអាមេរិកថែមទាំងបានចេញព័ត៌មានថ្មីៗតាមការស្នើសុំទៅក្នុង
"បញ្ជីនៃផលិតផលដែលផលិតដោយពលកម្មកុមារ ដោយការបង្ខិតបង្ខំ
ឬតាមកិច្ចព្រមព្រៀងជាកុងត្រា "(បញ្ជី EO) និង
"លទ្ធផលរកឃើញប្រចាំឆ្នាំរបស់ខ្លួនស្ដីពីទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ"
ដូចដែលតំរូវដោយច្បាប់អភិវឌ្ឍន៍ និងពាណិជ្ជកម្មឆ្នាំ២០០០ (Trade
and Development Act of 2000) ស្ដីពីការខិតខំរបស់ដែនដី
និងប្រទេសចំនួន១៤១ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចពលកម្មកុមារ។
គោលបំណងចម្បងនៃបញ្ជី TVPRA គឺដើម្បីលើកកំពស់ការយល់ដឹងរបស់សាធារណជនលើករណីពលកម្មកុមារ
និងពលកម្មដោយការបង្ខិតបង្ខំក្នុងការផលិតទំនិញនៅតាមប្រទេសដែលមានក្នុងបញ្ជី
និងដើម្បីជំរុញការខិតខំក្នុងការលុបបំបាត់ការប្រព្រឹត្តបែបនេះ។
របាយការណ៍នេះលើកឡើងនូវរបស់ចំនួន៤មុខ
នៅកម្ពុជា ដែលត្រូវបានសង្ស័យថា
ត្រូវបានផលិតឡើងតាមរយៈការប្រើពលកម្មកុមារ គឺ ឥដ្ឋ ក្បឿង បង្គា កៅស៊ូ
និង អំបិល។
សហរដ្ឋអាមេរិកមានការទាក់ទងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការខិតខំដើម្បីកាត់បន្ថយការប្រើពលកម្មកុមារនៅតាមកន្លែងទាំងនេះ
និងក្នុងសេដ្ឋកិច្ចទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យមានភាពជឿនលឿនមកហើយក្នុងរឿងនេះ
ដូចជាបានតាក់តែងផែនការសកម្មភាពថ្នាក់ជាតិមួយស្ដីពីទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ
(ឆ្នាំ២០០៨-២០១២)។
ផែនការសកម្មភាពនេះមានបំណងកាត់បន្ថយចំនួនកុមារស្ថិតក្នុងអាយុពី៥
ទៅ១៧ឆ្នាំ ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាឲ្យនៅត្រឹមចំនួន១០.៦%
ក្នុងឆ្នាំ២០១០ និងនៅត្រឹមចំនួន៨% ត្រឹមឆ្នាំ២០១៥។
រាជរដ្ឋាភិបាលកម្ពុជា
ក៏បានចូលរួមផងដែរក្នុងកម្មវិធីមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅតាមវិស័យដូចដែលមាននិយាយក្នុងរបាយការណ៍នេះ
ដែលចេញដោយក្រសួងការងារសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកសង្ឃឹមថា
កិច្ចសហប្រតិបត្តិការជាបន្តក្នុងរឿងនេះ
នៅទីបំផុតនឹងធ្វើឲ្យលែងមានការប្រើពលកម្មកុមារ
នៅប្រទេសកម្ពុជាហើយសង្ឃឹមថា នឹងមានការកាត់បន្ថយក្នុងគ្រប់ទំរង់ទាំងអស់នៃការកេងប្រវ័ញ្ច
និងការជួញដូរមនុស្ស៕
សម្ដែងសិល្បៈវប្បធម៌កម្ពុជា
ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍
អង្គការទស្សនៈពិភពលោកកម្ពុជា World Vision នៅល្ងាចថ្ងៃសៅរ៍ទី២៩
ខែសីហា ឆ្នាំ២០០៩នេះ នឹង ប្រារព្ធពិធីរាត្រីវប្បធម៌
យើងរួមគ្នាលើកកម្ពស់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ គោលបំណង
ដើម្បីលើកទឹកចិត្តទេសចរណ៍ជាតិ
និងអន្តរជាតិឲ្យចូលរួមបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព
សម្រាប់កុមារដោយគ្មានការរំលោភបំពាន
និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដែលប្រព្រឹត្តធ្វើ
ឡើងនៅជិតផ្សារចាស់ ក្នុងខេត្តសៀមរាប។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកកម្ពុជាបានឲ្យដឹងថា
ការ សម្ដែងសិល្បៈវប្បធម៌កម្ពុជាត្រូវបានអភិរក្សរួមមាន របាំ
និងល្ខោនស្បែកតូច នឹងរៀបចំធ្វើឡើងដើម្បី
បង្ហាញនូវមោទនភាពវប្បធម៌ដ៏មានតម្លៃរបស់ខ្លួន។ ជាមួយគ្នានោះផងដែរ
ដើម្បីបញ្ជូនសារទៅកាន់ទស្សនិកជនទាំងអស់ឲ្យបានជ្រាបថា អ្នកទាំងអស់គ្នា
គឺជាតួអង្គដ៏សំខាន់ ដើម្បីការពារកុមារពីទេសចរផ្លូវភេទ។
លោកបន្តទៀតថា ការចូលរួមរបស់ពួកគេ
ដើម្បីបញ្ឈប់ទេសចរណ៍ផ្លូវភេទលើកុមារនិងផ្ដល់ឲ្យកុមារ
នូវក្ដីសង្ឃឹមក្នុងការរស់នៅប្រកបដោយជីវិតពេញបរិបូរណ៍។
យោងតាមរបាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារ
នៅក្នុងឆ្នាំ២០០៨ មាន១២ករណី ដែល
ពាក់ព័ន្ធនឹងទេសចរណ៍ផ្លូវភេទលើកុមារ
ដែលក្នុងនោះជនល្មើសទាំងអស់ត្រូវបានចោទប្រកាន់ពីបទ
ការប្រព្រឹត្តអនាចារលើកុមារ ករណីទាំងនេះរកឃើញនៅក្នុងរាជធានីភ្នំពេញ
ខេត្តព្រះសីហនុនិង ខេត្តសៀមរាប ដោយមានកុមារ៣២នាក់
បានក្លាយជាជនរងគ្រោះដោយអំពើនេះ។
លោក ផង់ ចិន្ដា បានឲ្យដឹងទៀតថា
"វាមិនងាយស្រួលទេ ក្នុងការកំណត់ថា តើនរណាជាទេសចរ
ដែលមានបំណងបំពានផ្លូវភេទលើកុមារ ពីព្រោះតែពួកគេមានការប្រព្រឹត្តដូចទេសចរដទៃទៀតដែរ។
ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យដែលពាក់ព័ន្ធ
រួមមានរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកផ្ដល់សេវាកម្មទេសចរ
អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងទេសចរ យើង អាចបញ្ឈប់ទេសចរដែលមានបំណងបំពានផ្លូវភេទលើកុមារ"។
គួរបញ្ជាក់ថា
នេះជាព្រឹត្តិការណ៍ទី៣ហើយ
ដែលគម្រោងទប់ស្កាត់ទេសចរផ្លូវភេទលើកុមាររបស់
អង្គការទស្សនៈពិភពលោកបានរៀបចំឡើង។ ព្រឹត្តិការណ៍ជាសាធារណៈចំនួន២លើក
ចុងក្រោយ មកនេះដែលផ្ដោតលើប្រជាពលរដ្ឋខ្មែរ គឺជាការប្រគំតន្ត្រីផ្សព្វផ្សាយដែលធ្វើឡើងក្នុងខេត្តសៀមរាបកាលពីខែកញ្ញា
ឆ្នាំ២០០៨ និងក្នុងខេត្តព្រះសីហនុ កាលពីខែមេសា ឆ្នាំ២០០៩៕
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា
"ផ្ដល់ឱកាសឲ្យកុមារីដើម្បីបញ្ចប់ពលកម្មកុមារ"
ភ្នំពេញ៖ ខណៈស្គរកុមារឈានមុខ (កាយឫទ្ធិ)
បានបន្លឺឡើងយ៉ាងពីរោះនោះ កុមារា
កុមារីបានប្រមូលផ្ដុំគ្នាឈរលើកបដាជាច្រើនដែលមានអត្ថន័យថា "បញ្ឈប់ការជួញដូរកុមារ"
"ផ្ដល់ឱកាសដល់កុមារីបញ្ឈប់ពលកម្មកុមារ"
"យើងរួបរួមគ្នាលុបបំបាត់ពលកម្មកុមារ"
"ពលកម្មកុមារគឺមិនយុត្តិធម៌សម្រាប់កុមារ"
"ការងារមិនមែនចាំបាច់សម្រាប់កុមារទេ
ការសិក្សាទើបវាចាំបាច់សម្រាប់កុមារ"។
បដាទាំងនេះបានត្រូវលើកបញ្ឈរឡើងនៅក្នុងពិធីព្យុហយាត្រាអបអរសាទរខួបលើកទី៨នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា២០០៩។
ទិវាពិភពលោកប្រឆាំងពលកម្មកុមារលើកទី៨នេះ
ប្រារព្ធធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក
កាលពីព្រឹកថ្ងៃសុក្រ១២មិថុនា ដោយមានការចូលរួមពីកុមារ លោកគ្រូ
អ្នកគ្រូ ព្រះសង្ឃព្រមទាំងមន្ត្រីថ្នាក់ដឹកនាំនៃក្រសួងអប់រំដូចជាលោក
ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំជាដើម។
ជាពិសេសទៅទៀតនោះក៏មានការចូលរួមរបស់លោក ហ៊ូ ស្រ៊ី
សមាជិករដ្ឋសភាជាតិ និងជាសមាជិកគណៈកម្មការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ លោក ម៉ៅ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងលោក ចូសេហ្វ
ប្រធានអង្គការពលកម្មអន្តរជាតិ។
លោក ណុះ ស្លេះ
អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានោះ គឺជាសារដ៏សំខាន់
ដើម្បីផ្សព្វផ្សាយអំពីការប្រឆាំងពលកម្មកុមារ
ការកេងប្រវ័ញ្ចលើពលកម្មកុមារ ដែលមិនមែនកើតមានតែក្នុងកម្ពុជាទេ
គឺនៅពិភពលោកផងដែរ ពិភពលោកក៏បានយកចិត្តទុកដាក់ចំពោះបញ្ហានេះដែរ
ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់
ដើម្បីឈានទៅលុបបំបាត់ការកេងប្រវ័ញ្ច ការរំលោភលើកម្លាំងពលកម្មកុមារ
និងលើកកម្ពស់សិទ្ធិកុមារ។
នៅក្នុងឱកាសនេះ សម្ដេចហ៊ុន សែន
នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ញើសារលិខិតមកចូលរួមដែរ
ដែលមានខ្លឹមសារថា
នៅក្នុងឱកាសខួបទី៨ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានេះ
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា
និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់សូមសម្ដែងនូវក្ដីរំភើបរីករាយជាអតិបរមាចំពោះការប្រារព្ធទិវាដ៏មានសារសំខាន់។
ខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពទាំងឡាយដែលកំពុងអនុវត្តលើទឹកដីកម្ពុជា
ក្នុងទិសដៅដោះស្រាយតម្រូវការចាំបាច់ជាមូលដ្ឋានរបស់កុមារ
ដូចដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសម្រាប់កុមារកម្ពុជា
និងកុមារគ្រប់សញ្ជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឧត្ដមប្រយោជន៍របស់កុមារកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារនៅថ្ងៃ១៥តុលា១៩៩២
ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ចែងថា
រដ្ឋធានារក្សាការពារសិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ
ជាពិសេសសិទ្ធិរស់រានមានជីវិតសិទ្ធិក្នុងការអភិវឌ្ឍន៍
សិទ្ធិក្នុងការចូលរួម សិទ្ធិទទួលបានការការពារ។
រដ្ឋគាំទ្រប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឲ្យខូចដល់ការអប់រំ
និងការរៀនសូត្ររបស់កុមារ ឬដែលនាំឲ្យអន្តរាយដល់សុខភាព
ឬសុខុមាលភាពរបស់កុមារ។
ជាបន្តបន្ទាប់កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិមួយចំនួនទៀតដូចជា
អនុសញ្ញារបស់អង្គការអន្តរជាតិស្ដីពីការរកកម្រិតអាយុអប្បបរមាសម្រាប់ចូលធ្វើការងារ
ការហាមប្រាម
និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។
មិនត្រឹមតែប៉ុណ្ណោះក៏មានអនុសញ្ញាអំពីការទប់ស្កាត់ ការបង្ក្រាប
ការដាក់ទណ្ឌកម្ម ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារជាពិសេសក៏មានអនុសញ្ញាទីក្រុងឡាអេស្ដីពីកិច្ចការការពារកុមារ
និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស។
ទន្ទឹមនឹងការផ្ដល់សច្ចាប័នរាជរដ្ឋាភិបាលក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្ដល់សិទ្ធិផ្នែកសេដ្ឋកិច្ច
និងសង្គមកិច្ចដែលរាជរដ្ឋាភិបាលចាត់ទុកថា
ជាការងារដ៏មានសារសំខាន់ខ្លាំងណាស់នៅក្នុងរបៀបវារៈនៃអភិវឌ្ឍន៍របស់ខ្លួន។
រាជរដ្ឋាភិបាលបានខិតខំជំរុញបន្ថែមទៀតឲ្យមានការយកចិត្តទុកដាក់ចំពោះកុមារគ្រប់រូប
ពិសេសកុមារីមានឱកាសទទួលការអប់រំមូលដ្ឋាន៩ឆ្នាំ
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬអាចបន្តការសិក្សាបានខ្ពង់ខ្ពស់
ដើម្បីក្មួយៗមានចំណេះដឹង មានសមត្ថភាព
និងអាចរកការងារធ្វើសម្រាប់អនាគត
និងបញ្ចៀសបាននូវការកេងប្រវ័ញ្ចពលកម្មកុមារ។
លោក អេមភី ចូសេហ្វ
ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ ILO/IPEC
បាននិយាយថា
វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកបានជំរុញឲ្យមានការកើនឡើងនៃចំនួនកុមារជាពិសេសធ្លាក់ចូលទៅក្នុងពលកម្មកុមារ។
តាមការប៉ាន់ប្រមាណជាសកល ពលកម្មកុមារមានការធ្លាក់ចុះតែវិបត្តិសេដ្ឋកិច្ចពិភពលោកថ្មីៗនេះបានគំរាមកំហែងដល់ការងាររីកចម្រើននៃការលុបបំបាត់ពលកម្មកុមារនេះ។
របាយការណ៍ថ្មីៗរបស់អង្គការពលកម្មអន្តរជាតិបានបង្ហាញថា
មានកុមារីច្រើនជាង១០០លាននាក់នៅក្នុងពិភពលោកស្ថិតនៅក្នុងពលកម្មកុមារហើយកុមារទាំងនេះកំពុងធ្វើការងារស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរបំផុត
ជាពិសេសកុមារី។
បញ្ហាដែលត្រូវប្រុងប្រយ័ត្នសម្រាប់កុមារី
គឺការងារណាដែលអាថ៌កំបាំងពីសាធារណជន កុមារបម្រើតាមផ្ទះ
និងកុមារីចេញទៅធ្វើការនៅក្រៅប្រទេស៕
សមាគមនារីអាស៊ានកម្ពុជាអំពាវនាវរកជំនួយសប្បុរសធម៌
សម្រាប់ជួយដល់មជ្ឈមណ្ឌលកុមារកំព្រាមួយនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ សមាគមនារីអាស៊ានកម្ពុជាបានអំពាវនាវដល់សប្បុរសជននានា
ក្នុងនោះមាននារីជាសមាជិកសមាគម និងនារីមកពីស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងភ្នំពេញ
ដើម្បីស្វែងរកជំនួយមនុស្សធម៌ទោះបីជាថវិកា
ឬក៏សម្ភារៈក៏ដោយសម្រាប់ជួយដល់កុមារកំព្រាជាង១០០នាក់
ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងស្ថិតនៅភូមិ១
ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សេចក្ដីអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងតែស្និទ្ធស្នាលមួយកាលពីពេលថ្មីៗនេះនៅសណ្ឋាគារ
អ៊ីមភើរៀលហ្ដាឌិនវីឡា ក្រោមអធិបតីភាពលោកស្រីម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ស៊ុន សាភឿន
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងជាប្រធានសមាគមនារីអាស៊ានកម្ពុជាបានមានប្រសាសន៍ថា
មណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺ ឈ្មោះអង្គការបណ្ដុះបណ្ដាល
និងថែរក្សាកុមារកំព្រាជាមជ្ឈមណ្ឌលក្រខ្សត់ខ្សោយណាស់ ហើយត្រូវការជំនួយទាំងថវិកា
និងសម្ភារៈដើម្បីបានបន្តដំណើរការសមស្រប។
ពួកគេត្រូវការជំនួយពីសប្បុរសដើម្បីធ្វើការរស់នៅរបស់ពួកគេកាន់តែល្អប្រសើរ។
លោកស្រីបានបន្តទៀតថា គណៈកម្មាធិការសមាគមនារីអាស៊ានកម្ពុជាគិតថា
ថវិការបស់សមាគមមានកម្រិត ពុំអាចដកយកទៅជួយកុមារកំព្រាបាន
ហេតុនេះក្នុងនាមគណៈកម្មាធិការសមាគមនារីអាស៊ានកម្ពុជា
ខ្ញុំសូមអំពាវនាវជំនួយសប្បុរសធម៌ពីលោកជំទាវ លោកស្រីឧកញ៉ា
លោកស្រីទាំងអស់
សូមមេត្តាពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកដល់កុមារកំព្រានេះផង (ដែលបច្ចុប្បន្នកុមារកំព្រាចំនួន១០៥នាក់ក្នុងនោះមានស្រី៣៧នាក់
និងប្រុស៦៨នាក់)។
លោកស្រីម៉ែន សំអន
បានវាយតម្លៃខ្ពស់ចំពោះការផ្ដួចផ្ដើមរៀបចំឲ្យមានកម្មវិធីនេះ
ហើយលោកស្រីបានមានប្រសាសន៍ថា ខ្ញុំសូមគាំទ្រដល់សមាគមនារីអាស៊ានកម្ពុជា
ហើយខ្ញុំសង្ឃឹមថា សមាគមនារីអាស៊ានកម្ពុជា នឹងពង្រឹងគោលដៅបទពិសោធន៍
ក៏ដូចជាពង្រឹងវប្បធម៌ប្រពៃណីរបស់កម្ពុជានៅក្នុងតំបន់អាស៊ានថែមទៀត។
លោកស្រីមានប្រសាសន៍ថា
កម្មវិធីនេះមិនត្រឹមតែជួយគ្នាផ្សព្វផ្សាយអំពីប្រពៃណី
ទំនៀមទម្លាប់វប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនីមួយៗប៉ុណ្ណោះទេ
តែក៏ជាការរួមចំណែកក្នុងការងារមនុស្សធម៌
ដើម្បីជួយដល់ជនងាយរងគ្រោះនៅកម្ពុជា
សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ៕
បណ្ដាញកុមារអ្នកតស៊ូមតិ
ជួបគ្នានិយាយពីការងាររបស់ពួកគេ

នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១
របស់បណ្ដាញកុមារអ្នកតស៊ូមតិរបស់គ.អ.ស.ក
(គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារ)
នេះមានការចូលរួមពីតំណាងកុមារមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ
ខេត្តកំពង់ចាម តាកែវ ពោធិ៍សាត់ ព្រៃវែង រតនគីរី ស្វាយរៀង កណ្ដាល បាត់ដំបង
និងសៀមរាប។
លោក មាស សំណាង អគ្គលេខាធិការ គ.អ.ស.ក
បាននិយាយថា
កិច្ចប្រជុំបែបនេះធ្វើឡើងរៀងរាល់៣ខែម្ដងហើយថ្លៃធ្វើដំណើរការស្នាក់នៅ
និងអាហារ គឺ គ.អ.ស.ក ដែលទទួលជំនួយពីអង្គការភ្លែនអន្តរជាតិកម្ពុជា
និងអង្គការន័រវេស្សសង្គ្រោះកុមារ ជាអ្នកឧបត្ថម្ភ។
គោលបំណងនៃកិច្ចប្រជុំនេះគឺផ្ដល់សេចក្ដីរាយការណ៍ពីសកម្មភាពរបស់កុមារនៅគ្រប់ខេត្ត
ក្រុងចំនួន១១ និងលើកយក បញ្ហាដែលទាក់ទងនឹងកុមារ
និងដែលសម្គាល់ឃើញដោយក្រុមកុមារ
អ្នកតស៊ូមតិក្នុងសហគមន៍នៃខេត្តក្រុងនីមួយៗ
ដើម្បីកំណត់អនុសាសន៍ពីក្រុមប្រឹក្សាឃុំសង្កាត់។ ជាពិសេសកិច្ចប្រជុំនេះ
ក៏មានបំណងដើម្បីកសាងសមត្ថភាពក្រុមកុមារលើការងារតស៊ូមតិផងដែរ។
នៅក្នុងកិច្ចប្រជុំបណ្ដាញកុមារអ្នកតស៊ូមតិនេះ
កុមារមកពីគ្រប់ខេត្តក្រុង១១បានរាយការណ៍ពីសកម្មភាពរបស់គេរៀងៗខ្លួននៅតាមសហគមន៍របស់ខ្លួន។
កុមារមកពីខេត្តស្វាយរៀងក្លឹបរបស់ប្អូនធ្វើការទាក់ទងនឹងការអប់រំការប្រើអំពើហិង្សាក្នុងគ្រួសារ
ការអប់រំទាក់ទងលទ្ធិប្រជាធិបតេយ្យ និងពីបញ្ហាចំណាកស្រុកទៅវៀតណាម។
ក្លឹបរបស់ប្អូន ក៏មានបង្កើតថ្នាក់ភាសាអង់គ្លេស និងចិនផងដែរ។
កុមារីសារិទ្ធមកពីក្លឹបកុមារយុវវ័យ
ខេត្តព្រៃវែង បានរាយការណ៍អំពីសិទ្ធិកុមារពលកម្មកុមារ
និងបានធ្វើការដង្ហែក្បួនផ្សព្វផ្សាយពីសិទ្ធិកុមារ និងពលកម្មកុមារ។
ចំណែកកុមារី ឡែង ឡែន
មកពីអង្គការភ្លែនខេត្តកំពង់ចាមបានរាយការណ៍ពីសិទ្ធិកុមារ
និងធ្វើសកម្មភាពមិត្តអប់រំមិត្តទាក់ទងអំពីបញ្ហាសុខភាព
និងការជួញដូរមនុស្ស និងអំពើហិង្សាក្នុងគ្រួសារ
ព្រមទាំងបណ្ដាញការពារសុវត្ថិភាពគ្រួសារ។
កុមារសុជាតិមកពីបាត់ដំបងរាយការណ៍ពីសកម្មភាពរបស់អង្គការជំនួយផ្នែកច្បាប់របស់ប្អូន។
អង្គការនេះអប់រំក្មេងខិលខូចឲ្យយល់ដឹងពីច្បាប់អប់រំក្មេងបោះបង់សិក្សា
និងលួចទ្រព្យសម្បត្តិ ព្រមទាំងអញ្ជើញមាតាបិតាមកបង្រៀនច្បាប់
ដើម្បីឲ្យពួកគាត់អប់រំកូនៗបន្ត។
ប្អូនប្រុសខេមរិទ្ធ
មកពីបណ្ដាញអ្នកតស៊ូមតិរាជធានីភ្នំពេញបាននិយាយថា
អង្គការបានបង្កើតបណ្ណាល័យចល័តសម្ដែងរឿងអប់រំពីការលំបាករបស់សហគមន៍សិទ្ធិកុមារ
បំណិនជីវិត និងផ្សព្វផ្សាយសិទ្ធិរបស់កុមារ
ព្រមទាំងបណ្ដុះបណ្ដាលកុំព្យូទ័រ និងភាសា។
រីឯកុមារវីរៈមកពីខេត្តរតនគីរី
បានរៀបរាប់សកម្មភាពទាក់ទងនឹងការបើកបណ្ណាល័យចល័ត
ដែលមានការបណ្ដុះបណ្ដាលពីអង្គការក្រៅរដ្ឋាភិបាល។
កុមារី ថោង សុភឿន មកពីខេត្តតាកែវ
បាននិយាយថា ក្លឹបរបស់ប្អូនបង្កើតបណ្ដាញភូមិសុវត្ថិភាព
ដែលក្នុងគោលបំណងចង់ឲ្យកុមារ និងមនុស្សចាស់មានភាពជិតស្និទ្ធនឹងគ្នា
និងអប់រំការជួញដូរកុមារ ព្រមទាំងបើកវគ្គបង្រៀនបាន១៩វគ្គ។
កុមារទាំងអស់ក៏បានលើកបញ្ហាដែលកើតមាននៅក្នុងសហគមន៍ដូចជាឪពុកម្ដាយមិនទាន់
យល់ដឹងពីសិទ្ធិកុមារ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរកុមារ
ភាពក្រីក្រ អំពើហិង្សាក្នុងក្រុមក្មេងស្ទាវ
ល្បិចកលជនខិលខូចករណីមនុស្សចាស់មិនយល់ពីការចូលរួមរបស់កុមារ
បញ្ហាគ្រឿងញៀនពលកម្មធ្ងន់ធ្ងរ និងការកេងប្រវ័ញ្ចលើកុមារ
កុមារបោះបង់ចោលការសិក្សា និងចំណាកស្រុករបស់កុមារ។
ប្អូនៗក៏បានត្អូញត្អែរពីការលំបាកក្នុងការធ្វើសកម្មភាព
ព្រោះខ្វះការសហការពីនាយកសាលាមួយចំនួន។ ខ្វះការសហការពីអាជ្ញាធរដែនដី។
ឪពុកម្ដាយមិនយល់ពីសារប្រយោជន៍នៃការចូលរួមរបស់កុមារ៕
តម្លៃនៃការចូលរួមរបស់កុមារក្នុងការងារអភិវឌ្ឍន៍សង្គម
ភ្នំពេញ៖ កុមារដែលជាទូទៅត្រូវបានកំណត់ថា
ជាក្រុមមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ។ ជារឿយៗក្រុមនេះស្ថិតក្នុងស្ថានភាពដែលងាយរងគ្រោះ
និងពុំសូវត្រូវបានផ្ដល់ឱកាសឲ្យមានការចូលរួមនៅក្នុងសង្គម។
លោក កែវ ផល្លា
មន្ត្រីផ្នែកការចូលរួមរបស់កុមារនៃអគ្គលេខាធិការដ្ឋានរបស់គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាល
ដើម្បីសិទ្ធិកុមារបានឲ្យដឹងតាមរយៈបទពិសោធន៍ការងារកន្លងមកថា
ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរជាងមុន
ក៏ការឲ្យតម្លៃលើការចូលរួមរបស់កុមារក្នុងចំណោមប្រជាជនកម្ពុជាពុំទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។
មនុស្សចាស់ភាគច្រើនពុំបានឲ្យតម្លៃពេញលេញដល់គំនិតទស្សនៈរបស់កុមារ
ដោយយល់ឃើញថា កុមារនៅមានភាពក្មេងខ្ចីទាំងវ័យ ចំណេះដឹង
និងបទពិសោធន៍ជីវិត។ ពួកគាត់ពុំបានមើលឃើញពីតម្លៃ
និងប្រយោជន៍ដែលកុមារអាចចូលរួមចំណែកចំពោះការអភិវឌ្ឍន៍សង្គមជាតិឡើយ។ លោក
ផល្លា បានបន្តឲ្យដឹងថា ជាឧទាហរណ៍ជាក់ស្ដែង
សុភាសិតបុរាណមួយឃ្លាដែលពោលថា "មិនជឿចាស់ស្រឡះដៃធេង
បើជឿក្មេងរលីងសក់ក្បាល"
នៅតែដក់ជាប់ក្នុងគំនិតទស្សនៈរបស់មនុស្សចាស់មួយចំនួនធំ។
ទស្សនៈនេះបាន និងកំពុងបង្កជាឧបសគ្គដ៏ធំធេងដល់ដំណើរការលើកកម្ពស់ការចូលរួមរបស់កុមារនៅប្រទេសកម្ពុជា។
បើតាមទស្សនៈរបស់លោកការផ្សព្វផ្សាយឲ្យមានការយល់ដឹងច្បាស់លាស់អំពីសិទ្ធិ
និងតម្លៃនៃការចូលរួមរបស់កុមារ
និងអប់រំឲ្យមានការយល់គ្នាបានល្អរវាងមនុស្សចាស់ និងកុមារ
ជាវិធីសាស្ត្រល្អមួយសម្រាប់ជួយដល់ការលើកកម្ពស់ការចូលរួមរបស់កុមារ។
ការចូលរួមរបស់កុមារបានផ្ដល់នូវតម្លៃ
និងអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារផ្ទាល់ និងសង្គមជាតិទាំងមូល
រួមមានដូចជា ជួយរួមចំណែកដល់ការអភិវឌ្ឍន៍ទាំងផ្នែករាងកាយ
និងបញ្ញាស្មារតីរបស់កុមារ
ដើម្បីអាចឲ្យពួកគេបានបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អ
និងពលរដ្ឋល្អនៅថ្ងៃអនាគតជាដើម។
ម្យ៉ាងទៀតការផ្ដល់ឱកាសឲ្យកុមារបានចូលរួមមានន័យថា
បានផ្ដល់ឱកាសឲ្យពួកគេបានចូលរួមចំណែកកសាងសង្គម
និងបានត្រៀមខ្លួនដើម្បីក្លាយខ្លួនជាអ្នកដឹកនាំសង្គមនៅថ្ងៃខាងមុខ។
កន្លងមក រាជរដ្ឋាភិបាល
ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទាដែលមានក្រុមប្រឹក្សាជាតិដើម្បីកុមារជាសេនាធិការអង្គការមិនមែនរដ្ឋាភិបាលជាតិ
និងអន្តរជាតិជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការលើកកម្ពស់ស្ថានភាពនៃការចូលរួមរបស់កុមារនៅក្នុងសង្គមកម្ពុជា។
ជាក់ស្ដែងតាមរយៈគម្រោងតស៊ូមតិដើម្បីការចូលរួមរបស់កុមាររបស់គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ
ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) និងអង្គការន័រវេស្ស៍សង្គ្រោះកុមារនៅកម្ពុជា
(Save the Children Norway in Cambodia) កុមារដែលជាសមាជិកក្លឹបកុមារចំនួនជាង២០០ក្លឹបនៅ១១ខេត្ត-ក្រុង
បានទទួលនូវការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងចំណេះដឹងទូទៅ
និងចំណេះដឹងជំនាញជាប្រចាំពីអង្គការសាមី
និងគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ។
ក្លឹបកុមារដែលសម្របសម្រួលដោយអង្គការមិនមែនរដ្ឋាភិបាលជាតិ
និងអន្តរជាតិទាំងនេះបានចងក្រងជាបណ្ដាញមួយឈ្មោះថា
បណ្ដាញកុមារអ្នកតស៊ូមតិ។
បណ្ដាញនេះត្រូវបានផ្ដួចផ្ដើមចងក្រងដោយគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ
(គ.អ.ស.ក) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមកុមារឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារតស៊ូមតិដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់កុមារទាំងក្នុងសហគមន៍
ថ្នាក់ជាតិ និងអន្តរជាតិ។ ជាសក្ខីភាព
កុមារដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាតំណាងបណ្ដាញតាមខេត្តក្រុងនីមួយៗត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្ដល់អនុសាសន៍លើរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍សិទ្ធិកុមារនៅកម្ពុជាកាលពីពេលកន្លងមក។
ក្រុមកុមារដែលជាសមាជិកអ្នកដឹកនាំបណ្ដាញកុមារអ្នកតស៊ូមតិទាំងនោះ
ក៏ធ្លាប់បានចូលរួមជាតំណាងឲ្យកុមារកម្ពុជាក្នុងសន្និបាតថ្នាក់តំបន់
និងថ្នាក់ពិភពលោកស្ដីពីការរៀបចំផែនការ
និងគោលនយោបាយដែលពាក់ព័ន្ធនឹងបញ្ហាកុមារផងដែរ។
កុមារា ជា សុជាតិ
អាយុ១១ឆ្នាំជាអនុប្រធានបណ្ដាញកុមារអ្នកតស៊ូមតិប្រចាំស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុបានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួនដែលទទួលបាននូវចំណេះដឹងជាច្រើននាពេលកន្លងមក
តាមរយៈអង្គការសហគមន៍សុវត្ថិភាពកុមារ CCBO និង គ.អ.ស.ក រួមមានដូចជាចំណេះដឹងស្ដីពីសិទ្ធិកុមារ
ការចូលរួមរបស់កុមារ ពលកម្មកុមារ អំពើហិង្សាលើកុមារ មិត្តអប់រំមិត្ត
ការតស៊ូមតិ និងភាពជាអ្នកដឹកនាំជាដើម។
ជាមួយនឹងចំណេះដឹងដ៏មានសារសំខាន់ទាំងនេះ
សុជាតិតែងតែឆ្លៀតឱកាសផ្សព្វផ្សាយចែករំលែកដល់សមាជិកក្នុងគ្រួសារ
និងមិត្តភក្ដិនៅសាលាជារឿយៗ។ សុជាតិបាននិយាយថា
"ពេលណាខ្ញុំបានមករៀន ពេលត្រឡប់ដល់ផ្ទះវិញ
អ៊ំនិងបងៗតែងជជីកសួរខ្ញុំថា តើឯងទៅរៀនបានចេះអ្វីខ្លះ? ហើយពួកគាត់បានឲ្យខ្ញុំនិយាយរៀបរាប់ពីអ្វីដែលខ្ញុំបានរៀនឲ្យពួកគាត់ស្ដាប់"។
សុជាតិមិនត្រឹមតែបានចែករំលែកការយល់ដឹងរបស់ខ្លួនទៅដល់គ្រួសារ
និងកុមារក្នុងសហគមន៍ប៉ុណ្ណោះទេ
គេថែមទាំងបានប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីជួយដោះស្រាយបញ្ហាកុមារក្នុងសហគមន៍ទៀតផង។
"ខ្ញុំធ្លាប់ជួយកុមារម្នាក់នៅក្បែរផ្ទះដែលខ្ញុំរស់នៅ"។
តាមការរៀបរាប់របស់សុជាតិមានកុមារម្នាក់រស់នៅក្បែរផ្ទះរបស់ប្អូនក្នុងភូមិកំពេញ
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ដែលធ្លាប់ជាសិស្សឆ្នើមមួយរូបក្នុងថ្នាក់
បានធ្លាក់ខ្លួនរៀនសូត្រពុំបានលទ្ធផលល្អ
ដោយសារតែពុំទទួលបានការលើកទឹកចិត្តពីម្ដាយ
និងតែងទទួលនូវការវាយធ្វើបាបជាញឹកញាប់។
សុជាតិបានជួយដោះស្រាយបញ្ហារបស់មិត្តខ្លួនតាមរយៈការស្វែងរកពេលវេលាទំនេរ
ដើម្បីជជែកលេងជាមួយម្ដាយរបស់កុមារនោះ
ដើម្បីព្យាយាមពន្យល់គាត់ឲ្យយល់ពីតម្រូវការភាពកក់ក្ដៅ និងការលើកទឹកចិត្តរបស់កុមារ
និងបានបង្ហាញពីអត្ថប្រយោជន៍នៃការយកចិត្តទុកដាក់លើផ្លូវចិត្តរបស់កូនដែលមិនត្រឹមធ្វើឲ្យកូនសប្បាយចិត្តប៉ុណ្ណោះទេ
ថែមទាំងអាចជាឈ្នួនជួយដល់ការសិក្សារបស់កុមារទៀតផង។ សុជាតិ
ក៏បានពន្យល់ម្ដាយកុមារឲ្យយល់ពីសញ្ញាណនៃសិទ្ធិកុមារផងដែរ។
ទន្ទឹមនឹងនេះ សុជាតិក៏មិនភ្លេចណែនាំមិត្តរបស់ខ្លួន
កុំឲ្យធ្វើកិច្ចការដែលម្ដាយមិនសប្បាយចិត្ត
និងព្យាយាមស្ដាប់ដំបូន្មានរបស់គាត់ផងដែរ។
ជាការពិតគំនិត និងសម្ដីរបស់កុមារអាយុជាង១០ឆ្នាំរូបនេះ
ពុំទទួលបានការយកចិត្តទុកដាក់ស្ដាប់
និងពិចារណាពីម្ដាយរបស់កុមារភ្លាមៗឡើយ។ ទោះយ៉ាងណាក៏ដោយ
ការព្យាយាមនិងភាពប៉ិនប្រសប់
របស់សុជាតិបានជួយឲ្យគេទទួលបានជោគជ័យក្នុងកិច្ចការសប្បុរសធម៌របស់ខ្លួននៅពេលក្រោយមក។
"រហូតមកដល់ពេលនេះ ខ្ញុំបានសង្កេតឃើញថា
មីងដែលនៅក្បែរផ្ទះរបស់ខ្ញុំនេះ
លែងសូវវាយជេរស្ដីមិត្តរបស់ខ្ញុំទៀតហើយ
ហើយមិត្តខ្ញុំក៏ចាប់ផ្ដើមរៀនបានពូកែឡើងវិញដែរ"។
នេះបើតាមសម្ដីរបស់សុជាតិ ទង្វើរបស់កុមារសុជាតិជាគំរូល្អមួយដែលបង្ហាញពីតម្លៃនៃការចូលរួមរបស់កុមារក្នុងការដោះស្រាយបញ្ហាកុមារក្នុងសហគមន៍។
ជាមួយគ្នានេះ
កុមារនៅអាចចូលរួមក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្តទាក់ទងនឹងបញ្ហាកុមារក្នុងសហគមន៍របស់ខ្លួនផងដែរ។
ជាក់ស្ដែងតំណាងបណ្ដាញកុមារអ្នកតស៊ូមតិមកពីភូមិជីចេះ ភូមិស្វាយសរ
និងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
បានចូលជួបតំណាងក្រុមប្រឹក្សាឃុំ និងតំណាងអាជ្ញាធរមូលដ្ឋានស្នាអន្សា
ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក
ដើម្បីលើកពីបញ្ហាកុមារដែលកំពុងកើតមានក្នុងសហគមន៍
ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ពីក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋាន។
បញ្ហាចម្បងៗដែលកុមារបានលើកឡើងនាឱកាសនោះមានដូចជា
កុមារប្រកបមុខរបរឡើងត្នោត និងកុមារបោះបង់ការសិក្សាទៅរកការងារធ្វើនៅទីក្រុង
និងខេត្តផ្សេងៗ។
លោក មេឃុំ
និងជំទប់បានប្រាប់តំណាងកុមារថា លោកក៏បានដឹងពីរឿងនេះដែរ
ថែមទាំងធ្លាប់បានចុះនិយាយអប់រំឪពុកម្ដាយកុមារទាំងនោះទៀតផង
ហើយបច្ចុប្បន្នលោកកំពុងតែស្វែងរកអង្គការដែលមានបណ្ដុះបណ្ដាលជំនាញផ្នែកត្បាញកន្ទេល
ហូល ស៊ឹង ក្រមា ភ្លេងការ
ភ្លេងពិណពាទ្យ...ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
និងទប់ស្កាត់ការធ្វើចំណាកស្រុក។
លោកក៏មានគម្រោងសហការជាមួយនាយកសាលាគ្រប់ភូមិគោលដៅ ដើម្បីផាកពិន័យឪពុកម្ដាយណា
ដែលមិនឲ្យកូនទៅរៀន ឬប្រើប្រាស់អំពើហិង្សាលើកុមារ។
លោកក៏ធ្លាប់បានចុះណែនាំអប់រំដល់ប្រជាជនក្នុងភូមិឲ្យយល់ពីតម្លៃកុមារ
គុណប្រយោជន៍នៃការសិក្សារបស់កុមារ
ផលប៉ះពាល់អាក្រក់នៃការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការប្រើប្រាស់អំពើហិង្សាលើកុមារ។
ជាមួយនឹងសកម្មភាពទាំងនេះ លោកមេឃុំបានជួបរឿងព្រៃផ្សៃជាក់ស្ដែងមួយ
ដែលគ្រួសារមួយបានប្រើអំពើហិង្សាលើកូនបង្កើតរបស់ខ្លួនដោយចងព្យួរជើងឡើងលើវាយធ្វើបាបដូចសត្វធាតុ។
លោកបានចុះណែនាំពន្យល់ហេតុផលដើម្បីឲ្យគ្រួសារនោះបញ្ឈប់អំពើព្រៃផ្សៃបែបនេះ
ទីបំផុតគ្រួសារនោះបានធ្វើចំណាកស្រុកចេញឆ្ងាយពីឃុំរបស់លោក។
លោកមេឃុំក៏បានអំពាវនាវសុំឲ្យកុមារនៅតាមក្លឹបជួយតាមដាន
និងរាយការណ៍រាល់បញ្ហាទាំងឡាយណាដែលបានជួបប្រទះ ដើម្បីងាយស្រួលដល់ក្រុមប្រឹក្សាឃុំចាត់វិធានការអន្តរាគមន៍ទាន់ពេល
ជាពិសេសសូមឲ្យកុមារនៅក្នុងក្លឹបជួយណែនាំដល់មិត្តភក្ដិដែលឈប់រៀន
ឲ្យចូលសាលារៀនវិញផង។ គួរបញ្ជាក់ថា កិច្ចប្រជុំស្រដៀងគ្នានេះ
តែងតែត្រូវបានរៀបចំជារឿយៗនៅតាមខេត្ត-ក្រុងទាំង១១ដែលប្រតិបត្តិការដោយ
គ.អ.ស.ក និងអង្គការដៃគូ។
នៅក្នុងបរិបទជាច្រើន
គេសង្កេតឃើញមានការផ្ដល់ឱកាសឲ្យកុមារបានចូលរួមក្នុងព្រឹត្តិការណ៍ធំៗរបស់សង្គម
ប៉ុន្តែក៏មានការចូលរួមជាច្រើនធ្វើឡើងគ្រាន់តែយកកុមារឲ្យចូលរួមដើម្បីល្អមើល
ដោយពុំបានផ្ដល់នូវការចូលរួមដ៏ពេញលេញមួយដល់ពួកគេ។ លោក កែវ ផល្លា
បានធ្វើការកត់សម្គាល់ផ្ទាល់ខ្លួនថា នៅមានការយល់ពុំច្បាស់លាស់នៅឡើយក្នុងសង្គមកម្ពុជាសព្វថ្ងៃពីអត្ថន័យពិតនៃការចូលរួមរបស់កុមារ។
លោកបានបង្ហាញថា
ការចូលរួមរបស់កុមារពិតគឺជាដំណើរការដែលកុមារអាចចូលរួមសម្ដែងគំនិត
ទស្សនៈ ដែលគំនិតទស្សនៈទាំងនោះ ត្រូវបានគេយកទៅពិចារណាថ្លឹងថ្លែង
ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងគោលបំណងការពារឧត្ដមប្រយោជន៍របស់កុមារ។
គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារបានធ្វើការអំពាវនាវថា
ប្រសិនជាមានអ្វីដែលទាក់ទងទៅដល់កុមារ
គឺអាចទំនាក់ទំនងមកគណៈកម្មាធិការនេះបានតាមរយៈលោកពិសីមន្ត្រីនៃអង្គការនេះដែលមានលេខទំនាក់ទំនង
០២៣ ៨៨២ ៤១២៕
កុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរមានការកើនឡើង
ភ្នំពេញ៖ របាយការណ៍ថ្មីមួយពីវិទ្យាស្ថានស្ថិតិបានរកឃើញថា
កុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរមានការកើនឡើង ហើយជំងឺផ្សេងទៀត
ដែលកើតក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ ក៏កើនឡើងដែរ។
លទ្ធផលនៃការស្ទាបស្ទង់ថ្នាក់ជាតិ
ដើម្បីកំណត់ឥទ្ធិពលនៃតម្លៃស្បៀងអាហារខ្ពស់បានរកឃើញសុខភាពកុមារមិនមានភាពប្រសើរឡើងទេ
ដោយកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានកើនពី៨,៤ភាគរយ កាលពីឆ្នាំ២០០៥ ដល់៨,៩ភាគរយក្នុងឆ្នាំ២០០៨
ដែលជាការចង្អុលបង្ហាញដ៏សំខាន់មួយផ្អែកតាមសមាមាត្រទម្ងន់ និងកម្ពស់។
ការសិក្សានេះ ក៏បានរកឃើញផងដែរថា
ការរាលដាលជំងឺគ្រុនក្ដៅក្នុងចំណោមកុមារ ដែលមានអាយុតិចជាង៤ឆ្នាំបានកើនដល់៥៨,៩ភាគរយក្នុងឆ្នាំ២០០៨ ធៀបនឹង៣៩,៦ភាគរយកាលពីឆ្នាំ២០០៥។
ប៉ុន្តែការសិក្សានេះ
ក៏បានឃើញលទ្ធផលវិជ្ជមានមួយចំនួនផងដែរ
នៅក្នុងស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារអាយុក្រោម២ឆ្នាំ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុំ
កាណាល់ នាយកមជ្ឈមណ្ឌលគាំពារមាតា
និងទារកបានឲ្យសួរសំណួរទាក់ទងបញ្ហានេះ ទៅអ្នកចេញរបាយការណ៍នោះ។
លោកស្រី សុខ កញ្ញា
អនុប្រធាននាយកដ្ឋានផែនការ
និងព័ត៌មានសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ
កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសយើងក្រីក្រ
ហើយជីវភាពសេដ្ឋកិច្ចមានការធ្លាក់ចុះ
ដែលធ្វើឲ្យកម្មករជាច្រើនគ្មានការងារធ្វើ
ហើយប្រជាជនមួយចំនួនគ្មានដីស្រែគ្រប់គ្រាន់
ធ្វើឲ្យគាត់មានការខ្វះខាតខាងជីវភាព
ដូច្នេះធ្វើឲ្យការផ្ដល់ម្ហូបអាហារដល់កូនរបស់ពួកគេមិនគ្រប់គ្រាន់។
នៅពេលសួរថា
តើគម្រោងកម្មវិធីសមធម៌របស់រដ្ឋាភិបាលបរាជ័យទេ
នៅពេលស្ថានភាពសុខភាពប្រជាជនមានការធ្លាក់ចុះ លោកស្រីសុខ
កញ្ញាបានទទូចថា «កម្មវិធីមូលនិធិសមធម៌មិនបរាជ័យទេ
ព្រោះកម្មវិធីនេះផ្ដល់សេវាបង់ថ្លៃចំពោះអ្នកជំងឺ
មិនមែនសម្រាប់ទិញស្បៀងជូនអ្នកក្រីក្រទេ»។
លោកស្រីបន្តថា
ការងារនេះទាមទារឲ្យមានការចូលរួមពីដៃគូរអភិវឌ្ឍន៍
ពិសេសអង្គការស្បៀងអាហារពិភពលោក ដើម្បីផ្ដល់អាហារដល់ប្រជាជន
ដោយលោកស្រីបានសំណូមពរឲ្យការផ្ដល់ជំនួយជូនចំពោះ« អ្នកឃ្លាន
កុំផ្ដល់ជូនអ្នកអត់ឃ្លាន បើមិនដូច្នេះគម្រោងរបស់ខ្លួនមិនជោគជ័យ
និងចំទិសដៅទេ»។
លោកវេជ្ជបណ្ឌិត ហេង តៃគ្រី
មិនអាចទំនាក់ទំនងបានទេ
ប៉ុន្តែលោកបាននិយាយប្រាប់ព្រឹត្តិបត្រឌឹឃេមបូឌាដេលីកាលពីថ្ងៃចន្ទ
លោកមិនបានដឹងពីលទ្ធផលនៃការស្រាវជ្រាវនេះទេ ប៉ុន្តែលោកបានសង្ស័យថា
ម្ហូបអាហារឡើងថ្លៃខ្ពស់ប្រហែលមិនប៉ះពាល់ដល់សុខភាពកុមារទេ។
លោកបន្តថា«
ឥឡូវប្រជាជនកម្ពុជាមានស្តង់ដាររស់នៅប្រសើរជាងមុន
ពួកគេអាចបរិភោគអាហារគ្រប់គ្រាន់»។
កម្មវិធីស្ទាបស្ទង់ខាងលើ
ស្ថិតក្រោមការឧបត្ថម្ភពីអង្គការយូនីសេហ្វ
និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានធ្វើការសាកសួរស្ត្រី
និងកុមារចំនួន៧.៥០០នាក់ ដើម្បីវាស់ស្ទង់ពីឥទ្ធិពលនៃតម្លៃអាហារខ្ពស់។
វិទ្យាស្ថានស្ថិតិបានរកឃើញថា អំឡុងឆ្នាំ២០០៨ តម្លៃមានការកើនឡើង១០ភាគរយ
ខ្ពស់ជាងតម្លៃទំនិញប្រើប្រាស់ផ្សេងៗទៀត។
លោក ចូល កុនកល (Joel Konkle) អ្នកពិគ្រោះយោបល់នៅវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍ប្រាប់ព្រឹត្តិបត្រដដែលថា
ការរាលដាលជំងឺដូចជាជំងឺរាករូស គ្រុនក្ដៅ និងរលាកផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងចំណោមកុមារតូចៗមានការកើនឡើង
ដែលចាំបាច់ត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត
ដើម្បីកំណត់ពីទំហំជំងឺនេះ។
លោកបន្តថា អាហារូបត្ថម្ភ
និងស្ថានភាពសុខភាពកុមារដែលកាន់តែធ្ងន់ធ្ងរនេះ ប្រហែលជាបង្កឡើងដោយសារតម្លៃស្បៀងអាហារខ្ពស់
ព្រោះការស្រាវជ្រាវបង្ហាញនូវការធ្លាក់ចុះក្នុងការប្រើប្រាស់អាហារដែលមានតម្លៃថ្លៃ
ដូចជាសាច់ និងត្រីជាដើម។ លោកបន្តថា
កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ
ធ្វើឲ្យកុមារងាយទទួលរងជំងឺយ៉ាងឆាប់រហ័ស។
លោក Joel
Konkle បានព្រមានថា
កុមារក្រីក្រស្ថិតក្នុងទីក្រុងស្ថិតក្រោមស្ថានភាពសង្គ្រោះបន្ទាន់
ដោយសារការកើនឡើងនៃកុមារអាយុក្រោម៥ឆ្នាំ
ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយកើនពី៩,៦ភាគរយនៅឆ្នាំ២០០៥
ដល់១៥,៩ភាគរយនៅឆ្នាំ២០០៨។
លោកស្រី វី អូរីកា ប៊ើដាហ្កា (VroricaBerdaga) ប្រធានកម្មវិធីសង្គ្រោះ
និងអភិវឌ្ឍន៍កុមារនៃអង្គការយូនីសេហ្វបានមានប្រសាសន៍ថា
មានការភ្ញាក់ផ្អើលថា
កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរកំពុងកើនឡើងក្នុងចំណោមកុមារដែលមានអាយុតិចជាង២ឆ្នាំ។
លោកស្រីបានបន្តថា
អ្នកជាប់ពាក់ព័ន្ធក្នុងសន្តិសុខស្បៀងអាហារគួរតែជួបប្រជុំឲ្យបានឆាប់
និងចាត់វិធានការឲ្យបានលឿនតាមដែលអាចធ្វើបាន៕
Ombudsman សម្រាប់កុមារគឺជាអ្វី?
ភ្នំពេញ៖ ដោយមានការឧបត្ថម្ភពីអង្គការណ័រវ៉េស្សសង្គ្រោះកុមារប្រចាំនៅកម្ពុជា
និងសហការពីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) សិក្ខាសាលាមួយស្ដីពី Ombudsman សម្រាប់កុមារបានត្រូវប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍
ទី១៦ តុលា នៅឯសណ្ឋាគារសាន់វ៉េដោយមានការចូលរួមពីមន្ត្រីនៃក្រសួងមហាផ្ទៃ
សង្គមកិច្ច យុត្តិធម៌ កិច្ចការនារី ក្រសួងអប់រំ ព្រមទាំងអគ្គនាយក
និងបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល។
គោលបំណងនៃអង្គសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយស្ដីពីគោលគំនិតអត្ថន័យ
និងសារសំខាន់របស់អំប៊ូតស្មាន់ (Ombudsman)
សម្រាប់កុមារដល់មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល
និងអង្គការសង្គមស៊ីវិល។
វាគ្មិនសំខាន់នៅក្នុងកម្មវិធីនេះមានលោកស្រី
ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ្នកស្រី ពឹង យក់ហៀប
នាយិកាប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងលោក នុតហារ៉ាល់
យូលែន ប្រធានអង្គការណ័រវ៉េស្សសង្គ្រោះកុមារប្រចាំកម្ពុជា។
ដោយថ្លែងបើកកម្មវិធី អ្នកស្រី ពឹង
យក់ហៀប បានមានប្រសាសន៍ថា នេះជាឱកាសមួយដ៏ល្អប្រពៃ និងមានសារសំខាន់ដែលមានការចូលរួមពីមន្ត្រីតាំងពីថ្នាក់រដ្ឋាភិបាលដល់អង្គការក្រៅរដ្ឋាភិបាលជាប្រយោជន៍ដើម្បីបានជជែកពិភាក្សាអំពីការផ្សព្វផ្សាយអំពីOmbudsman សម្រាប់កុមារ
និងក៏ជាឱកាសមួយដើម្បី រួមគ្នាពិចារណាថា តើគួរបង្កើតOmbudsman
សម្រាប់កុមារនៅកម្ពុជាដែរឬទេ?
នេះជាប្រធានបទថ្មី
ដូច្នេះទាមទារឲ្យយើងជួយផ្សព្វផ្សាយក្នុងបំណងជួយលើកទឹកចិត្តលើកកម្ពស់សិទ្ធិរបស់កុមារ។
ជាមួយគ្នានេះ លោក នុតហារ៉ាល់ យូលែន
បានថ្លែងថា Ombudsman កុមារ
ត្រូវបង្កើតមុនដំបូងនៅប្រទេសន័រវ៉េស្សនាឆ្នាំ១៩៨១។
បច្ចុប្បន្ននេះមានប្រទេសជាង៤០ហើយដែលបានបង្កើតការិយាល័យ Ombudsman
កុមារ។
ទោះជាការិយាល័យនីមួយៗរៀបចំផ្សេងៗគ្នាក៏ដោយតែការិយាល័យទាំងនោះមានលក្ខណៈរួមសំខាន់ៗដូចជា
ឯករាជ្យភាព មានអាណត្តិ និងអំណាចច្បាស់លាស់
និងជាអ្នកនាំពាក្យសម្រាប់កុមារទាំងអស់។
Ombudsman កុមារ
ត្រូវមានឯករាជ្យពីរដ្ឋាភិបាលប្រព័ន្ធច្បាប់ និងសង្គមស៊ីវិល។ មានន័យថា
Ombudsman អាចស៊ើបអង្កេត
និងនិយាយដោយសេរីអំពីរឿងទាំងឡាយដែលមានចែងក្នុងរង្វង់អាណត្តិរបស់ខ្លួន។
តួនាទី និងការទទួលខុសត្រូវរបស់ Ombudsman កុមារមានសរសេរច្បាស់លាស់នៅក្នុងច្បាប់ដែលអនុម័តដោយអង្គនីតិបញ្ញត្តិ។
អាណត្តិនេះផ្ដោតលើការលើកកម្ពស់និងការពារសិទ្ធិកុមារ។ Ombudsman កុមារត្រូវតំណាងឲ្យឧត្តមប្រយោជន៍របស់កុមារទាំងឡាយ។
នៅប្រទេសខ្លះអាណត្តិរបស់ Ombudsman រួមមានការទទួលពាក្យបណ្ដឹងពីកុមារម្នាក់ៗ។
លោកប្រធានអង្គការណ័រវ៉េស្ស
សង្គ្រោះកុមារបានមានប្រសាសន៍បន្ថែមថា ដើម្បីបាន Ombudsman កុមារទទួលជោគជ័យ
គឺទាល់តែមានការចូលរួមពីអង្គការជាតិ-អន្តរជាតិ មន្ត្រីផ្នែកច្បាប់
និងមន្ត្រីរដ្ឋាភិបាល។ កុមារងាយនឹងរងគ្រោះណាស់
ដូច្នេះយើងត្រូវតែការពារពួកគេ
និងធ្វើឲ្យជីវិតរបស់កុមារកាន់តែល្អប្រសើរ។
អ្នកស្រី ចាន់ សុទ្ធាវី
បានមានប្រសាសន៍ថា Ombudsman សម្រាប់កុមារ
មានសារសំខាន់ណាស់សម្រាប់ជួយដោះស្រាយបញ្ហារបស់កុមារ
និងជាការគាំទ្រលើកទឹកចិត្តនិងការពារកុមារ។
កុមារជាអ្នកស្នងត្រកូលរបស់សង្គមពួកគេងាយទទួលរងគ្រោះថ្នាក់ពីទង្វើផ្សេងៗ
ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំពោះពួកគេលើកស្ទួយ លើកទឹកចិត្ត
និងធ្វើឲ្យគេមានជីវិតល្អប្រសើរ។ តែទោះយ៉ាងណាក៏ដោយ ការបង្កើត Ombudsman
សម្រាប់កុមារ គឺមិនមែនងាយស្រួលទេ ដោយទាមទារពេលវេលា
និងការខិតខំប្រឹងប្រែង ហើយរដ្ឋាភិបាលនិង NGO ត្រូវរួមគ្នាដោះស្រាយបញ្ហាកុមារលើកស្ទួយការពារកុមារ។
មិនត្រឹមតែប៉ុណ្ណោះ ការបង្កើត Ombudsman សម្រាប់កុមារ
ក៏ត្រូវការវិធានការល្អៗផងដែរ។
- តើ Ombudsman សម្រាប់កុមារជាអ្វី?
ទាក់ទងគោលគំនិតប្រវត្តិសាវតារនៃ Ombudsman នេះ លោកស្រី អាណេ
ម៉ាហ្គ្រេតហ្គ្រោសលែន
ទីប្រឹក្សាបច្ចេកទេសសិទ្ធិកុមារនៃអង្គការន័រវ៉េសសង្គ្រោះកុមារ (SCN)
បានពន្យល់ថា Ombudsman គឺជាពាក្យមួយដែលមានដើមកំណើតនៅក្នុងប្រទេសប្រើភាសាស្កេនសដេវៀន។
ដំបូងឡើយពាក្យនេះ ជាសារពីព្រះមហាក្សត្រមកប្រជារាស្ត្រ តែបច្ចុប្បន្នក្លាយជាសារពីប្រជារាស្ត្រថ្វាយជូនព្រះមហាក្សត្រវិញ។
Ombudsman សម្រាប់កុមារគឺជាតំណាងឲ្យឧត្តមប្រយោជន៍របស់កុមារជាអ្នកការពារសិទ្ធិរបស់កុមារ។
Ombudsman មានតួនាទីការពារបម្រើផលប្រយោជន៍របស់កុមារ
ហើយវាជាមធ្យោបាយសម្រាប់លើកកម្ពស់ទឹកចិត្ត និងដោះស្រាយបញ្ហាកុមារ
ហើយ Ombudsman ក៏មាននាទីទទួលពាក្យបណ្ដឹងពីកុមារម្នាក់ៗ។
Ombudsman ក៏ត្រូវតស៊ូមតិ
និងត្រួតពិនិត្យជីវភាពកុមារ។
- ហេតុអ្វីចាំបាច់បង្កើត Ombudsman កុមារ?
លោក អុប វិបុល ប្រធានកម្មវិធី
យុត្ដិធម៌កុមារនៃ LAC បានមានប្រសាសន៍ថា
មូលហេតុដែលចង់បង្កើត Ombudsman នេះ
គឺបណ្ដាលមកពីកុមារជាជនងាយរងគ្រោះ
គំនិតរបស់កុមារកម្រនឹងត្រូវបានគេយកមកពិចារណាកុមារពិបាកក្នុងការទទួលយកដំណើរការខាងនយោបាយពិបាកក្នុងការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌
ហើយការផ្ដល់អាទិភាពរបស់កុមារនៅមានកម្រិតទាប។
ប្រសិនបើមាន Ombudsman វានឹងជួយបង្កើនការយល់ដឹងអំពីបញ្ហារបស់កុមារ
បង្កើនការគោរព ទំនាក់ទំនងសម្រាប់កុមារ បង្កើនថវិកា និងសម្រាប់កុមារ។
ដើម្បីអាចបង្កើត Ombudsman កុមារ
និងធ្វើឲ្យបានឯករាជ្យ និងជោគជ័យទៅបាន គឺត្រូវមានធនធានគ្រប់គ្រាន់
មានតម្លាភាព ការទទួលខុសត្រូវ សហការជាមួយស្ថាប័នដទៃទៀត។
- តើអ្វីជាឧបសគ្គនៃការបង្កើត Ombudsman
បច្ចុប្បន្នស្រុកខ្មែរយើង
វាមានឱកាសសម្រាប់បង្កើត Ombudsman បានព្រោះយើងមានសភាដំណើរការអាណត្តិថ្មី
រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកុមារ និងបានផ្ដល់សច្ចាប័នលើ UNCRC
មានរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិកុមារមាន NGO និងអង្គការអន្តរជាតិផ្សេងៗដែលធ្វើការទាក់ទងកុមារ
មានច្បាប់ប្រឆាំងការជួញដូរកុមារ និងស្ត្រី
និងគណៈកម្មាធិការសិទ្ធិមនុស្ស តែទោះយ៉ាងណាក៏ដោយ Ombudsman កុមារប្រឈមមុខនឹងឧបសគ្គមួយចំនួន
ដូចជាថវិកាជាតិនៅមានកម្រិត ធនធានមនុស្សក៏នៅមានកម្រិត។ ការយល់ដឹងពី Ombudsman
នៅមានកម្រិតទាប ពិបាករកឯករាជ្យភាព
គ្មានគំនិតផ្ដួចផ្ដើមនិងសកម្មភាពអភិបាលកិច្ចនៅមានការផ្សព្វផ្សាយអំពី Ombudsman
តាមរយៈបណ្ដាញសារព័ត៌មានឲ្យបានទូលំទូលាយ៕
ផ្សព្វផ្សាយផែនការជាតិដល់ខេត្ត-ក្រុងចំនួនបី
អំពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ
ខេត្តកំពត៖ នៅមន្ទីរការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០០៨ មានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការជាតិស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដល់ស្ថាប័នពាក់ព័ន្ធមកពីក្រុងព្រះសីហនុ
ក្រុងកែប និងខេត្តកំពត។
លោក អ៊ុក ស៊ីសុវណ្ណ មន្ត្រីជាន់ខ្ពស់ ILO-IPEC ពន្យល់អំពីខ្លឹមសារនៃទិវាពិភពលោកប្រឆាំងពលកម្មកុមារថា
បញ្ហាពលកម្មកុមារបានកើតមានស្ទើរតែគ្រប់ប្រភេទនៅលើសកលលោកដូច្នេះហើយទើបរដ្ឋជាសមាជិកនៃអង្គការពលកម្មអន្តរជាតិសម្រេចជាឯកច្ឆន្ទយកថ្ងៃទី១២មិថុនារៀងរាល់ឆ្នាំ
ជាទិវាពិភពលោកប្រឆាំងពលកម្មកុមារ។
ម្យ៉ាងទៀតការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តន៍អនុសញ្ញាស្ដីពីសិទ្ធិកុមារ
និងអនុសញ្ញាស្នូលទាំង៨របស់អង្គការអន្តរជាតិខាងការងារ។
ពិសេសទៅទៀតខ្លឹមសារនៃទិវានេះមានគោលបំណងផ្សព្វផ្សាយ
និងលើកកម្ពស់ការយល់ដឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធសហជីពនិយោជកមាតាបិតា
សហគមន៍លោកគ្រូ អ្នកគ្រូ
ពិសេសកុមារឲ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាពលកម្មកុមារ។
លោក ឃី សារិន
អនុប្រធាននាយកដ្ឋានការងារបានផ្សព្វផ្សាយ និងពន្យល់ដល់សមាជិកនៃអង្គប្រជុំអំពីផែនការជាតិស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារថា
ក្របខ័ណ្ឌការងារថ្នាក់ជាតិ
ឬគោលនយោបាយជាតិស្ដីពីការប្ដេជ្ញាចិត្តក្នុងការលុបបំបាត់ពលកម្មកុមារនៅទូទាំងប្រទេសកម្ពុជាដែលកំណត់ដោយរដ្ឋាភិបាលបញ្ជាក់ពីតួនាទី
ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ
ដែលបានស្នើឡើងនៅក្នុងផែនការជាតិ។
ជាទស្សនៈវិស័យរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបចំពោះកុមារ
និងបញ្ហាពលកម្មកុមារ គឺថាកុមារគ្រប់ៗរូបរីករាយនឹងសិទ្ធិជាមូលដ្ឋានមានឱកាសពេញលេញសម្រាប់ធ្វើឲ្យខ្លួនមានការអភិវឌ្ឍន៍ល្អប្រសើរឡើង។
នៅកម្ពុជាសកម្មភាពខុសច្បាប់ដែលចាត់ទុកថាទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដូចជាការជួញដូរកុមារ
និងស្ត្រី កុមារត្រូវបានប្រើប្រាស់ ជាពេស្យាចារ
និងរូបភាពអាសអាភាសកុមារប្រើប្រាស់ក្នុងការផលិតនិងការជួញដូរគ្រឿងញៀន។
កុមារដែលប្រើប្រាស់គ្រឿងញៀនមិនមែនស្ថិតនៅក្នុងពលកម្មកុមារទេ
ក៏ប៉ុន្តែបញ្ហានេះគួរតែ
ត្រូវបានដោះស្រាយជាផ្នែកមួយនៅក្នុងអន្តរាគមន៍ផ្នែកសុខភាព កំណត់ផ្នែកអាទិភាព។
ទាក់ទិនផែនការសិក្សាស្រាវជ្រាវលោក ឃី
សារិន បានលើកឡើងថា
ត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅនូវវិសាលភាពនៃបញ្ហាពលកម្មកុមារ
ដើម្បីកំណត់គោលដៅដ៏ប្រសើរ និងការធ្វើបទអន្តរាគមន៍នានា។
ត្រូវធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយដែលមានស្រាប់ស្ដីពីពលកម្មកុមារនិងបង្កើតនូវគោលនយោបាយថ្មី
ដើម្បីដោះស្រាយការខ្វះចន្លោះនានា និងពង្រឹងនូវសមត្ថភាពអនុវត្ត។
ពិសេសត្រូវបង្កើនចលនាសង្គមឲ្យអនុវត្តទប់ស្កាត់អំពីបញ្ហាពលកម្មកុមារតាមរយៈការផ្សព្វផ្សាយដើម្បីកែប្រែឥរិយាបថផ្នត់គំនិតនិងផ្ដល់អំណាចដល់សហគមន៍គ្រប់ជាន់ថ្នាក់។
ម្យ៉ាងទៀតការបង្កើន
និងជំរុញការយល់ដឹងពីបញ្ហាយេនឌ័រតាមរយៈការបញ្ជ្រាបចូល
និងការផ្សព្វផ្សាយជារឿងសំខាន់បំផុត៕
ការលើកកំពស់សុវត្ថិភាពកុមារ
ក្នុងវិស័យទេសចរណ៍

លោក អ៊ិច សេង បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកំពស់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នេះឡើង
ក្រោមជំនួយឧបត្ថម្ភពីអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងពីតួនាទីកុមារក្នុងវិស័យទេសចរណ៍ក៏ដូចជាចែករំលែកនូវព័ត៌មាន
និងបទពិសោធន៍ធ្វើយ៉ាងណាដើម្បីលើកកំពស់សុវត្ថិភាពកុមារឲ្យកាន់តែប្រសើរក្នុងវិស័យទេសចរណ៍
និងទប់ស្កាត់ការជួញដូរកុមារី និងស្ត្រីពីការកេងប្រវ័ញ្ចកំលាំងពលកម្ម
និងផ្លូវភេទនៅកម្ពុជា។
លោក ហោ សារុន អគ្គនាយករដ្ឋបាល
និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍បានមានប្រសាសន៍លើកឡើងឲ្យដឹងពីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយសក្ដានុពលទេសចរណ៍វប្បធម៌
និងធម្មជាតិសំបូរបែបដូច្នេះការអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្អែកលើសក្ដានុពលទេសចរណ៍ដែលមាន។
ហេតុនេះទើបរាជរដ្ឋាភិបាលបានធ្វើការកំណត់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាជាទេសចរណ៍វប្បធម៌
និងធម្មជាតិ
និងប្រឆាំងដាច់ខាតចំពោះទេសចរណ៍ផ្លូវភេទលើកុមារនៅក្នុងវិស័យទេសចរណ៍នេះ។
លោក ហោ សារុន បានឲ្យដឹងទៀតថា
ដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍យើងបានកំណត់ប៉ូលសក្ដានុពលសំខាន់ៗចំនួន៤គឺទី១.
តំបន់សៀមរាបអង្គរ ទី២. តំបន់ភ្នំពេញ និងជុំវិញភ្នំពេញ ទី៣.
តំបន់ឆ្នេរដែលលាតសន្ធឹងក្នុងខេត្តចំនួន៤ខេត្ត គឺ កោះកុង កំពង់សោម
កំពត និងក្រុមកែប និងទី៤. តំបន់ភូមិភាគឦសាន (ខាងជើងឆៀងខាងកើត)
ដែលជាតំបន់មួយសំបូរដោយជនជាតិភាគតិច ហើយមានសក្ដានុពលធម្មជាតិភាគតិច
ហើយមានសក្ដានុពលធម្មជាតិស្រស់បំព្រងទឹកជ្រោះ
ជាពិសេសនៅទន្លេមេគង្គដែលយើងមានសត្វផ្សោតទឹកសាបនៅក្នុងខេត្តក្រចេះ
និងខេត្តស្ទឹងត្រែង។
លោក អ៊ិច សេង
សកលវិទ្យាធិការសាកលវិទ្យាល័យមេគង្គកម្ពុជា មានជំនឿថា
តាមរយៈសិក្ខាសាលានេះពិតជាត្រិះរិះពិចារណាថ្លឹងថ្លែង
និងពង្រីកឱកាសដល់កុមារក្នុងប្រទេសកម្ពុជាក៏ដូចជាកុមារនៅទូទាំងពិភពលោកឲ្យទទួលបានសិទ្ធិសេរីភាព
និងការបីបាច់ថែរក្សា
និងការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់មជ្ឈដ្ឋានដើម្បីឲ្យពួកគេក្លាយខ្លួនជាទំពាំងស្នងឫស្សីពិតប្រាកដនៅពេលអនាគត៕
កុមារកម្ពុជាចំនួន ៩៣%
ទទួលបានការអប់រំ

លោក ជ័យ ចាប បញ្ជាក់ថា៖
"តួលេខនេះបង្ហាញថា
ប្រទេសកម្ពុជាស្ថិតនៅជាប្រទេសជាប់ចំណាត់ទី២១ ក្នុងចំណោមប្រទេស១២៩
ដែលទទួលបានការអប់រំខ្ពស់"។ លោក ជ័យ ចាប បានលើកឡើងថា
ការអប់រំជាដំណោះស្រាយសមស្របបំផុតសម្រាប់កុមារ។ ក្នុងនោះលោកក៏បានអំពាវនាវដល់លោកគ្រូ
អ្នកគ្រូ
និងមាតាបិតារបស់កុមារកម្ពុជាទាំងអស់ជំរុញឲ្យកុមារបានចូលរៀនគ្រប់ៗគ្នា។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក ជ័យ ចាប
មិនបានបង្ហាញពីអត្រាកុមារដែលបោះបង់ចោលការសិក្សានោះទេ។
បើតាមសេចក្ដីថ្លែងការណ៍របស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន គឺនៅកម្ពុជា
ការប្រើពលកម្មកុមារនិងកុមារមិនបានទទួលការអប់រំមានអត្រាខ្ពស់។ លោក
រ៉ុង ឈុន បានសរសេរថា៖ "កុមារកំពុងធ្វើពលកម្ម និងមិនបានទៅសាលារៀនមានប្រមាណជិត
២ លាននាក់ហើយករណីនេះ គឺដោយសារតែគ្រួសាររបស់ពួកគេក្រីក្រ។
ស្របពេលដែលតម្លៃទំនិញនៅលើទីផ្សារកាន់តែហក់ឡើងខ្ពស់ផងនោះកុមារជាច្រើនត្រូវបានឪពុកម្ដាយរបស់ពួកគេដកហូតចេញពីសាលារៀនដើម្បីទាញយកពលកម្មពីកុមារ"។
លោក រ៉ុង ឈុន បន្ថែមទៀតថា៖
"អត្រាពលកម្មកុមារកម្ពុជាស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ
គឺមាននៅតាមរោងចក្រ ឡឥដ្ឋ អូសរទេះ ស្រែអំបិល នេសាទ ចម្ការកៅស៊ូ
និងភោជនីយដ្ឋាន។ អត្រាខ្ពស់នេះ
គឺបណ្ដាលមកពីរាជរដ្ឋាភិបាលមិនបានអនុវត្តន៍យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ
និងអំពើពុករលួយ
ហើយរដ្ឋាភិបាលមិនបានគោរពប្រតិបត្តិតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ"។
សេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន
ក៏បានតម្រូវឲ្យរដ្ឋាភិបាលអនុវត្តន៍ទៀងទាត់នូវបទបញ្ញត្តិដែលមានចែងនៅក្នុងសិទ្ធិកុមារដើម្បីឲ្យកុមារទទួលបាននូវការអប់រំ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ "ការបន្តឲ្យកុមារធ្វើពលកម្មធ្ងន់ធ្ងរ
គឺនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ"។
មន្ត្រីILO បង្ហាញថា នៅលើពិភពលោកមានកុមារកំពុងធ្វើពលកម្មប្រមាណ
៧៥លាននាក់ ហើយពួកគេទាំងនោះមិនបានទទួលការអប់រំនោះទេ។ លោក Juan
Somavia អគ្គនាយក ILO បានថ្លែងថា៖
"យើងត្រូវធ្វើការងារសម្រាប់សិទ្ធិកុមារនោះគឺការផ្ដល់ការអប់រំដល់ពួកគេ។
ពួកគេមិនត្រូវមានភារកិច្ចធ្វើការងារចិញ្ចឹមគ្រួសារទេ
ពោលគឺពួកគេត្រូវតែទទួលបានការអប់រំមួយដែលមានគុណភាព"។
បើតាមករឲ្យដឹងរបស់អង្គភាពពលកម្មអន្តរជាតិ
នៅក្នុងទិវាអន្តរជាតិប្រឆាំងពលកម្មកុមារថ្ងៃទី១២ ខែមិថុនា
ជារៀងរាល់ឆ្នាំ មានប្រទេសចំនួន ៦០ នៅលើពិភពលោក
បានរៀបចំពិធីដង្ហែជាក្បួន ដោយផ្ដោតទៅលើការប្រឆាំងនឹងពលកម្មកុមារ។
ចំណែកនៅប្រទេសកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ មានកុមារា កុមារីប្រមាណជា ៣០០នាក់
ដង្ហែក្បួនដ៏ខ្លីមួយនៅក្នុងទីក្រុងភ្នំពេញ។
នៅក្នុងពិធីដង្ហែនោះកុមារមានលើកបដាពាក្យស្លោកជាច្រើនដែលទាក់ទងទៅនឹងការប្រឆាំងពលកម្មកុមារ។
ក្នុងនោះ មានពាក្យស្លោកដូចជា "គ្មានពលកម្មកុមារ គ្មានភាពក្រីក្រ
ឪពុកម្ដាយបញ្ជូនកូនទៅរៀន មិនមែនបញ្ជូនកូនទៅកន្លែងធ្វើការ
តម្រូវការជាមូលដ្ឋានរបស់កុមារ គឺការផ្ដល់អាហារូបត្ថម្ភ ការថែទាំ
និងការពារសុខភាពឲ្យបានប្រសើរ និងគិតគូរដល់ប្រយោជន៍កុមារ
គឺរួមចំណែកកសាងសង្គមជាដើម"។
ការបង្ហាញនូវពាក្យស្លោកក្នុងពិធីដង្ហែនោះ
គឺក្នុងគោលបំណងជាសារផ្ដល់ជូនសាធារណជនឲ្យជួយលើកតម្កើងកុមារ
ពោលគឺដើម្បីជំរុញ និងផ្ដល់ការអប់រំដល់កុមារឲ្យបានគ្រប់ៗគ្នា"៕
កម្ពុជានឹងលុបបំបាត់ទំរង់ពលកម្មកុមារធ្ងន់ធ្ងរឲ្យអស់ទាំងស្រុង
នៅឆ្នាំ២០១៦
ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល
និងអង្គការពលកម្មអន្តរជាតិ (ILO) បានសន្យាថា នៅឆ្នាំ២០១៦ ខាងមុខនេះនឹងអាចលុបបំបាត់ពលកម្មកុមារស្ថិតក្នុងទំរង់ពលកម្មធ្ងន់ធ្ងរបានទាំងស្រុង។
ការសន្យាបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតស្ដីពីការលុបបំបាត់ពលកម្មកុមារនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ នៅស្ទូឌីយោទូរទស្សន៍ជាតិកម្ពុជា។
លោកស្រី ប្រាក់ ចន្ថា
រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា
បច្ចុប្បន្ននេះនៅកម្ពុជាកុមារពាក់ព័ន្ធទៅនឹងការងារមានចំនួន ១,៥ លាននាក់ ក្នុងនោះមានកុមារចំនួន
២៥ ម៉ឺននាក់ស្ថិតក្នុងទំរង់ពលកម្មកុមារធ្ងន់ធ្ងរ។
លោក MP
Joseph ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការពលកម្មអន្តរជាតិបាននិយាយថា
នៅលើពិភពលោកតាមការប៉ាន់ស្មានមានប្រហែលជា ១៦៥
លាននាក់នៃកុមារដែលមានអាយុចន្លោះពី ៥ ទៅ ១៥ ឆ្នាំ មានការពាក់ព័ន្ធនឹងពលកម្មកុមារ។
លោកបាននិយាយបន្តថា នៅប្រទេសកម្ពុជាមាន ១៦
វិស័យដែលកុមារស្ថិតនៅក្នុងពលកម្មកុមារទំរង់ធ្ងន់ធ្ងរដូចជាកុមារធ្វើការនៅតាមឡឥដ្ឋ
កុមារធ្វើការនៅចម្ការកៅស៊ូ កុមារធ្វើការលីសែងនៅប៉ោយប៉ែត ធ្វើការនៅស្រែអំបិល
កុមារនេសាទ កុមារបម្រើតាមផ្ទះជាដើម។ លោក MP Joseph បាននិយាយឲ្យដឹងទៀតថា នៅកម្ពុជាកុមារ ១,៥
លាននាក់ដែលធ្វើការមិនមែនស្ថិតក្នុងទំរង់ពលកម្មធ្ងន់ធ្ងរនោះទេ
គឺមានតែ ២៥ ម៉ឺននាក់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការងារកុមារដែលស្ថិតក្នុងទំរង់ពលកម្មធ្ងន់ធ្ងរ
គឺសំដៅលើកុមារដែលធ្វើការចាប់ពី ៨
ម៉ោងទៅដោយមិនបានចូលសាលានិងប៉ះពាល់ដល់សុខភាពផ្លូវកាយ
និងសតិបញ្ញាស្មារតី។
លោកស្រី ប្រាក់ ចន្ថា បាននិយាយថា
លើកទីមួយនៅឆ្នាំ២០០១-២០០៤ យើងបានដកហូតកុមារចេញពីទំរង់ពលកម្មធ្ងន់ធ្ងរចំនួនជាង
៤០០០ នាក់។ លើកទីពីរ២០០៤-២០០៨
យើងបានដកហូតកុមារចំនួន១៨០០០នាក់លើសផែនការកំណត់របស់អង្គការពលកម្មអន្តរជាតិដែលតម្រូវឲ្យតែ១៦០០០នាក់។
នេះគឺជាជោគជ័យមួយរបស់យើងដែលបានធ្វើលើសផែនការ។ លោកស្រី សង្ឃឹមថា
នៅដំណាក់កាលទីបីដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០០៩
អង្គការពលកម្មអន្តរជាតិនឹងអនុម័តនាពេលឆាប់ៗខាងមុខនេះដំណាក់កាលទីបីនឹងធ្វើនៅតាមខេត្តក្រុងចំនួន១៥។
តាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់កម្ពុជាបានកំណត់កាត់បន្ថយពលកម្មកុមារឲ្យស្ថិតនៅត្រឹមតែ
៨ ភាគរយនៅឆ្នាំ២០១៥។ លោកស្រី ប្រាក់ ចន្ថា និងលោក MP Joseph បានសន្យាថា
នឹងលុបបំបាត់ពលកម្មកុមារស្ថិតក្នុងទំរង់ពលកម្មធ្ងន់ធ្ងរឲ្យអស់ទាំងស្រុងនៅឆ្នាំ២០១៦លោកស្រី
ប្រាក់ ចន្ថា បាននិយាយថា ការដកហូតកុមារចេញពីពលកម្មកុមារ
គឺយើងបានឲ្យកុមារបានចូលសាលារៀនដែលខុសពីមុនកុមារត្រូវជួយធ្វើការងារឪពុកម្ដាយដោយមិនបានចូលសាលា
និងប៉ះពាល់ដល់សុខភាព។ ដូចនេះយើងត្រូវធ្វើការអប់រំផ្សព្វផ្សាយស្ដីពីពលកម្មកុមារដល់ឪពុកម្ដាយ
និងថៅកែអាជីវកម្មបានយល់ដឹងលោកស្រីបន្តថា
បើពួកគាត់បានយល់ដឹងហើយនិងអាចជួយរួមចំណែកដកហូតកុមារចេញពីពលកម្មទំរង់ធ្ងន់ធ្ងរ។
លោក កឹម គុណវឌ្ឍន៍
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងជាអ្នកនាំពាក្យស្ដីពីពលកម្មកុមារក្នុងប្រទេសកម្ពុជាបាននិយាយថា
សន្និសីទនេះគឺជាសារមួយសម្រាប់ឲ្យអ្នកសារព័ត៌មានបានយល់ដឹងពីបញ្ហាពលកម្មកុមារនៅក្នុងប្រទេសកម្ពុជាដើម្បីយកទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹង
ដើម្បីឲ្យពួកគាត់ចូលរួមលុបបំបាត់ពលកម្មកុមារ៕
ឆ្នាំ២០០៧មានកុមារ៤០៧នាក់ស្លាប់
និងឈឺចំនួន៣៩.៨៥១ករណីត្រូវបានរកឃើញ
ភ្នំពេញ ៖ ការផ្ទុះជំងឺគ្រុនឈាមក៏អាក្រក់ក្នុងឆ្នាំ២០០៧
បានបញ្ចប់ទៅដោយធ្វើឲ្យកុមារចំនួន៤០៧នាក់បានស្លាប់ និងកុមារឈឺដោយសារជំងឺនេះចំនួន៣៩.៨៥១ករណី។
លោកវេជ្ជបណ្ឌិតងាន់
ចាន់ថានាយករងមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃអង្គារ
ទី៨ មករានេះថា
ការផ្ទុះជំងឺគ្រុនឈាមដ៏អាក្រក់បានបណ្ដាលឲ្យកុមារកម្ពុជាឈឺ និងស្លាប់ច្រើន។
ប៉ុន្តែលោកបន្តដោយទទួលស្គាល់ថា
ចំនួនកុមារស្លាប់ពិតប្រាកដមានចំនួនច្រើនជាងនេះ
ព្រោះកុមារខ្លះត្រូវបានស្លាប់នៅតំបន់ជនបទដាច់ស្រយាល
និងកុមារខ្លះត្រូវបានបញ្ជូនមកគ្លីនិកឯកជនដែលមិនបានផ្ដល់របាយការណ៍មកកម្មវិធីជាតិ។
លោកងាន់ ចាន់ថា បានបន្តឲ្យដឹងថា
នៅឆ្នាំ២០០៧នេះ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចេញលិខិតណែនាំឲ្យសេវាឯកជនទាំងអស់ផ្ញើចំនួនអ្នកជំងឺមកកម្មវិធីជាតិ
ប៉ុន្តែពួកគេមិនបានផ្ញើមកទេ។ លោកបញ្ជាក់ថា
កាលពីពេលមុននេះគឺនៅក្រោយការចេញ សេចក្ដីជូនដំណឹងដំបូង
ពួកគេធ្លាប់បានផ្ញើមកឲ្យកម្មវិធីជាតិ តែពេលនេះពុំមានទេ។
លោកបន្ថែមថា «ប៉ុន្តែរបាយការណ៍របស់មន្ទីរពហុព្យាបាលឬគ្លីនិកឯកជនភាគច្រើនមិនពិតទេ
ជួនកាលកុមារមិនកើតជំងឺគ្រុនឈាម
ក៏ពួកគេដាក់ក្នុងរបាយការណ៍ជាជំងឺគ្រុនឈាមដែរ»។
រហូតមកដល់ពេលនេះជំងឺគ្រុនឈាមមានចំនួនជាង១០០ករណីក្នុងមួយខែ
ខណៈដែលឆ្នាំ២០០៦កន្លងមកក្នុងអំឡុងរដូវនេះជំងឺគ្រុនឈាមមានជាង៨០០ករណីក្នុងមួយខែក្នុងទូទាំងប្រទេស។
លោកបន្តឲ្យដឹងថា
ការចំណាយរបស់កម្មវិធីជាតិលើការប្រយុទ្ធជំងឺគ្រុនឈាមកាលពីឆ្នាំមុនចំនួនប្រមាណជាង៣លានដុល្លារអាមេរិក។
នៅពេលលើកឡើងពីការត្រៀមវិធានការទប់ស្កាត់សម្រាប់ឆ្នាំថ្មីនាពេលខាងមុខនេះ
លោកវេជ្ជបណ្ឌិតងាន់ ចាន់ថា បានមានប្រសាសន៍ថា
កម្មវិធីជាតិមិនដែលព្រងើយកន្តើយទេ។
ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺបញ្ហាថវិកាដែលទាមទារឲ្យមានជំនួយបន្ថែមទៀត
និងការចូលរួមពីអង្គការក្នុងស្រុកចូលរួមផងដែរ។ លោកបន្ថែមថា
ប៉ុន្តែទន្ទឹមនឹងនោះឪពុកម្ដាយអាណាព្យាបាលត្រូវតែគិតថា
ការដែលកូនកើតជំងឺជាកាតព្វកិច្ចរបស់ខ្លួន
មិនត្រូវចាំតែក្រសួងសុខាភិបាលទេ ព្រោះយើងត្រូវចូលរួមទាំងអស់គ្នា
ទើបយើងប្រយុទ្ធជំងឺអ្វីមួយបានទទួលជោគជ័យ។
លោកបន្តថា ការអនាម័យជុំវិញលំនៅស្ថាន
ជាកាតព្វកិច្ចចាំបាច់មួយផងដែរ
ព្រោះបើយើងសម្អាតជុំវិញលំនៅស្ថានបានល្អ
មិនឲ្យមូសខាំកូននោះជាការកាត់បន្ថយជំងឺគ្រុនឈាមបានមួយចំណែកធំហើយ។
លោកវេជ្ជបណ្ឌិតសាន់
សារីប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា
គ្រប់សេវាឯកជនទាំងអស់ ត្រូវផ្ញើរបាយការណ៍ជំងឺមកឲ្យក្រសួង
បើពួកគេមិនអនុវត្តតាមសេចក្ដីណែនាំម្ដងឬពីរដងនៅពេលសេវាឯកជនទាំងនោះអស់សុពលភាព
ហើយមកសុំច្បាប់បន្តអាជីវកម្មយើងមិនអនុញ្ញាតទេ។
លោកវេជ្ជបណ្ឌិតម៉ម
ប៊ុនហេងរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា
សេវាឯកជនទាំងអស់មិនមែនត្រូវផ្ញើតែរបាយការណ៍ជំងឺគ្រុនឈាមទេ
គឺផ្ញើរបាយការណ៍គ្រប់ប្រភេទជំងឺទាំងអស់មកកាន់តាមកម្មវិធីជាតិផ្សេងៗរបស់ជំងឺនីមួយៗ។
លោកបន្តថា
របាយការណ៍នោះក៏មានប្រភេទជំងឺត្រូវផ្ញើបន្ទាន់ដូចជាករណីជំងឺផ្ដាសាយបក្សី
និងរបាយការណ៍ត្រូវផ្ញើប្រចាំខែផងដែរ។
លោកបន្តដោយគូសបញ្ជាក់ថា «ការធ្វើបែបនេះ
ជាកាតព្វកិច្ចរបស់សេវាឯកជនទាំងនោះ ដើម្បីរួមគ្នាត្រួតពិនិត្យទប់ស្កាត់
និងដឹងពីស្ថានភាពជំងឺទូទៅក្នុងប្រទេស»។
ពេលលើកឡើង តើស្ថានភាពឆ្នាំនេះអាចបង្កឲ្យមានការផ្ទុះជំងឺដ៏អាក្រក់ក្នុងប្រទេសទៀតឬយ៉ាងណាលោកវេជ្ជបណ្ឌិតងាន់
ចាន់ថា បានមានប្រសាសន៍ថា មេរោគគ្រុនឈាមមានចំនួន៤ប្រភេទ
ហើយឆ្នាំ២០០៧កុមារកើតជំងឺគ្រុនឈាមភាគច្រើនដោយសារមេរោគប្រភេទទី៣
ប៉ុន្តែបើឆ្នាំនេះលេចមេរោគដដែលនេះមិនផ្ទុះធំទេ
ប៉ុន្តែបើវាវិវត្តន៍ទៅជាមេរោគប្រភេទទី១វាអាចផ្ទុះជំងឺធំសាជាថ្មីបាន៕
គណៈកម្មការទី៨នៃព្រឹទ្ធសភា
និងរដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យសកម្មភាពអនុវត្តគម្រោងលុបបំបាត់ពលកម្មកុមារក្រុងកែប
- ឆ្នាំ២០១២
ក្រុងកែបនឹងគ្មានពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា
ដែលដឹកនាំដោយលោកស្រីខ្លូត ទងផ្កា ប្រធានគណៈកម្មការទី៨
និងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វង សូត
បានចុះទៅពិនិត្យមើលសកម្មភាព និងសំណេះសំណាលជាមួយកុមារគោលដៅ និងក្រុមជួយខ្លួនឯងជាច្រើនកន្លែងក្នុងនោះរួមមាន
ពិនិត្យមើលជំនាញកាត់ដេរនៅភូមិសេះស
ព្រមទាំងសំណេះសំណាលជាមួយក្រុមជួយខ្លួនឯងសហគមន៍សេះស
ពិនិត្យមើលសកម្មភាពសិក្សាជំនាញកែសម្ផស្សនៅភូមិដំណាក់ចង្អើរ
ចុះសួរសុខទុក្ខកុមារដែលបានធ្វើសមាហរណកម្មចូលសាលាក្នុងប្រព័ន្ធនៅសាលាបឋមសិក្សាភ្នំលាវ
និងពិនិត្យជំនាញកាត់ដេរតាមរបៀបបណ្ដុះបណ្ដាលសហគមន៍សង្កាត់អង្កោល ។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ
គណៈប្រតិភូបានចែកជូននូវម៉ាស៊ីនដេរចំនួន៥៥គ្រឿង ដល់កុមារចំនួន៥៥នាក់
ដែលគណៈកម្មការលុបបំបាត់ពលកម្មកុមារក្រុងបានដកហូតចេញពីការងារនេសាទសមុទ្រនាពេលកន្លងមក
និងចែកជូនដល់យុវតីសិក្សាជំនាញកែសម្ផស្សនូវសម្ភារៈសម្រាប់តុបតែងកាយចំនួន៤២ត្រកសម្រាប់៤២នាក់
។
មានមតិស្វាគមន៍គណៈប្រតិភូនៃព្រឹទ្ធសភា
និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហាស់ សារ៉េត
អភិបាលក្រុងកែបបានមានប្រសាសន៍ថា
នៅក្រុងកែបតាមគម្រោងនៃកម្មវិធីផែនការកុមារគោលដៅដែលត្រូវដកហូតពលកម្មមានចំនួន១៥២០នាក់
និងគ្រួសារគោលដៅចំនួន៤០០គ្រួសារ ។
ប៉ុន្តែគណៈកម្មការបានអនុវត្តដោយដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មចំនួន១៦៧៥នាក់
និងគ្រួសារចំនួន៥៧១ មានន័យថា លើសនឹងផែនការរបស់គម្រោង ។
ទោះបីមន្ត្រីនៃមន្ទីរអនុវត្ត
និងមន្ត្រីនៃមន្ទីរប្រតិបត្តិពុំមានបទពិសោធន៍ក៏ដោយ ក៏ពួកគេមានការយកចិត្តទុកដាក់ខ្ពស់រហូតទទួលលទ្ធផលដ៏វិសេសវិសាលនេះ
។
ក្នុងនោះដែរជាទិសដៅទៅអនាគតលោកអភិបាលក្រុងបានមានប្រសាសន៍ថា
ក្នុងនាមអាជ្ញាធរក្រុង
និងក្នុងនាមប្រធានគណៈកម្មការពលកម្មកុមារក្រុងកែបនឹងបន្តការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ
នៃពលកម្មកុមារគ្រប់ប្រភេទនៅក្នុងក្រុងកែបឲ្យអស់នៅឆ្នាំ២០១២
ពោលគឺក្នុងឆ្នាំ២០១២
ក្រុងកែបនឹងគ្មានពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរបំផុតទៀតឡើយ ។
ផ្អែកលើអត្ថន័យនេះលោកអភិបាលក្រុងបានសំណូមពរដល់គណៈកម្មការទី៨នៃព្រឹទ្ធសភា
លោករដ្ឋមន្ត្រីក្រសួងការងារ និងតំណាងអង្គការ ILO-IPEC មេត្តាបន្តគាំទ្រគម្រោងលុបបំបាត់គ្រប់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារក្នុងក្រុងកែបពិសេសសូមអង្គការអន្តរជាតិនានាជួយទៅលើកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាផ្នែកសុខភាពកុមារនិងទារកអាហារូបត្ថម្ភជាដើម
៕
រួមគ្នាខិតខំប្រឹងប្រែង
បង្កើតពិភពលោកមួយសមស្រប សម្រាប់កុមារ
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
វិលត្រឡប់ពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៦២ (រូបថត
៖ ប៊ុណ្ណា)ភ្នំពេញ ៖ សម័យប្រជុំលើកទី៦២
នៃមហាសន្និបាតអង្គការសហប្រជាជាតិ
ដែលក្នុងនោះកិច្ចប្រជុំថ្នាក់ខ្ពស់ដើម្បីពិនិត្យទៅលើលទ្ធផល
នៃសម័យប្រជុំពិសេសសម្រាប់កុមារនៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កបានធ្វើការប្ដេជ្ញាចិត្ត
ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅការបង្កើតពិភពលោកមួយសម្រាប់កុមារ
ព្រមទាំងបានអំពាវនាវដល់អង្គការពាក់ព័ន្ធទាំងអស់រួមទាំងសង្គមស៊ីវិលរួបរួមគ្នាដើម្បីកុមារ
និងអំពាវនាវដល់ឪពុកម្ដាយ គ្រួសារអាណាព្យាបាល ស្របច្បាប់ ភ្នាក់ងារថែទាំ
និងសង្គមទាំងមូល
សូមចូលរួមថែទាំកុមារឲ្យធំធាត់ក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព
និងទទួលការគាំទ្រពីគ្រួសារ ។
ដោយផ្ដល់នូវអាទិភាពខ្ពស់សម្រាប់សិទ្ធិកុមារ
សម្រាប់ការរស់រានការគាំពារ និងការអភិវឌ្ឍន៍របស់ពួកគេ និងបម្រើផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់មនុស្សជាតិ
។
សម័យប្រជុំលើកទី៦២
នៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១
ដល់១២ ខែធ្នូ ឆ្នាំ២០០៧ នៅទីក្រុងញូវយ៉ក ។ លោកអ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំនេះ
ក្នុងចំណោមប្រទេសដែលជាសមាជិកចូលរួមចំនួន១៣០ប្រទេស
និងបានធ្វើបទអន្តរាគមន៍សម្រាប់កិច្ចប្រជុំពេញអង្គ
និងកិច្ចប្រជុំពិភាក្សាតុមូល ។ បទអន្តរាគមន៍បានវាយតម្លៃពីការរីកចម្រើន
និងការលើកកម្ពស់ផ្នែកសុខភាព ការផ្ដល់នូវការអប់រំដែលមានគុណភាព
ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ការការពារកុមារប្រឆាំង
និងការរំលោភការកេងប្រវ័ញ្ច និងអំពើហិង្សាផ្សេងៗ
និងការបន្ថយគ្រោះថ្នាក់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
សម័យប្រជុំលើកទី៦២បានចេញនូវសេចក្ដីប្រកាសមួយចំនួនរួមមានវាយតម្លៃលើកទឹកចិត្តពីលទ្ធផលដែលសម្រេចបានតាំងពីឆ្នាំ២០០២
ក្នុងការបង្កើតពិភពលោកសមស្របសម្រាប់កុមារ ។ កុមារមានអាយុក្រោម៥ឆ្នាំ
មានតិចតួចដែលទទួលមរណភាពក្នុងមួយឆ្នាំៗ ។ មានកុមារច្រើនជាងមុន
បានចូលរៀនក្នុងសាលា ឱកាសទទួលបានការសិក្សាអប់រំស្មើគ្នាសម្រាប់កុមារា
និងកុមារី មានកាន់តែច្រើនឡើងៗ ។ ការផ្ដល់ឱសថសម្រាប់កុមារ
រួមទាំងកុមារដែលផ្ទុកមេរោគអេដស៍ - ជំងឺអេដស៍មានកាន់តែច្រើនឡើងជាងមុន
។ ច្បាប់គោលនយោបាយ
និងផែនការជាច្រើនត្រូវបានរៀបចំឡើងដើម្បីការពារកុមារពីអំពើហិង្សា
ការរំលោភនិងការកេងប្រវ័ញ្ច ។ សកម្មភាពក្នុងពេលបច្ចុប្បន្ន និងអនាគត
ត្រូវកសាងឡើងដោយផ្អែកលើលទ្ធផលសំខាន់ៗទាំងអស់នេះ ។
សេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរ
ការប្រឈមមុខនៅតែមាននៅឡើយ ការលុបបំបាត់ភាពក្រីក្រ
គឺជាការប្រឈមមុខដ៏ធំបំផុតរបស់ពិភពលោក
ដោយសារតែភាពក្រីក្រនាំឲ្យមានការលំបាកក្នុងការឆ្លើយតបនូវសេចក្ដីត្រូវការការពារ
និងការលើកកម្ពស់សិទ្ធិកុមារទាំងអស់ក្នុងពិភពលោក ។
ទោះបីជាមានការលើកទឹកចិត្តពីលទ្ធផលដែលទទួលបាននោះក៏ដោយ
ក៏កុមារដែលទទួលមរណភាពមុនអាយុ៥ឆ្នាំនៅតែមានកម្រិតខ្ពស់នៅឡើយ ។
កង្វះអាហារូបត្ថម្ភ ជំងឺរាតត្បាត រួមមានមេរោគអេដស៍ - ជំងឺអេដស៍
ក៏ដូចជាជំងឺគ្រុនចាញ់ របេង និងជំងឺដែលអាចបង្ការបានដទៃទៀត
នៅតែជាឧបសគ្គចំពោះសុខភាពកុមាររាប់លាននាក់ ។
កង្វះភាពទទួលបានការសិក្សាអប់រំនៅតែជាឧបសគ្គដ៏ចម្បងចំពោះការអភិវឌ្ឍន៍របស់កុមារ
។ កុមារជាច្រើននៅតែទទួលរងនូវអំពើហិង្សា ការកេងប្រវ័ញ្ច
និងការរំលោភបំពានក៏ដូចជាវិសមភាព និងការរើសអើងជាពិសេសចំពោះកុមារី ។
ដើម្បីជម្នះនូវភាពក្រីក្រ
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍អន្តរជាតិដែលបានព្រមព្រៀងរួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បង្កើតនូវបរិស្ថានមួយដែលសមស្របដល់សុខុមាលភាពកុមារនិងការយល់ដឹងនូវសិទ្ធិកុមារ
៕
បណ្ដាញសង្គមស៊ីវិលប្រឆាំង ពលកម្មកុមារ
បានដកហូតកុមារចេញពីពលកម្មការងារធ្ងន់ធ្ងរ បាន៧.៤៥៣នាក់

លោកវណ្ណ ស៊ីធែន
អគ្គលេខាធិការនៃបណ្ដាញអង្គការ ILO បានលើកឡើងនៅក្នុងអង្គប្រជុំមួយនៅមជ្ឈមណ្ឌលភ្នំពេញ
កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូនេះថា
កម្ពុជាមានបរិមាណកុមារចូលប្រឡូកការងារពីអាយុ១០ ទៅ១៥ឆ្នាំច្រើនជាងគេនៅអាស៊ីបូព៌ា
និងអាស៊ីអាគ្នេយ៍។
ក្នុងចំណោមកុមារដែលធ្វើការទាំងអស់មាន៦៧ភាគរយដែលធ្វើការចន្លោះពី១៥
ទៅ៣៤ម៉ោងក្នុងមួយសប្ដាហ៍ ។
ពួកគេភាគច្រើនចូលរៀនបានពាក់កណ្ដាលពេលក្នុងមួយថ្ងៃ ធ្វើការកន្លះថ្ងៃ
។ បណ្ដាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារបានសម្រេចកាត់បន្ថយដកហូតកុមារចេញពីពលកម្មធ្ងន់ធ្ងរគិតមកដល់ខែតុលា
ឆ្នាំ២០០៧ (មួយឆ្នាំ២០០៧) បាន ៧.៤៥៣នាក់ និងទប់ស្កាត់បាន
៩.០៦៧នាក់នៅក្នុងគម្រោងគោលដៅចំនួន១៦.៥២០នាក់នៅតាមខេត្តសំខាន់ៗដូចជា
ក្រុងព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប ។
ចំណែកគ្រួសារដែលត្រូវបំពេញប្រាក់ចំណូលបន្ថែមដើម្បីកុំឲ្យឪពុកម្ដាយបង្ខំឲ្យទៅធ្វើការបានចំនួន៤.៣៤៩
គ្រួសារ ។
ដើម្បីឆ្លើយតបថ្នាក់ជាតិចំពោះពលកម្មកុមារ
លោកវណ្ណ ស៊ីធែន បានបញ្ជាក់ឲ្យដឹងទៀតថា
ស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលគោលដៅការអភិវឌ្ឍន៍សហស្ស
វត្សរ៍កម្ពុជាសម្រាប់កាត់បន្ថយពលកម្មកុមារពី ១៦,៥ភាគរយ ក្នុងឆ្នាំ១៩៩៩ ទៅ១០,៦ភាគរយក្នុងឆ្នាំ២០១០ និងដល់៨ភាគរយក្នុងឆ្នាំ២០១៥ ។
ក្នុងនោះមានកុមារបម្រើក្នុងវិស័យនេសាទឡឥដ្ឋចម្ការកៅស៊ូ និងស្រែអំបិល
៕
៧ភាគរយនៃកុមារីបម្រើការងារតាមផ្ទះ
មិនធ្លាប់បានទៅសាលារៀន
ភ្នំពេញ ៖ «៧ភាគរយនៃកុមារី
ដែលបម្រើការងារតាមផ្ទះ មិនដែលធ្លាប់បានទៅសាលារៀនឡើយ
ដោយប្រៀបធៀបទៅនឹងកុមារា ដែលមានចំនួនត្រឹមតែ១,៣ភាគរយ
។ ស្ទើរតែ៦៨ភាគរយនៃកុមារា ដែលបម្រើការងារតាមផ្ទះនៅតែបន្តទៅសាលារៀន
ដោយប្រៀបធៀបនឹងកុមារីមានតែ៤៦ភាគរយប៉ុណ្ណោះ» ។
នេះជាតួលេខ ដែលអង្គការពលកម្មអន្តរជាតិ
(ILO) បញ្ជាក់ឲ្យដឹងនៅក្នុងរបាយការណ៍និយាយពី
«ពលកម្មកុមារបម្រើតាមផ្ទះនៅប្រទេសកម្ពុជា» ។ របាយការណ៍បានរៀបរាប់ថា ជំនួសឲ្យការសិក្សា
កុមារត្រូវធ្វើការជាច្រើននៅក្នុងផ្ទះ
ហើយជួនកាលត្រូវធ្វើការនៅកន្លែងអាជីវកម្មរបស់ម្ចាស់ផ្ទះផងដែរ ។
កុមារភាគច្រើនត្រូវធ្វើការបោសសម្អាត និងការបោកអ៊ុត លាងចានឆ្នាំង
ជូតសម្អាតផ្ទះសម្បែង ទៅយកអីវ៉ាន់តាមផ្សារ ចម្អិនអាហារ ហើយ
និងលាងរថយន្ត ។ កុមារខ្លួនឯងផ្ទាល់ទោះជាយ៉ាងណា
ក៏ត្រូវថែទាំកូនម្ចាស់ផ្ទះ
ឬធ្វើការផ្សេងៗជាច្រើនទៀតសម្រាប់ពួកគេផងដែរ ។
ជារឿយៗកុមារតែងតែត្អូញត្អែរថា
នេះជាកត្តាមួយដ៏លំបាកពីព្រោះនៅពេលដែលពួកគេឃើញកុមារផ្សេងៗទៀតមានការសប្បាយរីករាយនោះ
ប៉ុន្តែផ្ទុយទៅវិញ ពួកគេមិនអាចចូលរួមលេងជាមួយកុមារទាំងនោះឡើយ ។
ជាមួយគ្នានោះផងដែរ ពួកគេត្រូវយកកូនម្ចាស់ផ្ទះទៅសាលារៀន
និងយកមកផ្ទះវិញ
ប៉ុន្តែប្រហែលជាមិនត្រូវបានអនុញ្ញាតឲ្យខ្លួនគេផ្ទាល់ទៅសាលារៀននោះទេ
។
របាយការណ៍បានបញ្ជាក់ថា
ទោះជាយ៉ាងដូចនេះក៏ដោយ កុមារបម្រើការងារតាមផ្ទះជាច្រើននៅក្នុងទីក្រុងភ្នំពេញ
អាចអាន និងសរសេរបាន ។ មានតែប្រហែល១៤ភាគរយនៃកុមារទាំងអស់មិនអាចអាន
ឬសរសេរបាន ។ ជាការពិត ៥៥ភាគរយ នៃកុមារបាន
និងកំពុងបន្តការសិក្សាបន្ថែម
ទៅនឹងការងារទាំងអស់ដែលពួកគេត្រូវធ្វើសម្រាប់ម្ចាស់ផ្ទះរបស់ពួកគេ ។
ទោះជាយ៉ាងណាក៏ដោយ ៤០ភាគរយ នៃកុមារទាំងអស់នោះបានបង់សាលា
ហើយប្រហែលជា៥ភាគរយទៀតមិនដែលធ្លាប់ចូលរៀនទាល់តែសោះ ។
នេះជាការខុសគ្នាយ៉ាងច្រើនរវាងកុមារា និងកុមារី ។
របាយការណ៍បានសង្កត់ធ្ងន់ដោយបញ្ជាក់ថា
«ភាគរយនៃកុមារីដែលបម្រើការងារតាមផ្ទះ
មិនដែលធ្លាប់បានទៅសាលារៀនឡើយ ដោយប្រៀបធៀបទៅនឹងកុមារ
ដែលមានចំនួនត្រឹមតែ១,៣ភាគរយ ។
ស្ទើរតែ៦៨ភាគរយនៃកុមារដែលបម្រើការងារតាមផ្ទះនៅតែកំពុងបន្តទៅសាលារៀន
ដោយប្រៀបធៀបនឹងកុមារីមានតែ៤៦ភាគរយប៉ុណ្ណោះ» ។
របាយការណ៍បានបន្ថែមឲ្យដឹងទៀតថា
ក្នុងខណៈពេលដែលចំនួនកុមារីច្រើនជាងកុមារា
ដែលបានបញ្ចប់ការសិក្សាត្រឹមបឋមសិក្សា (ស្មើនឹង៦៤,៤ភាគរយ ដោយប្រៀបធៀបនឹង៤៧,៧ភាគរយ) ហើយកុមារាមានចំនួនច្រើនជាងកុមារីដែលបានបញ្ចប់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សា
(ស្មើនឹង៤៧,៧ភាគរយដោយប្រៀបធៀបទៅនឹង២៦,៧ភាគរយ)
ដែលនេះបង្ហាញឲ្យឃើញថាកុមារីជាច្រើនបានចាកចេញពីសាលារៀនមុន
ហើយបានបញ្ចប់នូវកម្រិតសិក្សាទាប ។
«យើងគួរពិចារណាថា
តើកុមារទាំងនោះនឹងក្លាយទៅជាអ្វីនៅពេលអនាគត...» -សំណួរចោទឡើងក្នុងរបាយការណ៍ ។
របាយការណ៍បានធ្វើការពន្យល់ជុំវិញសំណួរនេះថា
-ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតឲ្យទទួលនូវជម្រើសក្នុងការសិក្សាដ៏ចំហសម្រាប់ពួកគេទេនោះ
ពួកគេមិនអាចទទួលប្រភេទនៃការបណ្ដុះបណ្ដាលដែលផ្ដល់ឱកាសដ៏ល្អសម្រាប់ការងារ
និងការរីកចម្រើន ហើយក៏មិនបានទទួលកម្រៃដើម្បីសន្សំ
និងចំណាយផ្សេងៗសម្រាប់អនាគតរបស់ពួកគេដែរ
មិនតែប៉ុណ្ណោះជម្រើសទាំងនោះត្រូវបានដកហូតយ៉ាងមានប្រសិទ្ធភាពថែមទៀតផង
៕
អក្ខរកម្មវិជ្ជាជីវៈ
និងការកាត់បន្ថយពលកម្មកុមារលីសែងទំនិញនៅប៉ោយប៉ែត

នេះជាករណីពលកម្មកុមារមួយ
ក្នុងចំណោមករណីពលកម្មកុមារលីសែងទំនិញជាច្រើនទៀតនៅច្រកអន្តរជាតិប៉ោយប៉ែត
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ករណីពលកម្មកុមារលីសែងទំនិញនៅច្រកអន្តរជាតិប៉ោយប៉ែតនេះ
ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ «ពលកម្មកុមារ និងការអប់រំ» ដែលចងក្រងឡើងក្រោមកិច្ចសហការរវាងអង្គការ
ILO/IPEC, មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
លោកសរ ចំរុង អតីតអភិបាលស្រុកអូរជ្រៅ
ហើយបច្ចុប្បន្នជាអភិបាលរងខេត្តបន្ទាយមានជ័យ
បាននិយាយនៅក្នុងរបាយការណ៍នេះថា នៅច្រកទ្វារប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
មានកុមារជាច្រើនប្រកបរបរចិញ្ចឹមជីវិតជាអ្នករែកពុនអីវ៉ាន់
អូសរទេះដឹកអ្នកដំណើរលាងចាន ធ្វើកម្មករ និងឆ្លងទៅសុំទាននៅប្រទេសថៃ
។ ឈ្មួញចូលចិត្តប្រើកុមារឲ្យនាំទំនិញឆ្លងដែនតាមច្រករបៀង ឬច្រកត្រង់
ព្រោះងាយស្រួលគេចវេសពីភ្នាក់ងារត្រួតពិនិត្យពន្ធ ។
កុមារធ្វើការភាគច្រើនមានអាយុពី១០ - ១៥ឆ្នាំ ។ កុមារខ្លះលីអីវ៉ាន់
ខ្លះអូសទាញរុញរទេះទំនិញធំៗ ជាមួយមនុស្សចាស់
ដែលមានចំណុះស្មើនឹងរថយន្តកាម៉ាស់មួយ ឆ្លងដែនពីព្រំដែនកម្ពុជាប៉ោយប៉ែត
ទៅផ្សារឡុងកឿ ប្រទេសថៃលើចម្ងាយដីប្រមាណ៣គីឡូម៉ែត្រ ។
ការដឹកជញ្ជូនបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមផង
និងបាត់សោភ័ណភាពផង ។ លោកសរ ចំរុង បានបញ្ជាក់ថា
ដោយសារការចល័តទីលំនៅមិនពិតប្រាកដរបស់ឪពុកម្ដាយ បានធ្វើឲ្យកុមារទាំងនោះមិនបានទៅសាលារៀន។
បើតាមការឲ្យដឹង
កុមារធ្វើការនៅច្រកអន្តរជាតិប៉ោយប៉ែត
គ្មានទីស្នាក់អាស្រ័យត្រឹមត្រូវពិតប្រាកដទេ ។
កុមារមួយចំនួនបានក្លាយជាជនប្រព្រឹត្តអំពើលួចឆក់ ឬញៀនថ្នាំស្រវឹង ។
នៅទីនោះកុមារធ្វើការដោយកម្លាំងបានសុទ្ធសាធ
ការងារមានសភាពធ្ងន់ធ្ងរហួសប្រមាណ និងមិនបានទៅរៀនសូត្រទាល់តែសោះ ។
សង្គមទាំងមូលគប្បីធ្វើការរួបរួមគ្នាក្នុងការចាត់វិធានការដើម្បីទប់ស្កាត់ពលកម្មធ្ងន់ធ្ងររបស់កុមារនៅច្រកអន្តរជាតិប៉ោយប៉ែតនេះ
ហើយដកយកកុមារចេញពីលក្ខខណ្ឌការងារប្រកបដោយគ្រោះថ្នាក់
និងផ្ដល់ដល់កុមារធ្វើពលកម្មនូវជម្រើសសមស្របផ្សេងៗជាជំនួសវិញ
តាមរយៈការអប់រំក្រៅប្រព័ន្ធ និងជំនាញវិជ្ជាជីវៈ ។ ពីព្រោះថា
ការផ្ដល់ការអប់រំវិជ្ជាជីវៈជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់
និងលុបបំបាត់ពលកម្មធ្ងន់ធ្ងររបស់កុមារ ។
លោកគ្រឿង សារុន
ជំនួយការអង្គការអភិវឌ្ឍន៍កុមារ និងជនពិការកម្ពុជា (CCHDO) បាននិយាយនៅក្នុងរបាយការណ៍ខាងលើដែរថា
កុមារធ្វើការហួសកម្លាំងនៅតំបន់ប៉ោយប៉ែតភាគច្រើនមានអាយុពី១៤ទៅ១៨ឆ្នាំ
ហើយកុមារីមានច្រើនជាងកុមារា ។ ដើម្បីកាត់បន្ថយការងារធ្ងន់ធ្ងរនេះ
គឺយើងត្រូវដកហូតពួកគេពីការងារទាំងនោះហើយផ្ដល់ឲ្យគេនូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងការអប់រំក្រៅប្រព័ន្ធ ។ ក្រោយពេលទទួលបានជំនាញវិជ្ជាជីវៈ
និងដើមទុនខ្លះពីអង្គការ
កុមារទាំងនោះមិនវិលត្រឡប់ទៅរកការងារធ្ងន់ធ្ងរវិញទេ ។
ពួកគេមានលទ្ធភាពយកជំនាញ និងដើមទុនទាំងនោះ
ទៅប្រកបមុខរបរបានប្រសើរជាងមុន ។
ចំណែកលោកអ៊ិន ថេរ
ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំយុវជន និងកីឡា
ក៏បាននិយាយនៅក្នុងរបាយការណ៍ «ពលកម្មកុមារ និងការអប់រំ» ផងដែរថា
អប់រំក្រៅប្រព័ន្ធ
ជាប្រព័ន្ធអប់រំមួយទទួលអ្នកដែលគ្មានលទ្ធភាពរៀននៅក្នុងប្រព័ន្ធ
ដែលសាលារៀនក្នុងប្រព័ន្ធទៅមិនដល់ ឬក៏កំព្រីកំព្រាឥតម៉ែឪ គ្មានទីពឹង
ឬកុមារក្រីក្រធ្វើពលកម្ម ។
កុមារក្រីក្រប្រកបរបររកទទួលទាននៅពេលថ្ងៃ អាចទៅរៀននៅពេលយប់បាន ។
លោកបានបន្ថែមថា
ការអប់រំក្រៅប្រព័ន្ធនេះ
ត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់ជំនាញទៅតម្រូវការទីផ្សារពលកម្ម
និងមានប្រាក់ឥណទានជាដើមទុន
ទើបអាចរួមចំណែកដកហូតកុមារចេញផុតពីពលកម្ម
និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបាន ។
តាមរយៈអង្គការ CCHDO មានកុមារនៅច្រកអន្តរជាតិប៉ោយប៉ែតជាច្រើននាក់
បានផ្លាស់ប្ដូរពីមុខរបរលក់កម្លាំងពលកម្មមកប្រកបមុខរបរបានល្អប្រសើរជាងមុន
ដែលក្នុងនោះក៏មានកុមារីរឹត សោភ័ណ អាយុ១៧ឆ្នាំ ផងដែរ ។
ពីមុននាងធ្លាប់ប្រកបរបរជាអ្នកអូសរទេះដឹកអ្នកដំណើរ
និងទូលអីវ៉ាន់ឲ្យថៅកែពីផ្សារខ្មែរទៅប្រទេសថៃតាមច្រកព្រំដែនប៉ោយប៉ែត
។ ក្នុងមួយថ្ងៃនាងត្រូវអូសរទេះត្រឡប់ទៅត្រឡប់មកពី៦ទៅ៧ជើង
ហើយទទួលបានប្រាក់ពី៤០ ទៅ៥០បាត អាស្រ័យទៅតាមបរិមាណអីវ៉ាន់តិច
ឬច្រើន ។ នាងត្រូវស្ពាយអីវ៉ាន់រត់គេចពន្ធ
ហើយម្ដងម្កាលត្រូវក្រឡាច់ជើងដួល គ្រេចកជើងក៏មានដែរ ។ ក្រោយពីបានរៀនដេរមួក
និងកាបូបអស់រយៈពេល៧ខែជាមួយអង្គការ CCHDO បានក៏បែរមកប្រកបរបរដេរមួក
និងកាបូបវិញ ។ មួយថ្ងៃនាងអាចរកប្រាក់ចំណូលបានពី៥០ ទៅ៦០បាត ។
មុខរបរក្រោយនេះ បានធ្វើឲ្យនាងសប្បាយចិត្តណាស់ ព្រោះនាងបាននៅធ្វើការក្នុងផ្ទះ
ជួបជុំឪពុកម្ដាយក្នុងម្លប់ត្រជាក់ប្រសើរជាងកាលពេលមុន
ដែលនាងត្រូវទូលអីវ៉ាន់ និងអូសរទេះក្រោមកម្ដៅថ្ងៃ ៕
កុមារកម្ពុជា អាយុក្រោម៥ឆ្នាំ
ចំនួន២០ភាគរយ បានស្លាប់ដោយសារ កង្វះអនាម័យ

ភ្នំពេញ ៖
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបាននិយាយថា
កុមារអាយុក្រោម៥ឆ្នាំចំនួន២០ភាគរយនៃចំនួនស្លាប់ប្រចាំឆ្នាំបណ្ដាលមកពីកង្វះអនាម័យ
ព្រោះក្នុងចំណោមប្រជាជនកម្ពុជាជាង១៤លាននាក់
មាន១០លាននាក់មិនមានបង្គន់អនាម័យប្រើប្រាស់ ។
ការបង្ហើបព័ត៌មានដ៏មានសារសំខាន់នេះ
ធ្វើឡើងដោយលោកយឹម ឆៃលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
ក្នុងសន្និសីទសារព័ត៌មានស្ដីពីអនាម័យជនបទ ដែលបានប្រារព្ធធ្វើនៅវិមានរដ្ឋាភិបាលកាលពីសប្ដាហ៍មុននេះ
។
លោករដ្ឋលេខាធិការបានបន្តថា
កម្ពុជាមានកម្រិតអនាម័យតាមទីជនបទទាបបំផុតបើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់
គឺឆ្នាំ១៩៩៨មានកម្រិតអនាម័យត្រឹម៩ភាគរយ
ហើយកើនដល់១៦ភាគរយនៅឆ្នាំ២០០៦កន្លងមកនេះ ។
លោកបន្តដោយគូសបញ្ជាក់ថា «ការយល់ដឹងនិងទទួលស្គាល់ពីសារសំខាន់អនាម័យរបស់ប្រជាជនតាមជនបទមានកម្រិតទាបណាស់»
។
លោកយឹម ឆៃលី
បានបន្តថាតាមការស្រាវជ្រាវមួយបានបង្ហាញថាបើយើងវិនិយោគប្រាក់ចំនួន១ដុល្លារទៅលើការលើកកម្ពស់អនាម័យ
យើងនឹងទទួលផលមកវិញបាន២៣ដុល្លារ ។
ប៉ុន្តែបើមិនមានការធ្វើអនាម័យតាមរយៈការសាងសង់បង្គន់អនាម័យតាមទីជនបទ
យើនឹងខាតបង់សេដ្ឋកិច្ចនិងពេលវេលា ដូច្នេះហើយទើបនៅឆ្នាំ២០១៥
ក្រសួងអភិវឌ្ឍន៍ជនបទប្ដេជ្ញាចិត្តធ្វើឲ្យប្រជាជននៅតាមទីជនបទ៥០ភាគរយមានទឹកស្អាតប្រើប្រាស់
។
លោកបាននិយាយទៀតថាអនាម័យទឹកស្អាតដើរលឿនជាងការធ្វើបង្គន់
ដូចនេះទាមទារឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការងារនេះ
។ ដូច្នេះទើបក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន៤
ដើម្បីធ្វើការងារនេះឲ្យមានប្រសិទ្ធិភាព ។
យុទ្ធសាស្ត្រទាំងនោះរួមមានទី១
រៀបចំយុទ្ធនាការថ្នាក់ជាតិស្ដីពីអនាម័យតាមជនបទ
ដើម្បីផ្សព្វផ្សាយឲ្យប្រជាជនទូទៅបានយល់ដឹងទូលំទូលាយពីអនាម័យជនបទ ទី២
ជ្រើសរើសនិងផ្សព្វផ្សាយពីតម្លៃបង្គន់អនាម័យដែលមានតម្លៃសមស្របអាចឲ្យប្រជាជនទទួលយកបាន
ទី៣ បំផុសឲ្យមានការសាងសង់បង្គន់អនាម័យ
និងអប់រំប្រជាជនកុំឲ្យមានការបន្ទោរបង់ក្រៅបង្គន់និង ទី៤
សម្របសម្រួលជាមួយអង្គការដែលធ្វើការងារនេះដើម្បីសហការគ្នាក្នុងការជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់១០០ភាគរយ
។
លោកយឹម ឆៃលី បានបន្តឲ្យដឹងទៀតថា
បច្ចុប្បន្ននេះមានអង្គការខ្លះធ្វើបង្គន់ឲ្យប្រជាជនចូលរួមចំណាយប្រាក់៥០ភាគរយ
កន្លែងខ្លះ៧០ភាគរយ និងកន្លែងខ្លះ១០០ភាគរយ ដូច្នេះត្រូវមានការចូលរួមពីគណៈកម្មការអភិវឌ្ឍន៍ភូមិ
ដើម្បីធ្វើការងារនេះឲ្យមានតុល្យភាព
គឺបើជួយប្រាក់រួមចំណែកធ្វើបង្គន់អនាម័យដល់ប្រជាជន៥០ភាគរយ
គឺ៥០ភាគរយទូទាំងប្រទេសស្មើភាពគ្នា ។
លោកស្រី អ៊ីហ្សាបែល អូស្ទីន (ISABBELLE AUSTIN) នាយករងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា
នៅកម្ពុជាមួយឆ្នាំ ត្រូវការសាងសង់បង្គន់អនាម័យចំនួន៥០ម៉ឺនបង្គន់
ដូច្នេះដៃគូអភិវឌ្ឍន៍មិនត្រឹមតែជួយលើផ្នែកថវិកាទេ
គឺជួយលើការងារទំនាក់ទំនង ដើម្បីឲ្យការអនុវត្តន៍ការសាងសង់និងការប្រើប្រាស់បង្គន់អនាម័យបានល្អប្រសើរ
។
លោកស្រីបន្តថា
ប៉ុន្តែដើម្បីអនុវត្តការងារនេះត្រូវតែតម្រូវលើទីផ្សារផងដែរ
ថាតើមានលក់សម្ភារៈសម្រាប់សង់បង្គន់អនាម័យបានក្នុងតម្លៃទាប
ដែលប្រជាជនអាចទិញយកទៅប្រើប្រាស់បានដែរឬអត់ ។
លោកស្រីបានបន្តដោយផ្ដល់អនុសាសន៍ថា «យើងគួរធ្វើបង្គន់តាមលក្ខណៈជាកាំជណ្ដើរ
គឺធ្វើបង្គន់ជាលក្ខណៈធម្មតាអាចប្រើប្រាស់បាននិងឈានទៅទំនើបដូចបង្គន់អនាម័យនៅទីក្រុង
បើជីវភាពប្រជាជនបានល្អប្រសើរហើយ» ។
លោកស្រីអ៊ីហ្សាបែល អូស្ទីន
បានបន្តដោយសង្កត់ធ្ងន់ថា «មិនមានអនាម័យបានប៉ះពាល់ដល់ការរស់មានជីវិត
និងសុខភាព ពិសេសកុមារបើពួកគេមិនឈឺ ក៏គ្រោះថ្នាក់ដល់សុខភាពផងដែរ
ហើយកុមារនឹងមានការលូតលាស់មិនបានល្អ បើពួកគេរស់ក្នុងគ្រួសារកង្វះអនាម័យ»
។

លោកស្រីបានបន្តដោយគូសបញ្ជាក់ទៀតថា
ពីមុនមានការគិតថា ការធ្វើអនាម័យជារឿងកំប៉ិកកំប៉ុក
ប៉ុន្តែធាតុពិតបញ្ហាអនាម័យជារឿងធំ
វាប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែបើយើងមានកម្រិតអនាម័យខ្ពស់
វាធ្វើឲ្យចំណេញសេដ្ឋកិច្ច
ព្រោះយើងមិនចំណាយលុយព្យាបាលជំងឺដែលបណ្ដាលមកពីបញ្ហាកង្វះអនាម័យ។
កុមារអាស៊ីត្រូវពួកឧក្រិដ្ឋជនចាប់លក់
ឲ្យធ្វើជាទាសករនៅក្នុង ចក្រភពអង់គ្លេស

ថ្ងៃដំបូងនៃយុទ្ធនាការ ECPAT ប៉ូលិសអង់គ្លេសរកឃើញសំបុកឧក្រិដ្ឋកម្មមួយចំនួននៅជាយក្រុងឡុង
ដែលទិញកុមារពីអាស៊ីយកមកប្រើជាទាសករ ឲ្យដាំ
និងមើលថែចម្ការកញ្ឆាលួចលាក់របស់ពួកវា ។
ចម្ការកញ្ឆាទាំងនោះឋិតនៅតាមតំបន់មានដើមឈើបិទបាំងខាងក្រៅ
ឬនៅតាមបន្ទប់ក្រោមដីរបស់ផ្ទះដែលមានទីធ្លាធំ ។
កុមារអាស៊ីត្រូវបង្ខាំងដូចគោក្របី សម្រាប់ប្រើប្រាស់ឲ្យធ្វើការ ។
ពួកវាបង្ខាំងជនរងគ្រោះនៅតាមកន្លែងងងឹតៗហាមដើរចេញក្រៅ
ឲ្យស៊ីចុកមិនគ្រប់គ្រាន់ ហើយទាត់ធាក់ ស្រេចតែចិត្ត ។
កុមារមួយចំនួនធ្លាក់ខ្លួនឈឺ មួយចំនួនឡប់សតិទៅជាស្រឡឺកឺ
មានទឹកមុខស្លេកស្លាំងពោរពេញដោយភាពតក់ស្លុត ។

លោកគ្រិស្ទីន បេដដូ
អ្នកដឹកនាំយុទ្ធនាការ ECPAT ប្រាប់អ្នកយកព័ត៌មានកាសែត
Independent នៅទីក្រុងឡុង កាលពីថ្ងៃទី២៣ កញ្ញា
២០០៧ថា "មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថា
កុមារអាស៊ីត្រូវពួកឧក្រិដ្ឋជនលួចចាប់ខ្លួនក៏មាន ទិញថោកៗក៏មាន
ហើយដឹកមកលក់ឲ្យពួកឧក្រិដ្ឋជនដាំកញ្ឆាលួចលាក់ក្នុងប្រទេសអង់គ្លេស ។
កុមារទាំងនោះត្រូវប្រើឲ្យធ្វើការដូចសត្វធាតុដោយអត់បានទទួលកម្រៃសូម្បីមួយសេន"
។
មុនពេលបើកយុទ្ធនាការ ECPAT ប៉ូលិសទីក្រុងឡុង និងទីក្រុងធំៗផ្សេងទៀតក្នុងប្រទេសអង់គ្លេសបានរកឃើញជាញឹកញាប់នូវករណីកុមារអាស៊ី ត្រូវពួកឧក្រិដ្ឋជនទិញ លក់ ដូចទិញលក់ទាសករពិតៗ ។
មុនពេលបើកយុទ្ធនាការ ECPAT ប៉ូលិសទីក្រុងឡុង និងទីក្រុងធំៗផ្សេងទៀតក្នុងប្រទេសអង់គ្លេសបានរកឃើញជាញឹកញាប់នូវករណីកុមារអាស៊ី ត្រូវពួកឧក្រិដ្ឋជនទិញ លក់ ដូចទិញលក់ទាសករពិតៗ ។
លោកភីថឺ ស្ដេនលី
មន្ត្រីមួយរូបដែលចូលរួមក្នុងយុទ្ធនាការ ECPAT
ដែរនោះ បានឲ្យដឹងថា ពួកឧក្រិដ្ឋជននៅអង់គ្លេស ''កុម្ម៉ង់ទំនិញ'' ទៅពួកឧក្រិដ្ឋជននៅអាស៊ីអាគ្នេយ៍ក្នុងនោះមានវៀតណាមផង
។ ពួកឧក្រិដ្ឋជនអាស៊ីច្រើនលួចចាប់កុមារអភ័ព្វស្ងាត់ៗពិសេសក្មេងប្រុស
ដើម្បីបញ្ជូនមកលក់ឲ្យធ្វើទាសករតាមចម្ការកញ្ឆាលួចលាក់ ។
កាសែត Independent លើកឡើងថា ផ្ទះធំណាមួយនោះដែលមានដីទូលាយប្រហែលប៉ុន្មានរយម៉ែត្រក្រឡា បើគេប្រែក្លាយជាចម្ការកញ្ឆា ''ដាំកញ្ឆាក្នុងផើងឈើ ដាក់តាមបន្ទប់ងងឹត...'' នោះក្នុង១ឆ្នាំអាចរកប្រាក់បាន៣០០.០០០ផោនយ៉ាងតិច ។
កាសែត Independent លើកឡើងថា ផ្ទះធំណាមួយនោះដែលមានដីទូលាយប្រហែលប៉ុន្មានរយម៉ែត្រក្រឡា បើគេប្រែក្លាយជាចម្ការកញ្ឆា ''ដាំកញ្ឆាក្នុងផើងឈើ ដាក់តាមបន្ទប់ងងឹត...'' នោះក្នុង១ឆ្នាំអាចរកប្រាក់បាន៣០០.០០០ផោនយ៉ាងតិច ។
មុននេះ (មុនយុទ្ធនាការ ECPAT) ប្រការដែលប៉ូលិសអង់គ្លេស
និងអង្គការសង្គមខ្វាយខ្វល់បំផុតនោះ
គឺរាល់ពេលជួបកុមារអាស៊ីណាម្នាក់គួរឲ្យសង្ស័យ
ស្អែកឡើងកុមារនោះបាត់ខ្លួនឈឹងតែម្ដង ។ ពិតជាគួរឲ្យតក់ស្លុតមែន !
នាយករដ្ឋមន្ត្រីអង់គ្លេសហ្គ័រដុន ប្រោន បានទទួលរបាយការណ៍រឿងនេះហើយ ។
គាត់ចង់ឲ្យរឿងអាក្រក់នេះត្រូវបានបញ្ចប់ឆាប់ៗ ។
នាយប៉ូលិសមួយរូបដែលចូលរួមក្នុងយុទ្ធនាការ
ECPAT និយាយថា
ចម្ការកញ្ឆាលួចលាក់ជាកន្លែងផលិតលុយកាក់ឲ្យពួកឧក្រិដ្ឋជន ។
បំផ្លាញចម្ការកញ្ឆាទាំងនោះ មានន័យថា
បានរំដោះកុមារអាស៊ីដែលកំពុងក្លាយជាទាសករផង
បានសំពងមូលដ្ឋានសេដ្ឋកិច្ចហិរញ្ញវត្ថុ របស់ពួកឧក្រិដ្ឋជនផង ។
ការងារនេះទាមទារកម្លាំងជាច្រើនចូលរួម និងអនុវត្តយ៉ាងប្ដូរផ្ដាច់បំផុត
៕
កុមាររស់នៅលើគំនរសំរាមនៅភូមិអណ្ដូងចេញ
នឹងទទួលបានការជួយឧបត្ថម្ភឲ្យរៀនសូត្រ

លោកសំ ផល្លា
អ្នកគ្រប់គ្រងគម្រោងអង្គការកែច្នៃសំរាម
និងការសិក្សានៅកម្ពុជាហៅកាត់ថា (Com
ped) បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា
នៅវាលចាក់សំរាមថា អង្គការកំពុងស្រង់ស្ថិតិក្មេងមួយចំនួនធំដែលរស់នៅលើគំនរសំរាមចាប់ពីអាយុ៥
ដល់ ១០ឆ្នាំ ឬ១៥ឆ្នាំ ដែលជួបការលំបាកខ្វះខាតជីវភាព
ឪពុកម្ដាយក្រីក្រ
ហើយមករស់នៅលើគំនរសំរាមដោយរើសយកសំរាមដែលលក់បានឲ្យអ្នកប្រមូលទិញអេតចាយយកលុយផ្គត់ផ្គង់ជីវភាព
ហើយបោះបង់ការរៀនសូត្រ ដើម្បីស្វែងរកសប្បុរសជន
និងឪពុកម្ដាយធម៌ជាជនជាតិអាល្លឺម៉ង់មកជួយឧបត្ថម្ភជាប្រយោល
និងជាអចិន្ត្រៃយ៍ដល់ពួកគេ ។ លោកសំ ផល្លា បានបញ្ជាក់បន្ថែមទៀតថា
ក្មេងៗដែលចាត់ចូលជាក្មេងជួបការលំបាកគឺមានច្រើនយ៉ាង គឺក្មេងពិការ ក្មេងក្រីក្រ
ក្មេងគ្មានទីពឹង ក្មេងមានអាយុច្រើនបោះបង់ការសិក្សា ហើយចង់រៀនបន្ត
។ល។
លោកសំ ផល្លា
បានបន្តទៀតថាអំណោយឧបត្ថម្ភឪពុកម្ដាយធម៌ជនជាតិអាល្លឺម៉ង់
គេតែងតែផ្ញើជាប្រាក់ ជាសម្ភារៈមកឲ្យកូនធម៌គេនៅប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា
ក្មេងៗរស់នៅលើគំនរសំរាមជាកូនរបស់ប្រជាពលរដ្ឋក្រីក្ររស់នៅ
ភូមិអណ្ដូងចេញ ឃុំអូរចារ ស្រុកបាត់ដំបងនេះ ដោយសារជីវភាពក្រីក្រ
ពួកគេមួយចំនួន ឪពុកម្ដាយមិនបញ្ជូនទៅសាលារៀនទេ
នៅពេលពួកគេមានអាយុគ្រប់ចូលរៀន និងមួយចំនួនទៀតបានចុះឈ្មោះចូលរៀនដែរ
តែត្រូវបានបោះបង់ការសិក្សាទៅវិញ
ក្រោយពេលពួកគេដំណើរការសិក្សាបានមួយរយៈពេលរួចមកហើយ ។
លោកសំ ផល្លាបានបន្តថា
ការជួយឧបត្ថម្ភរបស់ឪពុកម្ដាយធម៌ពីប្រទេសអាល្លឺម៉ង់
គឺចង់ជំរុញឲ្យក្មេងណាដែលចង់រៀនរហូតបានចប់ថ្នាក់ទី១២
ហើយចង់បន្តទៀត បើសិនជាឪពុកម្ដាយធម៌នោះមានលទ្ធភាពនឹងជួយបាន ៕
តាមឪពុកម្ដាយទៅនេសាទត្រី
ពុំអាចបន្តរៀនសូត្របាន
រនាមបឹងទន្លេសាប ៖ ពួកគេពុំមែនជាកុមារតែពីរនាក់គត់
នៃគ្រួសារតែមួយគត់ទេ ដែលក្រីក្រ
និងរស់នៅបណ្ដោះអាសន្ននៅតំបន់ទំនាបរនាមបឹងទន្លេសាបដោយប្រកបរបរនេសាទត្រីដើម្បីជីវភាព
តែធ្វើឲ្យកូនៗបាត់បង់ឱកាសរៀនសូត្រចំណេះវិជ្ជា ។
យុវតីកាន ដែន មានអាយុ២៤ឆ្នាំហើយ
នាងបានបាត់បង់ឱកាសរៀនសូត្រតាំងពី៦ឆ្នាំមកម្ល៉េះ ។
ឥឡូវនេះប្អូនប្រុសនាងកាន គល់ អាយុ១២ឆ្នាំ
បានជួបវាសនាអាក្រក់បែបនេះទៀត ។
យុវតីធ្លាប់រៀនដល់ថ្នាក់ទី៧ក៏បង្ខំបញ្ឈប់ការរៀនសូត្រ
ឯប្អូនប្រុសនាងនេះលែងបានរៀនសូត្របន្តតាំងពីថ្នាក់ទី៦ ។
ពូខ្លូត អាយុ៥៧ឆ្នាំ ជាឪពុកមានទីលំនៅឃុំលលកស
ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ហើយបានផ្លាស់លំនៅទៅភូមិខ្សោយ
ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពី៧ឆ្នាំមុន
ដោយចាប់យករបរនេសាទត្រីជាលក្ខណៈគ្រួសារនៅតាមរដូវ ។ គាត់ និងប្រពន្ធ
ព្រមទាំងកូនៗត្រូវផ្លាស់ប្ដូរទីលំនៅបណ្ដោះអាសន្នជាញឹកញាប់នៅតំបន់ទំនាប
និងរនាមបឹងទន្លេសាប ។
ដោយសារជីវភាពពីការនេសាទជាលក្ខណៈគ្រួសារនេះ
និងការផ្លាស់ប្ដូរលំនៅស្នាក់បណ្ដោះអាសន្នជាញឹកញាប់
ធ្វើឲ្យកូនៗនៃគ្រួសារនេះពុំអាចរៀនសូត្របន្តបានទេ ។
ពូខ្លូត កាននិយាយថា «ខ្ញុំមានកំហុសចំពោះកូនៗដែលពុំមានលទ្ធភាពឲ្យពួកគេរៀនសូត្រចប់ចុងចប់ដើម ។ គឺភាពក្រីក្របង្ខំឲ្យគ្រួសារខ្ញុំខុសបែបនេះ» ។
ពូខ្លូត កាននិយាយថា «ខ្ញុំមានកំហុសចំពោះកូនៗដែលពុំមានលទ្ធភាពឲ្យពួកគេរៀនសូត្រចប់ចុងចប់ដើម ។ គឺភាពក្រីក្របង្ខំឲ្យគ្រួសារខ្ញុំខុសបែបនេះ» ។
បុរសមេគ្រួសារនេះនិយាយបន្តថា «ប្រជានេសាទជាលក្ខណៈគ្រួសារនៅរនាមបឹងទន្លេដែលមានជីវភាពក្រីក្រភាគច្រើនរាប់រយគ្រួសារ
ក៏គ្មានលទ្ធភាពឲ្យកូនចៅរៀនសូត្រដែរព្រោះទីតាំងលំនៅបណ្ដោះអាសន្ននៅរនាម
ឬទំនាបនោះឆ្ងាយពីសាលា ។ នៅរដូវវស្សាពិបាកធ្វើដំណើរ
នៅរដូវប្រាំងកាន់តែឆ្ងាយពីភូមិអត់ទឹកលិចព្រោះគ្រួសារត្រូវរំកិលចូលទៅកៀកបឹងទន្លេសាបដែលជាហេតុនាំឲ្យចម្ងាយផ្លូវមកសាលារៀនសម្រាប់កូនចៅកាន់តែឆ្ងាយ
។
កន្លងមករាជរដ្ឋាភិបាលក្រសួងអប់រំ
និងដៃគូម្ចាស់ជំនួយអន្តរជាតិឬសប្បុរសជនធ្លាប់ជួយកសាងសាលារៀន
មណ្ឌលសុខភាព...ដល់ប្រជាពលរដ្ឋនៅតំបន់ទំនាបលិចទឹក និងតំបន់រនាម
តំបន់បឹងទន្លេសាប តែនៅទីប្រជុំជន «ទីប្រមូលផ្ដុំផ្ទះទឹករបស់ពលរដ្ឋ» ប៉ុណ្ណោះ
។ ឯតំបន់មានពលរដ្ឋ
និងស្នាក់នៅបណ្ដោះអាសន្នគេពុំអាចសង់សាលារៀនឲ្យបានទេ ៕
ដកហូតកុមារ១៦០០០នាក់ចេញពីការងារប្រកបដោយគ្រោះថ្នាក់ដើម្បីឲ្យកុមារបានទៅរៀនសូត្រ

លោករដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៦
លើកទី៣ កាលពីព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០០៧
នៅនាយកដ្ឋានពេទ្យការងារក្រោមប្រធានបទដើម្បីពង្រឹងវិសាលភាពនិងប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់ស្ដីពីការងារនិងប្រការទាំង៦
ស្ដីពីពលកម្មកុមារក្នុងវិស័យចម្ការ ស្រែអំបិល ឡឥដ្ឋ
រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នេសាទសមុទ្រ និងការងារស្រាល
ដែលអនុញ្ញាតឲ្យកុមារអាចធ្វើការពីអាយុ១២ដល់១៥ឆ្នាំ ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា
ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ទោលើកត្តាសំខាន់ៗរួមមាន ៖ ទី១
ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ
និងកាត់បន្ថយពលកម្មកុមារនៅកម្ពុជា
តាមរយៈការដកហូតកុមារពីការងារប្រកបដោយគ្រោះថ្នាក់
ផ្ដល់ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងធ្វើសមាហរណកម្មកុមារទៅក្នុងសង្គមជាតិ ។ ទី២
កិច្ចសហការជាមួយសង្គមស៊ីវិល
និងការប្រយុទ្ធប្រឆាំងការជួញដូរកុមារនិងស្ត្រី ។ លោករដ្ឋមន្ត្រីបន្តថា
ចាប់ពីពេលអនុវត្តគម្រោងកម្មវិធីដែលឧបត្ថម្ភដោយក្រសួងការងារអាមេរិកតាមរយៈអង្គការអន្តរជាតិខាងការងារសម្រាប់គាំទ្រផែនការសកម្មភាពជាតិ
ក្រសួងបានសម្រេចដកហូតកុមារពីការងារប្រកបដោយគ្រោះថ្នាក់ចំនួន៤២៧៥នាក់រវាងឆ្នាំ២០០១ដល់ឆ្នាំ២០០៤នៅលើវិស័យបីគឺ
នេសាទ ផលិតកម្មអំបិល និងចម្ការកៅស៊ូ ។
នៅក្នុងកិច្ចប្រជុំនេះដែរ
ក៏មានរបៀបវារៈស្ដីពីការផ្លាស់ប្ដូរសមាជិកភាពពីលោកលី គាំ
អតីតប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជាទៅលោកអ៊ុន
តារា វិញ ដោយមូលហេតុចូលទៅបម្រើនយោបាយនៅគណបក្សសិទ្ធិមនុស្ស ៕
អង្គការក្រៅរដ្ឋាភិបាល
សហការក្នុងការកាត់បន្ថយគ្រោះថ្នាក់ពលកម្មកុមារ
រាជធានីភ្នំពេញ ៖ អង្គការទស្សនៈពិភពលោក
និងអង្គការលីកាដូ បានធ្វើការប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៧ សីហា
ឱ្យដឹងពីការធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងមួយ
នៅបរិវេណសួនច្បារផ្សារចាស់ជិតមាត់ទន្លេ ចាប់ពីម៉ោង៣និង៣០នាទីរសៀល
ដល់ម៉ោង៧និង៣០នាទីយប់ នាថ្ងៃទី១៨ ខែសីហា
ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃគ្រោះថ្នាក់ពលកម្មកុមារនៅកម្ពុជា។
យុទ្ធនាការនេះ មានគោលបំណងជំរាបជូន និងផ្សព្វផ្សាយដល់សាធារណជន
ជាពិសេសដល់និយោជក មាតាបិតា និងកុមារឱ្យបានជ្រាបអំពីផលប៉ះពាល់អាក្រក់ដោយសារការងារ
ដែលអាចមានគ្រោះថ្នាក់ដល់សុខភាព និងសុខុមាលភាពរបស់កុមារ។
គ្រោះថ្នាក់ពលកម្មកុមារនៅតែជាបញ្ហារួមដ៏ចម្បងដដែលនៅកម្ពុជា
បើទោះបីជាមានការរីកចំរើនខ្លះៗក្ដី
ចាប់តាំងពីប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញា ILO លេខ១៨២
ស្ដីពីទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ កាលពីខែតុលា ឆ្នាំ២០០៥។
នៅឆ្នាំ២០០៦ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានប៉ាន់ប្រមាណថា កុមារចំនួន១,៥លាននាក់ អាយុចន្លោះពី៧ទៅ១៧ឆ្នាំ
មានជាប់ពាក់ព័ន្ធក្នុងទំរង់ពលកម្មកុមារ។
ដោយសារឱកាសមានតិចតួចពេក គ្រួសារជាច្រើនបានបញ្ជូនកូនតូចៗរបស់ខ្លួន
ទៅធ្វើការដើម្បីអាចមានអាហារទទួលទាន។ ភាគច្រើននៃកុមារទាំងនោះ
មានជាប់ពាក់ព័ន្ធក្នុង
ឬត្រូវគេបង្ខំឱ្យស្ថិតក្នុងស្ថានភាពពលកម្មធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់
និងក្នុងលក្ខខណ្ឌមានការកេងប្រវ័ញ្ចពលកម្ម ដូចជាការងារបំរើតាមផ្ទះ
សិប្បកម្មផលិតឥដ្ឋ អាជីវកម្មផ្លូវភេទនៅតាមកន្លែងកំសាន្តនានា
ឧស្សាហកម្មផលិតត្រី ការងារវាយបំបែកថ្ម ចំការកៅស៊ូ
និងជញ្ជូនអីវ៉ាន់នៅតាមព្រំដែនខ្មែរ-ថៃជាដើម។
ដើម្បីបន្ថែមលើការខិតខំរបស់រាជរដ្ឋាភិបាល
អង្គការទស្សនៈពិភពលោក និងអង្គការលីកាដូ នឹងធ្វើយុទ្ធនាការនេះ
ដើម្បីលើកកំពស់ការយល់ដឹង។
យុទ្ធនាការនេះនឹងចាប់ផ្ដើមដោយធ្វើជាព្រឹត្តិការណ៍មួយដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនដែលពាក់ព័ន្ធ
កុមារធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ម្ចាស់សិប្បកម្មផលិតឥដ្ឋ
និងមាតាបិតារបស់កុមារពលកម្ម។ ក្រៅពីការសំដែងរបស់ក្រុមកំប្លែង
ការប្រគំតន្ត្រី និងសកម្មភាពផ្សេងៗនោះ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមានពាក់អាវយឺត
និងអ្នកទស្សនាដោយទទួលបានប៉េងប៉ោង ប័ណ្ណផ្នត់
ផ្ទាំងរូបភាពដែលមានភ្ជាប់ខ្លឹមសារលើកកំពស់
និងគាំទ្រចំពោះការផ្លាស់ប្ដូរ ការប្រព្រឹត្តរបស់សង្គម របស់សហគមន៍
និងរបស់បុគ្គលម្នាក់ៗ ឆ្ពោះទៅរកការទប់ស្កាត់ទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។
ខ្លឹមសារទាំងនេះមានដូចជា "ខ្ញុំការពារកុមារ ចុះអ្នកវិញ?" "និយោជកត្រូវផ្ដល់ឱកាសឱ្យកុមារធ្វើពលកម្មបានទទួលការសិក្សា"
"មាតាបិតា និងអាណាព្យាបាលត្រូវតែធ្វើឱ្យប្រាកដថា
កុមារធ្វើពលកម្ម ពិតជាបានទទួលការសិក្សា"
"និយោជកត្រូវតែធ្វើឱ្យមានបរិយាកាសសុវត្ថិភាពសំរាប់កុមារធ្វើពលកម្ម"
និង "និយោជក មាតាបិតា និងអាណាព្យាបាល ត្រូវតែធ្វើឱ្យប្រាកដថា
កុមារធ្វើពលកម្ម ពិតជាទទួលបានការថែទាំសុខភាពល្អសមរម្យ"។
យោងតាមសុភាសិតខ្មែរមួយឃ្លាដ៏មានប្រជាប្រិយស្ដីពីកុមារបានលើកឡើងថា
"កុមារជាទំពាំងស្នងឫស្សី" ឡោ មុនីរិទ្ធិ
អ្នកគ្រប់គ្រងគំរោងផ្នែកប្រឆាំងទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមាររបស់អង្គការទស្សនៈពិភពលោកកម្ពុជា
បានស្នើសុំឱ្យគ្រប់ផ្នែកទាំងអស់របស់សង្គមធ្វើការរួមគ្នាឱ្យអស់ពីសមត្ថភាព
ដើម្បីទប់ស្កាត់កុមារពីការជាប់ពាក់ព័ន្ធក្នុងពលកម្មដែលអាចមានគ្រោះថ្នាក់។
ឡោ មុនីរិទ្ធិ មានប្រសាសន៍ថា "បើសិនជាលោកអ្នកឧបមាថា ទំពាំងស្អុយ
តើវាអាចក្លាយជាឫស្សីល្អឬទេ? កញ្ញាណាលីពីឡូក នាយិកាអង្គការលីកាដូបានមានប្រសាសន៍ថា
"កុមារមានសិទ្ធិទទួលបានការការពារពីការងារកេងប្រវ័ញ្ច
និងមានគ្រោះថ្នាក់
ហើយគ្រប់គ្នាក្នុងសង្គមត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។
ច្បាប់ការងារកម្ពុជាបានកំណត់អាយុអប្បបរមាដែលអាចធ្វើការងារបានគឺ
១៥ឆ្នាំ ប៉ុន្តែបានអនុញ្ញាតឱ្យកុមារដែលមានអាយុពី ១២ទៅ១៤ឆ្នាំ
អាចធ្វើការងារស្រាលៗ ដែលមិនមានគ្រោះថ្នាក់ដល់សុខភាព
ឬរំខានការសិក្សារបស់ពួកគេ។
ច្បាប់នេះបានកំណត់អាយុអប្បបរមាដែលអាចអនុញ្ញាតឱ្យធ្វើការសំរាប់ប្រភេទការងារដែលអាចមានគ្រោះថ្នាក់ដល់សុខភាព
សុវត្ថិភាព ឬសីលធម៌ គឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ទោះជាយ៉ាងនេះក្ដី
ការដាក់ទណ្ឌកម្មពីបទរំលោភច្បាប់ការងារនៅមានកំរិតស្រាល
មិនទាន់សមល្មមនៅឡើយ
ពោលគឺតម្លៃពិន័យស្មើនឹងកម្រៃនៃការងារប្រចាំថ្ងៃចំនួនពី៣១ទៅ៦០ថ្ងៃប៉ុណ្ណោះ៕
ការរំលោភ និងការកេញប្រវ័ញ្ច
ទៅលើកុមារបម្រើតាមផ្ទះនៅភ្នំពេញ
ភ្នំពេញ ៖ អង្គការពលកម្មអន្តរជាតិ(ILO) បានរកឃើញថា
កុមារបម្រើតាមផ្ទះបានទទួលរងនូវការរំលោភជាច្រើន ដូចជាការស្តីបន្ទោស
ការរំលោភដោយពាក្យសម្តី ការវាយ ទះ ការវាយធ្វើបាបជាដើម
ហើយស្ទើរតែមានកុមារ៣នាក់ ក្នុងចំណោមកុមារ៤នាក់
ដែលបម្រើការងារតាមផ្ទះនៅទីក្រុងភ្នំពេញ ពុំទទួលបានប្រាក់ខែនោះទេ ។
ការរកឃើញនេះ
ត្រូវបានអង្គការពលកម្មអន្តរជាតិបញ្ជាក់ឲ្យដឹងនៅក្នុងរបាយការណ៍និយាយពីពលកម្មកុមារបម្រើតាមផ្ទះ
នៅប្រទេសកម្ពុជា ។ អង្គការ ILO បានរៀបរាប់ឲ្យដឹងថា
ក្នុងការឆ្លើយតបមកវិញ
សម្រាប់ពលកម្មរបស់កុមារដែលបម្រើការងារតាមផ្ទះរបស់អ្នកដទៃនោះ
ពួកគេទទួលបាននូវការហូបចុក និងទីកន្លែងស្នាក់អាស្រ័យ
ប៉ុន្តែពួកគេក៏ទទួលបាននូវអ្វីផ្សេងៗដែលពួកគេមិនចង់បាន
ឬត្រូវការទៅវិញ ដូចជាកុមារ១១.៦៩៤នាក់បាននិយាយថា
ពួកគេតែងត្រូវបានស្តីបន្ទោស កុមារ៦៧៤នាក់និយាយថា
ពួកគេត្រូវបានរំលោភយ៉ាងឃោរឃៅ ឬពាក្យប្រមាថមើលងាយ មើលថោក កុមារ១.៩៧០នាក់និយាយថា
ពួកគេត្រូវវាយទះដោយដៃ និងកុមារ៤៧០នាក់រាយការណ៍ថា
ត្រូវបានវាយធ្វើបាបដោយវត្ថុផ្សេងៗ ។
អង្គការ ILO
បានបន្ថែមថា ការធ្វើអង្កេតនៅក្នុងទីក្រុងភ្នំពេញ
មិនមានកុមារណាមួយត្រូវបានរាយការណ៍ថា ត្រូវបានរំលោភផ្លូវភេទដោយម្ចាស់ផ្ទះ
ឬក្រុមគ្រួសាររបស់គាត់នោះទេ
ប៉ុន្តែនេះជាកត្តាមួយដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជានិច្ច
មិនត្រឹមតែកុមារដែលត្រូវបានលាក់ខ្លួនទាំងនោះទេ
ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៃការរំលោភគ្រប់បែបយ៉ាងនោះ
សូម្បីតែកុមារដែលមានទំនាក់ទំនងផ្សេងៗ
ក៏អាចនឹងមិនហ៊ាននិយាយនូវរាល់បញ្ហាផ្លូវភេទណាមួយដែលបានកើតឡើងទៅលើពួកគេនោះឡើយ
។
អង្គការពលកម្មអន្តរជាតិបានឲ្យដឹងទៀតថា
យើងពុំមានមធ្យោបាយណាមួយដែលអាចដឹងនូវធាតុពិតនៃជីវិតរស់នៅប្រចាំថ្ងៃរបស់កុមារទាំងនោះឡើយ
... ពីព្រោះ <<ទីកន្លែងធ្វើការ>>
របស់កុមារបម្រើការងារតាមផ្ទះ គឺជាផ្ទះឯកជន
ហើយមិនមែនជាប្រធានបទមួយសាមញ្ញទៅនឹងស្តង់ដារពលកម្ម ដើម្បីធ្វើការត្រួតពិនិត្យ
ឬច្បាប់នានាដែលការពារអ្នកបម្រើការងារតាមផ្ទះនោះទេ ។
អ្វីដែលយើងបានយល់ដឹងពីប្រទេសផ្សេងៗជាច្រើនទៀត
គឺថាឪពុកម្តាយជាច្រើនតែងតែបញ្ជូនកុមារឲ្យទៅបម្រើការងារតាមផ្ទះ
ពីព្រោះពួកគេគិតថា កូនរបស់គេនឹងត្រូវបានការពារដោយក្រុមគ្រួសារម្ចាស់ផ្ទះ
ទោះបីជាមិនមែនគ្រួសារផ្ទាល់របស់ពួកគេក៏ដោយ ។
ប៉ុន្តែយើងក៏បានដឹងដែរថា មិនមែនម្ចាស់ផ្ទះទាំងអស់
សុទ្ធតែមើលខុសត្រូវលើកុមារ ចាត់ដូចជាសមាជិកគ្រួសារគេនោះទេ
តែផ្ទុយទៅវិញ បានមើលឃើញកុមារដូចជា<<របស់ប្រើប្រាស់>>
របស់ពួកគេទៅវិញ
ដែលត្រូវបានប្រើប្រាស់នៅពេលដែលគេយល់ឃើញថាចាំបាច់ ។
កត្តានេះអាចរួមមានទាំងការផ្តល់សេវាផ្លូវភេទផងដែរ ។
ជាមួយគ្នានេះផងដែរ ជួនកាលវាមិនមែនជាម្ចាស់ផ្ទះទេ ដែលជាអ្នករំលោភ
ប៉ុន្តែមានអ្នកណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះនោះ រួមមានដូចជាកូនធំៗ
ឬអ្នកមកលេងផ្ទះ ។
ជួនកាលសូម្បីតែអ្នកបម្រើការងារផ្សេងៗទៀតដែលនៅក្នុងផ្ទះ
ឧទាហរណ៍ដូចជាអ្នកបម្រើការងារដែលមានវ័យធំៗនៅតាមផ្ទះជាដើម ។ ជាថ្មីម្តងទៀត
វាគឺជាស្ថានភាពមើលងាយ មើលថោកដែលកុមារកំពុងជួបប្រទះ
លក្ខណៈអាថ៌កំបាំងនៃស្ថានភាពរបស់នាង
ធ្វើឲ្យនាងស្ថិតក្នុងភាពដ៏គ្រោះថ្នាក់បំផុតនៃការរំលោភផ្លូវភេទ ។
អង្គការខាងលើបាននិយាយថា
ស្ទើរតែមានកុមារ៣នាក់នៃចំណោមកុមារ៤នាក់
ដែលបម្រើការងារតាមផ្ទះនៅក្នុងទីក្រុងភ្នំពេញ
ពុំទទួលបានប្រាក់នោះទេ ។ អង្គការនេះបាននិយាយថា
ជាមួយនឹងអ្វីដែលកុមារបានបំពេញក្នុងភាពគ្រោះថ្នាក់ផ្សេងៗ
ដែលកុមារជួបប្រទះ ការលះបង់ផ្សេងៗដែលពួកគេបានធ្វើ និងការងារដែលលំបាកដែលពួកគេត្រូវតែធ្វើនោះ
តើមានអ្វីខ្លះដែលពួកគេទទួលបាននូវការតបស្នងមកវិញ ? ចម្លើយគឺថា
ស្ទើរតែមានកុមារ៣នាក់នៃចំណោមកុមារ៤នាក់
ដែលបម្រើការងារតាមផ្ទះនៅក្នុងទីក្រុងភ្នំពេញពុំទទួលបានប្រាក់ខែនោះទេ
។ នេះក៏ដោយសារតែកិច្ចសន្យាដែលថា
កុមារនឹងធ្វើការដើម្បីប្តូរសម្រាប់ម្ហូបអាហារ
និងការស្នាក់នៅតែប៉ុណ្ណោះ ។ ប៉ុន្តែកត្តានេះ
មិនមានយុត្តិធម៌ទៅលើកុមារទេ តែផ្ទុយទៅវិញ នេះគឺជាការកេងប្រវ័ញ្ច ។
កុមារមិនអាចទិញរបស់អ្វីៗដែលគេចង់បាននោះទេ
ហើយគេក៏មិនមានប្រាក់សន្សំសម្រាប់អនាគតផងដែរ ។
ដោយសារតែគេគ្មានលុយកាក់នេះហើយ
ដែលគេមិនអាចចេញពីផ្ទះរបស់ម្ចាស់ផ្ទះបាន
បើសិនជាគេចង់ទៅបម្រើការងារតាមផ្ទះផ្សេងទៀត
គេហាក់មានអារម្មណ៍ដូចជាប់អន្ទាក់ ហើយយល់ឃើញថា ពួកគេមិនមានជម្រើសអ្វី
ក្រៅតែពីការស្នាក់នៅជាមួយម្ចាស់ផ្ទះរបស់គេ
ទោះបីប្រសិនបើម្ចាស់ផ្ទះបានកេងប្រវ័ញនិងរំលោភលើពួកគេក៏ដោយ ។
<<នៅក្នុងមធ្យោបាយណាក៏ដោយ
អ្នកដែលទទួលផលប្រយោជន៍ពីពលកម្មបម្រើតាមផ្ទះនោះ គឺមិនមែនកុមារទេ
តែផ្ទុយទៅវិញ គឺម្ចាស់ផ្ទះ>>៕
No comments:
Post a Comment