Thursday, May 9, 2013

បុព្វភាគប្បដិបត្ដិ


បុព្វភាគប្បដិបត្ដិ

   បុរសស្រ្ដីដែលមានសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ គឺគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយប្រាថ្នាប្តេជ្ញាខ្លួនជាឧបាសក ឬជាឧបាសិកា ជាបុព្វភាគ្បដិបត្តិ គឺសេចក្តីប្រតិបត្តិជាចំណែកខាងដើម ឲ្យបានពេញស៊ប់ជាអ្នកកាន់ព្រះពុទ្ធសាសនា ឬជាអ្នកតម្កល់នៅក្នុងព្រះពុទ្ធ
សាសនានោះ ដំបូងបង្អស់ត្រូវបញ្ចេញវចីភេទ សូមខមាទោស នឹងព្រះរតនត្រ័យក្នុងទីចំពោះព្រះភក្រ្តព្រះពុទ្ធរូបក៏បាន ចំពោះនឹងព្រះសថូប
ឬចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធក៏បាន ចំពោះមុខបុគ្គល គឺភិក្ខុទាំងឡាយតាំងពី៤ រូបឡើងទៅក៏បាន លុះសូមខមាទោស
រួចហើយត្រូវបពោ្ចញវចីភេទពោលប្រកាសប្តេជ្ញាខ្លួនឲ្យជាអ្នកបានដល់ព្រះត្រៃសរណគមន៍ ជាឧបាសកឬឧបាសិកាក្នុងព្រះពុទ្ធសាសនា
ជាខាងក្រោយ រួចហើយត្រូវសមាទាននិច្ចសីល រក្សាឲ្យខ្ជាប់តទៅ បើមានសទ្ធាជ្រះថ្លា ក៏គប្បីរក្សាឧបោសថសីល តាមកាលកំណត់ដែល
ត្រូវរក្សាម្តងៗនោះផង និងមានផលានិសង្សច្រើនដោយលំដាប់ៗឡើង។
   ឯពាក្យសូមខមាទោសនឹងព្រះរតនត្រ័យនោះ បើបុរសតែម្នាក់ ឬស្រ្តីតែម្នាក់ត្រូវសូត្រថា៖
អច្ចយោ មំ ភន្តេ អច្ចគមា យថាពាលំ យថាមុឡ្ហំ
យថាអកុសលំ យោយា ហំភន្តេ កាយេន វា វាចាយ
វា មនសា វា ភគវតោ/ពុទ្ធស្ស) វា ធម្មស្ស វា សង្ឃស្ស
វា អគារវំ អកាសឹ (តស្ស/តស្សា) មេ ភន្តេ
(ភគវា/ អយ្យោ/ អយ្យា/ សង្ឃោ)
អច្ចយំ អច្ចយតោ បដិគ្គណ្ហ(តុ/ តុ/ ន្តុ/តុ) អាយតឹ សំវរាយ
   ប្រែថា បពិត្រព្រះ ដ៏មានព្រះភាគ (/ ករុណា / ករុណាទាំងឡាយ / សង្ឃ) ដ៏ចំរើន ទោសកំហុស ដែលប្រព្រឹត្ដកន្លង គ្របសង្កត់ហើយនូវខ្ញុំ
ព្រះករុណា តាមដោយខ្ញុំព្រះករុណាជាមនុស្សល្ងង់ខ្លៅ ជាមនុស្ស វង្វេង ជាមនុស្សមិនឈ្លាស បពិតព្រះ ដ៏មានព្រះភាគ (/ ករុណា / ករុណា
ទាំងឡាយ / សង្ឃ) ដ៏ចំរើន ក្រែងខ្ញុំព្រះករុណាបានធ្វើហើយនូវសេចក្ដីល្មើសមិនគោរពដល់ព្រះ ដ៏មានព្រះភាគ(/ ព្រះពុទ្ធជាម្ចាស់) ក្ដី ដល់
ព្រះធម៌ក្ដី ដល់ព្រះសង្ឃក្ដី ដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្ដក្ដី បពិត្រព្រះដ៏មានព្រះភាគ (/ ករុណា / ករុណាទាំងឡាយ / សង្ឃ) ដ៏ចំរើន
សូមព្រះដ៏មានព្រះភាគ (/ ករុណា / ករុណាទាំងឡាយ / សង្ឃ) អត់នូវទោសកំហុស នោះដល់ខ្ញុំព្រះករុណា ព្រោះអំពើនៃទោសនោះជា
សេចក្ដីខុសពិត ដើម្បីនឹងបានសង្រួម គឺថានឹងប្រព្រឹត្ដឲ្យល្អតទៅក្នុងខាងមុខនោះហោង។រួចបើជាបុគ្គល ឬគណៈ ឬសង្ឃដែលនៅជា
ប្រធាននៅទីនោះត្រូវទទួលថា សាធុ ប្រែថា ប្រពៃហើយ។
   បើបុរសត្រូវសូត្រថា យោហំ ថា តស្ស មេ បើស្រ្ដីត្រូវសូត្រថា យាហំ ថា តស្សា មេ តាមគួរដល់បាលីដែលត្រូវផ្លាស់ តាមបុរសស្ដ្រី
ទោះបុរសក្ដី ស្ដ្រីក្ដីបើសូមខមាទោសក្នុងទីចំពោះព្រះភក្រ្ដព្រះពុទ្ធរូប ឬចំពោះនឹងព្រះសថូបព្រះចេតិយ ដែលបញ្ចុះព្រះសារីរិកធាតុ
ព្រះសម្មាសម្ពុទ្ធនោះ ត្រូវសូត្រថា ភគវតា វា ថា ភនេ្ដ ភគវា ថា បដិគ្គណ្ហតុ បើចំពោះភិក្ខុ១រូបត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្ដេ អយ្យោ ថា បដិគ្គណ្ហតុ បើ ចំពោះគណៈភិក្ខុ២រូប ឬ ៣រូប ត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្តេ អយ្យា ថា បដិគ្គណ្ហន្តុ បើចំពោះព្រះសង្ឃត្រូវ សូត្រថា ពុទ្ធស្ស វា ថាភន្តេ សង្ឃោ ថា បដិគ្គណ្ហតុ ត្រង់សេចក្ដីប្រែ ក៏មាន របៀបតាមជួរបាលីដែលគាបនោះដែរ។
   បើសុទ្ធតែបុរស ឬសុទ្ធតែស្រ្ដីច្រើននាក់ ឬបុរសនិងស្រ្ដីច្រើននាក់លាយគ្នា តាំងពីពីរនាក់ឡើងទៅ ហើយសូត្រសូមខមាទោសព្រម គ្នានោះត្រូវសូត្រថា
អច្ចយោ នោ ភន្ដេ អច្ចគមា យថាពា (លេ/លា) យថាមុ (ឡ្ហេ/ឡ្ហា) យថាកុស
(លេ/លា) (យេ/យា)មយំ ភន្ដេ កាយេន វា វាចាយ វា មនសា វា (ភគវតោ/ពុទ្ធ
ស្ស)វា ធម្មស្ស វា សង្ឃស្ស វា អគារវំ អករិម្ហា (តេសំ/តាសំ) នោ ភន្ដេ (ភគវា/
អយ្យោ/អយ្យា/សង្ឃោ) អច្ចយំ អច្ចយតោ បដិគ្គណ្ហ(តុ/តុ/ន្ដុ/តុ)អាយតឹ សំវរាយ
   សេចក្ដីប្រែដូចគ្នានឹងបែបមុន ប្លែកគ្នាតែត្រង់ពាក្យថា ខ្ញុំព្រះករុណា ជា ខ្ញុំព្រះករុណាទាំងឡាយដូច្នេះវិញ ក្រៅពីនេះដូចគ្នាទាំងអស់។
   បើបុរសត្រូវសូត្រថា យថាពាលេ យាមុឡ្ហេ យថាអកុសលេ យេ មយំ ថា តេសំ នោ បើស្រ្ដីត្រូវថា យថា ពាលា យថាមុឡ្ហា យថាអកុសលា យា មយំ តាសំ នោ បើទុកជាគ្នាច្រើនមានបុរសមានស្រ្ដីលាយគ្នា ហើយសូត្រសូមខមាទោសព្រមគ្នានោះ ក៏ត្រូវសូត្រ ខុសគ្នាត្រង់បទដែលគាបនោះដែរ វៀរលែងតែត្រង់បទ ដែលគាប ៣អន្លើ គឺត្រង់បទថា ភគវតោ វា ពុទ្ធស្ស វា ភគវា អយ្យោ អយ្យា សង្ឃោ បដិគ្គណ្ហតុ បដិគ្គណ្ហន្តុ នេះត្រូវសូត្រដូចគ្នាទាំងបុរសទាំងស្រ្ដី តែបើគ្នាច្រើន ហើយសូត្រខមាទោសព្រមទាំងអស់គ្នានោះ បើ
មិនបាច់សូត្រ ដោយពាក្យជាពហុវចនៈតាមបែបខាងក្រោយនេះ និងសូត្រដោយពាក្យឯកវចនៈតាមបែបមុននោះក៏បាន ព្រោះសូត្រសូម
ខមាទោសព្រមទាំងអស់គ្នា លុះបានសូមខមាទោសនឹងព្រះរតនត្រ័យដូច្នេះហើយ គប្បីបញ្ចេញវចីភេទប្ដេជ្ញាខ្លួនជាអ្នកដល់ព្រះត្រៃសរណ
គមន៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក ដើម្បីនឹងឲ្យឡើងនាមបញ្ញត្ដិជាឧបាសក ឬឧបាសិកាក្នុងព្រះពុទ្ធសាសនាទៅ ឯបេ្ដជ្ញាខ្លួន
នោះ នឹងប្ដេជ្ញាក្នុងទីចំពោះព្រះភក្រ្ដព្រះពុទ្ធរូបក៏បាន ចំពោះនឹងព្រះសថូប ឬព្រចេតិយដែលបញ្ចុះព្រះសារិរិកធាតុព្រះដ៏មានបុណ្យក៏បាន
ចំពោះមុខបុគ្គល ឬគណៈសង្ឃក៏បាន បើបុរសតែម្នាក់ ស្រ្ដីតែម្នាក់ហើយសូត្រ ប្ដេជ្ញាខ្លួនចំពោះបុគ្គល ឬគណៈ ឬសង្ឃនោះត្រូវប្ដេជ្ញា
ដោយពាក្យថា
ឯសាហំ ភន្ដេ សុចិរបរិនិព្វុតម្បិ តំ ភគវន្ដំ សរណំ គច្ឆាមិ
ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបា (សកំ/សិកំ) មំ (អយ្យោ/ អយ្យា/
សង្ឃោ) ធារេ(តុ/ ន្ដុ /តុ) អជ្ជតគ្គេ បាណុបេតំ សរណំ គតំ
   ប្រែថា បពិត្រព្រះ (ករុណា/ ករុណាទាំងឡាយ/ សង្ឃ) ដ៏ចំរើន ខ្ញុំព្រះករុណាសូមដល់នូវព្រះដ៏មានព្រះភាគ ដែលទ្រង់បរិនិព្វានទៅ អស់កាលយូរអង្វែងហើយនោះផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះករុណាទាំងឡាយជ្រាបនូវខ្ញុំព្រះករុណាថាជា ឧបា (សក/ សិកា) បានដល់ហើយនូវព្រះរតន ត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមរៀងទៅ។
   រួចបុគ្គល ឬគណៈ ឬសង្ឃត្រូវទទួលថា សាធុ ប្រៃថា ប្រពៃហើយ។
   បើបុរសត្រូវថា ឧបាសកំ បើស្រ្ដីត្រូវថា ឧបាសិកំ ត្រង់ពាក្យថា អយ្យោ ធារេតុ អយ្យា ធារេន្ដុ សង្ឃោ ធា រេតុ នេះមានសេចក្ដី
អធិប្បាយដូចក្នុងវិធីសូមខមាទោសខាងដើម។
   បើគ្នាច្រើនតាំងពីពីរនាក់ឡើងទៅ ទោះសុទ្ធតែបុរសក្ដី សុទ្ធតែស្រ្ដីក្ដី បុរសនិងស្រ្ដីលាយគ្នាក្ដីត្រូវសូត្រថា
ឯ (តេ/ តា) មយំ ភន្ដេ សុចិរបរនិព្វុតម្បិ តំ ភគវន្ដំ សរណំ គច្ឆាម
 ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបា(សកេ/ សិកាយោ) នោ (អយ្យោ/ អយ្យា
សង្ឃោ)ធារេ(តុ/ ន្ដុ/តុ) អជ្ជតគ្គេ បាណុបេ (តេ/តា) សរណំ គ(តេ/តា)។
   សេចក្ដីប្រែដូចគ្នានឹងបែបមុន ប្លែកគ្នាត្រង់ពាក្យមុនថា ខ្ញុំព្រះករុណានោះ ក្នុងទីនេះថា ខ្ញុំព្រះករុណាទាំងឡាយ ដូច្នេះវិញ ក្រៅអំពីនោះ
នៅដូចគ្នាទាំងអស់។ បើបុរសតែម្នាក់ ឬស្រីតែម្នាក់ ហើយសូត្រប្ដេជ្ញាខ្លួនចំពោះព្រះពុទ្ធរូប ឬព្រះសថូបព្រះចេតិយដែលបញ្ចុះព្រះសារីរិក
ធាតុព្រះដ៏មានបុណ្យនោះ ត្រូវពោលប្ដេជ្ញាដោយពាក្យថា
ឯសាហំ ភន្តេ ភគវន្តំ សរណំ គច្ឆាមិ ធម្មពា្ច ភិក្ខុសង្ឃពា្ច ឧបា
(សកំ/ សិកំ) មំ ភគវា ធារេតុ អជ្ជតគេ្គ បាណុបេតំ សរណំ គតំ។
   ប្រែថា បពិតព្រះដ៏មានព្រះភាគដ៏ចំរើន ខ្ញុំព្រះករុណាសូមដល់ព្រះដ៏មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះ ភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះដ៏មានព្រះភាគទ្រង់ជ្រាប នូវខ្ញុំព្រះករុណាថា ជា(ឧបាសក/ ឧបាសិកា) បានដល់ហើយនូវព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិត តាំងអំពីថៃ្ងនេះជាដើមរៀងទៅ។
   បើច្រើនគ្នាក៏សូត្រដូចខាងលើ ដូរត្រង់បាលី ភគវន្តំ ជា ភគវា ប៉ុណ្ណោះ បើគ្នាច្រើនហើយ និងសូត្រប្ដេជ្ញា ខ្លួនព្រមគ្នាដោយពាក្យជា
ឯកវចនៈ ក៏បាន ព្រោះសូត្រព្រមទាំងអស់គ្នា។
   បុរសស្រ្តីកាលបើបានពោលពាក្យប្តេជ្ញាខ្លួនជាអ្នកដល់ព្រះត្រៃសរណគមន៍ ជាទីពឹង ទីរលឹកដូច្នេះហើយ ក៏បាននាមបញ្ញត្ដិថា ឧបាសក ឧបាសិកា ក្នុងខណៈនោះឯង។
   វិធីខមាទោសក្តី វិធីប្តេជ្ញាខ្លួនជាឧបាសក ឧបាសិកាក្តី បើអ្នកដែលមិនចេះសូត្រជាបាលី សូមសូត្រប្តេជ្ញា ជាសម្រាយតាមភាសារបស់ខ្លួន
ក៏បាន បើចេះសូត្រទាំងបាលី ទាំងសេចក្តីប្រែសម្រាយផង ដូចបានពោលមកហើយនោះជាការប្រពៃពិតតែកុំសូត្រតែបាលីទទេ ដោយ មិនដឹងសេចក្តីថាជាអ្វីនោះឡើយ ព្រោះកិច្ច ដែលសូត្រខមាទោស និងប្តេជ្ញាខ្លួននេះ ចំពោះយកសទ្ធា គឺសេចក្តីជឿជាក់ និងបញ្ញា ជាសម្មា ទិដ្ឋិដែលដឹងពិត យល់ត្រូវពិត ជាប្រមាណ។
ចប់បុព្វភាគប្បដិបត្ដិតែប៉ុណ្ណេះ។ Counter

No comments:

Post a Comment