អ្នកភិរម្យភាសាអ៊ូ | លើកដៃទាំងគូប្រណម្យផ្ចង់ | បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ | ព្រះធម៌ព្រះសង្ឃប្រសើរសាយ។ |
ព្រះគុណគ្រូឧបជ្ឈាយាចារ្យ | មាតាបិតាបង្កើតកាយ | បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ | ខ្ញុំសូមអធិប្បាយចែកពាក្យជូន។ |
ព្រះពុទ្ធសករាជព្រះសាសនា | អតិកន្តាកន្លងធួន | ពីរពាន់បួនរយចិតសឹបបួន | ជួនខែនិងថ្ងៃគ្មានកន្លង ។ |
ដើមឆ្នាំមមែក្នុងត្រីស័ក | ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង | មួយរោចថ្ងៃសៅរ៍កើតសៅហ្មង | លឺពាក្យអ្នកផងទាស់ទែងគ្នា។ |
មិនបានកាប់ចាក់ដល់បាក់បែក | ថ្ងៃនេះជជែកថ្ងៃស្អែកជា | ចាក់ដោតរាលរោលពោលពណ៌នា | និន្ទាដៀលត្មះចាស់បុរាណ ។ |
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី | រឿងធម៌បាលីស្តីប្រមាណ | ប្រមាថទៅមកមិនឈប់ខាន | ហាមប្រាមមិនបានមិនបាត់មាត់។ |
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ | លោកសង្ឃបួសរៀនមានដោយវត្ត | សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ | ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។ |
គេចាប់ថាខុសប្រកាន់ខឹង | មិនដឹងថាខ្លួនរៀនមិនដល់ | មិនដែលសួរគេព្រោះមិនឆ្ងល់ | សំគាល់ថាខ្លួនត្រូវមិនខុស។ |
អ្នកប្រាជ្ញលោកសូត្រចំបាលី | ថាគេធម៌ថ្មីស្តីបន្តុះ | បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ | មិនព្រមចំណុះខុសចំណាំ ។ |
ចំណែកចំណេះចេះរាល់ខ្លួន | បារាជិកបួនវិន័យប្រាំ | មហាវគ្កចុល្លវគ្គអាទិកម្ម | ព្រះអង្គគ្មានផ្តាំអោយឈ្លោះគ្នា។ |
ផ្តាំអោយតែកាន់សិក្ខាបទ | អ្នកបួសរាល់វត្តត្រូវសាមគ្គា | ព្រះពុទ្ធរូបរាល់វិហារ | វន្ទាគោរពរាល់យប់ថ្ងៃ។ |
នមស្សការបង្គំធម៌បីបទ | សូត្រហបមាត់នឿយជើងដៃ | មិនដឹងប្រាកដរតនត្រៃ | មិនចេះសង្ស័យសួរអ្នកណា។ |
អ្នកប្រាជ្ញលោកសូត្រចំបាលី | ប្រែចេញសេចក្តីអោយពិស្តារ | អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា | គេថាខ្លួនខុសប្រកាន់ខឹង ។ |
ធម៌សម្ពុទ្ធេសូត្រលាន់ៗ | ព្រះពុទ្ធរយពាន់ខ្លះមិនដឹង | ជឿជាក់ថាចេះចប់ប៉ុណ្ណឹង | មិនប្រឹងរៀនប្រែបកបរិយាយ។ |
ចេះហើយមិនដឹងថាខ្លួនខុស | មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ | បាលីច្រលំពាក្យនិស្រាយ | នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។ |
គេថាសូត្រធម៌មិនចេះប្រែ | បានបុណ្យខ្លះដែរតែមិនពេញ | បើចេះប្រែផងបានចំណេញ | ខ្លួនរិតទន្ទេញតែបែបចាស់។ |
ចចេសទទឹងរឹងជជែក | ប្រកឹងប្រកែកប្រកួតម្នះ | ម្នៅៗសត្រូវនឹងធម៌ព្រះ | ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។ |
មានកាលត្រលប់ជាគថ្លង់ | មម៉េងមម៉ង់ឆ្កួតមួម៉ៅ | ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ | ហ្នឹងហៅចេះហើយមិនប្រសប់។ |
ប្រសិនបើឱនខ្លួនខ្លបខ្លាច | អ្នកប្រាជ្ញកាលណាលោកនឹងស្អប់ | ធម៌អាថិអ្នកណានឹងចេះចប់ | កុំកាន់ទំលាប់ទំលោយខ្លួន។ |
ទំលាក់អោយទាបសុភាពវ័យ | ព្រះសូត្រវិន័យធំជាងក្បួន | ព្រះអភិធម្មជាមាំបួន | នេះហើយប្រធួនគួររៀនទៀត។ |
ពាក្យពីបុរាណជាពាក្យងាយ | ពាក្យក្បួនទូលាយស្រណុកជ្រៀត | ឯពាក្យគម្ពីរទីចង្អៀត | គួរឆ្លៀតជ្រើសរកយកអោយបាន |
អោយបែកគំនិតគិតច្រើនផ្លូវ | មួយខុសមួយត្រូវជាពីរស្ថាន | គេប្រាប់ថាខុសគួរឈប់ខាន | ឃើញត្រូវប៉ុន្មានប្រមូលយក។ |
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា | អ្នកប្រាជ្ញចែងចារចងទុកមក | ព្រះសូត្រវិន័យលោកលៃលក | ប្រែសព្ទសៀតស៊កច្រើនប្រការ |
ពាក្យពិតប្រាកដបទបាលី | ប្រែចេញសេចក្តីឃើញពិស្តារ | គួរស្តាប់អោយស្តែងសិនកុំថា | កុំអាងតំរាតំរាប់ចាស់។ |
តំរាយបុរាណយូរអង្វែង | មិនលែងច្រលំមានលើសខ្វះ | អ្នកប្រាជ្ញជំនុំឃើញខុសណាស់ | ចោលខ្លះទុកខ្លះដោយពិស្តារ។ |
យ៉ាងធម៌«តិរោក»ពីបុរាណ | មិនដឹងជាបានពីគ្រូណា | សូត្រលាយចំរុះខុសអក្ខរា | មិនបានជាការប្រយោជន៍អ្វី។ |
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ | រុះរើរៀបចំផ្សំបាលី | អ្នកខ្លៅហៅធម៌តិរោកថ្មី | សម្តីបែបឡកចំអកខឹង។ |
សង្ខេបរឿងសូទ្រធម៌ត្រូវខុស | កូនចៅប្រុសៗគួរខំប្រឹង | ប្របរកអ្នកប្រាជ្ញប្រិតអោយដឹង | សំលឹងអក្ខរាអោយប្រាកដ។ |
ប្រការមួយទៀតចាស់ជាន់មុន | ធ្វើបុណ្យអភិសេកបែកច្រើនបទ | ច្រើនបែបរាប់អានគ្មានកំណត់ | សន្មតថាធ្វើតាមបុរាណ។ |
អាចារ្យមួយប៉ែកអភិសេកខ្ជិល | បង្វិលពពិលរំពេចបាន | អាចារ្យមួយថាធ្វើតាមបាន | លំអានគម្ពីរបឋមត្រាស់។ |
ទេសទសជាតកចប់អភិសេក | ព្រឹកស្អែករៀបចំមធុបាយាស | មានមារលើកពលច្បាំងដេរដាស | ធ្វើច្រាសត្រលប់ក្រោយជាមុន។ |
បើធ្វើអោយត្រូវតាមសាស្រ្តា | នាងនាថសុជាតាគេមានគុណ | ថ្វាយមធុបាយាសព្រះមានបុណ្យ | និមន្តទៅផ្សងបីដងត្រាស់។ |
ទេវតាផ្អើលចុះពេញផែនដី | គ្រប់ទិសប្រាំបីមីរដេរដាស | កក្រើកញាប់ញ័រទាំងអាកាស | អរណាស់ថ្វាយសព្ទសាធុការ។ |
ហេតុនេះអ្នកចេះចាំនិទាន | ធ្វើរោងធ្វើរានថ្វាយទេវតា | អ្នកប្រាជ្ញចេះថ្មីស្រដីថា | អាចារ្យនាំធ្វើខាតប្រយោជន៍។ |
អាកាសទេវតានៅស្ថានខ្ពស់ | គេខ្ពើមជាមនុស្សក្លិនអសោច | ឧស្សាហ៍ដាក់នំអោយហិចហោច | ចំណេញស្រមោចចោមរោមស៊ី។ |
អាចារ្យមួយទៀតចេះរៀបចំ | ប្រណម្យសំពះក្រុងពាលី | ព្រះឥសូរព្រះនារាយណ៍មានរិទ្ធី | ពេញទីចោលត្រៃសរណគមន៍។ |
ចំណីចំណែកចែកដាក់ពែ | ចំណេញបានឆ្កែវាស៊ីនំ | នាងហ៊ីងធរណីថាជាធំ | សូមសុំទឹកដីសាងកុសល។ |
អាចារ្យជាន់ចាស់ដោះសង្ស័យ | ថារតនត្រៃគេតំកល់ | តំកើងលើកឡើងជាដើមផល | ប្តឹងដល់ទេវតាជាសាក្សី។ |
សង្ខារិករលឹកគុណ | ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី | បូជាភ្ញីផ្កាស្លាបារី | គ្រប់ទិសប្រាំបីសឹងអោយមាន។ |
អភិសេកព្រះពុទ្ធតាំងកសាង | តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ | រំលឹកទេវតាជាប្រធាន | ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។ |
ថាបើទេវតាខ្ពើមចំណី | ស្អប់ស្លាបារីមិនចង់ជក់ | បិសាចភ្លើៗមិនលែងភ្លក់ | អារុក្ខទេវតាមិនលែងសោយ។ |
នំនែកចំណីឆ្អែតស្កប់ស្កល់ | សេសសល់បានប្រេតគ្នាស៊ីក្រោយ | ស៊ីគ្រាន់រួចរស់ព្រោះគេអោយ | បានដោយមគ្គផលកុសលដារ ។ |
លោកសូត្រតិរោកតែរាល់ព្រឹក | យំកិញ្ចិច្រូចទឹកថែមយថា | បញ្ជូនអានិសង្សដល់ដូនតា | ប្រាថ្នាដូចម្តេចក៏សឹងបាន។ |
ក្រែងដូនតាណាទៅជាប្រេត | ឬមួយអណ្តែតជាតិរច្ឆាន | លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន | រាប់អានទេវតាប្រាថ្នាសុខ។ |
ថាបើទេវតាមិនព្រមសោយ | កុំអោយខុសចុះនរក | នរូកើតភាន់ផុតក្នុងភក់ | វីវក់ក្នុងវាលវដ្តសង្សារ។ |
មិនដាច់សង្ស័យដូចអរហត្ត | លោកកាត់កាមគុណនិងតណ្ហា | ត្រង់ភ្លឹងមិនងាកពឹងទេវតា | ប្រាថ្នានិញ្វនគ្មានត្រលប់ ។ |
ឃើញឆ្លងមិនផុតភពទាំងបី | ធម៌អាថិបាលីចេះមិនចប់ | មិនចោលសីល៥កម្មបទ១០ | រាវរៀបអោយសព្វកុំអោយសល់។ |
សម្បត្តិសួគ៌សុខកើតពីទាន | ឈោងយកនិញ្វនឈានមិនដល់ | មិនដើរហួសសោតាមគ្គផល | តម្កល់និញ្វនទុកដោយឡែក ។ |
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ | ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក | ប្រាកដនិញ្វនជាស្ថានឯក | ចំណែកសោតាក្នុងតែបាន។ |
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ | ទានណាខាតខុសត្រូវអោយខាន | អារុក្ខអារក្ខកុំរាប់អាន | ជាស្ថានទាបថោករកធ្វើអ្វី ។ |
សង្ខេបរឿងសូត្រធម៌ត្រូវខុស | កូនចៅស្តាប់ចុះទាំងប្រុសស្រី | អ្នកប្រាជ្ញពួកចាស់និងពួកថ្មី | គប្បីចូលចិត្តជឿពួកណា។ |
បើរឿងសូត្រធម៌អាថិបាលី | គួរចូលប្រាជ្ញថ្មីខំសិក្សា | ប្រយោគប្រធានមានមាត្រា | រាជការបានធីប្រឡងជាប់ ។ |
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន | ធ្វើរានទេវតាដោយសារធ្លាប់ | អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់ | អាចារ្យបង្គប់គ្នាធ្វើទៅ ។ |
បើបែរជាខានមិនបានសុខ | មិនបានធ្លាក់ចុះនរកជ្រៅ | បើធ្វើទេវតាមិនជ្រកនៅ | ស្ថានគេសន្ធៅសន្ធឹងហោះ ។ |
ហេតុនេះគួរគិតគូររំពឹង | ជញ្ជឹងកុំអោយសល់ចន្លោះ | ចាស់មុនមានគុណរាប់មិនអស់ | មិនអោយចោលសោះក៏មិនបាន។ |
គួរគិតអោយសព្វគ្រប់អន្លើ | គួរធ្វើ ឬ គួរបង្អង់ខាន | បើធ្វើមិនខាតបង់ប៉ុន្មាន | បើខានក៏គ្មានទោសទាស់អ្វី។ |
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត | ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី | ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី | អាយុថយខ្លីជាងដូនតា ។ |
ពាក្យនេះសង្ខេបស្លេះមួយប៉ែក | មានឈ្លោះប្រកែកច្រើនប្រការ | មិនចាំប្រាកដគម្ពីរណា | ពោលថាទឹកដីនេះគ្មានគុណ។ |
អ្នកប្រាជ្ញនាំអោយអ្នកខ្លៅឆ្ងល់ | សាយសុសសួរដល់ពួកអ្នកមុន | អ្នកមួយរេរារង់រែកពុន | មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។ |
អ្នកក្រោយបណ្តោយសូរអ្នកមុន | ថាដីមានគុណប៉ុន្មានយ៉ាង | សំគាល់គោលអ្វីជាតីតតាង | មានរាងឃើញក្នុងគម្ពីរណា។ |
រុកម្ខាងថាអាងនគរកាយ | បរមត្ថអធិប្បាយក្នុងសាស្រ្តា | ធាតុទឹកតួ ន អង្គអក្ខរា | ជាគុណមាតាពីរដណ្តប់។ |
ធាតុទឹករំលឹកពីសេម្ហំ | វកំ យកនំ រហូតចប់ | ធាតុដី កេសា មសំ សព្វ | បញ្ចប់ បិត្តំ គុណបិតា ។ |
អ្នកចេះបិដកឆ្លើយបីដង | ថានោះជាកងពួកកេសា | ហៅធម៌អាចម៍នោមក៏ល្អើមល្អា | អ្នកណារំលឹកគ្មានប្រយោជន៍។ |
អ្នកមួយថាភាវនាកុំឈប់ | ជាទីអសុភផ្លូវអសោច | អសារឥតការស្លាប់ជាខ្មោច | គេដុតឆេះខ្លោចគ្មានខ្លឹមសារ។ |
គួរគិតកុំស្តាយកុំស្រណោះ | រូបរាងទាំងអស់ជាអនិច្ចា | អនិច្ចំមិនទៀងល្អៀងសង្ខារ | សង្ឃឹមរូបានេះមិនបាន។ |
សរសៃរសាច់ស្បែកសង្គេតគ្រប់ | ជាសាកអសុភកម្មដ្ឋាន | របស់ខាងក្នុងទាំងប៉ុន្មាន | មុខជាមិនខានរលាយបាត់ ។ |
ទឹកដីខាងក្រៅក៏មានគុណ | ព្រោះដីកើតមុនទើបកើតសត្វ | កើតសព្វរូបកាយអធិប្បាយកាត់ | លើកឡាត់លះឃ្លាអោយយ៉ាងខ្លី។ |
គម្ពីរត្រៃវេទដើមសាសនា | ត្រៃយុតត្រៃតាគ្រប់ជាបី | ព្រះពុទ្ធចេញសាងអាងទឹកដី | សន្សំបារមីក្នុងភទ្ទកប្ប។ |
ភទ្ទកប្បនេះមានព្រះពុទ្ធ៥ | បានរៀនចេះចាំជាសណ្តាប់ | សំដែងថាចុះនរកមួយកប្ប | លោកប្រាប់ថាជេរព្រោះទឹកដី។ |
អ្នកម្ខាងថាអាងរៀនសាស្រ្តា | ប្រែអស់គាថាបទបាលី | ព្រះពុទ្ធទតគ្រប់ភពទាំងបី | ត្រង់គុណទឹកដីមិនឃើញមាន។ |
កេសាអក្ខរាទាំង៥គូ | មិនគួរបើយកមកសន្និដ្ឋាន | យើងចេះដឹងដែរតែមិនហ៊ាន | ដូចពោលបំពានហួសពុទ្ធដិកា។ |
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ | សព្វថ្ងៃនៅក្នុងឧបេក្ខា | មិនទាន់ដាច់សេ្រចទៅខាងណា | មិនឃើញពិស្តារស្តាប់មិនបាន ។ |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ | ចង្ហាន់ថ្វាយព្រះថាអោយខាន | ដ្បិតព្រះមិនឆាន់នៅពេញចាន | របស់ប៉ុន្មានបានអាចារ្យ។ |
របៀបរាប់បាតមានកន្ទោង | ១ឈេង២ឈោងហៅបាយដារ | បាយដាក់ហ្នឹងតើអោយអ្នកណា | អសារឥតការឥតប្រយោជន៍។ |
ព្រះពុទ្ធមិនឆាន់មិនចេះស្តី | យើងអាងបាលីឧទ្ទិសដល់ | តម្លើងចង្ហាន់លើកតំកល់ | សេសសល់ប្រគេននេនសាមណេរ |
សមណៈបួសរៀនមានសីលដប់ | ប្រសប់ប្រសើរគ្រាន់បើដែរ | បញ្ចូនមគ្គផលដល់ឳម៉ែ | បង្វែរឧទ្ទិសតាមប្រាថ្នា។ |
អ្នករេគំនិតគិតគៃកាញ់ | ចូលបទកំណាញ់ក្រៅតំរា | ទុកស៊ីមាត់ឯងអោយឆ្ងាញ់ពិសា | ខ្លាចបានអាចារ្យស៊ីខាតទុន។ |
អ្នកម្ខាងថាអាងដាក់អោយប្រេត | ដោយហេតុគ្នាឃ្លានគ្នាហិនហោច | គ្នាស៊ីខ្ទុះឈាមក្លិនអសោច | បិចបោចចែកទានគ្នាស៊ីផង។ |
ប្រេតត្រូវជាញាតិធម៌តិរោក | គ្នាបានងើបមកព្រោះគេផ្សង | បានស៊ីដោយសារដារម្តងៗ | បានដូចបំណងបំណាច់នឹក។ |
ចង្ហាន់ថ្វាយព្រះត្រូវបូជា | អាចារ្យវន្ទាសូត្ររំលឹក | ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍ | បាយទឹកជាទានមានមគ្គផល។ |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ | ថាពូនភ្នំខ្សាច់មិនបានបុណ្យ | ជីកដីលៀនភ្នែករែកត្រុន | ដឹងបានជាគុណប្រយោជន៍អ្វី ។ |
នាំគ្នាអុជធូបហែទក្សិណ | អាចារ្យនោះឆ្អិនខាងបាលី | ហើយមានចេះធម៌បំបួសដី | មិនដឹងជាដីឆ្លើយថាម្តេច។ |
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង | តំណាងចេតិយព្រះសរពេជ្ញ | ព្រះសាររីរឹកធាតុយើងមិនភ្លេច | ដ្បិតបុណ្យយើងតិចទៅមិនដល់។ |
បើធ្វើដោយវាលកណ្តាលថ្ងៃ | គង់ជាប់និស្ស័យបានកុសល | បើដើមពោធិ៍ពិតរឹតបានផល | តំកល់ដើមពោធិ៍យកជាម្លប់។ |
ពូនភ្នំតំកើងពោធិព្រឹក្ស | រលឹកដល់អង្គព្រះចមភព | ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់ | កុំអោយកំពប់ហៀរហូរដី ។ |
បើចេះរំលឹកបានបុណ្យណាស់ | ជឿចុះប្រាជ្ញចាស់កុំជឿថ្មី | ប្រាជ្ញចាស់ក៏ចេះប្រែបាលី | បរលោកលោកិយក៏ចាស់ដឹង ។ |
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល | ចាក់ដោតរោលរាលនាំក្មេងខឹង | ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង | ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។ |
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ | ធ្វើតាមតំរាប់ចាស់បុរាណ | បុរីនគរធ្លាប់រាប់អាន | តែខានខ្លាចខុសក្បួនតំរា។ |
ច្រើនជឿតំរាប់ក្បួនលោកិយ | មានកូនប្រុសស្រីត្រូវរៀបការ | សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា | ផឹកស្រាលៀនភ្នែកជជែកឈ្លោះ។ |
បណ្តោយអោយយកគ្នាទទេ | មេបាធ្វើគេក្រែងមិនរស់ | នាំកូនសែនខ្មោចអសោចឈ្មោះ | ពីព្រោះមានប្តីមិនរៀបការ។ |
រៀបកិច្ចមង្គលមានច្រើនយ៉ាង | ពួកចាស់ច្រើនអាងក្បួនតំរា | បើតាមតំរាយព្រះសូត្រថា | មេបានាំកូនចុះនរក ។ |
បុត្តទារស្ស សង្គហោ | ហីនោ គាមោ ធម៌អ្នកស្រុក | សង្រ្គោះកូនផុងទៅក្នុងភក់ | ហ្នឹងហៅអាពុកពន្លិចកូន។ |
បើធ្វើមង្គលអោយរួចបាប | រួចពៀរដរាបអស់តានដូ | មង្គលយ៉ាងល្អបរិសុទ្ធសូន្យ | ប្រមូលបងប្អូនស៊ីម្លូស្លា។ |
ជ្រូកមាន់កុំបាច់សំលាប់ | តៃសាកមានស្រាប់ទិញពីផ្សារ | ផ្សំកូនប្រុសស្រីតាមមេបា | អាចារ្យប្រមូលអស់ចាស់ទុំ។ |
ប្រុសស្រីអង្គុយកាន់ពពិល | បង្វិលប្រាំបួនដណ្តប់ជុំ | ធ្វើកិច្ចមង្គលក្នុងជំនុំ | ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។ |
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត | ចង់អោយគេកោតនាលោកីយ | យើងធ្វើយាងតិចត្រលេចខ្លី | បានប្តីប្រពន្ធដូចៗគ្នា ។ |
ហៅកូនសង្រ្គោះម្តាយឳពុក | រួចទោសរួចទុក្ខអស់មីងមា | អាពុកសង្រ្គោះគ្មានវេរា | អាវាហ៍វិវាហមង្គល។ |
មិនគួរបង្គាប់អោយកោរជុក | ហេតុម្តាយអាពុកនាំរវល់ | អាចារ្យតែងក្បួនអោយអំពល់ | ពន្យល់អ្នកល្ងង់អោយបង់ទ្រព្យ។ |
អ្នកខ្ជិលគេជឿសីលមាំមួន | ពាក្យក្បួនតំរាគេមិនរាប់ | គេថាមិនរស់ពីព្រោះធ្លាប់ | មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។ |
យ៉ាងដូចចិនយួននៅដាក់ផ្សារ | ស្រុកស្រែចំការក្រុងភ្នំពេញ | កើតឡើងដុះសក់មិនកោរវិញ | រវល់ដូរទិញអង្គុយលក់ ។ |
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់ | តមដាច់មិនដែលស៊ីប្រហ៊ក់ | ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ | ទូលស្រូវកន្ទក់ទៅដូរចិន ។ |
ហេតុតែជាខែ្មរសម្បុរខ្មៅ | គំនិតគិតឆៅមិនសូវឆ្អិន | រកស៊ីមិនឆ្អែតជឿចែសិន | អាចឹកវាកិនទារទាល់បាន ។ |
១កើតអស្សុជសំលាប់មាន់ | ចំអិនគ្រប់គ្រាន់ដួសដាក់ចាន | រៀបសែនព្រះភូមិតាមបុរាណ | ថាខានខុសក្បួនប្រពៃណី ។ |
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល | ហែកមាត់មាន់មើលចង្កាពីរ | អាដែងព្រះភូមិមានឈ្មោលញី | ថាសែនរកស៊ីបានផលស្រូវ។ |
មានជូនដូនតាទៅស្រុកប្រេត | បណ្តែតសំបានច្រានសំពៅ | សំពះអារក្ខជូរខាងឳ | ខាងម៉ែក៏ត្រូវមិនសូវខុស។ |
ថ្វាយចេកថ្វាយស្រាជារង្វាន់ | ខ្មោចចូលជិះជាន់រូបស្រីប្រុស | កូនចៅអើយជឿពុទ្ធដិកាចុះ | រូបស្លាប់ពីព្រោះតែផលកម្ម ។ |
រូបសុខដោយសារតែផលបុណ្យ | កាលជាតិពីមុនខ្ជាប់សីល៥ | ជាតិនេះអាយុអង្វែងឆ្នាំ | កូនចៅអ្នកចាំជឿអោយជាក់ ។ |
អោយពិចារណាចិត្តឯង | ស្តាប់ធម៌ម្តងៗគួរអោយភ្ញាក់ | កុំផ្ញើរូបកាយនឹងអារក្ខ | ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។ |
បើចង់អាយុវែងយឺនយូរ | គោរពគុណគ្រូអាពុកម្តាយ | បើចង់រកស៊ីសុខសប្បាយ | ផ្ញើកាយនឹងគុណរតនត្រៃ ។ |
នមស្ការបង្គំពេលល្ងាចព្រឹក | ភាវនារំលឹករាល់យប់ថ្ងៃ | កុំថាធម៌ណាថោកណាថ្លៃ | សង្ស័យត្រូវសួររាជបណ្ឌិត ។ |
កុំអោយមន្ទិលធម៌ថ្មីចាស់ | មួយធម៌ក្រដាសមួយធម៌ស្លឹករិត | រាជការជំនុំរួមគំនិត | រិះគិតតំកើងព្រះសាសនា។ |
តំកល់សីលប្រាំសីលប្រាំបី | អោយមនុស្សប្រុសស្រីរួមរក្សា | ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា | ពិនិត្យអក្ខរាយកត្រឹមត្រូវ។ |
ជំនុំបោះពុម្ពដាក់ក្រដាស | ជាការរហ័សធ្វើសៀវភៅ | អោយមានសូត្ររៀនច្រើនតទៅ | ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។ |
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ | ពោលខ្លាំងគិតខ្លាចលឺសុសសាយ | ថាធម៌សៀវភៅធម៌ក្លែងក្លាយ | អធិប្បាយខ្សឹបៗតែគ្នាឯង។ |
អោយស្ងៀមពីថ្ងៃនេះតទៅ | ឯធម៌សៀវភៅផែនដីតែង | មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង | ខ្លាចក្រែងរាជការចាប់ដាក់គុក។ |
គម្ពីរស្លឹករឹតជាគំរូ | តំកល់ក្នុងទូចាក់សោទុក | គម្ពីរសៀវភៅប្រើគ្រប់មុខ | ទំនុកបំរុងក្នុងសាសនា។ |
ចាស់ៗជាន់មុនមានគំនិត | គម្ពីរស្លឹករឹតជួលគេចារ | ពុំនោះជាវគេដោយជ្រះថ្លា | ច្រើនមានប្រាជ្ញាតិចអ្នកចេះ ។ |
សង្ខេបបទបែបរឿងប្រដៅ | ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ | សុំកើតអ្នកប្រាជ្ញមានតំរិះ | កុំតិះដៀលត្មះចាស់ជាន់មុន ។ |
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ | ក្រែងពារទៅលើអ្នកមានគុណ | កុំពោលថាចាស់ថយថោកធុន | ក្រែងស៊ុនទៅលើគ្រូអាត្មា។ |
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ | ជាក្មួយជាចៅជាជីតា | ជាសាច់ខាងមាតាឬបិតា | ជាកម្មវាចាខ្លះជាបង ។ |
ខ្លះត្រូវជាធំខ្លះត្រូវជាមា | ជាគ្រូឧបជ្ឈាយ៍បំបួសផង | ប្រដៅសព្វថ្ងៃវាយម្តងៗ | ព្រោះលោកបំណងចង់អោយចេះ។ |
ដល់ខ្លួនរៀនចាំជាក់បាលី | ឡើងពាក្យសំដីអាងតំរិះ | តំរូវខាងណោះខុសខាងណេះ | ដៀលតិះថាគ្រូខ្លួនឯងល្ងង់។ |
លោកគ្រូមិនដឹងប្រឹងតែអរ | ខំផ្ញើអង្ករបាវការុង | ស្ករក្អមស្ករស្រាក់លាក់មិនគង់ | ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។ |
ខ្លួនចេះបន្តិចកំប៉ិចឡើង | ចចើងចចេសជជែកឈ្លោះ | ចេះកប់ពពកយកកំពស់ | បន្តុះបន្ទន់គុណទាបទៅ ។ |
បើចិត្តចង់ធំកុំចចើង | គួរលើកតំកើងគុណទុកនៅ | ទោសនោះធ្លាក់ចុះនរកជ្រៅ | ម្នៅៗអោយបាបពីព្រោះមាត់ ។ |
ព្រោះមាននិទានពុទ្ធឃោសា | អាងចេះសាស្រ្តាគម្ពីរស្ទាត់ | ថាចេះលើសគ្រូៗបំភ្លាត់ | បំប្លេងកំចាត់អោយទណ្ឌកម្ម ។ |
ប្រដូចនិទានតែប៉ុណ្ណេះ | អស់លោកក៏ចេះបានរៀនចាំ | ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ | ដូចមានចំណាំចំណោទជួន ។ |
ទំនុកបុរាណមានប្រាជ្ញា | ចេះចែងបញ្ហាសាស្រ្តាក្បួន | ទុកអោយអ្នកក្រោយដោះសំនួន | បើគិតអោយមួនគួរមានភ័យ ។ |
ចំណោទថាសត្វបរោខោ | អង្គុយមែកឈើស៊ីផ្លែជ្រៃ | បុរសខុសជ្រុលគ្មានលក់ព្នៃ | បង់គោក្របីទាំងមេកូន ។ |
បុរសម្នាក់ទៀតឡើងដើមឈើ | បេះផ្លែខាងលើចែកបងប្អូន | ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ | បុរសម្នាក់បានកូនភ្លេចគុណម្តាយ។ |
ចំណោទទីបីចំណែកនេះ | គួររិះអោយជិតកុំគិតឆ្ងាយ | កុំឆ្ងល់និងពាក្យពោលអធិប្បាយ | ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។ |
និយាយដើមគ្រូដោយកំបាំង | មានខ្សឹបមានខ្លាំងពោលបង្អាប់ | បង្អើលអោយអ្នកដទៃស្តាប់ | បង្អន់ដូចកាប់គាស់រិសគល់ ។ |
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី | រិសលិចក្នុងដីមើលមិនយល់ | មិនយកដីចាក់កប់គុណទល់ | អំពល់អោយបាបអំពីមាត់ ។ |
ពីមុនកាលកើតមានរូបកាយ | អ្នកម្តាយចិញ្ចឹមបានធំធាត់ | នាំយកទៅទុកអោយនៅវត្ត | រៀនចេះចាំស្ទាត់បំភ្លាត់គុណ ។ |
ភ្លេចគោក្របីទាំងមេកូន | សាបសូន្យកុសលដែលមានមុន | សាងក្រោយសាងអោយតែខាតទុន | ពីព្រោះបាបស៊ុនស៊យពីចិត្ត ។ |
ពិចារណាគួរតែកោតខ្លាច | ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត | ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ | អាណិតដល់គុណធ្ងន់អនេក ។ |
អនាគតកាលទៅមុខ | ចូរចាំចងទុកដល់ស្អែកៗ | កុំស្អប់ចាស់ថ្មីស្តីដោយឡែក | មើលចែកចាត់ចិត្តថ្លឹងអោយស្មើ។ |
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ | បាលីបីថ្នាក់ចាំហើយតើ | មនោសេដ្ឋំចិត្តប្រសើរ | ប្រសប់គ្រាន់បើធ្វើបុណ្យបាន ។ |
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ | កុំថាគេខុសហើយឈប់ខាន | ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ | ច្រើនលើសប៉ុន្មានបានដោយបទ។ |
កុំធ្វើដោយរាប់អានស្រលាញ់ | ទុកជាកំណាញ់ហួសកំណត់ | កំណើតមគ្គផលជឿប្រាកដ | សន្មតថាបានច្រើនប្រការ ។ |
កុំធ្វើប្រកាន់ដោយយល់មុខ | ហៅបុគ្គលិកទានគ្មានផលា | តាំងចិត្តចុះផ្លូវឧបេក្ខា | រក្សារូបសុខដល់សួគ៌នាយ |
សួគ៌នេះបើចង់អោយឆាប់ដល់ | សាងមគ្គសាងផលកុំរាយមាយ | ឃើញគេខុសចិត្តកុំមើលងាយ | កុំពោលនិយាយកាន់ម្ខាងៗ ។ |
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក | ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង | កាន់យកទាំងពីរជាទីអាង | សន្សំខំសាងនឹងបានសុខ ។ |
ពីថ្ងៃនេះទៅនៅអោយនឹង | ស្ងៀមមាត់អោយឈឹងខ្លាចនរក | ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក | បឹងថ្លុកត្រពាំងរាំងប្រេះដី ។ |
មិនឈ្លោះពីរឿងកេររឿងកោះ | ឬទ្រព្យរបស់គោក្របី | នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី | ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ ។ |
បើក្តីពីស្រែពីចំការ | ចៅក្រមសាលាងាយជំរះ | នេះក្តីពីធម៌ថ្មីធម៌ចាស់ | នោះក្រែងតែព្រះទើបកាត់បាន ។ |
ចៅក្រមសព្វថ្ងៃឧបាសក | ចេះខ្ទេចបិដកព្រះកម្មដ្ឋាន | កាត់ក្តីត្រូវច្បាប់អំបាលម៉ាន | អ្នកក្តីមិនខានប្តឹងឧទ្ទរណ៍ ។ |
អាដែងមនុស្សម្នះរឹងចចេស | បានតែនិរទេសក្រៅនគរ | តែទុកវានៅវានាំវរ | ជំហរតែរឹងទទឹងច្បាប់ ។ |
សង្ខេបបែបបទរឿងប្រដៅ | អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់ | អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ | គួរត្រាប់អ្នកប្រាជ្ញចេះបាលី ។ |
ធ្វើបុណ្យធ្វើទានកុំចោលចាស់ | ចោលចេញទុកខ្លះក្បួនលោកិយ | សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី | កុំបីភ្លេចគុណចាស់បុរាណ ។ |
ធម៌អាថិច្រលំកុំច្រលោត | ពាក្យពោលចាក់ដោតអោយឈប់ខាន | រួមចិត្តសះសាបានសុខសាន្ត | នឹងអោយរុងរឿងរីកសាសនា។ |
កុំអោយរៀវរោយរឹតរងកម្ម | រាំងរឹងរាល់ឆ្នាំ៥វស្សា | វស្សន្តរដូវត្រូវមនុស្សថា | រំជួលទេវតាក្តៅក្រហាយ ។ |
មនុស្សភូតកុហកឆក់ឆរបោក | ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ | ក្រលុយក្រកាក់ខ្វះប្រាក់ចាយ | មហាជនទាំងឡាយកើតវេទនា ។ |
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ | ពូជពង្សអំបូរខែ្មរអ្នកជា | អាពុកឈ្មោះ អ៊ុក មានសក្តិងារ | ចៅពញាធម្មធារាមេស្រុក ។ |
ក្នុងខេត្តភ្នំពេញ ឃុំកំបូល | ពូជពង្សត្រកូលម្ចាស់អង្គប៉ុក | ជីតាខាងម្តាយឈ្មោះពញាម៉ុក | គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។ |
អ្នកម្តាយអាពុកបងប្អូនជិត | ជីទួតមួយពិតពូជចិត្តល្អ | ដូនតាផ្សំផ្គុំជាតំណ | បង្កកើតមកជាខ្ញុំបាទ ។ |
ពូជខាងអាពុកមានប្រាជ្ញា | ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត | ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត | រូបរាងច្រើនស្អាតគ្មានគេស្អប់ ។ |
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ | គិតក្រែងសាសនាប្រែត្រលប់ | ខ្ញុំចាប់អធិប្បាយពុំសាយសព្វ | សន្មតថាចប់ម្ល៉េះឯងហោង។ |
No comments:
Post a Comment