Monday, May 13, 2013


សេចក្ដីរំលឹកដាស់តឿន

     
អ្នកភិរម្យភាសាអ៊ូលើកដៃទាំងគូប្រណម្យផ្ចង់បង្គំព្រះពុទ្ធគ្រប់ព្រះអង្គព្រះធម៌ព្រះសង្ឃប្រសើរសាយ។
ព្រះគុណគ្រូឧបជ្ឈាយាចារ្យមាតាបិតាបង្កើតកាយបង្កើតប្រាជ្ញាថ្លាវែងឆ្ងាយខ្ញុំសូមអធិប្បាយចែកពាក្យជូន។
ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងធួនពីរពាន់បួនរយចិតសឹបបួនជួនខែនិងថ្ងៃគ្មានកន្លង ។
ដើមឆ្នាំមមែក្នុងត្រីស័កពិសាខភ្លៀងធ្លាក់កាត់ទឹកម្តងមួយរោចថ្ងៃសៅរ៍កើតសៅហ្មងលឺពាក្យអ្នកផងទាស់ទែងគ្នា។
មិនបានកាប់ចាក់ដល់បាក់បែកថ្ងៃនេះជជែកថ្ងៃស្អែកជាចាក់ដោតរាលរោលពោលពណ៌នានិន្ទាដៀលត្មះចាស់បុរាណ ។
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មីរឿងធម៌បាលីស្តីប្រមាណប្រមាថទៅមកមិនឈប់ខានហាមប្រាមមិនបានមិនបាត់មាត់។
ព្រះធម៌ព្រះពុទ្ធតែមួយអង្គលោកសង្ឃបួសរៀនមានដោយវត្តសង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
គេចាប់ថាខុសប្រកាន់ខឹងមិនដឹងថាខ្លួនរៀនមិនដល់មិនដែលសួរគេព្រោះមិនឆ្ងល់សំគាល់ថាខ្លួនត្រូវមិនខុស។
អ្នកប្រាជ្ញលោកសូត្រចំបាលីថាគេធម៌ថ្មីស្តីបន្តុះបន្ទោសទៅមកឆ្លើយឆ្លងឈ្លោះមិនព្រមចំណុះខុសចំណាំ ។
ចំណែកចំណេះចេះរាល់ខ្លួនបារាជិកបួនវិន័យប្រាំមហាវគ្កចុល្លវគ្គអាទិកម្មព្រះអង្គគ្មានផ្តាំអោយឈ្លោះគ្នា។
ផ្តាំអោយតែកាន់សិក្ខាបទអ្នកបួសរាល់វត្តត្រូវសាមគ្គាព្រះពុទ្ធរូបរាល់វិហារវន្ទាគោរពរាល់យប់ថ្ងៃ។
នមស្សការបង្គំធម៌បីបទសូត្រហបមាត់នឿយជើងដៃមិនដឹងប្រាកដរតនត្រៃមិនចេះសង្ស័យសួរអ្នកណា។
អ្នកប្រាជ្ញលោកសូត្រចំបាលីប្រែចេញសេចក្តីអោយពិស្តារអ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកាគេថាខ្លួនខុសប្រកាន់ខឹង ។
ធម៌សម្ពុទ្ធេសូត្រលាន់ៗព្រះពុទ្ធរយពាន់ខ្លះមិនដឹងជឿជាក់ថាចេះចប់ប៉ុណ្ណឹងមិនប្រឹងរៀនប្រែបកបរិយាយ។
ចេះហើយមិនដឹងថាខ្លួនខុសមិនព្រមចំណុះអ្នកប្រាជ្ញប្រាយបាលីច្រលំពាក្យនិស្រាយនឹកស្តាយបែបចាស់មិនផ្លាស់ចេញ។
គេថាសូត្រធម៌មិនចេះប្រែបានបុណ្យខ្លះដែរតែមិនពេញបើចេះប្រែផងបានចំណេញខ្លួនរិតទន្ទេញតែបែបចាស់។
ចចេសទទឹងរឹងជជែកប្រកឹងប្រកែកប្រកួតម្នះម្នៅៗសត្រូវនឹងធម៌ព្រះជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មានកាលត្រលប់ជាគថ្លង់មម៉េងមម៉ង់ឆ្កួតមួម៉ៅពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅហ្នឹងហៅចេះហើយមិនប្រសប់។
ប្រសិនបើឱនខ្លួនខ្លបខ្លាចអ្នកប្រាជ្ញកាលណាលោកនឹងស្អប់ធម៌អាថិអ្នកណានឹងចេះចប់កុំកាន់ទំលាប់ទំលោយខ្លួន។
ទំលាក់អោយទាបសុភាពវ័យព្រះសូត្រវិន័យធំជាងក្បួនព្រះអភិធម្មជាមាំបួននេះហើយប្រធួនគួររៀនទៀត។
ពាក្យពីបុរាណជាពាក្យងាយពាក្យក្បួនទូលាយស្រណុកជ្រៀតឯពាក្យគម្ពីរទីចង្អៀតគួរឆ្លៀតជ្រើសរកយកអោយបាន
អោយបែកគំនិតគិតច្រើនផ្លូវមួយខុសមួយត្រូវជាពីរស្ថានគេប្រាប់ថាខុសគួរឈប់ខានឃើញត្រូវប៉ុន្មានប្រមូលយក។
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនាអ្នកប្រាជ្ញចែងចារចងទុកមកព្រះសូត្រវិន័យលោកលៃលកប្រែសព្ទសៀតស៊កច្រើនប្រការ
ពាក្យពិតប្រាកដបទបាលីប្រែចេញសេចក្តីឃើញពិស្តារគួរស្តាប់អោយស្តែងសិនកុំថាកុំអាងតំរាតំរាប់ចាស់។
តំរាយបុរាណយូរអង្វែងមិនលែងច្រលំមានលើសខ្វះអ្នកប្រាជ្ញជំនុំឃើញខុសណាស់ចោលខ្លះទុកខ្លះដោយពិស្តារ។
យ៉ាងធម៌«តិរោក»ពីបុរាណមិនដឹងជាបានពីគ្រូណាសូត្រលាយចំរុះខុសអក្ខរាមិនបានជាការប្រយោជន៍អ្វី។
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើរុះរើរៀបចំផ្សំបាលីអ្នកខ្លៅហៅធម៌តិរោកថ្មីសម្តីបែបឡកចំអកខឹង។
សង្ខេបរឿងសូទ្រធម៌ត្រូវខុសកូនចៅប្រុសៗគួរខំប្រឹងប្របរកអ្នកប្រាជ្ញប្រិតអោយដឹងសំលឹងអក្ខរាអោយប្រាកដ។
ប្រការមួយទៀតចាស់ជាន់មុនធ្វើបុណ្យអភិសេកបែកច្រើនបទច្រើនបែបរាប់អានគ្មានកំណត់សន្មតថាធ្វើតាមបុរាណ។
អាចារ្យមួយប៉ែកអភិសេកខ្ជិលបង្វិលពពិលរំពេចបានអាចារ្យមួយថាធ្វើតាមបានលំអានគម្ពីរបឋមត្រាស់។
ទេសទសជាតកចប់អភិសេកព្រឹកស្អែករៀបចំមធុបាយាសមានមារលើកពលច្បាំងដេរដាសធ្វើច្រាសត្រលប់ក្រោយជាមុន។
បើធ្វើអោយត្រូវតាមសាស្រ្តានាងនាថសុជាតាគេមានគុណថ្វាយមធុបាយាសព្រះមានបុណ្យនិមន្តទៅផ្សងបីដងត្រាស់។
ទេវតាផ្អើលចុះពេញផែនដីគ្រប់ទិសប្រាំបីមីរដេរដាសកក្រើកញាប់ញ័រទាំងអាកាសអរណាស់ថ្វាយសព្ទសាធុការ។
ហេតុនេះអ្នកចេះចាំនិទានធ្វើរោងធ្វើរានថ្វាយទេវតាអ្នកប្រាជ្ញចេះថ្មីស្រដីថាអាចារ្យនាំធ្វើខាតប្រយោជន៍។
អាកាសទេវតានៅស្ថានខ្ពស់គេខ្ពើមជាមនុស្សក្លិនអសោចឧស្សាហ៍ដាក់នំអោយហិចហោចចំណេញស្រមោចចោមរោមស៊ី។
អាចារ្យមួយទៀតចេះរៀបចំប្រណម្យសំពះក្រុងពាលីព្រះឥសូរព្រះនារាយណ៍មានរិទ្ធីពេញទីចោលត្រៃសរណគមន៍។
ចំណីចំណែកចែកដាក់ពែចំណេញបានឆ្កែវាស៊ីនំនាងហ៊ីងធរណីថាជាធំសូមសុំទឹកដីសាងកុសល។
អាចារ្យជាន់ចាស់ដោះសង្ស័យថារតនត្រៃគេតំកល់តំកើងលើកឡើងជាដើមផលប្តឹងដល់ទេវតាជាសាក្សី។
សង្ខារិករលឹកគុណធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មីបូជាភ្ញីផ្កាស្លាបារីគ្រប់ទិសប្រាំបីសឹងអោយមាន។
អភិសេកព្រះពុទ្ធតាំងកសាងតំណាងព្រះពុទ្ធដ៏ទ្រង់ញាណរំលឹកទេវតាជាប្រធានប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។
ថាបើទេវតាខ្ពើមចំណីស្អប់ស្លាបារីមិនចង់ជក់បិសាចភ្លើៗមិនលែងភ្លក់អារុក្ខទេវតាមិនលែងសោយ។
នំនែកចំណីឆ្អែតស្កប់ស្កល់សេសសល់បានប្រេតគ្នាស៊ីក្រោយស៊ីគ្រាន់រួចរស់ព្រោះគេអោយបានដោយមគ្គផលកុសលដារ ។
លោកសូត្រតិរោកតែរាល់ព្រឹកយំកិញ្ចិច្រូចទឹកថែមយថាបញ្ជូនអានិសង្សដល់ដូនតាប្រាថ្នាដូចម្តេចក៏សឹងបាន។
ក្រែងដូនតាណាទៅជាប្រេតឬមួយអណ្តែតជាតិរច្ឆានលើសខ្វះប៉ុណ្ណោះខុសប៉ុន្មានរាប់អានទេវតាប្រាថ្នាសុខ។
ថាបើទេវតាមិនព្រមសោយកុំអោយខុសចុះនរកនរូកើតភាន់ផុតក្នុងភក់វីវក់ក្នុងវាលវដ្តសង្សារ។
មិនដាច់សង្ស័យដូចអរហត្តលោកកាត់កាមគុណនិងតណ្ហាត្រង់ភ្លឹងមិនងាកពឹងទេវតាប្រាថ្នានិញ្វនគ្មានត្រលប់ ។
ឃើញឆ្លងមិនផុតភពទាំងបីធម៌អាថិបាលីចេះមិនចប់មិនចោលសីល៥កម្មបទ១០រាវរៀបអោយសព្វកុំអោយសល់។
សម្បត្តិសួគ៌សុខកើតពីទានឈោងយកនិញ្វនឈានមិនដល់មិនដើរហួសសោតាមគ្គផលតម្កល់និញ្វនទុកដោយឡែក ។
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែកប្រាកដនិញ្វនជាស្ថានឯកចំណែកសោតាក្នុងតែបាន។
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះទានណាខាតខុសត្រូវអោយខានអារុក្ខអារក្ខកុំរាប់អានជាស្ថានទាបថោករកធ្វើអ្វី ។
សង្ខេបរឿងសូត្រធម៌ត្រូវខុសកូនចៅស្តាប់ចុះទាំងប្រុសស្រីអ្នកប្រាជ្ញពួកចាស់និងពួកថ្មីគប្បីចូលចិត្តជឿពួកណា។
បើរឿងសូត្រធម៌អាថិបាលីគួរចូលប្រាជ្ញថ្មីខំសិក្សាប្រយោគប្រធានមានមាត្រារាជការបានធីប្រឡងជាប់ ។
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទានធ្វើរានទេវតាដោយសារធ្លាប់អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់អាចារ្យបង្គប់គ្នាធ្វើទៅ ។
បើបែរជាខានមិនបានសុខមិនបានធ្លាក់ចុះនរកជ្រៅបើធ្វើទេវតាមិនជ្រកនៅស្ថានគេសន្ធៅសន្ធឹងហោះ ។
ហេតុនេះគួរគិតគូររំពឹងជញ្ជឹងកុំអោយសល់ចន្លោះចាស់មុនមានគុណរាប់មិនអស់មិនអោយចោលសោះក៏មិនបាន។
គួរគិតអោយសព្វគ្រប់អន្លើគួរធ្វើ ឬ គួរបង្អង់ខានបើធ្វើមិនខាតបង់ប៉ុន្មានបើខានក៏គ្មានទោសទាស់អ្វី។
ប៉ុន្តែមិនបាត់ពាក្យចាក់ដោតដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រីពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មីអាយុថយខ្លីជាងដូនតា ។
ពាក្យនេះសង្ខេបស្លេះមួយប៉ែកមានឈ្លោះប្រកែកច្រើនប្រការមិនចាំប្រាកដគម្ពីរណាពោលថាទឹកដីនេះគ្មានគុណ។
អ្នកប្រាជ្ញនាំអោយអ្នកខ្លៅឆ្ងល់សាយសុសសួរដល់ពួកអ្នកមុនអ្នកមួយរេរារង់រែកពុនមិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
អ្នកក្រោយបណ្តោយសូរអ្នកមុនថាដីមានគុណប៉ុន្មានយ៉ាងសំគាល់គោលអ្វីជាតីតតាងមានរាងឃើញក្នុងគម្ពីរណា។
រុកម្ខាងថាអាងនគរកាយបរមត្ថអធិប្បាយក្នុងសាស្រ្តាធាតុទឹកតួ ន អង្គអក្ខរាជាគុណមាតាពីរដណ្តប់។
ធាតុទឹករំលឹកពីសេម្ហំវកំ យកនំ រហូតចប់ធាតុដី កេសា មសំ សព្វបញ្ចប់ បិត្តំ គុណបិតា ។
អ្នកចេះបិដកឆ្លើយបីដងថានោះជាកងពួកកេសាហៅធម៌អាចម៍នោមក៏ល្អើមល្អាអ្នកណារំលឹកគ្មានប្រយោជន៍។
អ្នកមួយថាភាវនាកុំឈប់ជាទីអសុភផ្លូវអសោចអសារឥតការស្លាប់ជាខ្មោចគេដុតឆេះខ្លោចគ្មានខ្លឹមសារ។
គួរគិតកុំស្តាយកុំស្រណោះរូបរាងទាំងអស់ជាអនិច្ចាអនិច្ចំមិនទៀងល្អៀងសង្ខារសង្ឃឹមរូបានេះមិនបាន។
សរសៃរសាច់ស្បែកសង្គេតគ្រប់ជាសាកអសុភកម្មដ្ឋានរបស់ខាងក្នុងទាំងប៉ុន្មានមុខជាមិនខានរលាយបាត់ ។
ទឹកដីខាងក្រៅក៏មានគុណព្រោះដីកើតមុនទើបកើតសត្វកើតសព្វរូបកាយអធិប្បាយកាត់លើកឡាត់លះឃ្លាអោយយ៉ាងខ្លី។
គម្ពីរត្រៃវេទដើមសាសនាត្រៃយុតត្រៃតាគ្រប់ជាបីព្រះពុទ្ធចេញសាងអាងទឹកដីសន្សំបារមីក្នុងភទ្ទកប្ប។
ភទ្ទកប្បនេះមានព្រះពុទ្ធ៥បានរៀនចេះចាំជាសណ្តាប់សំដែងថាចុះនរកមួយកប្បលោកប្រាប់ថាជេរព្រោះទឹកដី។
អ្នកម្ខាងថាអាងរៀនសាស្រ្តាប្រែអស់គាថាបទបាលីព្រះពុទ្ធទតគ្រប់ភពទាំងបីត្រង់គុណទឹកដីមិនឃើញមាន។
កេសាអក្ខរាទាំង៥គូមិនគួរបើយកមកសន្និដ្ឋានយើងចេះដឹងដែរតែមិនហ៊ានដូចពោលបំពានហួសពុទ្ធដិកា។
ពាក្យនេះអ្នកខ្លៅកើតសង្ស័យសព្វថ្ងៃនៅក្នុងឧបេក្ខាមិនទាន់ដាច់សេ្រចទៅខាងណាមិនឃើញពិស្តារស្តាប់មិនបាន ។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះចង្ហាន់ថ្វាយព្រះថាអោយខានដ្បិតព្រះមិនឆាន់នៅពេញចានរបស់ប៉ុន្មានបានអាចារ្យ។
របៀបរាប់បាតមានកន្ទោង១ឈេង២ឈោងហៅបាយដារបាយដាក់ហ្នឹងតើអោយអ្នកណាអសារឥតការឥតប្រយោជន៍។
ព្រះពុទ្ធមិនឆាន់មិនចេះស្តីយើងអាងបាលីឧទ្ទិសដល់តម្លើងចង្ហាន់លើកតំកល់សេសសល់ប្រគេននេនសាមណេរ
សមណៈបួសរៀនមានសីលដប់ប្រសប់ប្រសើរគ្រាន់បើដែរបញ្ចូនមគ្គផលដល់ឳម៉ែបង្វែរឧទ្ទិសតាមប្រាថ្នា។
អ្នករេគំនិតគិតគៃកាញ់ចូលបទកំណាញ់ក្រៅតំរាទុកស៊ីមាត់ឯងអោយឆ្ងាញ់ពិសាខ្លាចបានអាចារ្យស៊ីខាតទុន។
អ្នកម្ខាងថាអាងដាក់អោយប្រេតដោយហេតុគ្នាឃ្លានគ្នាហិនហោចគ្នាស៊ីខ្ទុះឈាមក្លិនអសោចបិចបោចចែកទានគ្នាស៊ីផង។
ប្រេតត្រូវជាញាតិធម៌តិរោកគ្នាបានងើបមកព្រោះគេផ្សងបានស៊ីដោយសារដារម្តងៗបានដូចបំណងបំណាច់នឹក។
ចង្ហាន់ថ្វាយព្រះត្រូវបូជាអាចារ្យវន្ទាសូត្ររំលឹកព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍បាយទឹកជាទានមានមគ្គផល។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ថាពូនភ្នំខ្សាច់មិនបានបុណ្យជីកដីលៀនភ្នែករែកត្រុនដឹងបានជាគុណប្រយោជន៍អ្វី ។
នាំគ្នាអុជធូបហែទក្សិណអាចារ្យនោះឆ្អិនខាងបាលីហើយមានចេះធម៌បំបួសដីមិនដឹងជាដីឆ្លើយថាម្តេច។
អ្នកមួយថាពូនភ្នំខ្សាច់ស្អាងតំណាងចេតិយព្រះសរពេជ្ញព្រះសាររីរឹកធាតុយើងមិនភ្លេចដ្បិតបុណ្យយើងតិចទៅមិនដល់។
បើធ្វើដោយវាលកណ្តាលថ្ងៃគង់ជាប់និស្ស័យបានកុសលបើដើមពោធិ៍ពិតរឹតបានផលតំកល់ដើមពោធិ៍យកជាម្លប់។
ពូនភ្នំតំកើងពោធិព្រឹក្សរលឹកដល់អង្គព្រះចមភពច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់កុំអោយកំពប់ហៀរហូរដី ។
បើចេះរំលឹកបានបុណ្យណាស់ជឿចុះប្រាជ្ញចាស់កុំជឿថ្មីប្រាជ្ញចាស់ក៏ចេះប្រែបាលីបរលោកលោកិយក៏ចាស់ដឹង ។
ចាស់ម្យ៉ាងចាស់ពិតគំនិតពាលចាក់ដោតរោលរាលនាំក្មេងខឹងចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹងចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ធ្វើតាមតំរាប់ចាស់បុរាណបុរីនគរធ្លាប់រាប់អានតែខានខ្លាចខុសក្បួនតំរា។
ច្រើនជឿតំរាប់ក្បួនលោកិយមានកូនប្រុសស្រីត្រូវរៀបការសំលាប់ជ្រូកមាន់ស៊ីហ៊ឺហាផឹកស្រាលៀនភ្នែកជជែកឈ្លោះ។
បណ្តោយអោយយកគ្នាទទេមេបាធ្វើគេក្រែងមិនរស់នាំកូនសែនខ្មោចអសោចឈ្មោះពីព្រោះមានប្តីមិនរៀបការ។
រៀបកិច្ចមង្គលមានច្រើនយ៉ាងពួកចាស់ច្រើនអាងក្បួនតំរាបើតាមតំរាយព្រះសូត្រថាមេបានាំកូនចុះនរក ។
បុត្តទារស្ស សង្គហោហីនោ គាមោ ធម៌អ្នកស្រុកសង្រ្គោះកូនផុងទៅក្នុងភក់ហ្នឹងហៅអាពុកពន្លិចកូន។
បើធ្វើមង្គលអោយរួចបាបរួចពៀរដរាបអស់តានដូមង្គលយ៉ាងល្អបរិសុទ្ធសូន្យប្រមូលបងប្អូនស៊ីម្លូស្លា។
ជ្រូកមាន់កុំបាច់សំលាប់តៃសាកមានស្រាប់ទិញពីផ្សារផ្សំកូនប្រុសស្រីតាមមេបាអាចារ្យប្រមូលអស់ចាស់ទុំ។
ប្រុសស្រីអង្គុយកាន់ពពិលបង្វិលប្រាំបួនដណ្តប់ជុំធ្វើកិច្ចមង្គលក្នុងជំនុំផ្សំផ្គុំកូនប្រុសនិងកូនស្រី ។
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោតចង់អោយគេកោតនាលោកីយយើងធ្វើយាងតិចត្រលេចខ្លីបានប្តីប្រពន្ធដូចៗគ្នា ។
ហៅកូនសង្រ្គោះម្តាយឳពុករួចទោសរួចទុក្ខអស់មីងមាអាពុកសង្រ្គោះគ្មានវេរាអាវាហ៍វិវាហមង្គល។
មិនគួរបង្គាប់អោយកោរជុកហេតុម្តាយអាពុកនាំរវល់អាចារ្យតែងក្បួនអោយអំពល់ពន្យល់អ្នកល្ងង់អោយបង់ទ្រព្យ។
អ្នកខ្ជិលគេជឿសីលមាំមួនពាក្យក្បួនតំរាគេមិនរាប់គេថាមិនរស់ពីព្រោះធ្លាប់មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។
យ៉ាងដូចចិនយួននៅដាក់ផ្សារស្រុកស្រែចំការក្រុងភ្នំពេញកើតឡើងដុះសក់មិនកោរវិញរវល់ដូរទិញអង្គុយលក់ ។
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់តមដាច់មិនដែលស៊ីប្រហ៊ក់ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ទូលស្រូវកន្ទក់ទៅដូរចិន ។
ហេតុតែជាខែ្មរសម្បុរខ្មៅគំនិតគិតឆៅមិនសូវឆ្អិនរកស៊ីមិនឆ្អែតជឿចែសិនអាចឹកវាកិនទារទាល់បាន ។
១កើតអស្សុជសំលាប់មាន់ចំអិនគ្រប់គ្រាន់ដួសដាក់ចានរៀបសែនព្រះភូមិតាមបុរាណថាខានខុសក្បួនប្រពៃណី ។
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើលហែកមាត់មាន់មើលចង្កាពីរអាដែងព្រះភូមិមានឈ្មោលញីថាសែនរកស៊ីបានផលស្រូវ។
មានជូនដូនតាទៅស្រុកប្រេតបណ្តែតសំបានច្រានសំពៅសំពះអារក្ខជូរខាងឳខាងម៉ែក៏ត្រូវមិនសូវខុស។
ថ្វាយចេកថ្វាយស្រាជារង្វាន់ខ្មោចចូលជិះជាន់រូបស្រីប្រុសកូនចៅអើយជឿពុទ្ធដិកាចុះរូបស្លាប់ពីព្រោះតែផលកម្ម ។
រូបសុខដោយសារតែផលបុណ្យកាលជាតិពីមុនខ្ជាប់សីល៥ជាតិនេះអាយុអង្វែងឆ្នាំកូនចៅអ្នកចាំជឿអោយជាក់ ។
អោយពិចារណាចិត្តឯងស្តាប់ធម៌ម្តងៗគួរអោយភ្ញាក់កុំផ្ញើរូបកាយនឹងអារក្ខក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
បើចង់អាយុវែងយឺនយូរគោរពគុណគ្រូអាពុកម្តាយបើចង់រកស៊ីសុខសប្បាយផ្ញើកាយនឹងគុណរតនត្រៃ ។
នមស្ការបង្គំពេលល្ងាចព្រឹកភាវនារំលឹករាល់យប់ថ្ងៃកុំថាធម៌ណាថោកណាថ្លៃសង្ស័យត្រូវសួររាជបណ្ឌិត ។
កុំអោយមន្ទិលធម៌ថ្មីចាស់មួយធម៌ក្រដាសមួយធម៌ស្លឹករិតរាជការជំនុំរួមគំនិតរិះគិតតំកើងព្រះសាសនា។
តំកល់សីលប្រាំសីលប្រាំបីអោយមនុស្សប្រុសស្រីរួមរក្សាផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកាពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជំនុំបោះពុម្ពដាក់ក្រដាសជាការរហ័សធ្វើសៀវភៅអោយមានសូត្ររៀនច្រើនតទៅទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញពោលខ្លាំងគិតខ្លាចលឺសុសសាយថាធម៌សៀវភៅធម៌ក្លែងក្លាយអធិប្បាយខ្សឹបៗតែគ្នាឯង។
អោយស្ងៀមពីថ្ងៃនេះតទៅឯធម៌សៀវភៅផែនដីតែងមិនមានអ្នកប្រាជ្ញណាហ៊ានក្លែងខ្លាចក្រែងរាជការចាប់ដាក់គុក។
គម្ពីរស្លឹករឹតជាគំរូតំកល់ក្នុងទូចាក់សោទុកគម្ពីរសៀវភៅប្រើគ្រប់មុខទំនុកបំរុងក្នុងសាសនា។
ចាស់ៗជាន់មុនមានគំនិតគម្ពីរស្លឹករឹតជួលគេចារពុំនោះជាវគេដោយជ្រះថ្លាច្រើនមានប្រាជ្ញាតិចអ្នកចេះ ។
សង្ខេបបទបែបរឿងប្រដៅទូន្មានអ្នកខ្លៅឈប់ទុកស្លេះសុំកើតអ្នកប្រាជ្ញមានតំរិះកុំតិះដៀលត្មះចាស់ជាន់មុន ។
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើក្រែងពារទៅលើអ្នកមានគុណកុំពោលថាចាស់ថយថោកធុនក្រែងស៊ុនទៅលើគ្រូអាត្មា។
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅជាក្មួយជាចៅជាជីតាជាសាច់ខាងមាតាឬបិតាជាកម្មវាចាខ្លះជាបង ។
ខ្លះត្រូវជាធំខ្លះត្រូវជាមាជាគ្រូឧបជ្ឈាយ៍បំបួសផងប្រដៅសព្វថ្ងៃវាយម្តងៗព្រោះលោកបំណងចង់អោយចេះ។
ដល់ខ្លួនរៀនចាំជាក់បាលីឡើងពាក្យសំដីអាងតំរិះតំរូវខាងណោះខុសខាងណេះដៀលតិះថាគ្រូខ្លួនឯងល្ងង់។
លោកគ្រូមិនដឹងប្រឹងតែអរខំផ្ញើអង្ករបាវការុងស្ករក្អមស្ករស្រាក់លាក់មិនគង់ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ខ្លួនចេះបន្តិចកំប៉ិចឡើងចចើងចចេសជជែកឈ្លោះចេះកប់ពពកយកកំពស់បន្តុះបន្ទន់គុណទាបទៅ ។
បើចិត្តចង់ធំកុំចចើងគួរលើកតំកើងគុណទុកនៅទោសនោះធ្លាក់ចុះនរកជ្រៅម្នៅៗអោយបាបពីព្រោះមាត់ ។
ព្រោះមាននិទានពុទ្ធឃោសាអាងចេះសាស្រ្តាគម្ពីរស្ទាត់ថាចេះលើសគ្រូៗបំភ្លាត់បំប្លេងកំចាត់អោយទណ្ឌកម្ម ។
ប្រដូចនិទានតែប៉ុណ្ណេះអស់លោកក៏ចេះបានរៀនចាំផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំដូចមានចំណាំចំណោទជួន ។
ទំនុកបុរាណមានប្រាជ្ញាចេះចែងបញ្ហាសាស្រ្តាក្បួនទុកអោយអ្នកក្រោយដោះសំនួនបើគិតអោយមួនគួរមានភ័យ ។
ចំណោទថាសត្វបរោខោអង្គុយមែកឈើស៊ីផ្លែជ្រៃបុរសខុសជ្រុលគ្មានលក់ព្នៃបង់គោក្របីទាំងមេកូន ។
បុរសម្នាក់ទៀតឡើងដើមឈើបេះផ្លែខាងលើចែកបងប្អូនស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យបុរសម្នាក់បានកូនភ្លេចគុណម្តាយ។
ចំណោទទីបីចំណែកនេះគួររិះអោយជិតកុំគិតឆ្ងាយកុំឆ្ងល់និងពាក្យពោលអធិប្បាយប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
និយាយដើមគ្រូដោយកំបាំងមានខ្សឹបមានខ្លាំងពោលបង្អាប់បង្អើលអោយអ្នកដទៃស្តាប់បង្អន់ដូចកាប់គាស់រិសគល់ ។
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចីរិសលិចក្នុងដីមើលមិនយល់មិនយកដីចាក់កប់គុណទល់អំពល់អោយបាបអំពីមាត់ ។
ពីមុនកាលកើតមានរូបកាយអ្នកម្តាយចិញ្ចឹមបានធំធាត់នាំយកទៅទុកអោយនៅវត្តរៀនចេះចាំស្ទាត់បំភ្លាត់គុណ ។
ភ្លេចគោក្របីទាំងមេកូនសាបសូន្យកុសលដែលមានមុនសាងក្រោយសាងអោយតែខាតទុនពីព្រោះបាបស៊ុនស៊យពីចិត្ត ។
ពិចារណាគួរតែកោតខ្លាចខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិតប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យអាណិតដល់គុណធ្ងន់អនេក ។
អនាគតកាលទៅមុខចូរចាំចងទុកដល់ស្អែកៗកុំស្អប់ចាស់ថ្មីស្តីដោយឡែកមើលចែកចាត់ចិត្តថ្លឹងអោយស្មើ។
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្របាលីបីថ្នាក់ចាំហើយតើមនោសេដ្ឋំចិត្តប្រសើរប្រសប់គ្រាន់បើធ្វើបុណ្យបាន ។
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះកុំថាគេខុសហើយឈប់ខានប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណច្រើនលើសប៉ុន្មានបានដោយបទ។
កុំធ្វើដោយរាប់អានស្រលាញ់ទុកជាកំណាញ់ហួសកំណត់កំណើតមគ្គផលជឿប្រាកដសន្មតថាបានច្រើនប្រការ ។
កុំធ្វើប្រកាន់ដោយយល់មុខហៅបុគ្គលិកទានគ្មានផលាតាំងចិត្តចុះផ្លូវឧបេក្ខារក្សារូបសុខដល់សួគ៌នាយ
សួគ៌នេះបើចង់អោយឆាប់ដល់សាងមគ្គសាងផលកុំរាយមាយឃើញគេខុសចិត្តកុំមើលងាយកុំពោលនិយាយកាន់ម្ខាងៗ ។
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែកចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាងកាន់យកទាំងពីរជាទីអាងសន្សំខំសាងនឹងបានសុខ ។
ពីថ្ងៃនេះទៅនៅអោយនឹងស្ងៀមមាត់អោយឈឹងខ្លាចនរកពីព្រោះឈ្លោះគ្នារៀងរាល់ស្រុកបឹងថ្លុកត្រពាំងរាំងប្រេះដី ។
មិនឈ្លោះពីរឿងកេររឿងកោះឬទ្រព្យរបស់គោក្របីនេះឈ្លោះពីធម៌ចាស់ធម៌ថ្មីក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ ។
បើក្តីពីស្រែពីចំការចៅក្រមសាលាងាយជំរះនេះក្តីពីធម៌ថ្មីធម៌ចាស់នោះក្រែងតែព្រះទើបកាត់បាន ។
ចៅក្រមសព្វថ្ងៃឧបាសកចេះខ្ទេចបិដកព្រះកម្មដ្ឋានកាត់ក្តីត្រូវច្បាប់អំបាលម៉ានអ្នកក្តីមិនខានប្តឹងឧទ្ទរណ៍ ។
អាដែងមនុស្សម្នះរឹងចចេសបានតែនិរទេសក្រៅនគរតែទុកវានៅវានាំវរជំហរតែរឹងទទឹងច្បាប់ ។
សង្ខេបបែបបទរឿងប្រដៅអ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទគួរត្រាប់អ្នកប្រាជ្ញចេះបាលី ។
ធ្វើបុណ្យធ្វើទានកុំចោលចាស់ចោលចេញទុកខ្លះក្បួនលោកិយសូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មីកុំបីភ្លេចគុណចាស់បុរាណ ។
ធម៌អាថិច្រលំកុំច្រលោតពាក្យពោលចាក់ដោតអោយឈប់ខានរួមចិត្តសះសាបានសុខសាន្តនឹងអោយរុងរឿងរីកសាសនា។
កុំអោយរៀវរោយរឹតរងកម្មរាំងរឹងរាល់ឆ្នាំ៥វស្សាវស្សន្តរដូវត្រូវមនុស្សថារំជួលទេវតាក្តៅក្រហាយ ។
មនុស្សភូតកុហកឆក់ឆរបោកឆ្នាំនេះស្រូវថោករាស្រ្តអត់បាយក្រលុយក្រកាក់ខ្វះប្រាក់ចាយមហាជនទាំងឡាយកើតវេទនា ។
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូពូជពង្សអំបូរខែ្មរអ្នកជាអាពុកឈ្មោះ អ៊ុក មានសក្តិងារចៅពញាធម្មធារាមេស្រុក ។
ក្នុងខេត្តភ្នំពេញ ឃុំកំបូលពូជពង្សត្រកូលម្ចាស់អង្គប៉ុកជីតាខាងម្តាយឈ្មោះពញាម៉ុកគាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។
អ្នកម្តាយអាពុកបងប្អូនជិតជីទួតមួយពិតពូជចិត្តល្អដូនតាផ្សំផ្គុំជាតំណបង្កកើតមកជាខ្ញុំបាទ ។
ពូជខាងអាពុកមានប្រាជ្ញាច្រើនចេះសាស្រ្តាចាំក្បួនខ្នាតត្រកូលខាងម្តាយប្រាជ្ញាឆ្លាតរូបរាងច្រើនស្អាតគ្មានគេស្អប់ ។
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិគិតក្រែងសាសនាប្រែត្រលប់ខ្ញុំចាប់អធិប្បាយពុំសាយសព្វសន្មតថាចប់ម្ល៉េះឯងហោង។
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ Counter

No comments:

Post a Comment