គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
បណ្ឌិតវគ្គ
ថ្ងៃសុក្រ ទី29.មិនា 2013.ម៉ោង 20:22
កូនសិស្សសួរគ្រូថា រឿងមនុស្សពាលមានអុបាយកល និងមានអំណាចអាចបៀត បៀនយាយីមហាជនក្នុងនគរនេះលោកគ្រូអធិប្បាយមកច្រើនរឿងច្រើនបែប ខ្ញុំករុណាបានស្ដាប់ក៏ចូលចិត្ដថា ពាលនេះគួរចៀស គួរវាងរាងចាលខ្លាចវាហើយ ក៏ឯមនុស្សដែលលោកបញ្ញាតិ្ដនាម ហៅថាអ្នកប្រាជ្ញនោះ តើមានលក្ខណៈយ៉ាងណាមានកិរិយាមានដូចម្ដេច?។
ឱ! មនុស្សដែលេហៅថា អ្នកប្រាជ្ញបាននោះ។ យើងនឹងសួរទៅឯងវិញ ក្នុងចិត្ដឯងតើសំគាល់រូបលោកអ្នកណា ដែលគួរហៅថា អ្នកប្រាជ្ញបាន។សូមទានខ្ញុំករុណាសំគាល់ថា លោកអាចារ្យដែលចេះព្រះត្រៃបិដក១ លោកអាចារ្យដែលចេះព្រះកម្មដ្ឋាន១ លោកទាំង២ នេះហៅថាអ្នកប្រាជ្ញ?។
អើឯងថានេះត្រូវដែរ តែមិនទាន់ចំ ក៏ឯលោកអ្នកចេះព្រះត្រៃបិដក ព្រះកម្មដ្ឋាននោះ បើចេះហើយតែនៅមិនទាន់ទូន្មានខ្លួនអោយស្លូតត្រង់បាន នៅប្រកបដោយលោភៈ ទោសៈមោហៈទិដ្ឋិ ខឹងឃោរជេរពោលប្រទេចផ្ដាសា វាយគេកាច់មួលព្រះពុទ្ធភាសិត ពុំប្រព្រឹត្ដតាមក្រិត្យបន្ទាត់វិន័យជាដើមយ៉ាងនេះតើនឹងហៅអ្នកប្រាជ្ញបានឬដូចម្ដេច?។
ករុណាបើលោកចេះព្រះត្រៃបិដក ចេះព្រះកម្មដ្ឋាន ហើយចិត្ដនោះនៅមានលោភៈទោសៈ មោហៈជាដើមយ៉ាងនេះ ក៏ពុំបានរាប់ហៅថា ជាអ្នកប្រាជ្ញឡើយហៅថាពាលវិញ។
អើដូចយ៉ាងកបិលភិក្ខុ បួសក្នុងពុទ្ធសាសនាព្រះពុទ្ធកស្សបៈ ជាម្ចាស់នោះ គឺជាភិក្ខុចេះព្រះត្រៃបិដកចប់ទាំងប្រាំបីម៉ឺនបួនពាន់ ធ្វើជាអាចារ្យធំ តែពុំប្រព្រឹត្ដតាមធម៌ តាមវិន័យ ស្រដីកាច់មួលព្រះពុទ្ធវចនទៅផ្សេងៗ លុះអស់អាយុទៅ ក៏ធ្លាក់ទៅសោយទុក្ខវេទនាក្នុងមហានរករងទុក្ខអស់ពុទ្ធន្ដរ១ លុះដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់យើង បានត្រាស់ក្នុងលោកនេះ នោះកបិលភិក្ខុបានរួចចាកជាតិជាសត្វនរកមក កើតជាត្រីធមានពណ៌ដូចមាស តែមានមាត់នោះស្អុយអសោចិ ទួទៅ រឿងនិទាននេះមានពិស្ដារ ក្នុងគម្គីរធម្មបទ ឯងស្ដាប់មើលចុះនេះលោកអាចារ្យចេះព្រះត្រៃបិដកហើយ នឹងថាជាអ្នកប្រាជ្ញបានឬមិនបាន? មួយទៀត ខាងលោកដែលចេះព្រះកម្មដ្ឋាននោះដូចយ៉ាងទេវទត្ដត្ថេរ គឺបានទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានរៀនព្រះកម្មដ្ឋានស្ទាត់ជំនាញញ៉ាំងឈានលោកិយអោយកើត អាចសំដែងបាដិហារ្យ ធ្វើព្រះបាទអជាតសត្រូវរាជកុមារអោយជ្រះថា្លបាន ដល់ក្រោយមកកើតលោភចិត្ដប្រព្រឹត្ដធ្វើលោហិតុប្បាទព្រមទាំងសង្ឃភេទកម្មជាកម្មយ៉ាងធំផង ផែនដីមិនអាចទ្រទ្រង់ទុកបានក៏បើកស្រូបទំលាក់ចុះទៅសោយទុក្ខវេទនា ក្នុងមហាអវចីនរកអស់ផែនដីនេះជាកំណត់ រឿងនេះឯងស្ដាប់មើលចុះទេវទត្ដនោះ ជាមនុស្សពាលឬអ្នកប្រាជ្ញ។
ករុណាខ្ញុំស្ដាប់បានហើយលោកចេះព្រះតៃ្របិដកចេះព្រះកម្មដ្ឋានចប់ក្ដី តែចិត្ដនៅពាលក៏ឈ្មោះថាពាលដដែល សូមទាននិមន្ដលោកគ្រូម្ចាស់ សំដែងលក្ខណធម៌អ្នកប្រាជ្ញអោយពិស្ដារបន្ដិចទៅមើលទាន។
ឱ! លក្ខណៈអ្នកប្រាជ្ញនោះបើនិយាយដោយគតិធម៌វិញនោះ លោកចែកបុគ្គលជាពីរជំពូក គឺព្រះអរិយបុគ្គលទាំងឡាយ មានអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាដើមនោះ ហៅថាជាអ្នកប្រាជ្ញប្រសើរវិសេសលើសលោកជំពូក១ កល្យានបុថុជ្ជន គឺបុថុជ្ជនដែលមានគុណគឺបណ្ឌិតគប្បីរាប់នោះ ហៅថាអ្នកប្រាជ្ញប្រពៃចំពួក១។ ឯអ្នកប្រាជ្ញចំណែកខាងព្រះអរិយបុគ្គលក្នុងទីនេះ យើងមិនសំដែងអោយពិស្ដារទេព្រោះមាននៅក្នុងចំណែកគតិធម៌នោះហើយក្នុងប៉ែកនេះសំដែងតែពួកអ្នកប្រាជ្ញ ចំណែកខាងកល្យាណបថុជ្ជនជំពូក១ ព្រោះជាគតិលោក។
អរិយទ្រព្យ៧ប្រការ
- ស សី ហិ ឧ សុ ចា ប អរិយទ្រព្យ៧ប្រការគឺ
- ១ - សទ្ធា សេចក្ដីជឿកម្ម និងផលនៃកម្មក្នុងព្រះពុទ្ធសាសនា១
- ២ - សីល៥, ៨, ១០, ២២៨ ដ៏បរិសុទ្ធ១
- ៣ - អៀនខ្មាសអំពើអាក្រក់១
- ៤ - សេចក្ដីភ័យខ្លាចបាប១
- ៥ - កិរិយាត្រាប់ត្រង់នូវធម៌១
- ៦ - សេចក្ដីបរិច្ចាគទានឬលះបង់ចោលនូវអំពើអាក្រក់១
- ៧ - បញ្ញាសម្មាទិដ្ឋិ១
- ធម៌៧ប្រការនេះ មាននៅលើបុថុជ្ជនណា បុថុជ្ជននោះឯងហៅថាកល្យាណបុថជ្ជន គឺរាប់ថាជាអ្នកប្រាជ្ញបាន។
សប្បុរសធម៌៧ប្រការ
- ១ - ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុ ជាទីតាំងនៃផលនេះៗ ជាផលដ៏បង្កើតមកអំពីហេតុនេះជាដើម។
- ២ - អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុ មានស្គាល់ថា សេចក្ដីសុខនេះ ជាផលនៃហេតុនេះសេចក្ដីទុក្ខនេះ ជាផលនៃហេតុនេះជាដើម។
- ៣ - អត្ដញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះ សក្ដិយសសម្បត្ដិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជានូវធម៌ត្រឹមប៉ុណ្ណេះៗ ហើយត្រូវប្រព្រឹត្ដខ្លួនអោយសមគួរដល់ឋានៈដែលមាននៅយ៉ាងម្ដេចៗនោះ។
- ៤ - មត្ដញ្ញុតាទំនងជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកចញ្ចឹមជីវិត ដោយសម្មាជីវ និងប្រមាណក្នុងការបរិភោគល្មមសមគួរ។
- ៥ - កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ។
- ៦ - បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន និងកិរិយាដែលត្រូវប្រព្រឹត្ដក្នុងទីប្រជុំជននោះៗថា ពួកនេះកាលទៅរកតោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម។
- ៧ - បុគ្គលបរោបរញ្ញុតា សន្ដានជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អគួរគប់ជាមិត្របុគ្គលនេះជាមនុស្សអាក្រក់ មិនគួរគប់យកជាមិត្រជាដើម។
- សប្បុរសធម៌ទាំង៧នេះ មាននៅលើបុគ្គលណាបុគ្គលនោះ ហៅថាជាអ្នកប្រាជ្ញពិតប្រាកដក្នុងលោកនេះ។
មួយទៀតសភាវៈធម៌ដែលនាំអោយប្រាសចាកក្ដីចាក់ដោតគេ អោយឈឺចាប់ផ្សេងៗ សេចក្ដីមេត្ដាករុណាសត្វ នាំសត្វអោយរួចចាកទុក្ខទោសបាន សេចក្ដីបរិសុទ្ធចិត្ដទៅក្នុងសត្ដនិកាយ សេចក្ដីទូន្មានសត្វអោយដើរផ្លូវល្អ គឺ ញ៉ាំងពពួកសត្វអោយស្ថិតនៅក្នុងកុសលធម៌បាន សភាវធម៌ទាំងអស់នេះ ជារបស់នៃអ្នកប្រាជ្ញគួរចូលចិត្ដចុះ។មួយទៀតអ្នកប្រាជ្ញនោះ បើនិយាយដោយយ៉ាងខ្លី គឺលោកស្រដីថា បុគ្គលឯណាទទួលខ្លួនឬសំគាល់ខ្លួនថាជាអ្នកល្ងង់នៅឡើយ បុគ្គលនោះឯងហៅថាជាអ្នកប្រាជ្ញវិញ ដូចមានបទបាលីថា៖
ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោវ បណ្ឌិតមានិ សវេ ពាលោតិ វុច្ចតិ។
ពាលោវ បណ្ឌិតមានិ សវេ ពាលោតិ វុច្ចតិ។
ជនឯណាដឹងខ្លួនជាពាលពិត ជននោះហៅបណ្ឌិត តាមនុយាគជនឯណាតាំងតួ ថាប្រាជ្ញព្រោក ជននោះលោកហៅថាជនពាលធំ។
ស. សូមទានពាក្យដែលហៅថាអ្នកប្រាជ្ញៗនេះសំដៅយកបញ្ញា ដែលចេះដឹង នោះឬសំដៅយកចិត្ដចេតសិកណាវិញ?
គ. អោអ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទួទៅ ហើយប្រព្រឹត្ដទៅតាមកាលដែលគួរធ្វើបាន អ្នកប្រាជ្ញអាចដឹងហេតុពិត មិនពិតជាដើមនោះព្រោះលោកសំគាល់យកអាការៈដែលសំដែងចេញមកនោះមកពិចារណាត្រិះរិះមើល ឯអាការៈនោះ ឯងអាចសំដែងប្រាប់មកអោយលោកជ្រាបបាន ដូចនិទានព្រាហ្មណ៍ចាស់ម្នាក់មានភរិយាក្រមុំ។
ស. សូមទានពាក្យដែលហៅថាអ្នកប្រាជ្ញៗនេះសំដៅយកបញ្ញា ដែលចេះដឹង នោះឬសំដៅយកចិត្ដចេតសិកណាវិញ?
គ. អោអ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទួទៅ ហើយប្រព្រឹត្ដទៅតាមកាលដែលគួរធ្វើបាន អ្នកប្រាជ្ញអាចដឹងហេតុពិត មិនពិតជាដើមនោះព្រោះលោកសំគាល់យកអាការៈដែលសំដែងចេញមកនោះមកពិចារណាត្រិះរិះមើល ឯអាការៈនោះ ឯងអាចសំដែងប្រាប់មកអោយលោកជ្រាបបាន ដូចនិទានព្រាហ្មណ៍ចាស់ម្នាក់មានភរិយាក្រមុំ។
No comments:
Post a Comment