ផែនការយុទ្ឋសាស្រ្តវិស័យអប់រំឆ្នាំ ២០០៩-២០១៣ |
ដើម្បីធានាសង្គតិភាពនៃឋានានុក្រម តួនាទី ខ្លឹមសារ និងលំដាប់លំដោយនៃការអនុវត្តរវាង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្មឆ្នាំ ២០០៩-២០១៣ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ ត្រូវបានពិនិត្យឡើងវិញ សំដៅកែលម្អសេវាអប់រំឱ្យកាន់តែប្រសើរថែមទៀត។
ការពិនិត្យឡើងវិញផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ នេះ បានបង្ហាញអំពី បម្រែបម្រួល និងបង្ហាញពីដំណាក់កាលការងារដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា នៅកម្ពុជាស្របតាមកំណែទម្រង់នារបស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេល ៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំកន្លងមកនេះ ក្រសួងនិងដៃគូអភិវឌ្ឍបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការផ្តល់ការអប់រំប្រកបដោយ សមធម៌ ការកែលម្អគុណភាពនិងប្រសិទ្ធភាពសេវាអប់រំ និងការគ្រប់គ្រងសេវា អប់រំ ។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ ត្រូវបានរៀបរៀងឡើង ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងរវាងគោលនយោបាយនិងយុទ្ធសាស្ត្រអប់រំ ជាមួយនឹងកម្មវិធីនិងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងការផ្សារភ្ជាប់ផែនការទៅនឹងថវិកា។ នៅក្នុងដំណាក់កាលនេះ ក្រសួងនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការចូលរៀនប្រកបដោយសមធម៌និងមានគុណភាពខ្ពស់ ជាពិសេសការអប់រំកម្រិតមូលដ្ឋានដែលនឹងឈានទៅសម្រេចផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០១៥ ។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ផងដែរលើការពង្រីក ការអប់រំកុមារតូច ការពង្រីកការងារអប់រំក្រៅប្រព័ន្ធ ការអប់រំបច្ចេកទេសវិជ្ជាជីវៈ ការពង្រីកឱកាសទទួល សេវាអប់រំមធ្យមសិក្សា និងក្រោយមធ្យមសិក្សា តាមរយៈបន្តអនុវត្តគោលការណ៍ភាពជាដៃគូ ឱ្យបាន កាន់តែប្រសើររវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជនអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ មាតាបិតាសិស្ស។ លើសពីនេះទៀតត្រូវធានាថា ការចំណាយលើវិស័យអប់រំពិតជាទទួលបាននូវ ផលប៉ះពាល់ជាអតិបរមា ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំសម្រាប់កុមារនិងយុវជន បាត់បង់ឱកាស តាមរយៈការរៀបចំឲ្យមានវិធានការច្បាស់លាស់ ដែលធានាដល់ប្រសិទ្ធភាពនៃការ ចំណាយថវិកាអប់រំ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការអប់រំ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងអភិបាលកិច្ចល្អក៏ជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។ ស្របពេលជាមួយគ្នានេះការលើកទឹកចិត្ត និងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៅគ្រប់កម្រិតសម្រាប់អនុវត្តវិមជ្ឈការអប់រំ ក៏ជាសមាសភាគដ៏សំខាន់ផងដែរ។
ទាញយកឯកសារ៖
|
No comments:
Post a Comment