ស្ពាន​​ដែល​មាន​ប្រវែង​ឆ្ងាយ​​បំផុត និង​ប្រើ​បង្គោល​ខ្សែកាប​ធំ​បំផុត​​ក្នុង​ពិភព​លោក​របស់​ចិន​​​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ បន្ទាប់​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​កាល​ពី​ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​Xinhua ដែល​បាន​ចេញផ្សាយ​​នៅ​​ព្រឹក​នេះ។
ស្ពាន Jiaxing-Shaoxing ដែល​ទើប​បញ្ចប់​ការ​សាងសង់​រួចរាល់
ស្ពាន​ខាងលើ​​ត្រូវ​បាន​សាងសង់​ឡើង​ឆ្លងកាត់​សមុទ្រ​ពី​ត្រើយ​ម្ខាង​នៃ​ក្រុង​ Shaoxing ភ្ជាប់​ទៅ​ក្រុង​Jiazing ស្ថិតនៅ​ភាគ​ខាង​កើត​នៃ​​ខេត្ត​ Zhejinang ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​​ខាងមុខ។ ក្នុង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ស្ពាន Jiaxing-Shaoxing ​ត្រូវ​ចំណាយ​ពេល​សាងសង់​អស់​រយៈ​ពេល​៧​ឆ្នាំ​ជា​មួយ​នឹង​កម្ពស់​២២៧​ម៉ែត្រ។ ក៏​ប៉ុន្តែ​ចំនួន​ថវិកា​​ចំណាយ​លើ​ការ​សាងសង់​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។​​​
ស្ពាន​​ដ៏​វែង​ខាងលើ​នេះ នឹង​ក្លាយ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ដែល​ទីក្រុង​ប៉េកាំង​សម្រេច​បាន​នៅ​​​ពាក់​កណ្ដាល​ឆ្នាំនេះ​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​សម្រួល​ដល់​ចរាចរណ៍​ជួន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ខាងលើ​កាន់​ទទួល​បាន​ភាព​ងាយ​ស្រូល​មួយ​កម្រិត​ទៀត​សម្រាប់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន៕