អតីត​អ្នក​ដឹក​នាំ​រឿង​របស់​ទូរទស្សន៍ CTN អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ។ រឿង​នោះ គឺ​​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​បុរាណ​សម្រាប់​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា ដែល​សាច់​រឿង​និយាយ​ពី​ទុក្ខ​វិយោគ​របស់​ឈើ​គ្រញូង ។
សកម្មភាព​កំពុង​ធ្វើ​ពិធី​ក្រុង​ពាលី ចាប់​ផ្តើម​ថត​រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ម្សិលមិញ
រឿង​នោះ មាន​ចំណង​ជើង​ថា “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ដែល​សម្ដែង​ដោយ​លោក អ៊ុន សុធា កញ្ញា តូតា លោក ស៊ឹម សោ​ភ័ណ្ឌ អ្នក​នាង ទូច ស្រី​លក្ខណ៍ លោក ដែន សក្កដា និង​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត។
ថ្លែង​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​​ថត​រឿង​កាល​ពី​ព្រឹក​ម្សិលមិញ អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​បញ្ជាក់​ថា រឿង​នេះ គឺ​ជា​សារ​អប់រំ​មួយ ដល់​ក្រុម​អ្នក​រក​ស៊ី​កាប់​ឈើ​គ្រញូង​នានា​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ស្រី​យល់​ថា​ជា​ចំណែក​តូច​មួយ ខណៈ​ឈើ​គ្រញូង​ក្នុង​ស្រុក​ បាន និង​កំពុង​រង​ការ​កាប់​ជួញ​ដូរ​ឥត​ស្រាន្ត។

កញ្ញា តូតា (តួ​នាង​ កែវ) និង​លោក អ៊ុន សុធា (តួ​លោក​ម្ចាស់​គ្រញូង) ពេល​កំពុង​ថត​ឈុត​ហោះ​កាត់​ព្រៃ
អ្នក​ស្រី​ថ្លែង​ថា “មើល​រឿង​ហ្នឹង​ហើយ គាត់​នឹង​កាន់​តែ​ចាប់​អារម្មណ៍​ថា ឈើ​គ្រញូង​ក៏​មាន​ជីវិត វា​ក៏​មាន​សាច់​ឈាម​ដែរ។ ដូច្នេះ ​ពេល​គាត់​កាប់ គាត់​នឹង​នឹក​ឃើញ!”។ អ្នក​ស្រី ពាន់ ភួង​បុប្ផា សង្កត់​ធ្ងន់​ថា លោក ម្ចាស់​គ្រញូង​ដែល​ជា​ជន​រង​គ្រោះ បាន​ធ្វើ​សារ​ថា “សូម​កុំ​កាប់​បំផ្លាញ​ខ្ញុំ​ទៀត បើ​អ្នក​ថែ​រក្សា​ខ្ញុំ ខ្ញុំ​នឹង​ថែ​រក្សា​អ្នក​វិញ”។
វិល​មក​ដំណើរ​រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” វិញ អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​គូស​បញ្ជាក់​ថា រឿង​នេះ ដំបូង​ឡើយ​និយាយ​អំពី​ ការ​ភ្នាល់​គ្នា​មួយ​របស់​អ្នក​ស្រុក​ម្នាក់​ឈ្មោះ​ តំ ដែល​បាន​លេង​ល្បែង​ភ្នាល់​ឈ្នះ​គ្រែ​គ្រញូង​មួយ។ តាម​គ្រូ​ទាយ​បាន​ឲ្យ​ដឹង​ថា គ្រែ​នេះ មាន​ដួង​វិញ្ញាណ​ថែ​រក្សា ដូច្នេះ​ហើយ​មាន​តែ​ស្រី​ក្រមុំ​ប៉ុណ្ណោះ​ទើប​អាច​ដេក​បាន។
ក្រោយ​មក​នាយ​ឈ្មោះ​តំ និង​ភរិយា បាន​ប្រគល់​គ្រែ​នេះ​ទៅ​ហើយ​ប្អូន​ថ្លៃ ស្រី​ឈ្មោះ​នាង កែវ ជា​ស្រី​ក្រមុំ​មាន​រូប​ឆោម​លោម​ពណ៌​ប្រើ​ប្រាស់។ នាយ តំ បាន​លួច​គយ​គន់​សម្រស់​នាង កែវ ជា​ប្អូន​ថ្លៃ​រាល់​ថ្ងៃ។ លុះ​ថ្ងៃ​មួយ​ទ្រាំ​មិន​បាន ក៏​ដាច់​ចិត្ត​ចូល​ទៅ​ចាប់​បង្ខំ ក៏​ត្រូវ​លោក​ម្ចាស់​គ្រញូង​ដែល​ជា​ដួង​វិញ្ញាណ​ថែ​រក្សា​គ្រែ ចេញ​មក​ជួយ។

កញ្ញា តូតា អ្នក​នាង ទូច ស្រីលក្ខណ៍ និង​លោក ស៊ឹម សោភ័ណ្ឌ ក្រោយ​ចប់​ពិធី​ក្រុង​ពាលី​
តាំង​ពី​នោះ​មក លោក​ម្ចាស់​គ្រញូង និង​នាង​កែវ ក៏​បាន​ស្គាល់​ទំនាក់​ទំនង​គ្នា​រហូត​ក្លាយ​ជា​សេចក្តី​ស្នេហា​ស្មោះ​ស្ម័គ្រ។ ដោយ​សារ​សម្រស់​ស្រស់​សោភា នាង កែវ ត្រូវ​បាន​បុរស​ជា​ច្រើន​បាន​នាំ​ចាស់​ទុំ​ចូល​ចែចូវ ប៉ុន្តែ​ត្រូវ​លោក​ម្ចាស់​គ្រញូង បន្លាច​ឲ្យ​ភ័យ​រត់​ត្រឡប់​វិញ​រាល់​លើក។ ដោយ​សារ​តែ​បែប​នេះ អ្នក​ស្រុក​យល់​ថា នាង កែវ ជា​ស្រី​ចង្រៃ ក៏​រក​វិធី​កម្ចាត់​នាង​ចេញ ដោយ​បាន​អញ្ជើញ​គ្រូ​ដែល​មាន​មន្ត​វិជ្ជា​មក​ពី​គ្រប់​ទិស​ទី​មក​រួម​គ្នា​កម្ចាត់​ ធ្វើ​ឲ្យ​ស្នេហា​នាង កែវ និង​លោក​ម្ចាស់​គ្រញូង​ជួប​ឧបសគ្គ​។
ចង់​ដឹង​ថា ពួក​គេ​មាន​វាសនា​បែប​ណា និង​មាន​ឧបសគ្គ​អ្វី​ខ្លះ​ទៀត​ឬ​អត់ សូម​រង់​ចាំ​តាម​ដាន​រឿង​ខាង​លើ​នេះ។ អ្នក​ស្រី ពាន់ ភួង​បុប្ផា រឿង “វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ទាំង​គិត និង​សរសេរ​គឺ​១​ឆ្នាំ។ ដោយ​ឡែក​ដំណើរ​ការ​ថត គឺ​ប្រមាណ​១​ខែ ហើយ​ក្រោយ​ពី​បញ្ចប់​ការ​ថត និង​កាត់​ត​កែ​សម្រួល​បច្ចេក​ទេស​រួច គ្រោង​ដាក់​បញ្ចាំង​ចុង​ខែ​ធ្នូ ឬ​ដើម​ខែ​មករា​ឆ្នាំ ២០១៤​ខាង​មុខ។ ដូច្នេះ​សូម​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា…!!!

 
អត្ថបទ៖ ទារិកា