Tuesday, April 30, 2013

វីធីសាស្រ្តជោគជ័យនៃជីវិត



(ឥទ្ធិបាទធម៌ ជាបេសកកម្មប្រកបដោយភាពជោគជ័យនៃជីវិត)
១.ឆន្ទៈ         សេចក្តីប្រាថ្នាចង់បាន ចង់កើតនូវរបស់នោះៗ
២.វិរិយៈ      សេចក្តីព្យាយាមម្តងហើយម្តងទៀតដើម្បីជោគជ័យ
៣.ចិត្តៈ         ការបេ្តជ្ញាចិត្តប្រកបដោយមនសិការ មិនដាក់ចុះនូវភារៈនោះៗ
៤.វិមំសា     សមាធិស្វែងរកហេតុផល និងកំហុសដើម្បីកែខ្លួនឲ្យបានល្អ

សិក្សាអំពីលក្ខណៈរបស់បុរស



តាមការពន្យល់ក្នុងវចនានុក្រមរបស់សម្តេច អគ្គមហាបណ្ឌិត បិតាអក្សរសាស្រ្តខ្មែរ ជោតញ្ញាណោ ជួន ណាត សម្តេចពន្យល់ថាៈ
       បុរស(ន)=អ្នកបំពេញចិត្តមាតាបិតា អ្នកបំពេញចិត្តស្រ្តី អ្នកបំពេញកិច្ចការងារក្នុងប្រទេសដែលខ្លួននៅ មនុស្ស​ជាតិ​មាន​ភេទ​ផ្សេង​ទីទៃ​ពី​ស្រី មាន​អត្ថន័យ​ថា មនុស្ស​អ្នក​បំពេញ​បំណង​របស់​ម្ដាយ​អាពុក ។ តាម​ទម្លាប់​ខ្មែរ, ត្រូវ​ប្រើ​ពាក្យ​ជា​គូ​ស្រប​គ្នា​ថា ប្រុស​ស្រី ឬ ស្រី​ប្រុស; បុរស​ស្រ្តី ឬ ស្រ្តី​បុរស; កុំ​ប្រើ​ថា បុរស​ស្រី ឬ ស្រី​បុរស ឡើយ ។ មើល​ក្នុង​ពាក្យ ប្ដី និង ប្រពន្ធ ផង ។
វីរបុរសដើមទ្រូង ៥ហត្ថ
.ក្លាហាន (ហានទទួលខុសត្រូវគ្រប់ទង្វើរបស់ខ្លួន) ដែលបានធ្វើ
.ស្វែងរកទ្រព្យ
.មិនដាក់នូវធុរៈចុះ
.ចេះចែករំលែក
.មិនស្រវឹងអំណាចដែលគេប្រគល់ឲ្យ
លក្ខណៈ​បុរស​គ្រប់​លក្ខណ៍
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​ ២៦​ យ៉ាង​ហៅថា​ប្រុស​គ្រប់​លក្ខណ៌​គឺៈ
១.​ ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការ​រៀនសូត្រ​មិន​ប្រកាន់​ខ្លួន
២.​ មិន​ចេះលួច​ប្លន់​កេង​កិប​ឆរបោក
៣.​ មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ
៤.​ មិន​រំភើប​ញាប់​ញ័រ​ ភ័យ​អរ​ផ្តេសផ្តាស
៥.​​ មិន​កុហកភូត​ភរ​ ឲ្យលើស​ពីការពិត
៦. មិន​​និយាយ​ត្រាប់​ឲ​អៀន​ខ្មាស់
៧ .​ បាន​ឮ​ដំណឹង​ហើយ​វិនិច្ឆ័យ​សិន​ ទើប​ជឿ​ជា​ក្រោយ
៨.​ ធ្វើ​ការ​មិន​រួស​រាន់​ពេក​មិន​យឺត​យូរ​ពេក
៩. មិន​ចេះ​និយាយ​បំភ្លើស​សើច​លេង
១០. ចេះ​ទទួល​ភ្ញៀវ​ពន្លឺ​មិន​លាក់​មុខ
១១.​ មាន​ថ្នាំ​កែ​រោគ​បំរុង​ទុក​មិន​ឲខ្វះ​ពេល​ត្រូវ​ការ
១២. មិន​ប្រាប់​ការសម្ងាត់​ដល់​អ្នក​ដទៃ
១៣. មិន​ផ្ញើរបស់​ទុក​នឹង​បុគ្គល​មិន​គួរ​ផ្ញើ
១៤. មាន​ចិត្ត​អត់ធន់​តស៊ូ​មិន​ញ៉ាក
១៥. មាន​ភក្តី​ភាព​ចំពោះ​ចៅហ្វាយ​នាយ
១៦.​ មិន​ចេះ​ឡឹក​ឡក់​ចំពោះ​ស្រី​ក្រមុំ
១៧. ស្គាល់​ចំនេញ​ស្គាល់​ខាត
១៨. រក​ប្រដាប់​តុប​តែង​ខ្លួន​ឲ​ភរិយា​បុត្រ​ធីតា​ និង​ខ្លួនឯង
១៩. មិន​ទិញ​ជឿ​នូវ​របស់​ប្រើ​ប្រាស់​គ្រប់​យ៉ាង
២០.​ ដឹង​គុណ​ តប​គុណ​ សរសើរ​គុណ​ នៃ​អ្នក​មាន​គុណ
២១.  គោរព​តាម​ឱវាទ មាតា​បិតា​ញាតិមិត្រ​ និង​អ្នក​ប្រាជ្ញ
២២. ចេះ​អត់​ទ្រាំ​ស្តាប់​ នូវ​ពាក្យ​ដែល​គេ​ស្តី​បន្ទោស​ប្រដៅ
២៣. មាន​កាយ​វាចា​ សមរម្យ​មិន​ឆ្គង
២៤. ឲ​ដំណឹង​មនុស្ស​ក្នុង​ផ្ទះ​ហើយ​ ទើប​ចេញ​ទៅ
២៥. ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច
២៦.​ ខឹង​ឆាប់​បាត់​មិន​ចង​កំហឹង​ទុក៕
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​ ២៦ ហៅ​ថា​ប្រុស​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​លេញ​ទេ​ មាន​ខ្វះ​ខាតខ្លះ​ ហៅ​ថា​ប្រុស​ខាត​លក្ខណ៍​ បើ​មាន​តែ​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះរដាច់​រដោច​ ហៅ​ថា​ប្រុស​ដាច់​លក្ខណ៍​ ឬ​អា​កំបាក់​ទន្សា។
(ដក​ស្រង់​ចេញ​ពី សៀវភៅ​ សុជីវធម៌​ប្រចាំ​គ្រួសារ​ ដោយ​ លោក​ សុង ស៊ីវ​)
លក្ខណៈរបស់ស្រ្តី
ចំណងស្រ្តី ៥ យ៉ាង
១.បុរិសាធិប្បាយ              ចង់បានប្តី
២.អលង្ការូបវិចារា          ចង់បានគ្រឿងតុបតែង
៣.បុត្តាធិដ្ឋានា                 ចង់បានកូន
៤.អសបតីអភិនិវេសា      មិនចង់ឲ្យប្តីមានស្រីថ្មី
៥.ឥស្សរិយបរិយោសានា ចង់ធ្វើជាធំក្នុងគ្រួសារ

- ចំពោះ​បុរស​ ចំណង​ស្នេហា​ទឹក​ដី ធំ​ជាង​ចំណង​ស្នេហា​ប្តីប្រពន្ធ
- ចំណង​ស្នេហា​ប្តីប្រពន្ធ ធំ​ជាង​ចំណង​ស្នេហា​ឪពុក​ម្តាយ។
- ចំពោះ​ស្រ្តី​ ចំណង​ស្នេហា​ឪពុក​ម្តាយ ធំ​ជាង​ចំណង​ស្នេហា​ប្តីប្រពន្ធ
- ចំណង​ស្នេហាប្តីប្រពន្ធ​ ធំ​ជាង​ចំណង​ស្នេហា​ទឹក​ដី។
ដូចនេះ​ទាំង​បុរស​ទាំង​ស្រ្តី​ សុទ្ធ​តែ​ឲ​តម្លៃស្នេហា​ប្តីប្រពន្ធ​ គឺ​ទីពីរ​ទាំង​អស់។ ហេតុនេះ​ហើយ​បាន​ជា​ពួក​គេ​ចូល​ចិត្ត​លែង​លះ​គ្នា​ណាស់។
- (​មនុស្ស​ប្រុស​) ពេល​មាន​បញ្ហា​មនុស្ស​ប្រុស​ ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ មិន​ចង់​ឲ​គេ​សួរ​ដេញដោល​ច្រើន មិន​ចង់​ឲ​គេ​ឃើញ​ថា​ខ្លួន​ទន់​ខ្សោយ ហើយ​ក៏​មិន​ត្រូវ​ការ​ពាក្យ​លួង​លោម​ដែរ។ (​មនុស្ស​ស្រី) ពេលមាន​បញ្ហា​មនុស្ស​​ស្រី​ត្រូវ​ការ​និយាយ​ចេញ​មក​ក្រៅ​បន្ធូរ​អារម្មណ៍​ តាន​តឹង​ នាង​ត្រូវ​ការ​អ្នក​លួង​លោម​យល់​ចិត្ត​ថ្លើម​ និង​យល់​អារម្មណ៍​ឈឺ​ចាប់​របស់​នាង។
- (​ម​នុស្ស​ប្រុស) បុរស​ចង់​ឲ​ស្រ្តី​នៅ​ស្និទ្ធ​ស្នាល​ខណៈ​ពេល​សប្បាយ​រីករាយ។ (​មនុស្ស​ស្រី) ស្រ្តីចង់​ឲ​បុរស​នៅ​ក្បែរ​ក្នុង​គ្រា​ទុក្ខ​ព្រួយ ពិបាក​ចិត្ត។
- (​មនុស្ស​ប្រុស) បុរស​នឹង​មួម៉ៅ​ប្រសិន​បើ​ស្រ្តី​ធ្វើ​ឲ​គាត់​មាន​អារម្មណ៍​ថា គាត់​មិន​មែន​ជា​បង្គោល​គ្រួសារ ដូចជា​រអ៊ូរឿង​ប្រាក់​ចំណូល​មិន​គ្រប់​គ្រាន់​ជាដើម។ (មនុស្ស​ស្រី) ស្ត្រី​នឹង​មួ​ម៉ៅ​ប្រសិន​បើ​បុរស​សំដែង​ឲ​ឃើញ​ថា​ គាត់​មិន​មែន​ជា​មេ​ផ្ទះ​ដ៏​ល្អ ដូច​ជា​រអ៊ូ​ថា​ផ្ទះ​មិន​ស្អាត​ជា​ដើម។
- (​មនុស្ស​ប្រុស) បុរស​មិន​ចូល​ចិត្ត​និយាយ​ពាក្យ​ថា "​​ស្រឡាញ់​" ទេ​ តែចូល​ចិត្ត​បង្ហាញ​តាម​រយៈ​ទង្វើ​ដូច​ជា ខំរក​ស៊ី​​ជាដើម។ បុរស​គិត​ថា​​ ធ្វើ​កិច្ច​ការ​ធំៗ​តែ​ពីរ​បី​គ្រប់​គ្រាន់នឹង​ជំនួស​ពាក្យ​ថា​ស្រឡាញ់បាន​ ហើយ​។​ ​(មនុស្ស​ស្រី) ស្រ្តី​ចូល​ចិត្ត​ឮ​ពាក្យ​ថា​ "​ស្រឡាញ់" ពិសេស​ក្រោយ​រៀបការ​រួច ដើម្បី​ឲ​នាង​កាន់​តែ​មាន​ជំនឿ​ចិត្ត។ ស្ត្រីចូល​ចិត្ត​ឲបុរស​ធ្វើ​ល្អ​ជាប់​ជាប្រចាំ​ មិន​គិត​រឿង​ធំ​ឬតូច​ទេ ផ្កា​មួយ​ទង​ និង​រថយន្ត​មួយ​គ្រឿង​ មាន​តម្លៃ​ប៉ុន​គ្នាក្នុង​ចិត្ត​ស្រ្តី។
- (​មនុស្ស​ស្រី) ស្រ្តីចង់​ឲ​បុរស​ជួយ​ការងារ​ផ្ទះ​ ជួយ​មើល​កូន តែ​មិន​ព្រម​និយាយ បែរ​ជា​រអ៊ូ។ (មនុស្ស​ប្រុស) ឯ​បុរស​រង់​ចាំ​ឲ​ស្រ្តី​និយាយ ទើប​ជួយ។
- (មនុស្ស​ស្រី) ស្រ្តី​ពេល​មក​ពិភាក្សា​ នាង​ចង់​បាន​ការជួយ​សម្រេចចិត្ត និង​ពាក្យ​ផ្តល់​កម្លាំង​ចិត្តដែល​ធ្វើ​ឲ​នាង​​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ តម្លៃ។
- (​មនុស្ស​ស្រី) ស្ត្រី​ទ្រាំ​មិន​បាន​ទេ បើ​នាង​មាន​អារម្មណ៍ថា​បុរស​ លាក់​កំបាំង​ការពិត​អ្វី​មួយ​ជាមួយ​នាង។ (មនុស្ស​ប្រុស) ស្រប​ពេល​ជាមួយគ្នា​នោះ បុរស​គិត​ថា​លាក់​បាំង​រឿងនោះ​ដើម្បី​ឲ​ស្រ្តី​សប្បាយ​ចិត្ត តែ​បែរ​ជា​ធ្វើ​ឲ​នាង​កាន់​តែ​ខឹង​ខ្លាំង​ឡើង​ទៅ​វិញ។ ស្រ្តី​ចូល​ចិត្ត​ឈ្លេច​រក​ចម្លើយ​បើ​នាង​សង្ស័យអ្វី​មួយ​ ធ្វើ​ឲ​បុរស​ធុញ​ទ្រាន់ រឹត​តែ​បិទ​មាត់​មិន​ប្រាប់។
តួនាទីជាស្វាមី ៥ យ៉ាង
១.លើកតម្កើងកិត្តិយសឲ្យសក្តិ៍សមជាភរិយា
២.មិនប្រមាថមើលងាយភរិយា
៣.មិនប្រព្រឹត្តកន្លងចិត្តភរិយា គឺមិនមានស្រីក្រៅ
៤.ប្រគល់ឋានៈជាមេផ្ទះឲ្យដល់ភរិយា
៥.ផ្តល់គ្រឿងអលង្ការផ្សេងៗដល់ភរិយា ។
ស្វាមី ជំពូក
.វធកាស្វាមី = ស្វាមីដូចពេជ្ឃឃាត រង់ចាំតែរករឿងវាយតប់ និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឃឃាតដែលមិនដែលត្រាប្រណីចំពោះ អ្នកទោសរបស់ខ្លួន ។
.ចោរស្វាមី =ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬលាក់លាមរឿង អ្វីនឹង ប្រពន្ធ ដូចចោរដែលចាំតែលួច ទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់ខ្លួនមិនឲ្យគេដឹង ។
.អយ្យាស្វាមី = ស្វាមីដូចជាចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្តីបន្តោសប្រើប្រពន្ធធ្វើការដូចជា ខ្ញុំបំរើរបស់ខ្លួន ។
.បិតាស្វាមី = ស្វាមីដូចជាឪពុក មានចិត្តស្រឡាញ់ថ្នាក់ថ្នមប្រពន្ធដូចកូន មើល ការខុសត្រូវ រវាំងមិនឲ្យកូន ធ្វើខុស ការពារកូនគ្រប់ទិសទី ។
.ជេដ្ឋាស្វាមី = ស្វាមីដូចបងប្រុស ស្រឡាញ់ថែទាំប្រពន្ធ ដូចបងប្រុសស្រឡាញ់ប្អូន ការពារប្អូន ។
.សខីស្វាមី = ស្វាមីដូចមិត្តភក្តិ គឺទុកភរិយាខ្លួនស្មើនឹងមិត្ត ពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែកគ្នាតាម នាទីមិត្តគោរពមិត្ត រួមទុក្ខរួមសុខគ្នា ។
.ទាសាស្វាមី = ស្វាមីដូចទាសា ស្តាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនឲ្យ ភរិយាខ្លួនព្រួយឡើយ ។
ស្វាមី ៣ ជំពូកខាងលើមិនល្អឡើយ លោឲ្យចៀសវាងចេញ កុំប្រព្រឹត្តនិងឲ្យរើស យកយ៉ាងណាមួយ ក្នុង ចំណោម ៤ យ៉ាងខាងក្រោម ។
. ចំណុចខ្សោយរបស់អ្នកជាស្វាមី
          ចំណុចខ្សោយ ១០យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹង និងពិនិត្យកែខៃខ្លួនឲ្យ បានល្អ និងទាន់ពេល វេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឲ្យភរិយារបស់ ខ្លួនមើងាយ ឬធុញទ្រាន់មកលើខ្លួនបាន ។
          . ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ ។ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្តេច ព្រះសង្ឃរាជលោកតែងជាកាព្យថាក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់
          . ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់ មួយ ថ្ងៃកោរ រកថ្ងៃជានោះ តិច បន្តិចឈឺៗ ។
          . ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរាចូលតម្រា ជូជក និងនាង អមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន ។
          . ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹង ក៏ ធ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោត ក៏វាយប្រពន្ធកូន ។
          . ជាមនុស្សល្ងង់ ទក់មក់ ទ្រើៗ មិនសូវគ្រប់១០ ។
          . ជាមនុស្សធ្វេសប្រហែស ខ្ជីខ្ជា គ្មានសតិ មានសេចក្តីប្រមាទច្រើន ។
          . ធ្វើអ្វី ធ្វើមិនជាក់លាក់ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនេះបន្តិច ធ្វើ នោះបន្តិច ចាប់ការឲ្យ ពីសពាស មិនច្បាស់អ្វីសោះ ។
          . ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រ ពន្ធ រកស៊ីដូចសត្វ ប្រឡាំងកាស ។
          . មិនប្រឹងប្រែងរកទ្រព្យសម្បត្តិយកមកទុកដាក់ ។
          ១០.​ បំផ្លាញទ្រព្យសម្បត្តិឲ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ

ធម៌ដែលទាក់ទងនិងស្រ្តីភេទ សូមកុំភ្លេចអានទាំងអស់គ្នាណាមិត្តសំឡាញ់


ស្រ្តីឬស្រី
ពាក្យ​សម្រាប់​ប្រើ​ជា​សាធារណៈ ឃ្លាត​មក​ពី​ពាក្យ​សំស្រ្កឹត​ថា ស្ត្រី គឺ​មនុស្ស​ជាតិ​ដែល​មាន​ភេទ​ទីទៃ​ពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃ​ពី ខ្ទើយ (បណ្ឌក) ត្រូវ​ប្រើ​ឲ្យ​ស្រប​គូ​គ្នា​ថា ស្រី-ប្រុស ឬ ប្រុស-ស្រី កុំ​ប្រើ​ថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវ​ប្រើ​ថា បុរស​ស្ត្រី ឬ ស្ត្រី-បុរស ទើប​ស្រប​គ្នា : ប្រុស​ស្រី​ជា​ប្តី​ប្រពន្ធ, បុរស​ស្ត្រី​ជា​ស្វាមី​ភរិយា (ប្រើ​ពាក្យ​ស្រប​គ្នា​យ៉ាង​នេះ​ទើប​សម) ។ ព. កា. ថា : ស្រី​ប្រុស​ទាំង​ទ្វី ជា​គូ​មាន​ពីបុរាណ​ព្រេង​នាយ ស្រី​ជា​ប្រពន្ធ ប្រុស​ទោះ​សម្ទាយ បណ្ឌិត​ទាំងឡាយ ឲ្យ​ឈ្មោះ​ថា​ប្តី ។ ស្ត្រី​និង​បុរស ក្នុង​លោក​ទាំងអស់ ភរិយា​ស្វាមី គឺ​ប្តី​ប្រពន្ធ ហ្នឹង​ឯង​លោក​ស្ដី ជន​ក្នុង​លោកីយ៍ ហៅ​បាន​តាម​ថ្នាក់ ។ ប្តី​ជា​អ្នក​រក ទ្រព្យ​ធន​បាន​មក​ ប្រពន្ធ​ទុក​ដាក់ ចាស់​ទុំ​បុរាណ បាន​ពោល​បញ្ជាក់ ឲ្យ​នាង​ឲ្យ​អ្នក ចង​ចាំ​គ្រប់​ប្រាណ ។ សំណាប​យោង​ដី រី​ឯ​ស្រី​ៗ យោង​ប្រុស​សាមាន្យ ទោះ​មារយាទ​ខ្សោយ- ក៏​ដោយ​បើ​បាន ស្រី​មាន​សន្ដាន​ ខ្ជាប់ខ្ជួន​មួនមាំ ។ តែង​បាន​ចម្រើន ទ្រព្យា​កើត​កើន​ព្រោះ​ស្រី​ថែទាំ ចាត់ចែង​ទុក​ដាក់ ចេះ​លាក់​សន្សំ សង្វាត​ខិតខំ រក្សា​ឲ្យ​គង់ ។ល។ (. . ស្ត្រី ទៀត​ផង) ។ មាន​កាព្យ​ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ថ្លែង​អំពី​សុចរិត ៨ ប្រការ​ជា​មង្គល​របស់​ស្រី, យើង​យល់​ឃើញ​ថា គួរ​ស្រង់​យក​មក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ដើម្បី​រក្សា​ព្រះ​កេរ្តិ៍​ទុក​ឲ្យ​បាន​ឋិត​ថេរ​ចិរ​កាល​ត​វែង​ឆ្ងាយ​ទៅ; ព្រះ​រាជ​និពន្ធ​នោះ​ដូច​ត​ទៅ​នេះ​ថា ៖ នេះ​នឹង​សម្ដែង បរិយាយ​ចារចែង ដើម​បទ​អដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថី​លក្ខណា មង្គល​ច្នេះ​ពិត ។ ប្រែ​ថា​ស្រី​ជា កើត​កប​លក្ខណា ដោយ​នូវ​សុចរិត មង្គល​ប្រាំបី ឲ្យ​ស្រី​ពិនិត្យ ចាំ​យក​ជា​ក្រឹត្យ គ្រប់​រូប​ស្រី​ៗ ។ ដើម​បទ​ព័ណ៌នា លោក​ថា​ស្រី​ជា សុចរិត​ភក្តី ឫក​រាប​ស្រគត់ ផ្គង់ផ្តត់​សម្ដី ការ​កេរ្តិ៍​ខ្មាស​ស្រី បរិសុទ្ធ​មែន​មួន ។ លោក​ថា​ស្រី​ត្រង់ កាន់​សុចរិត​ផ្គង់ គំនិត​ចេះ​ស្ងួន អស់​ទ្រព្យ​សម្បត្តិ ប្រយ័ត្ន​ថែធួន ទុក​ដាក់​ខ្ជាប់ខ្ជួន មិន​មាន​ប្រមាទ ។ លោក​ថា​ស្រី​គាប់ កាន់​សុចរិត​ខ្ជាប់ ឧស្សាហ៍​សង្វាត ធ្វើ​ការ​សន្សំ តឿន​ខ្ញុំ​ឲ្យ​ឃ្មាត ឲ្យ​ខ្មី​សង្វាត មិន​មាន​ស្ងៀម​ដៃ ។ លោក​ថា​ស្រី​ប្រាជ្ញ សុចរិត​អង់អាច ចេះ​អធ្យាស្រ័យ ញាតិ​ព្រៀង​ទៅ​មក រាប់​រក​រួស​វៃ ទោះ​ជន​ដទៃ ក៏​រាប់​តាម​ពិត ។ លោក​ថា​ស្រី​ស្អាត សុចរិត​គ្មាន​ឃ្លាត មែន​មាន​គំនិត ចេះ​រៀប​អាហារ ភ្នាក់​ងារ​ស្រី​ពិត រណ្តាប់​ផ្គាប់​ចិត្ត ប្តី​គ្រប់​វេលា ។ លោក​ថា​ស្រី​ស្មោះ កាន់​សុចរិត​ឆ្ពោះ ចាំ​ចិត្ត​ស្នេហា តែ​នឹង​អង្គ​ប្តី ឥត​បី​រេរា ស្ម័គ្រ​ស្មោះ​ស្មើ​ជា និត្យ​នៅ​រៀប​រៀង ។ លោក​ថា​ស្រី​ស្លូត សុចរិត​រហូត អប​អត់​ឥត​ល្អៀង តាម​ពាក្យ​ប្តី​ផ្តាំ ចង​ចាំ​ទុក​ទៀង ពោល​ពាក្យ​មិន​ឃ្លៀង មិន​ឃ្លាត​សត្យា ។ លោក​ថា​ស្រី​ស្មើ សុចរិត​ស័រពើ អាច​រង​ធានា ទម្ងន់​ចិត្ត​ប្តី ទោះ​បី​ទុក្ខា ខ្សត់​ក្រ​ម្ដេចម្តា អាច​ទទួល​ប្រាណ ។ សុចរិត​ប្រាំបី ជា​មង្គល​ស្រី ប្រសើរ​ក្រ​មាន អ្វី​មក​ផ្ទឹម​ផ្ទាល់ ឲ្យ​ដល់​នេះ​បាន ស្រី​ណា​អាច​ធ្យាន ចិត្ត​ចាំ​រៀន​យក៍ ។ ទាំង​ប្រាំបី​ច្បាប់ ហៅ​ស្រី​មហា​គាប់ លោកីយ៍​កម្រ ស្រី​កាន់​សុចរិត ប្រព្រឹត្ត​ល្អិត​ល្អ ស្រី​ណា​ថា​ក្រ ធ្វើ​តាម​ពុំបាន ។ លោក​ថា​ស្រី​នោះ ចិត្ត​អាក្រក់​ស្មោះ ស្អប់​ដំបូន្មាន ផ្សា​ដោយ​សារ​ចិត្ត ទុច្ចរិត​សន្ដាន បង្ហិន​ធនធាន ចើក​អាស​មាយា ។ ក្តី​ជួ​ច្រើន​កល ក្រ​ដឹង​ចេះ​ដល់ លែបខាយ​ពុត​វា បើ​ចិត្ត​ចង់​ស្រាប់ ចង់​ស្ដាប់​ហាក់​ជា ងាយ​ដាយ​សោះសា ចេះ​ឯង​ដឹង​ឯង ។ ឯ​ត្រង់​ច្បាប់​ល្អ តិច​ទេ​យល់​ក្រ កម្រ​ក្រៃលែង ក្រ​ព្រោះ​មិន​ចង់ ប្រុង​អង្គ​ឲ្យ​ស្ដែង ក្រ​ដោយ​ចិត្ត​ល្បែង ចំណង់​តណ្ហា ។ អំពើ​សុចរិត អធ្យាស្រ័យ​ចិត្ត សម្អាត​ឧស្សាហ៍ ស្មើ​ស្មោះ​ស្លូត​ត្រង់ ផ្គត់ផ្គង់​ក្រឹត្យា ប្រាំបី​នេះ​ណា សុចរិត​ប្រាកដ ។ ឯ​សុចរិត​ស្រី ផ្គត់ផ្គង់​ស្វាមី លោក​ឲ្យ​អប​អត់ ឱន​អៀន​ចិត្ត​ទន់ ចេះ​គន់​បែប​បទ តាម​តែ​ចិត្ត​ពត់ ម្ដេច​ៗ តាម​បាន ។ មិន​មាន​ប្រកែក មិន​មាន​ជជែក ថា​ធ្វើ​មិន​បាន ទោះ​អៀន​អន់​អត់ សង្កត់​ចិត្ត​ប្រាណ តាម​ចិត្ត​ប្តី​ធ្យាន ម្ដេច​ៗ​មិន​ថា ។ ច្បាប់​នេះ​គួរ​ស្រី នៅ​នា​លោកីយ៍ ផ្ចង់​ចិត្ត​ឧស្សាហ៍ កាន់​ក្តី​សុចរិត ជា​ក្រឹត្យ​ថ្លៃ​ថ្លា ឲ្យ​ខ្ជាប់​ជាក់​ជា ចរិត​សព្វ​ថ្ងៃ ។ កាន់​បាន​ដូច្នោះ នឹង​ឮ​កេរ្តិ៍​ឈ្មោះ ប្រសើរ​ពេក​ក្រៃ នឹង​បាន​សាន្ត​សុខ ចៀស​ទុក្ខ​ចង្រៃ ដល់​បរលោក​ថ្លៃ សោយ​សុខ​សួគ៌​សិទ្ធ ។ សំដែង​សេចក្ដី ពី​មង្គល​ស្រី ប្រសើរ​ពេក​ពិត គ្រប់​ទាំង​ប្រាំបី ក្រឹត្យ​ស្រី​សុចរិត ចែង​ចប់​ភាសិត តាម​ព្រះ​បាលី
ប្រពន្ធ
ប្រ + ពន្ធ; បា. + ពន្ធ ជាប់​ជំពាក់, ចំពាក់​ឆ្វាក់; ដែល​ចង​រឹតរួត; ចំណង​ចង​ឆ្វាក់​រឹតរួត”) ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស (ភរិយា) យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក កាព្យ​ច្បាប់​ស្រី ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ក្នុង​ឆ្នាំ​រកា​នព្វស័ក ព. . ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា យក​មក​ចុះ​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុ-ក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​កាព្យ​ថ្លែង​អំពី​ប្រពន្ធ​មាន ៧ ប្រភេទ ល្អ​បួន​អាក្រក់​បី, មិន​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ មួយ​សោត​ព្រះ​ពុទ្ធ ទេស្នា​ចំហុត ថា​រី​ភរិយា មាន​ប្រាំ​ពីរ​ស្មោះ បួន​នោះ​ចិត្ត​ជា បី​នោះ​មោហា ចិត្ត​ខូច​ងាយ​ដាយ៖ ឯ​ប្រពន្ធ​ជា ឯក​ឈ្មោះ​មាតា- ភរិយា​ដូច​ម្ដាយ ឈឺ​ឆ្អាល​កូន​ខ្លួន រែង​ស្ងួន​មិន​ណាយ មិន​នឹក​រសាយ ចិត្ត​ចាំ​អាណិត ។ កូន​ទុក្ខ​ទោស​ម្ដេច ខ្សត់​ក្រ​ច្រើន​តិច ខឹង​ខុស​ខូច​ចិត្ត ព្រាត់​ប្រាស់​យូរ​លង់ ពុំ​បង់​បែក​ចិត្ត គង់​ចាំ​ចិត្ត​គិត ឈឺ​ឆ្អាល​កូន​ស្មោះ ។ ប្រពន្ធ​ណា​គាប់ ឈឺ​ឆ្អាល​ប្ដី​ខ្ជាប់ ចិត្ត​ចាំ​កាន់​កោះ ដូច​ម្ដាយ​ស្រឡាញ់ កូន​ពេញ​ពីពោះ ហៅ​ប្រពន្ធ​នោះ ថ្លៃ​ឥត​ផ្ទឹម​ដល់ ។ ប្រពន្ធ​ជា​ទ្វី ឈ្មោះ​ហៅ​ទាសី- ភរិយា​ដូច​កល់ ខ្ញុំ​នឹង​អម្ចាស់ ប្រើ​ណាស់​ខ្វាយ​ខ្វល់ អាច​មត់​ទប់​ទល់ ទម្ងន់​បម្រើ ។ មិន​មាន​ទំនេរ ទោះ​ម្ចាស់​វាយ​ជេរ អត់​ឱន​ស័រពើ តាម​តែ​បង្គាប់ ប្រញាប់​ចង់​ធ្វើ ចិត្ត​ពុំ​សើវ៉ើ ចៀស​វាង​ក្រោធា ។ ប្រពន្ធ​ណា​អត់ ឱន​អង្គ​អំណត់ ខ្លាច​ប្ដី​អាត្មា ដូច​ខ្ញុំ​នឹង​ម្ចាស់ ខ្លាច​ណាស់​ធានា ប្រពន្ធ​នោះ​ជា ប្រសើរ​សុខ​សូន្យ ។ ប្រពន្ធ​ជា​ត្រី ឈ្មោះ​ភគិនី- ភរិយា​ដូច​ប្អូន ស្រឡាញ់​បង​ពិត លំអិត​លំអូន ទទួល​ដំបូន- មាន​មាត់​ពាក្យ​បង ។ ផ្ដាច់​ផ្ដួល​តែ​មួយ នឹង​ចង​ជា​ត្រួយ ចិត្ត​ចាំ​បំណង ពំនាក់​ពំនឹង ពាក់​ពឹង​ប៉ុនប៉ង តែ​នឹង​អង្គ​បង ឥត​ម៉ៃ​ទីទៃ ។ ប្រពន្ធ​ណា​ចូល នឹង​ប្ដី​មួយ​មូល- ចិត្ត​ជាប់​អាល័យ ដូច​ប្អូន​នឹង​បង ចាំ​ចង​អាស្រ័យ ប្រពន្ធ​នោះ​ថ្លៃ មធ្យម​ពេក​ពិត ។ ប្រពន្ធ​ចត្វា ឈ្មោះ​ហៅ​សខា- ភរិយា​ដូច​មិត្រ- សំឡាញ់​ស្រឡាញ់ អស់​អញ​ពេក​ពិត ស្មើ​ខ្លួន​ស្មើ​ចិត្ត ស្ម័គ្រ​ស្មោះ​ចិន្ដា ។ បើ​មិត្រ​ទៅ​បាត់ ស្ងប់​ស្ងួត​មុខ​មាត់ ទុក្ខ​ទន់​ទយា ឃើញ​មុខ​មក​បាន ចិត្ត​ក្សាន្ត​សោះសា ស្រស់​ស្រួល​ភក្រ្ដា និរទុក្ខ​សោកសៅ ។ ប្រពន្ធ​ណា​ចិត្ត ស្រឡាញ់​ប្ដី​ពិត គ្មាន​ក្នុង​គ្មាន​ក្រៅ ដូច​មិត្រ​និង​មិត្រ ចង​ចិត្ត​ជាប់​នៅ ប្រពន្ធ​នោះ​ហៅ ឧត្តម​ក្រ​មាន ។ សម្ដែង​ភរិយា ទាំង​បួន​សឹង​ជា ក្រ​ស្រី​ធ្វើ​បាន បើ​ស្រី​ណា​គិត ផ្ចង់​ចិត្ត​សន្ដាន ស្រឡាញ់​ប្ដី​ប្រាណ ដូច​ធម៌​ទេស្នា ។ លោក​ថា​ស្រី​នោះ ឮ​កេរ្តិ៍​ពីរោះ ទួទៅ​នានា បើ​អស់​ជីវិត នៅ​ឋិត​សួគ៌ា ចៀស​ចាក​ចតុរា- បាយ​បាប​ទុក្ខ​ភ័យ ។ ប្រពន្ធ​ពុំជា ឈ្មោះ​វធកា- ភរិយា​ដូច​នៃ សត្រូវ​ចាំ​ចង ទោស​ផង​សព្វ​ថ្ងៃ ប្រពន្ធ​ចង្រៃ ប្ដី​មាន​តែ​ទុក្ខ បើ​ប្ដី​ខុស​ចិត្ត វា​គ្មាន​អាណិត ខេរខឹង​ច្រអុក ចាំ​ចង​ទោស​ប្ដី ស្រដី​កិកកុក ឲ្យ​មាត់​ឲ្យ​មុខ វាសវាង​វ្ហោះវ្ហើយ ។ សុខ​ទុក្ខ​សាំទាំ វា​មើល​បំណាំ នៅ​ស្ងៀម​ព្រងើយ ពុំ​ជួយ​ទុក្ខ​ភ័យ​ ដោះ​ដៃ​កន្ដើយ ស្លាប់​ដោយ​រស់​ដោយ គ្មាន​ចិត្ត​មេត្រី ។ ចោរី​ភរិយា ប្រពន្ធ​ពុំជា លប​លួច​ទ្រព្យ​ប្ដី គ្មាន​ចិត្ត​ករុណា មេត្តា​ប្រណី របស់​ទ្រព្យ​អ្វី លក់​ចាយ​អស់​ធួន ។ អយ្យា​ភរិយា ប្រពន្ធ​ពុំជា តម្កើង​តែ​ខ្លួន ចេះ​តែ​ប្រើ​ប្ដី ឥត​បី​មាន​ស្ងួត ធ្វើ​ឫក​ណាំនួន ទុក​ប្ដី​ដូច​ខ្ញុំ ។ ប្រពន្ធ​ទាំង​បី ធ្លាក់​ទៅ​អវិចី រង​ទុក្ខ​ដំណំ ក្នុង​ខ្ទះ​ភ្លើង​ក្ដៅ យូរ​នៅ​ក្រៀម​ក្រំ ព្រោះ​ចិត្ត​ខ្លួន​ធំ ជាង​ប្ដី​អាត្មា ។ ឯ​ប្រពន្ធ​បួនមុខ​នោះ​គួរ​ស្ងួន យក​ជា​ភរិយា នឹង​កើត​របស់ កេរ្តិ៍​យស​សក្ដា ថ្កើង​ពូជ​ពង្សា សោយ​សុខ​ថេរ​ឋិត ។ សំដែង​បរិយាយ ភរិយា​ទាំងឡាយ ប្រាំ​ពីរ​ចរិត ទាំង​ជួ​ទាំង​ជា ពណ៌នា​ពោល​ពិត ចែង​ចប់​ពិនិត្យ តាម​អត្ថ​គាថា។
(១) ស្ត្រី​មាន​ចរិត​ចូល​ចិត្ត​ធ្វើ​ការ​មិន​ចេះ​នៅ​ស្ងៀម​ទេ
(២) ស្ត្រី​មាន​ការយក​ចិត្ត​ទុក​ដាក់​ទៅលើ​​ការងារ​លើស​ពួក​បុរស
(៣) ស្រ្តី​មាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​ជាង​ពួក​បុរស
(៤) ស្ត្រី​យក​ពេល​ទំនេរ​ដើម្បី​ធ្វើ​កិច្ចការងារ​ផ្ទះ ឯបុរសៗ​ចូល​ល្បែង​ស្រី​ស្រា​ភ្លាម
(៥) ស្រ្តី​នឹង​ស្លាប់​បើ​នាង​នៅ​ទំនេរ​មិន​ធ្វើ​អ្វីមួយ ព្រោះ​យល់​ថា​ខ្លួន​គ្មាន​ប្រយោជន៍
(៦) ស្រ្តី​ច្រើន​មាន​គំនិត​រីក​ចម្រើន​ទៅ​មុខ ឯបុរស​ច្រើន​តែ​មាន​គំនិត​ថយ​ក្រោយ
(៧) ស្រ្តីច្រើន​ឧស្សាហ៍​ព្យាយាម​ជាង​ពួក​បុរស
(៨) ស្រ្តីច្រើន​តែ​មិន​នឹង​នរ​ក្នុង​ចិត្ត ឆាប់​ប្រែប្រួល គិត​ច្រើន​ ឯបុរសគ្មាន​ទេ!
(៩) ស្រ្តី​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ ហើយ​ចូល​ចិត្ត​ប្រៀបធៀបណាស់
(១០) ស្រ្តី​អ្នក​មាន​ បើ​ប្តី​មិន​ឲ​ធ្វើ​អ្វី គេ​នឹង​ "​បំផ្លាញ" តាម​បែបដើរ​ផ្សារ​ច្រើន​ ទិញ​ឥវ៉ាន់​ច្រើន តែង​ខ្លួន​ច្រើន លេង​បៀ​ កន្ទុយ​លេខ....
            បញ្ចពិធ​កល្យាណី​ មាន​ន័យ​ថា​ស្រ្តី​ដែល​មាន​លំអ​ប្រាំ​យ៉ាង​គឺៈ
១. កេសកល្យាណៈ ល្អ​សក់
២. មំសកល្យាណៈល្អ​សាច់​ គឺ​បបូរ​មាត់​ អញ្ចាញ​ធ្មេញ​ ផ្នត់​ក​ កំភួន​ជើង​...
៣.​ អដ្ឋិកល្យាណៈ ល្អ​ឆ្អឹង​ គឺ​ក្រចក​ ធ្មេញ​​ ម្រាម ...
៤​.​ ឆវិកល្យាណៈល្អ​សំបុរ
៥.​ វយកល្យាណៈ ល្អ​វ័យ​ (ក្មេង​)
(ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំវប្បធម៌​ខ្មែរ​)
លក្ខណៈស្រ្តី​គ្រប់​លក្ខណ៍
                                    ស្រ្តី​ដែល​ប្រកប​ដោយ​លក្ខណៈ​៣១​យ៉ាង​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍ៈ
១.​ មិនចេះ​អេចអូច​និយាយ​ដើម​គេ​។
២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា​និង​ស្វាមី​។
៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។
៤.​ មិន​ចេះ​ដេក​ថ្ងៃ​។
៥. ​មិន​ភ្លី​ភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។
៦.​ ចេះ​ថែ​ទាំរបស់​ទ្រព្យ​។
៧.​ មិន​ផិត​ក្បត់​ស្វាមី​។
៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។
៩.​ គ្មាន​កលមាយា​។
១០.​ មិន​រំសាយ​សក់​ឲ​គេ​ឃើញ​។
១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់​ធ្ងរ​។
១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង​។
១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ​គេ​ឃើញ​។
១៤.​ មិនដើរ​ញ៉ិកញ៉ក់​កាច់​រាង​។
១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេម​រឡាម​។
១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។
១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។
១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូ​ឡា​។
១៩.​​ មិន​ចេះ​ឡេះ​ឡោះ​លេង​សើច​។
២០.​ មិន​និយាយ​ផ្តោះ​ផ្តង​ចំពោះ​បុរស​និង​ស្រ្តី​។
២១.​មិន​ទំរន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។
២២.​ ទៅទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។
២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។
២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។
២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។
២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។
២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​និងមាតា​បិតា​។
២៨.​ ឈប់​បរិភោគ​ មុន​ស្វាមី​និង​មាតា​បិតា​។
២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។
៣០.​ ភ្ញាក់​មុន​ស្វាមី​។
៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។
ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ​មី​កំដាច់​លក្ខណ៍​។
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ សុជី​វធម៌​ប្រចាំ​គ្រួសារ​ និពន្ធ​ដោយ​លោក​ សុង​ ស៊ីវ​ បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ គីម​ ប៊ុន​ថន​)
ស្ត្រី​យ៉ាង​ណា​ហៅ​ថា​ល្អ​លើស​ស្ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ ទឹក​យ៉ាង​ណា​ជា​ទឹក​ផ្អែម​ឆ្ងាញ់​លើស​ទឹក​ទាំង​ពួង​ក្នុង​លោកនេះ ត្រី​យ៉ាង​ណា​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពីសា​លើស​ត្រីទាំង​ពួង​ក្នុង​លោក​នេះ?សៀវភៅ​គតិ​លោក សូម​ឆ្លើយ​ថាៈ ជាតិ​ស្ត្រីល្អ​លើស​គេ​នោះ បើ​និយាយ​ដោយ​រូប​គឺ​ស្ត្រី​ប្រកប​ដោយ បញ្ច​ពិធ​កល្យាណី តែ​បើ​និយាយ​ដោយ​ធម៌​គឺ​ស្ត្រី​មាន​មាយទ​ល្អ​នេះ​ឯង បើ​និយាយ​ដោយ​វោហារ​វិញ​នោះ គឺ​ស្ត្រី​ប្រពន្ធ​គេ​នោះ​ឯង​ ហៅ​ថា​ល្អ​លើស​ស្រ្តី​ក្នុង​លោក។ ហេតុ​អ្វី​បាន​ជា​ថា​លើស​គេ​នោះ ព្រោះ​ស្ត្រី​ប្រពន្ធ​គេ​នេះ​​មាន​ទោស​ខុស​ទាំង​ពីរ​ផ្លូវ ថា​បើ​បុរស​ណា​ទៅ​ប្រព្រឹត្ត​កន្លង​បវេណី​នោះ​ហើយ គឺ​ក្នុង​លោក​​នេះ តែ​គេ​ដឹង​ឮ​ហើយ គេ​ចាប់​ទៅ​ប្តឹង​ដល់​សាលា​ជំនុំ។ សាលា​ជំនុំ ក៏​ពិនិច្ឆ័យ​ដាក់គុក​ដាក់​​ទោស​ ឯ​ខាង​ផ្លូវ​បរលោក​នោះ​សោត​ក៏​បាន​បាប​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​អបាយ​ភូមិ​បួន​មាន​នរក​ជា​ដើម។ កាល​ដែល​ដឹង​ហើយ​ថា​មាន​ទោស​បែប​នេះហើយ​ ហេតុ​អ្វី​បុរស​លែង​ពុំ​បាន យ៉ាង​នេះ​ឯង​ហៅ​ថា​ស្រី​ល្អ​លើស​លែង​ក្នុង​លោក។ឯ​ទឹក​ដែល​ផ្អែម​ពីសា​លើស​ទឹក​ទាំង​ពួងនោះ​ គឺ​សុរា​នេះ​ឯង។ មែន​ពិត​ ឯទឹក​សុរាបាន​ជា​ថា​ផ្អែមលើស​លែង​នោះ ព្រោះ​ទឹក​សុរា​នោះ​ ទោះ​បីគេ​ហាម​មិន​ឲ្យ​បិទ មិន​ឲ្យ​ធ្វើ​ខ្លួន​ឯង ក៏​នៅ​តែ​រក​ប្រាក់​ទៅ​ទិញ​ពី​ចិន។ ឯ​ទោស​ផឹក​សុរា គឺ​បង់​ប្រាក់​១ គឺ​ផឹក​ទៅ​ហើយ​កើត​ស្រវឹង​វង្វេង​ចិត្ត ទៅ​ប្រព្រឹត្ត​ការ​ជួ​អាក្រក់​ផ្សេងៗ​ មាន​បង្ក​ពាក្យ​ជម្លោះប្រកែក​ប្រកួត​ជាដើម​១ មាន​ទោស​ធ្លាក់​ទៅ​អបាយ​ភូមិ​ទាំង​បួន១ អ្នក​លេង​សុរា​សឹង​ដឹង​ប្រាកដ​​ថា​ផឹក​សុរា​នេះ​ជា​ទី​នាំ​មក​នូវ​សេចក្តី​ទុក្ខ​ទោស​ទាំង​អស់​ តែ​នឹង​លះ​លែង​ពុំ​បាន បើ​ដូច្នេះ​សុរា​នោះ​មិន​ជា​ផ្អែម​លើស​គេ​ហើយ​ហះ បាន​ជា​មនុស្ស​យើង​លះ​លែង​ពុំ​រួច​យ៉ាង​នេះ។ឯ​ត្រី​ដែល​មាន​រស​ពីសា​លើស​ត្រី​នានា​នោះ​គឺ​ត្រី​ព្រលូង​នោះ​ឯង បាន​ជា​ថា​ត្រីព្រលូង​មានរស​ពីសា​នោះ ព្រោះ​ដឹង​ថា ត្រីព្រលូង​នេះ​ ជួន​បរិភោគ​ទៅ​ហើយ​ពុល​ក៏​មាន​ តែ​នឹង​លះ​បង់​ពុំ​បាន បើ​ដូច្នេះ​ត្រី​ព្រលូង​នោះ មិន​ឆ្ងាញ់​លើស​គេ​ហើយ​ហះ បាន​ជា​មនុស្ស​លះលែង​ពុំ​បាន។
(ស្រង់​ចេញ​ពី​សៀវភៅគតិ​លោក​ភាគ​១ និពន្ធ​រៀបរៀង​ដោយ​ ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ បោះ​ពុម្ព​លើក​ទី​១០ ព.​ស២៥៣៩ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ)
តួនាទីរបស់ភរិយា ៥ យ៉ាង
.រៀបចំការងារផ្ទះ ឲ្យមានរបៀបរៀបរយ
.សង្រ្គោះញាតិមិត្តទាំងខាងខ្លួន និងខាងស្វាមីដោយល្អ
.មិនប្រព្រឹត្តកន្លងចិត្តស្វាមី មិនមានប្រុសក្រៅ
.រក្សាទ្រព្យសម្បតិ្តដែលស្វាមីរកបានមកឲ្យ
.ឧស្សាហ៍ព្យាយាមក្នុងកិច្ចការទាំងពួង
ភរិយា ជំពូក
.វធកាភរិយា = ភរិយាដូចពេជ្ឃឃាត រង់ចាំតែរករឿងវាយតប់ និងសម្លាប់ស្វាមីខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឃឃាតដែលមិន ដែលត្រាប្រណីចំពោះ អ្នកទោសរបស់ខ្លួន ។
.ចោរភរិយា = ភរិយាដូចចោរ មិនត្រង់នឹងស្វាមីខ្លួន ចាំតែលួចបំបាត់ទ្រព្យ សម្បត្តិ ឬលាក់លាមរឿងអ្វីនឹងប្រពន្ធ ដូចចោរដែលចាំតែលួច ទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់ខ្លួនមិនឲ្យគេដឹង ។
.អយ្យាភរិយា = ភរិយាដូចជាចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្តីបន្តោស ប្រើ ប្តីធ្វើការដូចជាខ្ញុំបំរើរបស់ខ្លួន ។
.បិតាភរិយា = ភរិយាដូចជាឪពុក មានចិត្តស្រឡាញ់ថ្នាក់ថ្នមប្តីដូចកូន មើល ការខុសត្រូវ រវាំងមិនឲ្យកូនធ្វើខុស ការពារកូនគ្រប់ទិសទី
.ជេដ្ឋាភរិយា = ភរិយាដូចបងស្រី ស្រឡាញ់ថែទាំប្តី ដូចបងស្រីស្រឡាញ់ប្អូន ការពារប្អូន
.សខីភរិយា = ភរិយាដូចមិត្តភក្តិ គឺទុកស្វាមីខ្លួនស្មើនឹងមិត្ត ពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែកគ្នាតាមនាទីមិត្តគោរពមិត្ត រួមទុក្ខរួមសុខគ្នា
.ទាសាភរិយា = ភរិយាដូចទាសា ស្តាប់បង្គាប់ស្វាមី ធ្វើការគ្រប់បែបយ៉ាងមិនឲ្យ ស្វាមីខ្លួនព្រួយឡើយ
ភរិយា ជំពូកខាងលើមិនល្អឡើយ លោកឲ្យចៀសវាងចេញ កុំប្រព្រឹត្ត និងឲ្យរើស យកយ៉ាងណាមួយ ក្នុងចំណោម យ៉ាងខាងក្រោម
កម្លាំងស្រ្តី ៥ ជាថ្នាំសណ្តំចិត្តបុរស
.កម្លាំងរូប    ស្រ្តីមានរូបសម្ផស្សល្អស្អាតស្រស់ អាចបញ្ជា ឬទាក់ទាញចិត្តបុរសឲ្យធ្វើល្អបាន ដោយងាយស្រួល ដោយប្រើរូបមន្តស្រស់ស្អាត ។
.កម្លាំងទ្រព្យ ស្រ្តីមានទ្រព្យច្រើនអាចគ្របសង្គត់ចិត្តបុរស និងជួយបុរសក្នុងការអភិវឌ្ឍន៍ សង្គមបាន ។
.កម្លាំងញាតិ ស្រ្តីមានញាតិនិងបរិវារច្រើន អាចជាកម្លាំងដ៏សំខាន់ដល់បុរសជាស្វាមី ដើម្បីពឹងពាក់ក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិបានល្អ ។
.កម្លាំងបុត្រ  ស្រ្តីមានបុត្រល្អ គឺបុត្រជាកម្លាំងដ៏ខ្លាំងក្លាណាស់ ប្រសិនបើយើង ប្រៀប ធៀប ជាមួយឪពុកនោះ គឺម្តាយទេជាអ្នកមានភាពស្និទស្នាលជាង ហើយម្តាយចេះអប់រំ កូនបាន ល្អប្រពៃ ក្នុងសង្គម គឺជាស្រ្តីឆ្នើម ជាឧត្តមភរិយា ព្រោះកូនអាចជួយកិច្ចការងារឪពុកក្នុងគ្រួសារ និងសង្គមបាន
.កម្លាំងសីល ការប្រព្រឹត្តល្អរបស់ស្រ្តីក្នុងបែបបទសីលធម៌ជាស្រ្តីគ្រប់លក្ខណ៍ និងពិតជាល្អ ប្រសើរខ្លាំងណាស់បើស្រ្តីមានសីល ជាថាមពលដ៏សក្កិសិទ្ធអាចទាក់ ទាញបុរសឲ្យឋិត ក្នុងក្រមសីលធម៌ គុណធម៌ មិនឲ្យបុរសប្រព្រឹត្តអំពើអាក្រក់បង្កសង្រ្គាមមហន្តរាយបាន ។

ចរិយាមារយាទស្រ្តី ១០ យ៉ាងនៅពេលមានស្វាមី
. ភ្លើងក្នុងកុំនាំចេញក្រៅ ត្រង់នេះមានន័យថា រឿងរ៉ាវដែលជាសៅហ្មង ក្តៅ ក្រហាយ មិនល្អ អាក្រក់ ដែលជារឿងផ្ទៃក្នុងរបស់គ្រួសារខ្លួន មាតា បិតាខ្លួន មិនត្រូវនាំ ចេញទៅផ្សាយ ដើរប្រាប់គេ ប្រាប់ឯង ដោយហោចទៅ សូម្បីតែសាច់ញាតិរបស់ខ្លួន ឡើយ
. ភ្លើងក្រៅកុំនាំចូលក្នុង បានន័យថា រឿងណាដែលមិនល្អ មិនមាន ប្រយោជន៍ ជារឿងក្តៅក្រហាយ ហើយមិនទាក់ទងទៅនឹងសាច់រឿងរបស់គ្រួសារខ្លួ ទេ មិនគប្បីនាំចូលមកក្នុងផ្ទះ ឲ្យក្រុមគ្រួសារបានទទួលការក្តៅក្រហាយផងដែរនោះ ទេ។ ទោះបីជារឿងក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ របស់គ្រួសារ ឬស្វាមីខ្លួនក្តី ក៏ត្រូវរកឳកាសនិយាយដែរ ដើម្បីកុំឲ្យក្តៅទាំងរឿង ហើយ ក្តៅទាំមនុស្សទៀត ខ្ញុំឃើញភរិយាខ្លះ ឃើញស្វាមីមកពីធ្វើការហត់នឿយ ឬមាន រឿងមុខមិន ស្រួលមក ដល់ផ្ទះមិនទាន់ទាំងដាក់គូថអង្គុយផងក៏ស្រាប់តាំងយករឿង អាក្រក់ រឿងក្តៅក្រហាយ ទៅពិតទូលបញ្ឆេះ ធ្វើឲ្យស្វាមីដែលកំពុងស្រួលៗនោះក្តៅក្រ ហាយឆេះភ្លាមមួយរំពេច ត្រង់នេះមិនល្អសោះ នាងភរិយាគួរកែឲ្យបាន
. ត្រូវឲ្យបុគ្គលដែលឲ្យ ត្រង់នេះមានន័យថា បើមាននរណាមកខ្ចីទ្រព្យ ឬឥ វ៉ាន់ណាមួយពីខ្លួន ត្រូវសង្កេតចំណាំថា តើជននោះធ្លាប់ខ្ចីទៅ ឲ្យវិញ សងវិញឬទែ ជននោះមានអ្វីជាប្រកាន់ ដែលអាចឲ្យយើងជឿទុកចិត្តថា នឹងសងមកវិញទេ បើឃើញ នឹងសងមកវិញនោះ សឹមឲ្យខ្ចី ត្រង់នេះ នាងភរិយាច្រើនភ្លាត់ណាស់ បើសិនជាជន នោះចេះនិយាយផ្អែមល្ហែម បញ្ជោរ ឬធានាម៉ឹងម៉ាត់ ធ្វើមុខមាំនោះ អ្នកប្រាកដជាឲ្យ ភ្លាម សូមឲ្យប្រយ័ត្នចំពោះមនុស្សចិត្តជាទេវទត្ត មាត់ជាទេវតា
.​ មិនត្រូវឲ្យដល់បុគ្គលដែលមិនឲ្យ ត្រង់នេះមានន័យថា បើបុគ្គលនោះខ្ចីមិន ដែលសងវិញទេ ឬមានដំណើរដែលមិនគួរទុកចិត្តថានឹងមិនឲ្យវិញទេនោះ មនត្រូវឲ្យ ខ្ចីទេ
. ត្រូវឲ្យដល់បុគ្គលដែលឲ្យក្តី មិនឲ្យក្តី គឺមានអ្នកខ្លះដែលយើងត្រូវតែឲ្យដោយ មនសង្ឃឹម ឬប្រាថ្នាថាអ្នកនោះនឹងសងវិញ ឬមិនសងវិញនោះទេ ដូចជាបងប្អូនដែល យើងត្រូវជួយជាដើម ន័យមួយទៀត បានដល់ការដាក់ទានឲ្យដល់ស្មូនយាចកដែល មកសុំទាន  ឬមកសុំការពឹងពាក់ យើងក៍ជួយទៅ រួមទាំងការធ្វើបុណ្យ ធ្វើទាន ដាក់ បាត្រចំពោះព្រះសង្ឃ ដែលយើងត្រូធ្វើជាប្រពៃណីបុណ្យរបស់យើង
. ត្រូវអង្គុយដោយស្រួលបួល បានដល់អង្គុយដឹងខ្ពស់ទាប មានមារយាទ អង្គុយប្រយ័ត្នប្រយែងក្នុងការចេញកេរ្តិ៍ខ្មាស មិនអង្គុយសណ្តូកជើង បើចាស់ៗ ឬស្វាមី អង្គុយទាបជាងខ្លួន មិនអង្គុយច្រងេងច្រងាង យះដៃ យះជើង ពែនភ្នែន គងអន្ទាក់ខ្លា ជាដើម
. ត្រូវបរិភោគដោយស្រួលបួល បរិភោគឲ្យស្គាល់មុនក្រោយ គួរបរិភោគមុន អ្នកណា បរិភោគក្រោយអ្នកណា បរិភោគជាមួយអ្នកណា ពេលណាគួរបរិភោគ និង មានមារយាទល្អ សុជីវធម៌ក្នុងការបរិភោគអាហារផងដែរ
. ត្រូវដេកដោយស្រួលបួល គឺការរៀបចំដំណេកឲ្យបានសមរម្យ ស្រួលបួល រួមទាំងការត្រៀមវត្ថុចាំបាច់ខ្លះពេលចូលដេក កុំឲ្យពិបាកងើបដើរឆ្ងាយទៅយក ទំនៀមខ្មែរពីដើម មុនដេក ភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ក្នុងចុងជើង ក្នុងរឿង សិរី ប្រការ របស់ធម្មបាលបណ្តិតដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បាន អធិប្បាយថាពេលព្រឹក សិរីនៅក្បាល ដូច្នេះត្រូវលុបមុខ, ពេលថ្ងៃ សិរីនៅទ្រូង ត្រូវ លាបស្រឡាបដើមទ្រូង, ពេលល្ងាច សិរីនៅជើង ត្រូវលាងជើង មុនពេលចូលដេក មិនត្រូវកន្លងខ្លួន ឬជើងប្តី ព្រោះខ្មែរប្រកាន់ថាប្រុសៗ មានគ្រូបាធ្យាយកំណើតកាន់ បើប្តីជាអ្នករៀនមន្តអាគម ក៏នឹងសាបអស់ ត្រូវដេលនៅខាងឆ្វេងស្វាមី ឯក្បាលដំ ណេកគួរដាក់នៅទិសខាងត្បូង ព្រោះត្បូងប្រែថា ក្បាល គួរមើលឲ្យបានច្បាស់ ពេលដេកមិនត្រូវបែរជើងទៅរកស្វាមី មាតាបិតា ឬព្រះពុទ្ធរូបទេ ព្រោះដូចជាយើង យកជើងទៅធាក់លោកអញ្ចឹង ត្រូវដេកប្រយ័ត្នប្រយែងក្រែងលេចកេរ្តិ៍ខ្មាស ឬពេល ងើបពីដេករបូតសពត់ជាដើម ខ្មែរមានទំនៀមថាប្រពន្ធត្រូវដេកក្រោយប្តី និងភ្ញាក់ មុនប្តីព្រោះលោកយល់ថា ប្តីធ្វើការនឿយហត់ពីថ្ងៃហើយ ឯប្រពន្ធនៅផ្ទះ ដូច្នេះត្រូវ មើលខុលត្រូវ រៀបចំទុកដាក់ចានក្បានឲ្យហើយ មើលទ្វារបង្អួចក្រែងបិទមនជិត មើល ភ្លើងក្រែងរាលឆេះ លុះដល់ភ្ញាក់ ត្រូវភ្ញាក់មុន ព្រោះម្យ៉ាងដើម្បីកុំឲ្យឃើញ សភាពមិនរៀបរយរបស់សំពត់ ខោអាវខ្លួនពេលដេក និងរៀបចំអាហារពេលព្រឹកសំ រាប់ស្វាមីផង ព្រមទាំងបោសច្រាសផ្ទះសម្បែងឲ្យស្អាតបាតស្រេចបាច់ មួយ ទៀត ក៏មិនគប្បីដេកកណ្តាលវាលដែរ ត្រូវមានអ្វីបិទបាំង ឬជាទីកំបាំងភ្នែកអ្នកផង
. ត្រូវបូជាភ្លើង ឬបំរើភ្លើង ភ្លើងក្នុងទីនេះ បានដល់ស្វាមីដែលភរិយាត្រូវគោ រពបំរើ ប្រណិប័តន៍ ថ្នាក់ថ្នម ទាំការតបស្នងចំពោះសេចក្តីត្រូវការខាងភេទផងដែរ ភ្លើងនេះ បើយើងបូជា ឬបំរើមិនល្អ វានឹងអាចរលាក់ ឬឆេះដល់នាងជាភរិយាពិត ប្រាកដ
១០. ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ ខ្លួនក្តី របស់ស្វាមីក្តី ដែលយើងនៅជាមួយ និងមួយទៀត បានដល់គ្រឿងសក្ការបូជា ក្នុងផ្ទះដែលយើងជឿគោរពបូជា ការបំរើមាតាបិតា គោរពប្រណិប័តន៍លោក ថ្វាយ បង្គំលោក រមែងបាននូវអានិសង្ស និងសេចក្តីសុខជាពន់ប្រមាណ ព្រោះព្រះសម្មា សម្ពុទ្ធ លោកបានពុទ្ធដីកាថាៈ
មាតាបិតាជាព្រះព្រហ្មរបស់កូនផង ជាទេវតាដើមផង ជាគ្រូផង និងជាអាហុ នេយ្យបុគ្គលរបស់កូនផង កូនណាគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះ មិនដាច់
ស្រ្តី និង ការងារ
ប្រទេស​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​សកលលោក​គឺ​កំពុង​តែ​ធ្វើការ​ដោយ​យក​ចិត្ត​ទុកដាក់ដើម្បី បង្កើន​ការ​ចូលរួម​របស់​ស្រ្តី​នៅ​គ្រប់​ស្ថានភាព គ្រប់​កាលៈទេសៈ​នៃ​ការ​រស់​នៅ ។ យោងតាមសៀវភៅ "ស្រ្តី និង ការងារ" ដែល​ចេញ​​​ផ្សាយ​​ដោយ​សមាគម​យុវជន​ខ្មែរ វត្តមាន​របស់​ស្រ្តី​នៅ​ក្នុង​ការងារ​ផ្សេងៗគឺ​ជា​ការ​លើក​តំកើន​ចំពោះ​តំលៃ​នៃ​សមត្ថភាព​ស្រ្តី។​ រាជ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​បាន​បង្កើន​ការ​ឧបត្ថម្ភ គាំទ្រ និង​ផ្តល់​សេវា​កម្ម​អប់រំ​ចំពោះ​ស្រ្តី​នៅ​ក្នុង សហគមន៏។
យើង​អាច​កត់​សំគាល់​នូវ​ការ​អភិវឌ្ឍវិជ្ជមាន ពី​ព្រោះ​ស្រ្តី​កាន់​តែ​ច្រើន​ឡើង​ច្រើន​ឡើង​មាន​ការ​យល់ដឹង និង​ចាប់​អារម្មណ៏​លើ​ការងារ​គ្រប់​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា​ស្រ្តី​ជាច្រើន​កំពុង​ធ្វើការ​ជា វេជ្ជបណ្ឌិត​គិលានុបដ្ឋាយិកា ឆ្មប​ដែល​ធ្វើការ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ មន្ទីរ​ពេទ្យ​ឯកជន មណ្ឌល​សុខភាព​សហគមន៏ ដើម្បី​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​និង​ព្យាបាល​ជំងឺ​ដល់​ប្រជាជន​យើង ។
ចំណែក​ក្នុង​វិស័យ​អប់រំ​វិញ​យើង​ឃើញ មាន​ស្រ្តី​ជា សាស្ត្រាចារ្យ​គ្រូ​បង្រៀន​គ្រូ​បង្គោល សិស្ស មិត្ត​អប់រំ​មិត្ត បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ស្មគ្រ័ចិត្ត​តាម​ភូមិ ដែល​កំពុង​ធ្វើការ​នៅ​តាម​សកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន សាលារៀន និង​សហគមន៏ ដើម្បី​លើក​កំពស់​កំរិត​នៃ​ការ​ផ្សព្វផ្សាយ និង​ការ​ផ្តល់​ព័ត៌មាន ។
លទ្ធផល​ជំរឿន​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥០% គឺ​ជា​ស្រ្តី។ តួលេខ​នេះ​បាន ស ឲ្យ​ឃើញ​ថា​ស្រ្តី ជា​ធនធាន ពលកម្ម​មួយ ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។
មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ចាប់​ផ្ដើម​បង្កើត​មុខ​ជំនួញ​ដោយ​ខ្លួនឯង​ផ្ទាល់​ដូចជា​ បំលាស់​​ប្ដូរ​នៃ​អាកាសធាតុ ការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​ការ​ផ្លាស់​ប្ដូរ​នូវ​ទស្សនៈ​នៃ​ការរស់នៅ ជា​ពិសេស គឺ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ចំណោម​ស្ត្រី​ និង​យុវជន​គឺ​កំពុង​តែ​ជំរុញ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​នៅ​គំនិត​យោបល់ ។
ការ​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ការធ្វើស្រែ​ចំការ វា​មិន​គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ និង​អោយ​កូន​បានរៀនសុត្រនោះទេ។ស្រ្តីទាំងអស់បាន​បង្កើនឯករាជ្យរបស់​ពួកគេតាមរយៈ ការ​លក់​ទំនិញ បើក​ហាង និង​ការបង្កើតក្រុមហ៊ុន ជាដើម ដែលពួកគេធ្វើការ និង​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ដែល​បញ្ជាក់អោយឃើញពីគំនិតផ្តួចផ្តើមដ៏ល្អៗរបស់ស្រ្តី ។
ប្រការ​នេះ​ហើយ ដែល​ធ្វើ​អោយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​កាន់​តែ​រីកចំរើន​ក៏​ដោយ​សារ​​បណ្តា​សកម្មភាព​ជា ច្រើន របស់​ស្រ្តី​ដែរ។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​អោយ​ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា៖ "ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ" ព្រោះ​ស្រ្តី​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់ ដើម្បី​បង្កើត​អាជីវកម្ម និង​ធ្វើការ​ជ្រើសរើស​អាជីព​របស់​គាត់​ដោយ​ផ្អែក​លើ​សមត្ថភាព និង​ទេព្យកោសល្យ​របស់​ខ្លួន​គេ​ផ្ទាល់ ។
ស្រ្តី​មាន​តួនាទី​ផ្សេងៗ​គ្នា​ជាច្រើន​ដូច​ជា​រដ្ឋមន្ត្រី សមាជិក​សភា​មេឃុំ​មេភូមិ​ប្រធាន​នាយកដ្ឋាន អ្នក​ដឹកនាំ​សំរាប់​ការ​អភិវឌ្ឍ​ភូមិ​នាយិកា​សាលា ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ប្រធាន​ស្ថាប័ន​និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។ តួ​នាទី​ស្រ្តី​នៅ​ក្នុង​ការ​ដឹកនាំ គឺ​កំរ​នឹង​មាន​ណាស់​ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ។ បើ​ពុំ​មាន​ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្តី​សំរេច​ចិត្ត​ទេ​នោះ មាន​ន័យ​ថា យើង​មិន​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ក្នុង​ការប្រើប្រាស់​ធនធាន​មនុស្ស​ទាំងអស់​របស់​យើង​នោះ​ទេ ។
ជាងនេះទៅទៀត វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​យើង។ ការ​បង្កើន​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​ការ​សំរេច​ចិត្ត​នៅ​គ្រប់​លំដាប់​ថ្នាក់​នៃ​សង្គម គឺ​មាន​ន័យថា​យើង​បាន​ប្រើប្រាស់​ធនធាន​ដ៏​មាន​តំលៃ ជា​ពិសេស​សំរាប់​ដំណើរ​ការ​អភិវឌ្ឍ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ កម្ពុជា​យើង​ព្រោះ​ថា​មាន​តែ​ស្រ្តី​ទេ​ដែល​យល់​សុខ​ទុក្ខ​ស្រ្តី​ដូចគ្នា ក៏​ដូច​ជា​ស្រ្តី​ជា​តំណាង​ដែល​បញ្ជាក់ និង​បង្ហាញ​ពី​តម្រូវ​ការ​របស់​ស្ត្រី​ទាំងអស់ ។