របស់ព្រះពុទ្ធគ្រប់ៗព្រះអង្គ
សូមក្រាបបង្គំប្រណម្យវន្ទា ឆ្ពោះព្រះភគវាពុទ្ធាបានត្រាស់
ធម្មនិយាមទំនៀមល្អល្អះ សាមសិបមុខច្បាស់ខ្ញុំសូមពណ៌នា ។
មួយ រញ្ជួយភព ជាតិគ្រប់ចុងក្រោយ
បារមីនាំឲ្យ ដឹងពេលវេលា
ទ្រង់យាងកាន់ផ្ទៃ ស្មារតីល្អជា
ដឹងខ្លួនគ្រប់គ្រា ក្នុងគភ៌មាតា ។
ពីរ គឺព្រះភក្ត្រ វរលក្ខណ៍ក្នុងគភ៌
ស្មិងស្មាធិ៍ក្នុងធម៌ បវរកាយា
ព្រះភក្ត្របែរផ្ទុយ ពីខ្នងមាតា
ឆ្ពោះផ្ទៃភ្លឺថ្លា មាតារំពៃ ។
បី ឥរិយាបថ នៃព្រះមាតា
ពេលគ្រប់មាសា សាស្តាចាកផ្ទៃ
មាតាទ្រង់ឈរ ខុសស្រីដទៃ
ប្រសូតបុត្រថ្លៃ ហឫទ័យជ្រះថ្លា ។
បួន សួនឧទ្យាន ទីស្ថានប្រសូត
ក្នុងព្រៃរហូត ឈើស្រូតចេញផ្កា
ទេវតានិងមនុស្ស ថ្វាយសាធុការ
ចក្រវាឡបព្វតា ខ្ទរខ្ទារអ៊ូអរ ។
ប្រាំ ព្រះប្រសូត ចុះស្រូតយាងឈាន
ប្រាំពីរជំហាន ឆ្ពោះទិសឧត្តរ
ត្រួតគ្រប់ទិសឋាន ក្លាហានបវរ
ទើបបានបន្ត បន្លឺសីហនាទ ។
ប្រាំ មួយប្រមើល ទតមើលនិមិត្ត
ទេវទូតបួនពិត ចិត្តគិតលះញាតិ
បុត្រកើតថ្ងៃណា ថ្ងៃនោះទ្រង់ឃ្លាត
ចិត្តឥតរវាត យាត្រាសាងផ្នួស ។
ប្រាំ ពីរធីរោផ្តាច់ប្តូរព្យាយាម
ឥតមានទាក់ទាម ក្នុងនាមអ្នកបួស
កំណត់វេលា មិនអាចតិចហួស
ប្រាំពីរថ្ងៃនោះ នឹងបានត្រាស់ដឹង ។
ប្រាំ បីមហេសីគង់សោយបាយាស
ក្នុងថ្ងៃបានត្រាស់ ទ្រង់ច្បាស់ទីពឹង
បាយាសថាសមាស ថ្វាយព្រះថ្ងៃហ្នឹង
ហៅបាយត្រាស់ដឹង បានបុណ្យមហិមា ។
ប្រាំ បួនជួនភ័ព្វ ទ្រង់ទ្រាប់ស្បូវភ្លាំង
ក្លាយជាបល្ល័ង្ក គង់តាំងភាវនា
នៅគល់ពោធិ៍ព្រឹក្ស នាទិសបូព៌ា
ទេពធីតាមារ មកគ្រាសាយណ្ហ ។
ដប់ គាប់ហឫទ័យ អានាបាណៈ
បរិកម្មប្រចក្ស សតិដឹងទាន់
ខ្យល់ចេញខ្យល់ចូល ចិត្តមូលមិនភាន់
ដំណើរជវ័ន ជាន់ឆ្លងកាមា ។
ដប់ មួយជំនួយពីព្រះបារមី ផ្ចាញ់មារអប្រិយព្រមទាំងសេនា
ពុទ្ធប្បវត្តិ ត្រង់នេះអស្ចារ្យ
បរិស័ទជ្រះថ្លា បាចផ្កាអភិសេក ។
ដប់ ពីរមុនីអង្គ ទ្រង់សម្រេចញាណ
ត្រៃវិជ្ជាមាន ទ្រង់ញាណអនេក
ពិសាខបុណ្ណមី កើតញាណប្លែកៗ
ពោធិញាណខ្ពស់ឯក កក្រើកធរណី ។
ដប់ បីក្សត្រថ្លៃ គង់ក្នុងមហាឋាន
វិមុត្តិក្សេមក្សាន្ត អស់ឋានប្រាំពីរ
សប្តាហ៍ឋានមួយ លើកស្ទួយឋានទី
ចេតិយព្រះមុនី ប្រាំពីរកន្លែង ។
ដប់ បួនជួនព្រហ្ម ជុំអារាធនា
សូមព្រះភគវា យាងត្រាស់សម្តែង
ព្រះធម៌ប្រពៃ វិស័យសូរ្យសែង
ទ្រង់ព្រមសម្តែង ដោយព្រហ្មវិហារ ។
ដប់ ប្រាំចាំច្បាស់ ទ្រង់ត្រាស់ធម្មចក្រ
ឥសិបតនៈ ព្រៃមិគទាយា
ឋានត្រៃរតនៈ អាសាឡ្ហបូជា
ថ្ងៃព្រះភគវា ស្ថាបនាព្រះសង្ឃ ។
ដប់ ប្រាំមួយ ទ្រង់ គង់ត្រាស់ឱវាទ
បាតិមោក្ខស្អាងស្អាត ឱវាទផូរផង់
បេះដូងព្រះធម៌ ពន្លឺចតុរង្គ
ថ្ងៃនោះត្រូវត្រង់ មាឃបុណ្ណមី ។
ដប់ ប្រាំពីរ ទ្រង់ គង់វត្តជេតពន
ប្រោសដល់មហាជន
និរន្តរ៍ប្រក្រតី
ទ្រង់យកអរុណ ជេតពនសួស្តី
ជេតពនជិនស្រី អាស្រ័យជានិច្ច ។
ដប់ ប្រាំបីទ្រង់ សម្តែងបាដិហារ្យ
យមកៈអស្ចារ្យ និគ្រន្ថរត់គេច
នៅក្រុងសាវត្ថី ប្រុសស្រីមានតិច
នេះគឺពុទ្ធកិច្ច សង្គ្រោះលោកា
។
ដប់ ប្រាំបួន ទ្រង់ គង់ស្ថានត្រៃត្រឹង
ត្រិះរិះរំពឹង ថ្លឹងគុណមាតា
សម្តែងអភិធម្ម ស័ក្តសមអស្ចារ្យ
ថ្វាយព្រះមាតា សុខាអមតៈ ។
ម្ភៃ គឺព្រះអង្គ ទ្រង់ចាកទេវលោក
ស្តេចយាងចុះមក ដែនសង្កស្សៈ
មហាជនច្រើនពិត យកចិត្តទុកដាក់
បូជាគារវៈ អចលន៍ចេតិយ ។
ម្ភៃ មួយគឺទ្រង់ គង់ក្នុងសមាបត្តិ
ព្រះញាណស្ងប់ស្ងាត់
លះកាត់លោកិយ
អរហត្តផល តម្កល់ប្រក្រតី
ឆាប់ក្តីយូរក្តី វិស័យពុទ្ធញាណ ។
ម្ភៃ ពីរប្រមើល មើលគ្រប់វេនេយ្យ
ឧបនិស្ស័យ សព្វសត្វដែលមាន
ដោយព្រះករុណា សមាបត្តិញ្ញាណ
ត្រួតសត្វកោដិលាន មានពីរវារៈ ។
ម្ភៃ បីទ្រង់លៃ វិន័យអាជ្ញា
បញ្ញត្តិសិក្ខា តាមការជ្រាបជាក់
មានរឿងកើតមុន ខូចគុណសាវ័ក
មានហេតុជាក់លាក់ ទើបដាក់វិន័យ ។
ម្ភៃ បួនអង្រួន ហឫទ័យករុណា
ជាតកទេសនា សាស្តាលកលៃ
ដើមរឿងជាហេតុ បង្កើតអត្ថន័យ
ជាតកប្រពៃ លៃតាមហេតុការណ៍។
ម្ភៃ ប្រាំទ្រង់ប្រោស ដល់ពួកព្រះញាតិ
អង្គព្រះលោកនាថ សម្តែងបាដិហារ្យ
កម្ចាត់មានៈ ព្រះញាតិវង្សា
ទើបត្រាស់ទេសនា គម្ពីរពុទ្ធវង្ស ។
ម្ភៃ ប្រាំមួយទ្រង់ គង់ធ្ងន់ក្នុងធម៌
បរិស័ទណាល្អ មានធម៌ទ្រទ្រង់
ស្តេចយាងទទួល ស្រុះស្រួលដោយអង្គ
គារវៈផូរផង់ ឆ្ពោះត្រង់ព្រះធម៌ ។
ម្ភៃ ប្រាំពីរ ទ្រង់គង់ចាំវស្សា
បើមាននរណា និមន្តដោយល្អ
ពេលចេញវស្សា មុនយាងចេញចរ
ទ្រង់ចំរើនពរ ត្រាស់លាអ្នកនោះ ។
ម្ភៃ ប្រាំបីទ្រង់ គង់យ៉ាងហ្មត់ចត់
មុនភត្តក្រោយភត្ត គ្មានភ្លាត់ភ្លេចសោះ
បំពេញពុទ្ធកិច្ច គ្រប់យាមទាំងអស់
ពុទ្ធកិច្ចសង្គ្រោះ មនុស្សនិងទេវតា
។
ម្ភៃ ប្រាំបួន ទ្រង់ គង់សោយមំសៈ
ក្នុងថ្ងៃទ្រង់ដាក់ អនុដ្ឋានកាយា
បិណ្ឌបាតចុងក្រោយ ជាទានថ្លៃថ្លា
សោយរសមំសា ហឫទ័យបរិសុទ្ធ
។
សាម សិបអវសាន ទ្រង់បានចូលឈាន
មុននឹងនិព្វាន ឈានច្រើនបំផុត
ម្ភៃបួនសែនកោដិ សមាបត្តិបរិសុទ្ធ
រួចហើយទ្រង់ផុត រលត់សង្ខារ ។
អហំរីខ្ញុំ បង្គំវន្ទា
ឆ្ពោះព្រះភគវា ព្រះធម៌ថ្លៃថ្លា
ព្រមទាំងព្រះសង្ឃ ផូរផង់សីលា
ចិន្តាលំអុត ព្រះពុទ្ធនិយាម ។
សូមឲ្យសព្វសត្វ បដិបត្តិតាមធម៌
សាសនាបវរ ល្អដូចព្រះនាម
អរហំសម្មា គ្មានការទាក់ទាម
កិលេសរវាម រវាតសូន្យបង់ ។
សូមឲ្យសាសនា សម្មាសម្ពុទ្ធ
បរិស័ទមោះមុត រួមចិត្តទ្រទ្រង់
ឋិតឋេរចីរកាល អភិបាលដោយសង្ឃ
ព្រមព្រៀងស្មោះត្រង់ ផ្ចិតផ្ចង់សិក្ខា ។
សូមមនុស្សទេវតា មានការគោរព
ទាំងថ្ងៃទាំងយប់ ក្នុងព្រះសាសនា
សូមបានសម្រេច ដូចក្តីប្រាថ្នា
អស់នូវតណ្ហា ទុក្ខាចប់ហោង ។
អគ្គបណ្ឌិត ប៊ុត សាវង្ស
No comments:
Post a Comment