១ ជាតិយើង អ្នកកាន់សាសនា
ត្រូវដឹងច្បាស់ថា ព្រះពុទ្ធជិនស្រី
ទ្រង់មាន ឆព្វណ្ណរង្សី
ដែលមានរស្មី ទាំងប្រាំមួយពណ៌។
២ ផ្សាយចេញ ពីព្រះកាយទ្រង់
រុងរឿងឫទ្ធិរុង ប្រសើរបវរ
ឆ្វៀលឆ្វាត់ កាយឆើតឆាយល្អ
ទាំងប្រាំមួយពណ៌ ស្រស់ល្អសោភា
៣ កំណើតនៃព្រះរស្មី កើតដោយបារមី
នៃព្រះភគវា ធ្វើទានឥតមានរួញរា
កាលដែលនៅជា ព្រះពោធិសត្វ ។
៤ រស្មី ពណ៌ខៀវនោះណា
កាលឆ្កៀលនេត្រា ទ្រង់ដោយចិត្តកាត់
ឱ្យទាន ដល់ឥន្ទព្រាហ្មណ៍ពិត
កាលនៅជាក្សត្រ នាមស្រីពិរាស្ត្រ ។
៥ រស្មី ពណ៌លឿងភ្លឺថ្លា
កាលដែលទ្រង់អារ សាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាស
ទ្រង់វៃបណ្ឌិត ។
៦ រស្មី ក្រហមនោះណា
កាលដែលមាតា ពស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិត កាត់បេះដូងបិទ
ធ្វើថ្នាំមាតា ។
៧ រស្មី ពណ៌សសុទ្ធសាធ
កាលជាព្រះបាទ វេស្សន្តរក្សត្រា
ឱ្យទាន ដំរីសសោភា
កាលព្រះប្រាថ្នា រកពោធិញ្ញាណ ។
៨ រស្មី ពណ៌ដូចជើងហង្ស
កាលមាតាទ្រង់ យក្សចាប់យកបាន
វិជ្ជាធរ អារសាច់ខ្លួនប្រាណ
ឱ្យយក្សសាមាន្យ ស៊ីប្តូរជីវិត
។
៩ រស្មី ពណ៌ផ្លេកពណ្ណរាយ
កាលជាទន្សាយ ឈ្មោះសោមបណ្ឌិត
ឱ្យទាន សាច់ឈាមជីវិត
ដល់ឥន្ទព្រាហ្មណ៍ពិត ថាអត់អាហារ ។
១០ រស្មី ខៀវលឿងក្រហម
សហង្សបាទព្រម ភ្លឺផ្លេកអស្ចារ្យ
ត្រូវជា ប្រាំមួយប្រការ
ក្មេងចាស់កុមារ ចងចាំទុកអើយ
។
និពន្ធដោយសម្តេចព្រះសង្ឃរាជ
ជួន ណាត ជោតញ្ញាណោជាអគ្គមហាបណ្ឌិតបិតាអក្សរសាស្រ្តខ្មែរ
No comments:
Post a Comment