វិសាខបុណ្ណមីគឺថ្ងៃវិសេស
យើងបានចាំចេះថ្ងៃព្រះភគវា
ប្រាំពីរប្រការជ្រះថ្លាវន្ទា
វិសាខបូជាឫកពាសែនល្អ
ទីមួយគឺថ្ងៃសុមេធបណ្ឌិត
ពោធិសត្វពិតមានឫទ្ធិបវរ
ចាប់ផ្តើមទទួលព្រះពុទ្ធព្យាករណ៍
លោកធាតុញាប់ញ័រសាទរពេកក្រៃ ។
ទីពីរគឺថ្ងៃក្សត្រថ្លៃប្រសូត្រ
អស្ចារ្យរហូតសម្ពោធព្រឹក្សព្រៃ
កំណើតចុងក្រោយជាប់ដោយអត្ថន័យ
ផុតចាកភពត្រៃលែងភ័យលែងព្រួយ ។
ទីបីគឺថ្ងៃព្រះស្រីមហាពោធិ៍
ដុះចេញលេចធ្លោពោធិ៍ពិតមានត្រួយ
ថ្ងៃព្រះប្រសូតស្រូតដុះជាមួយ
ជំនួយឲ្យចិត្តបរិស័ទជ្រះថ្លា ។
ទីបួនគឺថ្ងៃចមត្រៃត្រាស់ដឹង
ថ្ងៃមានទីពឹងពំនឹងលោកា
ជាថ្ងៃព្រះពុទ្ធបរិសុទ្ធអស្ចារ្យ
ពួកជនជ្រះថ្លាចិន្តាល្អស្អាត ។
ទីប្រាំគឺថ្ងៃអង្គថ្លៃនិព្វាន
ថ្ងៃព្រះទ្រង់ញាណមានពុទ្ធោវាទ
បច្ឆិមវាចាថាកុំប្រមាទ
ឱវាទពិសិដ្ឋស្ថិតនៅជាគ្រូ ។
ប្រាំមួយគឺថ្ងៃប្រល័យព្រះធាតុ
ចេតិយលោកនាថនៅទៀតមិនយូរ
ព្រះធាតុទាំងអស់ហោះមកគល់ពោធិ៍
តេជោរំលាយរលត់ពុទ្ធសាសន៍ ។
បាំ្រពីរគឺថ្ងៃជោគជ័យពុទ្ធា
គ្រប់ព្រះភគវាឈ្នះមារបានត្រាស់
នាំមកនូវសុខវិសេសខ្លាំងណាស់
គ្រប់អង្គទ្រង់ត្រាស់ព្រះធម៌ទេសនា ។
វិសាខបុណ្ណមីថ្ងៃប្រពៃពិត
យើងខ្ញុំមានចិត្តនឹងធឹងជ្រះថ្លា
វន្ទាសំពះអង្គព្រះសាស្តា
សូត្រធម៌ថ្វាយផ្កាបូជាប្រទីប ។
លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
No comments:
Post a Comment