ភ្នំពេញ៖ យុវជនក្រុមខ្មែរ ម៉ូតូស្ពត( KSB) នៅរសៀល ថ្ងៃទី២៧ ខែមេសានេះ បាននាំយកនូវសម្ភារៈសិក្សា និងថវិកាទៅផ្តល់ជូនមជ្ឈមណ្ឌល មែកឈើ ស្ថិតនៅ ភូមិខាងលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយរំលែក ការខ្វះខាតមួយចំនួននៅក្នុងមណ្ឌល។
លើកឡើងនៅក្នុងឱកាសនោះ ប្រធានមជ្ឈមណ្ឌល មែកឈើ លោក ប៊ុត តុកសិលា បានឲ្យដឹងថា មជ្ឈមណ្ឌល មែកឈើបាន បង្កើតឡើងតាំងពីឆ្នាំ១៩៩៤មកម៉្លេះ ហើយបានទទួលក្មេងកំព្រា មកចិញ្ចឹមបីបាច់ថែរក្សាពីគ្រប់ខេត្តក្រុង មកដល់ពេលនេះ មានក្មេងនៅក្នុងមណ្ឌលនេះ ខ្លះបានចេញទៅបន្តការសិក្សា នៅសកលវិទ្យាល័យ មានបរិញ្ញាបត្រ បរិញ្ញាបត្ររង ជាច្រើននាក់ និងមានកុមារកំព្រា នៅក្នុងមណ្ឌល ចំនួន៩៤នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រង ព្រមទាំងអ្នក មើលថែ និងបង្ហាត់បង្រៀនជំនាញ ចំនួន១៩នាក់ទៀត ។
ដូចនេះមជ្ឈមណ្ឌលមានការ ជួបប្រទះនូវការខ្វះខាតដែលទាមទា ឲ្យមានការជួយឧបត្ថម្ភ គាំទ្រពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីបានជួយដល់ កុមារកំព្រា និងជនគ្មានទីពឹង ទទួលបានជំនាញ និងចំណេះដឹងសំរាប់ ជីវិតរបស់គេនៅ ពេលអនាគត ។
លោក ប៉ាង យួងថាមពល អនុប្រធានក្រុមខ្មែរ ម៉ូតូស្ពត បានឲ្យដឹងថា អំណោយទាំងនេះ រួមមាន ប៊ិច សៀវភៅ ខ្មៅដៃ ជ័រលុប គូល័រ និងថវិកា សំរាប់ចែកជូនប្អូនៗ កុមារកំព្រា និងមានថវិកា មួយចំនួន ផ្តល់ជូនមជ្ឈមណ្ឌល សំរាប់ទិញម្ហូបអាហារប្រចាំថ្ងៃ ។ ថវិកាទាំងនេះបានមកពីទឹកចិត្ត សប្បុរសរបស់ សមាជិកក្នុងក្រុម និងមួយផ្នែកទៀតបាន មកពីការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន ថប់ វ័ន (Top One)។
ប្រធានក្រុមខ្មែរ ម៉ូតូស្ពត លោក ធី ខេមរិន បានលើកឡើងថា ក្នុងនាម លោកផ្ទាល់ និងសមាជិក ក្នុងក្រុមមានចិត្តរីករាយ ខណៈបាននាំគ្នា ធ្វើមនុស្សធម៌ ដោយបានបរិច្ចាគ នូវថវិកាបន្តិចបន្តួច តាមលទ្ធភាព ដែលខ្លួនមាន ចំពោះអ្នកក្រខ្សត់គ្មានទីពុំនាក់អាស្រ័យ ពិសេសប្អូនៗ ជាកុមារកំព្រានៅទី នេះ ។ ថ្វីត្បិតតែថវិកានេះតិចតួច ក៏ដោយតែវាជាទឹកចិត្តពិតក្នុងការចូលរួមចែករំលែក ការខ្វះខាត ការលំបាក របស់ប្អូនៗ និងមណ្ឌលដែលកំពុងតែមើលថែទាំ កុមារកំព្រាជាច្រើននាក់ ។
លោក ធី ខេមរិន បានផ្តាំផ្ញើដល់ប្អូនៗ កុមារកំព្រាទាំងអស់កុំ ឲ្យអស់សង្ឃឹមត្រូវតែមានភាព ជឿជាក់លើខ្លួនឯង ដោយខិតខំរៀនសូត្រ ស្តាប់បង្គាប់អ្នក មើលការខុសត្រូវ និងប្រតិបត្តិខ្លួន ឲ្យបានល្អ ជាពលរដ្ឋល្អ ក្នុងសង្គម ចៀសឲ្យឆ្ងាយពីគ្រឿងញៀន រួមគ្នាគោរពច្បាប់ ដើម្បីឲ្យប្រទេសយើង មានភាព ល្បីល្បាញកាន់តែខ្លាំង នៅក្នុងតំបន់ និងលើពិភពលោក ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ដែលក្រុមខ្មែរម៉ូតូស្ពត បានរួមគ្នាធ្វើមូលនិធិសំរាប់ជួយ ដល់កុមារកំព្រា បន្ទាប់បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីប៉ុន្មានខែមុននេះ ។ ក្រុមខ្មែរម៉ូតូស្ពត មានគម្រោងនឹងរួមគ្នាបន្ត ធ្វើមូលនិធិមនុស្សធម៌នេះឲ្យបានច្រើនថែមទៀត ដើម្បីចូលរួមចំណែក កាត់បន្ថយការលំបាករបស់ជនទីទ័លក្រ និងកុមារកំព្រា ពិសេសកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕
No comments:
Post a Comment