Tuesday, April 30, 2013

រតនត្តបូជា



ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ
ឥមេហិទីបធូបាទិ សក្ការេហិពុទ្ធំ ធម្មំ សង្ឃំអភិបូជយាមិ មាតាបិតាទីនំ គុណវន្តានញ្ច​  មយ្ហញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ
ប្រែថាៈ​​  ខ្ញុំព្រះករុណា សូមបូជាចំពោះនូវ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាម្ចាស់ដោយ គ្រឿង សក្ការៈ ទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បី សេចក្តី សុខ ដល់អ្នកដ៏មាន គុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់ កាលជា អង្វែងទៅហោង
នមោ តស្ស
ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ប្រែថាៈ រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជា ព្រះ អរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណា ប្រដៅ ព្រះអង្គឡើយ ។
សូធ្យបាលី ចប់ សម្រាយតែ ចប់ក៏បាន
( ក្រាបថ្វាយបង្គំម្តង )
យោ សន្និសិន្នោ វរពោធិបូលេ មារំ សសេនំ មហតឹ វិជេយ្យោ សម្ពោធិមាគច្ឆិ  អនន្តញ្ញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ
ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ទ្រង់គង់ចម្រើននូវព្រះអានាបានស្សតិកម្មដ្ឋាន លើរតនបល្ល័ង្ក ក្រោម​ម្លប់ពោធិព្រឹក្សដ៏ប្រសើរបានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវ​សម្មា​សម្ពោធិញ្ញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវ​ព្រះ​សម្មាសម្ពុទ្ធអង្គនោះដោយគោរព ។
យេ ពុទ្ធា អតីតា យេ​ ​ ពុទ្ធា អនាគតា បច្ចុប្បន្នា យេ ពុទ្ធា អហំ វន្ទាមិ សព្វទា
ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្តី ព្រះសម្មា សម្ពុទ្ធទាំងឡាយអង្គឯណាដែលនឹងបានត្រាស់ដឹងជាព្រះពុទ្ធក្នុងកាលខាងមុខក្តី ព្រះសម្មា សម្ពុទ្ធទាំងឡាយ អង្គឯណា ដែលបានត្រាស់ដឹងជាព្រះពុទ្ធក្នុងភទ្ធកប្បនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវ ព្រះ សម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។
ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ  បុរិសទម្មសារថិ សត្ថាទេវមនុស្សានំពុទ្ធោ ភគវាតិ តំអរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ
 ប្រែថាៈ​  ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ ព្រះអង្គឆ្ងាយចាក សឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយបយោគ និងវចីបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទ្រង់ ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ ដោយវិជ្ជា ៣ និងវិជ្ជា ៨ និងចរណៈ ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថាន គឺអមតៈ មហានិព្វាន លោកវិទូទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជា្រប់ច្បាស់ នូវត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថាអនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយ ស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលមាន ឧបនិស្ស័យគួរនឹងទូន្មានបាន សត្ថាទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជា សាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះ អង្គត្រាស់ ដឹងនូវចតុរារិយសច្ច ហើយញ៉ាំអ្នកដទៃ ឲ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ ត្រៃភពខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គប្រកបព្រមហើយដោយគុណ មានគុណថា អរហំ ជាដើមនោះ ដោយសិរសាគឺត្បូង តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជាចំពោះនូវ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ ។
នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរឭកនៃខ្ញុំព្រះករុណា មិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរឭកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គលចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យសច្ចៈនេះ ។
ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈដ៏ឧត្តម គឺត្បូង ពុទ្ធេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធជាម្ចាស់ ពុទ្ធោ ខមតុ តំ មមំ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា ។( ក្រាបថ្វាយបង្គំម្តង )
ធម្មរតនប្បណាម
អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ មគ្គោ ធម្មោ អយំ សន្តិករោ        បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ

ព្រះសទ្ធម្មឯណាជាធម៌ប្រកបដោយអង្គ ៨ប្រការជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ ត្រង់ក្នុងកិរិយាញុំាងជនដែលប្រាថ្នានូវព្រះនិព្វាន ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ នេះជាធម៌ធ្វើ ឲ្យ ត្រជាក់រម្ងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញុំាងសត្វឲ្យចេញចាកសង្សារទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះដោយគោរព ។

យេ ធម្មា អតីតា យេ​ ​ ធម្មា អនាគតា បច្ចុប្បន្នា យេ ធម្មា អហំ វន្ទាមិ សព្វទា
ព្រះធម៌ទាំងឡាយអង្គឯណា ដែល ជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលនិព្វានកន្លងទៅហើយក្តី ព្រះធម៌ ទាំងឡាយឯណា អង្គឯណាដែលជាធម៌របស់សម្មាសម្ពុទ្ធនឹងមានមក ក្នុងកាលខាងមុខក្តី ព្រះធម៌ ទាំង ឡាយ​​ឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ថានទុកក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូម ក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ តំ ស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ សិរសា នមាមិ តញ្ច ធម្មំ ឥមេហិ សក្ការេហិ អភិបូជយាមិ
ប្រែថា ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបិដក ជាធម៌ គឺព្រះដ៏មាន ព្រះ ភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ (ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ ប្រការ គឺមគ្គ ៤ ផល ៤ និព្វាន ១)     សន្ទិដ្ឋិកោ ជាធម៌ គឺព្រះអរិយបុគ្គលទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខញាញ គឹថា នឹងបាន ដឹងដោយស្តាប់ដោយជឿបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង អកាលិកោ ជាធម៌ឲ្យ នូវ ផលមិនរង់ចាំ កាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុង លំដាប់គ្នា មិនបាន យឺតយូរឡើយ    ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេច មគ្គផលហើយក៏គួរនឹង ហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ឱបនយិកោ ជាធម៌ គឺព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកប្រាជ្ញ ទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញ ច្បាស់ក្នុងចិត្តនៃខ្លួន តំ ស្វាក្ខាតាទិគុណ សំយុត្តំ ធម្មំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវ ព្រះធម៌ជាម្ចាស់ ដ៏ប្រកបព្រមហើយ ដោយគុណ មានគុណថា ស្វាក្ខាតោ ជាដើមនោះ ដោយសិរសាគឺត្បូង តញ្ច ធម្មំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំចំពោះនូវព្រះធម៌ ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ ។
នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹង ទីរឭកនៃខ្ញុំព្រះករុណាមិនមានឡើយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ ជាទីពឹងទីរឭក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យសច្ចៈនេះ ឧត្តមង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ខ្ញុំព្រះករុណាសូម ថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរមាន ២ប្រការ គឺ ព្រះបរិយត្តិធម៌ និងព្រះនព្វលោកុត្តរធម៌ដោយអវយវៈដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា ( ក្រាបថ្វាយបង្គំម្តង )
សង្ឃរតនប្បណាម
សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្រ្ទិយោ សព្វមលប្បហីនោ គុណេហិនេ       សមិទិ្ធបត្តោ អនាសរោ តំ បនមាមិ សង្ឃំ
ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គល ដ៏ប្រសើរ មានឥន្ទ្រីយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិក្កិលេសទាំងពួង បន្សាប់បង់ហើយ ជាព្រះសង្ឃដល់ហើយ នូវកិរិយាសម្រេច ដោយគុណ ទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណាសូមក្រាប ថ្វាយ បង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។
យេ សង្ឃា អតីតា យេ សង្ឃា អនាគតា បច្ចុប្បន្ន យេ សង្ឃា អហំ វន្ទាមិ សព្វទា
ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបានសម្រេចមគ្គ និងផលកន្លងទៅហើយក្តី ព្រះសង្ឃ ទាំងឡាយឯណាដែលជាព្រះសង្ឃនឹងបានសម្រេចមគ្គ និងផលក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយ ឯណា ដែលជាព្រះសង្ឃបានសម្រេចមគ្គ និងផលក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមថ្វាយ បង្គំនូវព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួង ។
សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ       ចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណី យោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ  
ប្រែថាសុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដោយត្រង់ គឺប្រតិបត្តិ ជាមជ្ឈិមបដិបទា       ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃ ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះ និព្វាន ជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគ លោក ប្រតិបត្តិដ៏សមគួរដល់សាមីចិកម្មគឺប្រតិបត្តិគួរដល់ សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគានិ​​ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន ៤ គូគឺព្រះសង្ឃឯណាដែលបានសម្រេច នូវ សោតាបត្តិមគ្គ និងសោតាបត្តិផលជាគូ ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ ១ អនាគាមិមគ្គ និងអនាគាមិផលជាគូ ១ អរហត្តមគ្គ និងអរហត្តផលជាគូ ១ អដ្ធបុរិសបុគ្គលា បើរាប់រៀង ជា បុរស បុគ្គលមាន ៨ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ ១ សោតាបត្តិផល ១ សកទាគាមិមគ្គ ១ សកទាគាមិផល ១ អនាគាមិមគ្គ ១ អនាគាមិផល ១ អរហត្តមគ្គ ១ អរហត្តផល ១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុបច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល​ ហើយមកអំពីចម្ងាយបង្អោន ចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកៈទាន​គឺ ទានដែលបុគ្គលតាក់តែង ដើម្បីញាតិ និងមិត្ត ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទាន ដែល បុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា អញ្ជលិករណីយោ លោកគួរអញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ អនុត្តរំ បុញ្ញក្ខេតំលោកស្ស លោកជាបុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តដ៏ទៃ ក្រៃលេងជាងគ្មាន តំសុបដិបន្នា ទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ ខ្ញុំពះករុណា សូមថ្វាយបង្គំនូវ ព្រះសង្ឃជាម្ចាស់ ដ៏ប្រកបព្រមហើយដោយគុណ មានគុណថា សុបដិបន្នា ជាដើម នោះ ដោយសិរសាគឺត្បូង តញ្ច សង្ឃំ ឥមេហិ សក្ការេហិ    អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជា ចំពោះនូវព្រះសង្ឃនោះ ដោយគ្រឿងសក្ការៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ ។( ក្រាបថ្វាយបង្គំម្តង )
រតនត្តយវន្ទនគាថា
ឥច្ចេវមច្ចន្ត ​                     នមស្សនេយ្យំ
                                              នមស្សមានោ                   រតនត្តយំយំ
                                              បុញ្ញាភិសន្ទំ                      វិបុលំ អលត្ថំ
                                              តស្សានុភាវេន                ហតន្តរាយោ    
                                   ប្រែថា  ខ្ញុំសូមនមស្សការ                  លើកហត្ថាឱនសិរសី
                                បង្គំគុណទាំងបី                                ខ្ពស់លើសលប់ត្រៃលោកា
                                សូមបុណ្យកងកុសល                         ឲ្យបានដល់យើងខ្ញុំណា
                                ពេញពោរស្មើធារា                             ដូចជលសាធំទូលាយ
                                សូមឲ្យកម្ចាត់បង់                              អព្វមង្គលទាំងឡាយ
                                ឲ្យចៀសចេញចាកឆ្ងាយ                     ក្តីអន្តរាយកុំបីមាន
                                ដោយកម្លាំងអានុភាព                         បុញ្ញលាភជាប្រធាន
                                កងបុណ្យរាសីមាន                            សូមបានក្សាន្តកុំមានមោះ
                                ដោយគុណនមស្សការ                        ត្រៃរតនាប្រសើរខ្ពស់
                                សូមអនិសង្សនោះ                             ដាក់ដល់ឋាននិព្វានហោង

No comments:

Post a Comment