Sunday, April 28, 2013


ភាពតានតឹងនៅឧបទ្វីបកូរ៉េបានធូរស្រាល កងទ័ពតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដំឡើងសាច់ដុំដាក់មហាយក្សចិនhttp://bit.ly/11NyDKM

ក្រុងតៃប៉ិ ៖ កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធដ៏ធំមួយមិនធ្លាប់ពីមុនមក កាលពីថ្ងៃទី១៧ ខែមេសានេះ គិតចាប់តាំងពីឆ្នាំ ២០០៨ ហើយវាជាសមយុទ្ធដែលបានបាញ់គ្រាប់ពិត និងដែលបានធ្វើឡើងដើម្បីទប់ទល់ នឹងការវាយលុករបស់កងទ័ពចិន ដែលគេអាចវាយតម្លៃបានថា សមយុទ្ធរបស់កងទ័ពតៃវ៉ាន់ពេលនេះបានធ្វើឡើង ចំពេលដែលចិនចេះតែបង្កើនថវិកាយោធារបស់ខ្លួន ធ្វើឲ្យ ថ្នាក់ដឹកនាំតៃវ៉ាន់មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយសមយុទ្ធនេះបានរៀបចំឡើង បន្ទាប់ពីភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធូរស្រាលផងដែរ។


មហាសមយុទ្ធរបស់កងទ័ពតៃវ៉ាន់ដែលបានចាប់ផ្តើមនេះ និងមានរយៈពេល ៥ថ្ងៃមានឈ្មោះថា « Han Kuang ២៩ » ដែលជាសមយុទ្ធមួយដ៏ធំ គិតចាប់តាំងពីឆ្នាំ ២០០៨ ពីព្រោះវាបានចូលរួមដោយកម្លាំងទ័ពចម្រុះសរុប ៧ ០០០នាក់ រួមមានទ័ពជើងគោក ជើងអាកាស និងជើងទឹក ព្រមទាំងបានប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទ។ សមយុទ្ធនេះត្រូវបានរៀបចំធ្វើនៅលើទីប្រជុំកោះ Penghu នៃដៃសមុទ្រ Formose ដែលមានប្រវែង១៨០គីឡូម៉ែត្រចែកទឹកដីរវាងចិនដីគោក និងចិនតែវ៉ាន់។


សមយុទ្ធនេះត្រូវបានកងទ័ពតៃវ៉ាន់រៀបចំឡើងដោយបានធ្វើការ បាញ់គ្រាប់ពិតៗ និងតាមបែបយុទ្ធសាស្ត្រមួយនៅក្នុងករណីណាដែលមានការវាយលុកពី សំណាក់កងទ័ពចិនដីគោក។ កាលពីថ្ងៃទី១៧ ខែមេសា មានការបាញ់គ្រាប់រ៉ូកែតចំនួន ៨១គ្រាប់ ដែលមានឥទ្ធិពលគ្របដណ្តប់លើផ្ទៃដីជិត៨០គីឡូម៉ែត្រក្រឡា ។ លោកប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou ដែលបានចូលរួមទស្សនាសមយុទ្ធក្នុងថ្ងៃទីមួយនេះបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគំរាមកំហែងរបស់ចិនដីគោកមានកាន់តែខ្លាំងឡើងៗ តាមរយៈការបង្កើនថវិកាយោធាជាបន្តបន្ទាប់។


យោងតាមលោក Ma Ying-jeou ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់ចិនដីគោក និងដើម្បីថៃរក្សាសន្តិភាពនៅក្នុងដែនដីរបស់ចិនតៃវ៉ាន់ គឺយោធាតៃវ៉ាន់ត្រូវតែត្រៀមរៀបចំខ្លួនជាមុន។ យ៉ាងណាក៏ដោយ ជំហរ និងវត្តមានរបស់លោក Ma Ying-jeou នៅក្នុងសមយុទ្ធពេលនេះត្រូវបានក្រុមអ្នកវិភាគយល់ឃើញ ២ចំណុចខុសគ្នា ទីមួយ គឺដើម្បីលើកស្ទួយប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក និងទី២ គឺដើម្បីបង្ហាញចិនដីគោកអំពីជំហរម៉ឺងម៉ាត់របស់ភាគីតៃវ៉ាន់។ តាំងពីបានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ក្នុងឆ្នាំ ២០០៨ និងបានជាប់មួយអាណត្តិទៀតក្នុងឆ្នាំ ២០១២ លោក Ma Ying-jeou គឺជាឥស្សរជននយោបាយម្នាក់ដែលមានទំនោរខ្លាំងទៅរករដ្ឋអំណាចចិន ដីគោក ៕

No comments:

Post a Comment