១ សូមមើលទង់ជ័យ ឆព្វណ្ណរង្សី
ដែលមានរស្មី ភ្លឺស្រស់ល្អ
ខៀវលឿងក្រហម ព្រមទាំងពណ៌ស
ហង្សបាទនិងពណ៌ ដ៏ភ្លឺផ្លេក
។
២ ប្រទេសតូចធំ បានស្ម័គ្រស្មាគម
ជំនុំគ្នាច្រើនអនេក ព្រមយករស្មី
ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក
ក្រៃកន្លង
។
៣ ធ្វើជាសញ្ញា ទង់ជ័យសាសនា
នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា
យកចិត្តចាំចង នឹកដល់ព្រះអង្គ
ជាអម្ចាស់ ។
៤ ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា
សុទ្ធសឹងតែជាពុទ្ធសាសន៍
ចូរយើងសាមគ្គី
ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឱ្យ
ណាស់គ្រប់ៗគ្នា ។
៥ សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត
រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យ
ជោគផ្សាយពេញលោកា ដោយជនជ្រះថ្លា
ច្រើនសែនលាន ។
៦ មានចិត្តស្នេហា គោរពបូជា
ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា
ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន
សេចក្តីសុខ
។
៧ យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត
កាន់ធម៌នឹងបានផុតទុក្ខ រួបរួមសាមគ្គីពីនេះទៅមុខ
យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ ។
៨ ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត
ឆ្ពោះទៅកាន់ស្ថាននិព្វាន ជាទីផុតទុក្ខ
បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន
សោយសុខា ។
និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ជាអគ្គមហាបណ្ឌិតបិតាអក្សរសាស្រ្តខ្មែរ
No comments:
Post a Comment