ពុទ្ធកិច្ច ៥ យ៉ាង
យើងខ្ញុំបរិស័ទ ពុទ្ធសាសនា
ឱនកាយវាចា ចិត្តគោរព
ចំពោះព្រះពុទ្ធ ដែលជាម្លប់
គ្រប់គ្នាត្រូវចាំ ឲ្យទៀងទាត់។
ចងចាំថ្ងៃខែ ឲ្យបានច្បាស់
នៃព្រះគុណម្ចាស់ គឺប្រវត្តិ
សង្ខេបខ្លីៗ ឲ្យរត់មាត់
កំណត់ចាំបាន ពេលទាំងអស់។
យាងចុះកាន់គភ៌ ឆ្នាំរកា
អាសាឍមាសា ថ្ងៃព្រហស្បតិ៍
ប្រសូតឆ្នាំច ថ្ងៃសុក្រស្មោះ
ពិសាខឈើលាស់ ដើមរដូវ ។
សោយរាជ្យកត្តិក ថ្ងៃអាទិត្យ
ប្រជុំព្រាហ្មណ៍ ព្រឹទ្ធនាឆ្នាំឆ្លូវ
បួសថោះអាសាឍ ព្រហស្បតិ៍ត្រូវ
ត្រាស់នៅរកា ពិសាខពិត ។
បរិនិព្វាន ថ្ងៃអង្គារ
បរិស័ទគ្រប់គ្នា កើតតក់ស្លុត
នៅខែពិសាខ ព្រះសម្ពុទ្ធ
រំលត់បញ្ចក្ខន្ធ នាឆ្នំាម្សាញ់ ។
យើងបាត់ព្រះពុទ្ធ ទាន់សាសនា
ធម៌ជាអាចារ្យ កុំគ្នាន់ក្នាញ់
អ្នកប្រតិបត្តិធម៌ ឈ្មោះស្រលាញ់
ចំពោះអង្គអញ តថាគត ។
បំណាច់អ្នកកាន់ ពុទ្ធសាសនា
ត្រូវចាំសាវតារ នៃព្រះពុទ្ធ
គឺថ្ងៃខែឆ្នាំ ឲ្យហ្មត់ចត់
ទើបបានកំណត់ ជាពុទ្ធជន ។
ពុទ្ធកិច្ច៥យ៉ាង គឺអ្វីខ្លះ
ចូរចាំឲ្យច្បាស់ គ្រប់រូបា
បំណាច់អ្នកកាន់ ពុទ្ធសាសនា
ត្រូវចាំកិច្ចការ នៃព្រះអង្គ ។
ពេលព្រឹកទ្រង់ស្តេច យាងបិណ្ឌបាត
តាមផ្ទះមានញាតិ ឈររហង់
ជួនមួយអង្គឯង ជួនមានសង្ឃ
តម្រង់តាមសត្វ មាននិស្ស័យ ។
រសៀលទ្រង់ត្រាស់ សម្តែងធម៌
ដល់សត្វនិករ ដោយអាល័យ
សត្វណាមិនយល់ ទ្រង់ឧបមេយ្យ
បកស្រាយសេចក្តី ឲ្យយល់បាន ។
ព្រលប់ប្រទាន ព្រះឱវាទ
ដល់សង្ឃឲ្យស្អាត ល្អកល្យាណ
កុំឲ្យប្រព្រឹត្ត ខុសលំអាន
តាមផ្លូវដែលបាន ទ្រង់បញ្ញត្តិ ។
អាធ្រាត្រទ្រង់ដោះ ស្រាយបញ្ហា
ដែលពួកទេវតា មកច្រើនក្តាត់
សម្តែងព្រះសូត្រ ឬបរមត្ថ
តាមពពួកសត្វ មានសង្ស័យ ។
ជិតភ្លឺប្រមើល និស្ស័យសត្វ
តើអាចប្រតិបត្តិ មានកម្រៃ
ដែលគួរត្រាស់ដឹង ព្រះធម៌ថ្លៃ
តាមឧបនិស្ស័យ សត្វលោកា។
៤៥ឆ្នាំ ឥតមានខ្វះ
ព្រះអង្គនឿយណាស់ លើមនុស្សា
ឥតមានសម្រាក ព្រះកាយា
ឥតមាននរណា ប្រដូចបាន ។
យើងបាត់ព្រះពុទ្ធ ទាន់សាសនា
ធម៌ជាអាចារ្យ ទូន្មានប្រាណ
ប្រតិបត្តិត្រង់ផ្លូវ ត្រូវលំអាន
ដរាបដល់បាន និព្វានហោង ។ អគ្គបណ្ឌិត ប៊ុត សាវង្ស
ល្អណាស់ ល្អអស់ទាស់តែម្តងនេះ
ReplyDeleteសូមកុំភ្លេចចូលអានវិបសាយwww.angkorbbmonk.blogspot.com ទាំងអស់គ្នាណា!!!
ReplyDelete