Sunday, April 28, 2013


អាមេរិកកាន់តែមានឱកាសបញ្ជូនកម្លាំងទាហាន សព្វាវុធទំនើបៗ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ធ្វើឲ្យចិនក្តៅក្រហាយ

ក្រុងព្យុងយ៉ាង ៖ ភាពតានតឹងដែលកំពុងឆ្ពោះទៅកាន់មាត់ រណ្ដៅនៃសង្គ្រាមនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភ និងមិនបានយល់ពីគោលបំណងពិតប្រាកដ របស់មេដឹកនាំប្រទេសកូរ៉េខាងជើងនោះឡើយ ប៉ុន្ដែការពិតមួយដែលមិនអាចកាឡៃបាន នោះគឺលោក គឹម ជុងអ៊ុន កំពុងតែផ្ដល់ឱកាសឱ្យអាមេរិក ដែលជាសត្រូវ៣ជំនាន់របស់មេដឹកនាំ ត្រកូលគីម ខិតមកកៀកឡោមព័ទ្ធប្រទេសចិន ដែលជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធរបស់ កូរ៉េខាងជើង ។


ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែឡើងកំដៅ ហើយឱកាសរបស់អាមេរិកក្នុងការពង្រឹង កម្លាំងយោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កាន់តែខ្លាំងឡើងដែរក្នុងការទប់ទល់ជា មួយនឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំងដែល កំពុងតែពង្រីកអំណាចឥតឈប់ឈរ ។ ការសាកល្បងមីស៊ីល គ្រាប់បែកបរមាណូ គួបផ្សំនឹងការប្រកាសសង្គ្រាមរបស់ ទីក្រុងព្យុងយ៉ាងក៏ជារឿងមួយគួរឱ្យព្រួយបារម្ភ ប៉ុន្ដែវាមិនបង្កឧបសគ្គដល់កម្លាំង ទាហានអាមេរិកនោះឡើយ ។


គោលដៅរបស់អាមេរិកមិនមែនកូរ៉េខាងជើងនោះទេ ដោយសារកូរ៉េខាងជើងមិនមាន អ្វីទាក់ទាញអារម្មណ៍ដល់អាមេរិកនោះឡើយ ដូច្នេះអាមេរិកចង់ឱ្យភាពតានតឹង នៅតំបន់នោះកាន់តែខ្លាំង អាមេរិកក៏កាន់តែមានឱកាសច្រើនក្នុងការបញ្ជូន កម្លាំងទាហាន សព្វាវុធទំនើបៗមកកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្មានប្រទេសណាមួយអាចថ្កោលទោស ឬរិះគន់ចំពោះ ទង្វើទាំងនោះរបស់អាមេរិកឡើយ ពីព្រោះការបញ្ជូនមកនេះសម្រាប់ទប់ទល់នឹង ការគំរាមកំហែងពីកូរ៉េខាងជើងតែប៉ុណ្ណោះ ។ ប៉ុន្តែគោលដៅពិតប្រាកដរបស់អាមេរិក គឺចិនឯណោះវិញទេ ។


ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ បានជួយឱ្យអាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បេ-២, បេ-៥២, យន្ដហោះចម្បាំងអេហ្វ-២២ និងនាវាពិឃាត២គ្រឿងបំពាក់ប្រព័ន្ធ កាំជ្រួចមីស៊ីលការពារដ៏ទំនើបបំផុត មកកាន់កូរ៉េខាងជើងដោយគ្មានប្រទេស ណាមួយហ៊ានជំទាស់នោះឡើយ ។ ហេតុដូច្នេះ មេដឹកនាំចិនលោក ស៊ី ជីងពីង ក៏បានថ្កោលទោសដល់សម្ពន្ធមិត្ដ កូរ៉េខាងជើងថាកំពុងតែផ្ដល់ឱកាសដល់ អាមេរិកបញ្ជូនសព្វាវុធមកកាន់តំបន់នេះ។


រដ្ឋលេខាធិការក្រសួងការពារជាតិ អាមេរិកលោក អាស្ទីន ខាត់ធឺ បញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើងមិន ត្រឹមតែធ្វើឱ្យប្រទេសក្នុងតំបន់ព្រួយបារម្ភនោះឡើយ គឺពិភពលោកទាំងមូលត្រូវ តែមានសកម្មភាពទប់ទល់នឹងការគំរាម កំហែងទាំងនោះ។ លោក ខាត់ធឺ បន្ដទៀតថា បើរដ្ឋាភិបាលទីក្រុងប៉េកាំងយល់ ឃើញថាការគំរាមកំហែងបង្កភាពតាន តឹងនៅទីក្រុងព្យុងយ៉ាងនឹងប៉ះពាល់ដល់ ផលប្រយោជន៍របស់ខ្លួននោះ ត្រូវតែធ្វើ យ៉ាងណាដើម្បីឱ្យកូរ៉េខាងជើងបញ្ឈប់ការឌឺ ដងទាំងប៉ុន្មាន ៕

No comments:

Post a Comment